អ្នកសម្រេចក្ដី ១៤:១-២០

  • សាំសុន​ជា​អ្នក​សម្រេច​ក្ដី​ចង់​បាន​ស្ត្រី​ភីលីស្ទីន​ធ្វើ​ជា​ប្រពន្ធ (​១​-​៤)

  • សាំសុន​សម្លាប់​សត្វ​តោ​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា (​៥​-​៩)

  • ប្រស្នា​របស់​សាំសុន​នៅ​ពិធី​រៀប​ការ (​១០​-​១៩)

  • ប្រពន្ធ​សាំសុន​បាន​ត្រូវ​លើក​ទៅ​ឲ្យ​បុរស​ម្នាក់​ទៀត (​២០)

១៤  ក្រោយ​មក សាំសុន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ធីមណា ហើយ​នៅ​ទី​នោះ​គាត់​បាន​ឃើញ​នារី​ជន​ជាតិ​ភីលីស្ទីន​ម្នាក់។ ២  ដូច្នេះ គាត់​ត្រឡប់​ទៅ​ប្រាប់​ឪពុក​ម្ដាយ​ថា​៖ ​«​ពុក​ម៉ែ! ខ្ញុំ​ពេញ​ចិត្ត​កូន​ស្រី​ជន​ជាតិ​ភីលីស្ទីន​ម្នាក់​នៅ​ក្រុង​ធីមណា។ សូម​ពុក​ម៉ែ​ទៅ​ដណ្ដឹង​នាង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​»។ ៣  ប៉ុន្តែ ឪពុក​ម្ដាយ​និយាយ​ទៅ​គាត់​ថា​៖ ​«​តើ​មិន​មាន​នារី​ណា​ក្នុង​សាច់​ញាតិ​យើង ឬ​ក្នុង​ជន​ជាតិ​យើង​ដែល​ត្រូវ​ចិត្ត​កូន​ទេ​ឬ?+ ហេតុ​អ្វី​បាន​ជា​កូន​ចង់​បាន​ប្រពន្ធ​ពី​ជន​ជាតិ​ភីលីស្ទីន​ដែល​មិន​កាត់​ចុង​ស្បែក?​»​ តែ​សាំសុន​ប្រាប់​ឪពុក​ថា​៖ ​«​សូម​ដណ្ដឹង​នារី​នោះ​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នាង​តែ​ម្នាក់​គត់​»។ ៤  ឪពុក​ម្ដាយ​គាត់​មិន​បាន​ដឹង​ថា​នោះ​មក​ពី​ព្រះ​យេហូវ៉ា​ឡើយ ព្រោះ​គាត់*រក​ឱកាស​ដើម្បី​ចាត់​ការ​ជន​ជាតិ​ភីលីស្ទីន ដោយ​សារ​នៅ​គ្រា​នោះ​ជន​ជាតិ​ភីលីស្ទីន​កំពុង​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល។+ ៥  ម្ល៉ោះ​ហើយ ឪពុក​ម្ដាយ​ក៏​ធ្វើ​ដំណើរ​ជា​មួយ​នឹង​សាំសុន​ទៅ​ក្រុង​ធីមណា។ ពេល​មក​ដល់​ចម្ការ​ទំពាំង​បាយ​ជូរ​នៅ​ក្រុង​ធីមណា ស្រាប់​តែ​មាន​តោ​ឈ្មោល​ស្ទាវ​មួយ​ចេញ​មក​គ្រហឹម​ដាក់​សាំសុន។ ៦  ពេល​នោះ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​មក​លើ​គាត់។+ គាត់​ក៏​ចាប់​ហែក​តោ​នោះ​ជា​ពីរ ដូច​គេ​ហែក​កូន​ពពែ​ជា​ពីរ​ដោយ​ដៃ​ទទេ។ ប៉ុន្តែ គាត់​មិន​បាន​ប្រាប់​រឿង​នេះ​ដល់​ឪពុក​ម្ដាយ​ទេ។ ៧  បន្ទាប់​មក សាំសុន​ទៅ​ជួប​និយាយ​ជា​មួយ​នឹង​នារី​នោះ ហើយ​គាត់​ដឹង​ច្បាស់​ថា​គាត់​ពេញ​ចិត្ត​នាង​ពិត​មែន។+ ៨  ក្រោយ​មក ពេល​សាំសុន​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​ធីមណា​ដើម្បី​ទទួល​នាង​មក​ផ្ទះ​របស់​គាត់+ នោះ​គាត់​បាន​ឆៀង​ទៅ​មើល​សព​តោ ហើយ​គាត់​ឃើញ​មាន​សម្បុក​ឃ្មុំ​និង​ទឹក​ឃ្មុំ​ក្នុង​សព​តោ​នោះ។ ៩  ដូច្នេះ គាត់​កៀរ​យក​ទឹក​ឃ្មុំ​មក​បរិភោគ​បណ្ដើរ​ដើរ​បណ្ដើរ។ ពេល​គាត់​ដើរ​ទាន់​ឪពុក​ម្ដាយ គាត់​ក៏​ឲ្យ​ឪពុក​ម្ដាយ​បរិភោគ​ដែរ។ តែ​គាត់​មិន​បាន​ប្រាប់​ថា​គាត់​យក​ទឹក​ឃ្មុំ​នោះ​ពី​ក្នុង​សព​តោ​ទេ។ ១០  សាំសុន​និង​ឪពុក​គាត់​បាន​ទៅ​ជួប​នារី​នោះ ហើយ​សាំសុន​បាន​ធ្វើ​ពិធី​ជប់​លៀង​នៅ​ទី​នោះ តាម​ទម្លាប់​របស់​កូន​កំលោះ។ ១១  ពេល​ពួក​គេ​ឃើញ​គាត់ ពួក​គេ​បាន​នាំ​បុរស​៣០​នាក់​ឲ្យ​ធ្វើ​ជា​អ្នក​កំដរ​គាត់។ ១២  បន្ទាប់​មក សាំសុន​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​សូម​ដាក់​ប្រស្នា​មួយ​ឲ្យ​អ្នក​រាល់​គ្នា។ ប្រសិន​បើ​ក្នុង​រវាង​៧​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​នេះ អ្នក​រាល់​គ្នា​អាច​ដោះ​ប្រស្នា​បាន ខ្ញុំ​នឹង​ឲ្យ​អាវ​ក្នុង​ចំនួន​៣០ និង​សម្លៀក​បំពាក់​ក្រៅ​ចំនួន​៣០។ ១៣  ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អាច​ដោះ​ប្រស្នា​បាន​ទេ អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អាវ​ក្នុង​ចំនួន​៣០ និង​សម្លៀក​បំពាក់​ក្រៅ​ចំនួន​៣០​មក​ឲ្យ​ខ្ញុំ​»។ ពួក​គេ​តប​ថា​៖ ​«​ពួក​យើង​ចង់​ស្ដាប់ ដាក់​ប្រស្នា​មក​»។ ១៤  សាំសុន​ក៏​ប្រាប់​ពួក​គេ​ថា​៖ ​«​មាន​ចំណី​ចេញ​ពី​អ្នក​ស៊ីហើយ​មាន​រស​ផ្អែម​ចេញ​ពី​អ្នក​ខ្លាំង​»។+ បី​ថ្ងៃ​កន្លង​ទៅ ពួក​គេ​នៅ​តែ​មិន​អាច​ដោះ​ប្រស្នា​បាន។ ១៥  លុះ​ថ្ងៃ​ទី​៤ ពួក​គេ​ក៏​ទៅ​និយាយ​ជា​មួយ​នឹង​ប្រពន្ធ​សាំសុន​ថា​៖ ​«​នាង​ត្រូវ​ប្រើ​មាយា​លួង​លោម​ប្ដី​នាង+ ឲ្យ​គាត់​ប្រាប់​ចម្លើយ​ប្រស្នា​នោះ​មក។ ពុំ​នោះ​សោត យើង​នឹង​យក​ភ្លើង​ដុត​នាង​និង​ក្រុម​គ្រួសារ​ឪពុក​នាង។ តើ​នាង​អញ្ជើញ​យើង​មក​ដើម្បី​យក​ទ្រព្យ​សម្បត្តិ​យើង​ឬ?​»។ ១៦  ម្ល៉ោះ​ហើយ ប្រពន្ធ​សាំសុន​ក៏​យំ​ខ្សឹក​ខ្សួល​នៅ​មុខ​គាត់ ទាំង​ពោល​ថា​៖ ​«​ឥឡូវ​បង​ស្អប់​អូន​ហើយ បង​មិន​ស្រឡាញ់​អូន​ទេ។+ បង​ដាក់​ប្រស្នា​ឲ្យ​ជន​រួម​ជាតិ​របស់​អូន ហេតុ​អ្វី​បង​មិន​ប្រាប់​ចម្លើយ​ឲ្យ​អូន​ដឹង?​»។ សាំសុន​តប​ថា​៖ ​«​ពុក​ម៉ែ​បង បង​មិន​ទាំង​ប្រាប់​ផង! ហេតុ​អ្វី​បង​ត្រូវ​ប្រាប់​អូន?​»។ ១៧  ប៉ុន្តែ នាង​យំ​នៅ​មុខ​គាត់​ឥត​ឈប់​រហូត​ដល់​ថ្ងៃ​ជប់​លៀង​ទី​៧។ ទី​បំផុត នៅ​ថ្ងៃ​ទី​៧​នោះ គាត់​ក៏​ប្រាប់​ចម្លើយ​ដល់​នាង ព្រោះ​នាង​រំខាន​ចិត្ត​គាត់​ខ្លាំង​ពេក។ លុះ​ដឹង​ចម្លើយ​ហើយ នាង​ទៅ​ប្រាប់​ជន​រួម​ជាតិ​របស់​នាង។+ ១៨  ដូច្នេះ នៅ​ថ្ងៃ​ទី​៧​មុន​ថ្ងៃ​លិច* ពួក​បុរស​ក្រុង​នោះ​បាន​ដោះ​ប្រស្នា​ប្រាប់​សាំសុន​ថា​៖ ​«​គ្មាន​អ្វី​ដែល​ផ្អែម​ជាង​ទឹក​ឃ្មុំ​ឡើយហើយ​ក៏​គ្មាន​អ្វី​ដែល​ខ្លាំង​ជាង​សត្វ​តោ​ដែរ ត្រូវ​ទេ?​»។+ សាំសុន​តប​វិញ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​មិន​បាន​ទៅ​សួរ​ប្រពន្ធ​ខ្ញុំ​ទេ*+អ្នក​រាល់​គ្នា​គ្មាន​ថ្ងៃ​ដោះ​ប្រស្នា​ខ្ញុំ​បាន​ឡើយ​»។ ១៩  បន្ទាប់​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​សាំសុន+ ហើយ​គាត់​ចុះ​ទៅ​ក្រុង​អាសកាឡូន+ សម្លាប់​បុរស​ក្រុង​នោះ​អស់​៣០​នាក់ រួច​យក​សម្លៀក​បំពាក់​របស់​ពួក​គេ ទៅ​ឲ្យ​ពួក​អ្នក​ដែល​បាន​ដោះ​ប្រស្នា​របស់​គាត់។+ រួច​មក គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​គាត់​វិញ​ទាំង​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។ ២០  រីឯ​ប្រពន្ធ​សាំសុន​វិញ+ នាង​បាន​ត្រូវ​លើក​ទៅ​ឲ្យ​អ្នក​កំដរ​ម្នាក់​របស់​សាំសុន។+

កំណត់សម្គាល់

នេះ​ប្រហែល​ជា​សំដៅ​លើ​ព្រះ
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មុន​សាំសុន​ចូល​ទៅ​បន្ទប់​ខាង​ក្នុង​»​
ន័យ​ត្រង់​«​បើ​អ្នក​រាល់​គ្នា​មិន​បាន​ភ្ជួរ​ដី​ដោយ​ប្រើ​កូន​គោ​របស់​ខ្ញុំ​ទេ​»​