អ្នកសម្រេចក្ដី ១៦:១-៣១

  • សាំសុន​នៅ​ក្រុង​កាសា (​១​-​៣)

  • សាំសុន​និង​ដេលីឡា (​៤​-​២២)

  • សាំសុន​សង​សឹក ហើយ​ស្លាប់ (​២៣​-​៣១)

១៦  នៅ​ថ្ងៃ​មួយ សាំសុន​បាន​ទៅ​ក្រុង​កាសា។ ពេល​គាត់​ឃើញ​ស្ត្រី​ពេស្យា​ម្នាក់​នៅ​ទី​នោះ គាត់​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​នាង។ ២  មាន​មនុស្ស​ទៅ​ប្រាប់​អ្នក​ក្រុង​កាសា​ថា​៖ ​«​សាំសុន​មក​ទី​នេះ​ហើយ​»។ ដូច្នេះ ពួក​គេ​ក៏​ទៅ​ឡោម​ព័ទ្ធ ហើយ​លប​ចាំ​វាយ​ឆ្មក់​គាត់​អស់​ពេញ​មួយ​យប់​នៅ​ទ្វារ​កំពែង​ក្រុង។ នៅ​ពេញ​មួយ​យប់​នោះ ពួក​គេ​សម្ងំ​ចាំ ទាំង​និយាយ​គ្នា​ថា​៖ ​«​ពេល​មេឃ​ភ្លឺ សឹម​យើង​សម្លាប់​គាត់​ចោល​»។ ៣  ក៏​ប៉ុន្តែ សាំសុន​នៅ​ដេក​ទី​នោះ​រហូត​ដល់​អធ្រាត្រ។ រួច​មក គាត់​ក្រោក​ឡើង ហើយ​ទៅ​ចាប់​ទាញ​ទ្វារ​កំពែង​ក្រុង ទាំង​រំលើង​សសរ​ទាំង​ពីរ ព្រម​ទាំង​រនុក​ផង។ បន្ទាប់​មក គាត់​លើក​របស់​ទាំង​អស់​នោះ​ដាក់​លើ​ស្មា ហើយ​លី​ទៅ​កំពូល​ភ្នំ ដែល​នៅ​ទល់​មុខ​ក្រុង​ហេប្រុន។ ៤  ក្រោយ​ពី​នោះ​មក គាត់​ក៏​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នារី​ម្នាក់​ដែល​រស់​នៅ​ជិត​ជ្រលង​សូរេក។ នាង​មាន​ឈ្មោះ​ថា​ដេលីឡា។+ ៥  ដូច្នេះ ពួក​មេ​ដឹក​នាំ​ភីលីស្ទីន​បាន​មក​ជួប​ដេលីឡា ហើយ​និយាយ​ថា​៖ ​«​ចូរ​នាង​លួង​លោម​សាំសុន+ ហើយ​ជជីក​សួរ​ឲ្យ​ដឹង​ថា​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ខ្លាំង​មហិមា​បែប​នេះ ហើយ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ចាប់​ចង និង​បង្ក្រាប​គាត់​បាន។ នោះ​យើង​ម្នាក់​ៗ​នឹង​ឲ្យ​នាង​១.១០០​កាក់​ធ្វើ​ពី​ប្រាក់​»។ ៦  បន្ទាប់​មក ដេលីឡា​និយាយ​ទៅ​សាំសុន​ថា​៖ ​«​បង​ប្រាប់​អូន​មក តើ​បង​មាន​កម្លាំង​ខ្លាំង​មហិមា​បែប​នេះ​មក​ពី​ណា? តើ​អាច​យក​អ្វី​មក​ចង​បង្ក្រាប​បង​បាន?​»។ ៧  សាំសុន​ប្រាប់​នាង​ថា​៖ ​«​បើ​ពួក​គេ​យក​ខ្សែ​ធ្នូ​៧​សរសៃ​ដែល​មិន​ទាន់​ស្ងួត​មក​ចង​បង នោះ​កម្លាំង​បង​នឹង​ចុះ​ខ្សោយ​ដូច​មនុស្ស​ទូទៅ​ដែរ​»។ ៨  ដូច្នេះ ពួក​មេ​ដឹក​នាំ​ភីលីស្ទីន​បាន​ឲ្យ​ខ្សែ​ធ្នូ​៧​ខ្សែ​ដែល​មិន​ទាន់​ស្ងួត​ទៅ​ដេលីឡា។ បន្ទាប់​មក នាង​យក​ខ្សែ​ទាំង​នោះ​ទៅ​ចង​សាំសុន។ ៩  ពួក​គេ​បាន​ឲ្យ​មនុស្ស​ទៅ​លាក់​ខ្លួន​នៅ​បន្ទប់​ខាង​ក្នុង។ រួច​នាង​ស្រែក​ប្រាប់​សាំសុន​ថា​៖ ​«​សាំសុន​បង​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ​»។ ឮ​ដូច្នោះ សាំសុន​ក៏​បណ្ដាច់​ខ្សែ​ធ្នូ​យ៉ាង​ងាយ ដូច​ខ្សែ​អំបោះ​ផ្លេច*ដែល​ត្រូវ​ភ្លើង​រោល។+ យ៉ាង​នេះ គ្មាន​អ្នក​ណា​ដឹង​ពី​អាថ៌​កំបាំង​នៃ​កម្លាំង​របស់​គាត់​ទេ។ ១០  រួច​មក ដេលីឡា​និយាយ​ទៅ​សាំសុន​ថា​៖ ​«​បង! បង​កុហក​បោក​ប្រាស់​អូន។ ឥឡូវ​ប្រាប់​អូន​មក តើ​អាច​យក​អ្វី​មក​ចង​បង​បាន?​»។ ១១  សាំសុន​ក៏​ឆ្លើយ​ថា​៖ ​«​បើ​ពួក​គេ​យក​ខ្សែ​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​មក​ចង​បង នោះ​កម្លាំង​បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​មនុស្ស​ទូទៅ​ដែរ​»។ ១២  ដូច្នេះ ដេលីឡា​បាន​យក​ខ្សែ​ពួរ​ថ្មី​ទៅ​ចង​សាំសុន រួច​នាង​ស្រែក​ឡើង​ថា​៖ ​«​សាំសុន​បង​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ​»​ (​អំឡុង​ពេល​នោះ មាន​មនុស្ស​លាក់​ខ្លួន​នៅ​បន្ទប់​ខាង​ក្នុង​)។ ឮ​ដូច្នោះ សាំសុន​ក៏​បណ្ដាច់​ខ្សែ​ពួរ​នោះ​ចេញ​ពី​ដៃ​គាត់ ដូច​បណ្ដាច់​ខ្សែ​អំបោះ។+ ១៣  បន្ទាប់​មក ដេលីឡា​និយាយ​ទៅ​សាំសុន​ថា​៖ ​«​រហូត​មក​ដល់​ពេល​នេះ បង​នៅ​តែ​កុហក​បោក​ប្រាស់​អូន។+ សូម​ប្រាប់​អូន​មក តើ​អាច​យក​អ្វី​មក​ចង​បង​បាន?​»។ គាត់​ប្រាប់​នាង​ថា​៖ ​«​ទាល់​តែ​យក​អំបោះ​មក​ត្បាញ​សក់​ក្រង​៧​ជួរ​របស់​បង នោះ​បង​នឹង​លែង​មាន​កម្លាំង​ទៀត​»។ ១៤  ក្រោយ​មក នាង​ត្បាញ​សក់​សាំសុន ព្រម​ទាំង​បោះ​ស្នឹង​ពី​លើ​ផង។ រួច​នាង​ស្រែក​ថា​៖ ​«​សាំសុន​បង​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ​»។ ពេល​ឮ​ដូច្នោះ សាំសុន​ស្ទុះ​ក្រោក​ពី​ដំណេក ទាញ​ស្នឹង​និង​អំបោះ​តម្បាញ​ចេញ​ពី​សក់​របស់​គាត់។ ១៥  ដេលីឡា​និយាយ​ទៅ​សាំសុន​ថា​៖ ​«​អស់​បី​ដង​ហើយ​ដែល​បង​កុហក​បោក​ប្រាស់​អូន។ បង​មិន​ព្រម​ប្រាប់​អូន​សោះ ថា​បង​បាន​កម្លាំង​ខ្លាំង​មហិមា​មក​ពី​ណា។+ តើ​បង​អាច​និយាយ​ថា​‹បង​ស្រឡាញ់​អូន›​ដូច​ម្ដេច​បាន+ កាល​ដែល​បង​នៅ​តែ​លាក់​បាំង​នឹង​អូន​ដូច្នេះ?​»។ ១៦  ដោយ​សារ​នាង​ចេះ​តែ​រំអុក​សួរ​សាំសុន​ដដែល​ៗ​រាល់​ថ្ងៃ នោះ​ធ្វើ​ឲ្យ​គាត់​ធុញ​ទ្រាន់​ស្ទើរ​ស្លាប់។+ ១៧  នៅ​ទី​បំផុត គាត់​ក៏​ដាច់​ចិត្ត​ប្រាប់​នាង​ថា​៖ ​«​សក់​បង​មិន​ដែល​កាត់​ឡើយ ព្រោះ​បង​ជា​ណាសារីត​នៃ​ព្រះ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម្ល៉េះ។+ បើ​បង​កាត់​សក់ កម្លាំង​បង​នឹង​ចុះ​ខ្សោយ ហើយ​បង​នឹង​ដូច​មនុស្ស​ទូទៅ​ដែរ​»។ ១៨  ពេល​ដែល​ដេលីឡា​ឃើញ​ថា​សាំសុន​បាន​ប្រាប់​គ្រប់​យ៉ាង​ដល់​នាង​ហើយ នាង​ក៏​ស្រូត​ទៅ​រាយ​ការណ៍​ដល់​ពួក​មេ​ដឹក​នាំ​ភីលីស្ទីន+ថា​៖ ​«​សូម​ពួក​លោក​ឡើង​មក​ម្ដង​ទៀត ព្រោះ​គាត់​បាន​ប្រាប់​គ្រប់​យ៉ាង​ដល់​ខ្ញុំ​ហើយ​»។ ហេតុ​នេះ ពួក​មេ​ដឹក​នាំ​ភីលីស្ទីន​ក៏​មក​ជួប​នាង ព្រម​ទាំង​យក​ប្រាក់​មក​ជា​មួយ​ផង។ ១៩  ដេលីឡា​ធ្វើ​ឲ្យ​សាំសុន​លង់​លក់​លើ​ភ្លៅ​របស់​នាង។ រួច​នាង​ហៅ​បុរស​ម្នាក់​ឲ្យ​មក​កោរ​សក់​ក្រង​៧​ជួរ​របស់​គាត់។ ម្ល៉ោះ​ហើយ នាង​ចាប់​ផ្ដើម​កាន់​កាប់​លើ​សាំសុន ព្រោះ​កម្លាំង​របស់​គាត់​បាន​រលាយ​ទៅ។ ២០  រួច​ដេលីឡា​ស្រែក​ឡើង​ថា​៖ ​«​សាំសុន​បង​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ​»។ ពេល​ឮ​ដូច្នោះ សាំសុន​ភ្ញាក់​ពី​ដំណេក ហើយ​ពោល​ថា​៖ ​«​បង​នឹង​ចេញ​ទៅ​ដូច​លើក​មុន​ៗ​+ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​»។ ប៉ុន្តែ សាំសុន​មិន​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​ចាក​ចេញ​ពី​គាត់​ឡើយ។ ២១  ជា​លទ្ធផល ពួក​ភីលីស្ទីន​ក៏​ចាប់​គាត់​បាន ហើយ​ចាក់​ខ្វេះ​ភ្នែក​គាត់​ទាំង​គូ​ចេញ។ រួច​ពួក​គេ​នាំ​គាត់​ទៅ​ក្រុង​កាសា ហើយ​យក​ខ្នោះ​ស្ពាន់​មក​ដាក់​គាត់។ ពួក​គេ​បាន​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​បង្វិល​ត្បាល់​កិន​នៅ​ក្នុង​គុក។ ២២  ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ សក់​របស់​សាំសុន​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។+ ២៣  ពួក​មេ​ដឹក​នាំ​ភីលីស្ទីន​បាន​ជួប​ជុំ​គ្នា ដើម្បី​ជូន​គ្រឿង​បូជា​សន្ធឹក​សន្ធាប់​ដល់​ដាកុន+ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ជប់​លៀង​អបអរសាទរ ដោយ​និយាយ​ថា​៖ ​«​ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន​ដែល​ជា​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​យើង!​»។ ២៤  ពេល​បណ្ដា​ជន​ឃើញ​រូប​ព្រះ​នោះ ក៏​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​នោះ ហើយ​ពោល​ថា​៖ ​«​ព្រះ​របស់​យើង​បាន​ប្រគល់​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​យើង។ វា​ជា​សត្រូវ​ដែល​បាន​បំផ្លិច​បំផ្លាញ​ទឹក​ដី​របស់​យើង+ ហើយ​សម្លាប់​ជន​ជាតិ​យើង​អស់​ជា​ច្រើន​នាក់​»។+ ២៥  ខណៈ​ដែល​ពួក​គេ​កំពុង​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ពួក​គេ​និយាយ​ថា​៖ ​«​ចូរ​ទៅ​នាំ​សាំសុន​មក​ដើម្បី​ឲ្យ​យើង​បាន​សើច​សប្បាយ​»។ ដូច្នេះ ពួក​គេ​នាំ​សាំសុន​ចេញ​ពី​គុក​មក​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​មើល​កម្សាន្ត។ ពួក​គេ​បាន​នាំ​គាត់​ទៅ​ឈរ​នៅ​ចន្លោះ​សសរ​វិហារ។ ២៦  សាំសុន​និយាយ​ទៅ​កាន់​ក្មេង​ប្រុស​ដែល​ដឹក​ដៃ​គាត់​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​ប៉ះ​សសរ​វិហារ​ប​ន្តិ​ច ដើម្បី​ខ្ញុំ​អាច​ទប់​ខ្លួន​បាន​»។ ២៧  (​ពេល​នោះ ក្នុង​វិហារ​មាន​ប្រុស​មាន​ស្រី​ច្រើន​កុះ​ករ ហើយ​ពួក​មេ​ដឹក​នាំ​ភីលីស្ទីន​ទាំង​ឡាយ​ក៏​នៅ​ទី​នោះ​ដែរ។ រីឯ​នៅ​លើ​ដំបូល​វិញ មាន​មនុស្ស​ប្រុស​ស្រី​ប្រហែល​៣.០០០​នាក់​កំពុង​មើល​សាំសុន​)។ ២៨  សាំសុន+ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ សូម​លោក​មេត្តា​នឹក​ចាំ​ខ្ញុំ​ផង សូម​លោក​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ+តែ​ម្ដង​នេះ​ទៀត ដើម្បី​ខ្ញុំ​អាច​សង​សឹក​ពួក​ភីលីស្ទីន យ៉ាង​ហោច​ណាស់​ឲ្យ​សម​នឹង​ភ្នែក​ម្ខាង​របស់​ខ្ញុំ​»។+ ២៩  បន្ទាប់​មក សាំសុន​ទប់​ជំហរ​នៅ​កណ្ដាល​សសរ​ពីរ​ដែល​ទ្រ​វិហារ​នោះ។ គាត់​ដាក់​ដៃ​ស្ដាំ​ទល់​នឹង​សសរ​ម្ខាង ហើយ​ដាក់​ដៃ​ឆ្វេង​ទល់​នឹង​សសរ​ម្ខាង​ទៀត។ ៣០  សាំសុន​ស្រែក​ឡើង​ថា​៖ ​«​ខ្ញុំ​សូម​ស្លាប់​ជា​មួយ​នឹង​ពួក​ភីលីស្ទីន!​»។ រួច​គាត់​ខំ​ប្រឹង​ច្រាន​សសរ​អស់​ពី​កម្លាំង នោះ​វិហារ​ក៏​រលំ​ទៅ​លើ​ពួក​មេ​ដឹក​នាំ និង​បណ្ដា​ជន​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​ទី​នោះ។+ ដូច្នេះ មនុស្ស​ដែល​ស្លាប់​ព្រម​គ្នា​នឹង​សាំសុន មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​គាត់​បាន​សម្លាប់ កាល​ដែល​គាត់​នៅ​រស់​ទៅ​ទៀត។+ ៣១  ក្រោយ​មក បង​ប្អូន​និង​ក្រុម​គ្រួសារ​ទាំង​អស់​ខាង​ឪពុក​សាំសុន បាន​មក​យក​សាក​សព​គាត់​ត្រឡប់​ទៅ​វិញ។ ពួក​គេ​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​របស់​ម៉ាណូអា+ជា​ឪពុក ដែល​នៅ​រវាង​ក្រុង​សូរ៉ា+និង​ក្រុង​អែសថោល។ សាំសុន​បាន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​២០​ឆ្នាំ។+

កំណត់សម្គាល់

អំបោះ​ធ្វើ​ពី​ដើម​ម្យ៉ាង​ដែល​គេ​ដាំ​តាំង​ពី​សម័យ​បុរាណ។ គេ​យក​សរសៃ​វា​ទៅ​ធ្វើ​ជា​ក្រណាត់