អ្នកសម្រេចក្ដី ១៧:១-១៣

  • រូប​ព្រះ​និង​សង្ឃ​របស់​មីកា (​១​-​១៣)

១៧  មាន​បុរស​ម្នាក់​ឈ្មោះ​មីកា គាត់​រស់​នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម។+ ២  មីកា​និយាយ​ទៅ​ម្ដាយ​ថា​៖ ​«​ម៉ែ! ខ្ញុំ​ឮ​ថា​ម៉ែ​បាត់​ប្រាក់​១.១០០​កាក់* ហើយ​ខ្ញុំ​បាន​ឮ​ម៉ែ​ដាក់​បណ្ដាសា​អ្នក​ដែល​លួច​នោះ។ ប៉ុន្តែ មើល! ប្រាក់​នេះ​នៅ​នឹង​ខ្ញុំ ព្រោះ​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​យក​»។ ឮ​កូន​និយាយ​ដូច្នោះ ម្ដាយ​ពោល​ឡើង​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​កូន​ប្រុស​ខ្ញុំ​»។ ៣  ដូច្នេះ គាត់​បាន​ប្រគល់​ប្រាក់​១.១០០​កាក់​ឲ្យ​ម្ដាយ​វិញ តែ​ម្ដាយ​និយាយ​ថា​៖ ​«​ម៉ែ​នឹង​ប្រគល់​ប្រាក់​ទាំង​នេះ​ទុក​ជា​របស់​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ម៉ែ​ចង់​ឲ្យ​កូន​ប្រើ​ប្រាក់​ទាំង​នេះ​ដើម្បី​ឆ្លាក់​រូប​ព្រះ និង​ធ្វើ​រូប​សំណាក*+សម្រាប់​កូន​ផ្ទាល់។ ឥឡូវ​កូន​ទុក​ប្រាក់​ទាំង​នេះ​ចុះ​»។ ៤  ក្រោយ​ពី​មីកា​បាន​ប្រគល់​ប្រាក់​ឲ្យ​ម្ដាយ​វិញ ម្ដាយ​បាន​យក​២០០​កាក់​ទៅ​ឲ្យ​ជាង​ប្រាក់។ ជាង​នោះ​ក៏​ឆ្លាក់​រូប​ព្រះ និង​រូប​សំណាក រួច​រូប​ទាំង​ពីរ​នោះ​បាន​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​របស់​មីកា។ ៥  មីកា​មាន​ផ្ទះ​មួយ​សម្រាប់​រូប​ព្រះ។ គាត់​បាន​ធ្វើ​អាវ​អេផូឌ+ និង​រូប​ធេរ៉ាភីម*+ ព្រម​ទាំង​តែង​តាំង​កូន​ប្រុស​ម្នាក់​របស់​គាត់ ឲ្យ​បម្រើ​ជា​សង្ឃ​សម្រាប់​គាត់។+ ៦  នៅ​សម័យ​នោះ មិន​មាន​ស្ដេច​នៅ​ស្រុក​អ៊ីស្រាអែល​ទេ។+ ម្ល៉ោះ​ហើយ ពួក​គេ​ម្នាក់​ៗ​ធ្វើ​អ្វី​តាម​ដែល​ខ្លួន​គេ​គិត​ថា​ត្រឹម​ត្រូវ។+ ៧  នៅ​ក្រុង​បេថ្លេហិម+ស្រុក​យូដា មាន​យុវជន​ម្នាក់​ជា​កូន​ចៅ​លេវី+ មក​ពី​កុលសម្ព័ន្ធ​យូដា។* គាត់​រស់​នៅ​ទី​នោះ​អស់​មួយ​រយៈ​ពេល។ ៨  ក្រោយ​មក យុវជន​នោះ​បាន​ចាក​ចេញ​ពី​ក្រុង​បេថ្លេហិម​ស្រុក​យូដា ដើម្បី​ទៅ​រក​កន្លែង​ស្នាក់​នៅ​ផ្សេង​ទៀត។ កាល​ដែល​គាត់​ធ្វើ​ដំណើរ នោះ​គាត់​បាន​ទៅ​ដល់​ផ្ទះ​របស់​មីកា នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម។+ ៩  រួច​មីកា​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​មក​ពី​ណា?​»។ គាត់​តប​ថា​៖ ​«​ខ្ញុំ​ជា​កូន​ចៅ​លេវី មក​ពី​ក្រុង​បេថ្លេហិម​ស្រុក​យូដា ហើយ​ខ្ញុំ​កំពុង​រក​កន្លែង​ស្នាក់​នៅ​»។ ១០  ដូច្នេះ មីកា​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​ស្នាក់​នៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ធ្វើ​ជា​ទី​ប្រឹក្សា និង​ជា​សង្ឃ​របស់​ខ្ញុំ។ រាល់​ឆ្នាំ​ខ្ញុំ​នឹង​ឲ្យ​១០​កាក់​ធ្វើ​ពី​ប្រាក់​ដល់​អ្នក ថែម​ទាំង​ឲ្យ​សម្លៀក​បំពាក់​និង​អាហារ​ដល់​អ្នក​ដែរ​»។ ពេល​ឮ​ដូច្នោះ យុវជន​លេវី​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា។ ១១  យុវជន​លេវី​នោះ​យល់​ព្រម​អាស្រ័យ​នៅ​ជា​មួយ​នឹង​មីកា ហើយ​គាត់​ប្រៀប​ដូច​ជា​កូន​ប្រុស​ម្នាក់​របស់​មីកា។ ១២  មីកា​បាន​តែង​តាំង​យុវជន​លេវី​នោះ​ឲ្យ​ធ្វើ​ជា​សង្ឃ​របស់​គាត់+ ហើយ​យុវជន​នោះ​ក៏​រស់​នៅ​ក្នុង​ផ្ទះ​របស់​មីកា។ ១៣  រួច​មក មីកា​ពោល​ថា​៖ ​«​ពេល​នេះ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ខ្ញុំ​ជា​មិន​ខាន ដោយ​សារ​ខ្ញុំ​បាន​កូន​ចៅ​លេវី​ម្នាក់​មក​ធ្វើ​ជា​សង្ឃ​របស់​ខ្ញុំ​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​កាក់​ធ្វើ​ពី​ប្រាក់​»​
ន័យ​ត្រង់​«​រូប​សំណាក​ធ្វើ​ពី​លោហៈ​»​
មើល​និយម​ន័យ​ពាក្យ​«​ធេរ៉ាភីម​»​
នេះ​ប្រហែល​ជា​មាន​ន័យ​ថា​គាត់​ធ្លាប់​រស់​នៅ​ទឹក​ដី​យូដា