អ្នកសម្រេចក្ដី ១៩:១-៣០

  • កុលសម្ព័ន្ធ​បេនយ៉ាមីន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ផ្លូវ​ភេទ​នៅ​ក្រុង​គីបៀ (​១​-​៣០)

១៩  នៅ​សម័យ​នោះ មិន​មាន​ស្ដេច​ក្នុង​ស្រុក​អ៊ីស្រាអែល​ទេ។+ ពេល​នោះ មាន​បុរស​ម្នាក់​ជា​កូន​ចៅ​លេវី គាត់​រស់​នៅ​កន្លែង​ដាច់​ស្រយាល​ក្នុង​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម។+ គាត់​បាន​យក​ស្ត្រី​ម្នាក់​ពី​ក្រុង​បេថ្លេហិម+ស្រុក​យូដា មក​ធ្វើ​ជា​ប្រពន្ធ​បន្ទាប់​របស់​គាត់។ ២  ប៉ុន្តែ នាង​មិន​ស្មោះ​ត្រង់​នឹង​គាត់​ទេ ហើយ​នាង​បាន​ចាក​ចេញ​ពី​គាត់ ទៅ​រស់​នៅ​ផ្ទះ​របស់​ឪពុក​នាង​នៅ​ក្រុង​បេថ្លេហិម​ស្រុក​យូដា។ នាង​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។ ៣  ក្រោយ​មក ប្ដី​របស់​នាង​ក៏​ធ្វើ​ដំណើរ​ទៅ​តាម​អង្វរ​នាង​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ។ គាត់​នាំ​អ្នក​បម្រើ​ប្រុស​ម្នាក់ និង​សត្វ​លា​ពីរ​ក្បាល​ទៅ​ជា​មួយ។ ពេល​ទៅ​ដល់ នាង​នាំ​ប្ដី​ចូល​ក្នុង​ផ្ទះ​របស់​ឪពុក។ កាល​ដែល​ឪពុក​ក្មេក​បាន​ឃើញ​កូន​ប្រសា គាត់​សប្បាយ​ចិត្ត​ណាស់។ ៤  ឪពុក​ក្មេក​បាន​ឃាត់​កូន​ប្រសា​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់​អស់​បី​ថ្ងៃ។ ឪពុក​ក្មេក​និង​កូន​ប្រសា​តែង​តែ​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​គ្នា ហើយ​កូន​ប្រសា​ក៏​ដេក​នៅ​ទី​នោះ។ ៥  នៅ​ថ្ងៃ​ទី​៤ ពួក​គេ​ក៏​ក្រោក​ពី​ព្រលឹម​ដើម្បី​ធ្វើ​ដំណើរ​ចេញ​ទៅ តែ​ឪពុក​ក្មេក​និយាយ​ទៅ​កូន​ប្រសា​ថា​៖ ​«​កូន​មក​បរិភោគ​បន្តិច​ឲ្យ​មាន​កម្លាំង​សិន រួច​សឹម​កូន​ទៅ​ចុះ​»។ ៦  ម្ល៉ោះ​ហើយ ពួក​គេ​ក៏​អង្គុយ​ចុះ ហើយ​ទាំង​ពីរ​នាក់​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​គ្នា។ បន្ទាប់​ពី​នោះ ឪពុក​ក្មេក​និយាយ​ថា​៖ ​«​សូម​កូន​សម្រាក​មួយ​យប់​ទៀត ហើយ​នៅ​ឲ្យ​សប្បាយ​ចិត្ត​ចុះ​»។ ៧  ពេល​កូន​ប្រសា​ក្រោក​ឡើង​ហៀប​នឹង​ចេញ​ទៅ ឪពុក​ក្មេក​ចេះ​តែ​អង្វរ​គាត់​ឥត​ឈប់ ដូច្នេះ​គាត់​ក៏​ព្រម​ស្នាក់​នៅ​មួយ​យប់​ទៀត។ ៨  ដល់​ថ្ងៃ​ទី​៥ ពេល​គាត់​ក្រោក​ពី​ព្រលឹម​បម្រុង​នឹង​ចាក​ចេញ ឪពុក​ក្មេក​ឃាត់​គាត់​ថា​៖ ​«​កូន​អើយ! មក​ស្រស់ស្រូប​បន្តិច​ឲ្យ​មាន​កម្លាំង​សិន​»។ រួច​ពួក​គេ​ទាំង​ពីរ​ក៏​ពិសា​អាហារ​ជា​មួយ​គ្នា ហើយ​នៅ​បន្ត​រហូត​ដល់​ពេល​រសៀល។ ៩  ពេល​បុរស​នោះ​ក្រោក​ឡើង​បម្រុង​នាំ​ប្រពន្ធ​និង​អ្នក​បម្រើ​ចេញ​ទៅ ឪពុក​ក្មេក​និយាយ​ទៅ​គាត់​ថា​៖ ​«​មើល! ឥឡូវ​ថ្ងៃ​កាន់​តែ​ជ្រេ ហើយ​មេឃ​ក៏​ជិត​ងងឹត​ដែរ។ សូម​កូន​ស្នាក់​នៅ​មួយ​យប់​ទៀត ហើយ​សម្រាក​កាយ​ឲ្យ​បាន​សប្បាយ​ចិត្ត​ចុះ។ ចាំ​ស្អែក​ឡើង សឹម​កូន​ក្រោក​ពី​ព្រលឹម​ធ្វើ​ដំណើរ​ទៅ​ផ្ទះ*វិញ​»។ ១០  ក៏​ប៉ុន្តែ បុរស​នោះ​មិន​ចង់​ស្នាក់​នៅ​ត​ទៅ​ទៀត​ទេ។ ហេតុ​នេះ គាត់​ក៏​ចាក​ចេញ​ទៅ។ គាត់​បាន​ធ្វើ​ដំណើរ​រហូត​ដល់​ក្រុង​យេប៊ូស គឺ​ក្រុង​យេរូសាឡិម+ ទាំង​នាំ​ប្រពន្ធ និង​អ្នក​បម្រើ ព្រម​ទាំង​សត្វ​លា​ពីរ​ក្បាល​ចង​កែប​ជា​ស្រេច​ទៅ​ជា​មួយ។ ១១  លុះ​ដល់​ក្បាល​ព្រលប់ ពួក​គេ​ទៅ​ជិត​ដល់​ក្រុង​យេប៊ូស។ ដូច្នេះ អ្នក​បម្រើ​ក៏​សួរ​ម្ចាស់​ថា​៖ ​«​យប់​នេះ តើ​យើង​គួរ​ឈប់​សម្រាក​នៅ​ក្រុង​របស់​ពួក​យេប៊ូស​ទេ?​»។ ១២  ប៉ុន្តែ ម្ចាស់​ប្រាប់​ថា​៖ ​«​យើង​មិន​គួរ​សម្រាក​នៅ​ក្រុង​របស់​ជន​បរទេស​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ យើង​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​រហូត​ដល់​ក្រុង​គីបៀ​»។+ ១៣  ម្ចាស់​និយាយ​បន្ថែម​ថា​៖ ​«​តោះ ចូរ​យើង​ប្រញាប់​ដើរ​ទៅ​ឲ្យ​ដល់​ក្រុង​គីបៀ​ឬ​ក្រុង​រ៉ាម៉ា+ ហើយ​យើង​នឹង​ស្នាក់​នៅ​កន្លែង​មួយ​ក្នុង​ក្រុង​នោះ​»។ ១៤  ម្ល៉ោះ​ហើយ ពួក​គេ​ធ្វើ​ដំណើរ​បន្ត​ទៀត។ កាល​ដែល​ពួក​គេ​ទៅ​ជិត​ដល់​ក្រុង​គីបៀ ជា​ក្រុង​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន ថ្ងៃ​ក៏​ចាប់​ផ្ដើម​លិច។ ១៥  ដូច្នេះ ពួក​គេ​ក៏​ចូល​ទៅ​ខាង​ក្នុង​ក្រុង​គីបៀ ដើម្បី​សម្រាក​នៅ​យប់​នោះ។ ពេល​នៅ​ក្នុង​ក្រុង ពួក​គេ​បាន​ទៅ​អង្គុយ​នៅ​ទី​លាន​សាធារណៈ តែ​គ្មាន​នរណា​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​ឡើយ។+ ១៦  ទី​បំផុត​នៅ​ល្ងាច​នោះ មាន​បុរស​វ័យ​ចាស់​ម្នាក់​បាន​ត្រឡប់​មក​ពី​ធ្វើ​ស្រែ​ចម្ការ​វិញ។ គាត់​ជា​អ្នក​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម+ គាត់​បាន​ចាក​ចេញ​ពី​ទី​នោះ ហើយ​មក​រស់​នៅ​ក្រុង​គីបៀ​អស់​មួយ​រយ:ពេល​ហើយ។ ប៉ុន្តែ អ្នក​រស់​នៅ​ក្រុង​គីបៀ​នេះ​ជា​មនុស្ស​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។+ ១៧  ពេល​បុរស​វ័យ​ចាស់​ក្រឡេក​ឃើញ​បុរស​ជា​អ្នក​ដំណើរ​នោះ​នៅ​ទី​លាន​សាធារណៈ គាត់​ក៏​សួរ​ថា​៖ ​«​តើ​ពួក​អ្នក​មក​ពី​ណា ហើយ​ទៅ​ណា​ដែរ?​»។ ១៨  បុរស​នោះ​តប​ថា​៖ ​«​ពួក​ខ្ញុំ​មក​ពី​ក្រុង​បេថ្លេហិម​ស្រុក​យូដា ហើយ​ឥឡូវ​កំពុង​ធ្វើ​ដំណើរ​ទៅ​វិហារ*របស់​ព្រះ​យេហូវ៉ា* រួច​នឹង​ត្រឡប់​ទៅ​ស្រុក​ខ្ញុំ​នៅ​កន្លែង​ដាច់​ស្រយាល​ក្នុង​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម​វិញ។+ ប៉ុន្តែ​ឥឡូវ​នេះ គ្មាន​អ្នក​ណា​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ​ឡើយ។ ១៩  ពួក​ខ្ញុំ​មាន​ចំបើង មាន​ចំណី​សម្រាប់​សត្វ​លា+ ហើយ​ក៏​មាន​នំ​ប៉័ង+និង​ស្រា​សម្រាប់​ខ្ញុំ សម្រាប់​ប្រពន្ធ​ខ្ញុំ និង​សម្រាប់​អ្នក​បម្រើ​ខ្ញុំ​ដែរ។ ពួក​ខ្ញុំ​មាន​គ្រប់​គ្រាន់ មិនខ្វះ​ខាត​អ្វី​ទេ​»។ ២០  បុរស​វ័យ​ចាស់​នោះ​និយាយ​ថា​៖ ​«​សូម​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ! កុំ​ស្នាក់​នៅ​ទី​លាន​សាធារណៈ​ឡើយ។ ខ្ញុំ​នឹង​មើល​ថែ​អ្នក​ដោយ​ផ្ដល់​អ្វី​ដែល​អ្នក​ត្រូវ​ការ​»។ ២១  ដូច្នេះ គាត់​បាន​នាំ​ពួក​គេ​ទៅ​ផ្ទះ​របស់​គាត់ ហើយ​ឲ្យ​ចំណី​ដល់​សត្វ​លា។ រួច​ពួក​គេ​លាង​ជើង ហើយ​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​គ្នា។ ២២  កាល​ដែល​ពួក​គេ​កំពុង​បរិភោគ​យ៉ាង​សប្បាយ​រីក​រាយ ស្រាប់​តែ​មាន​ពួក​ជន​ពាល​មក​ឡោម​ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ក្ឌាំង​ៗ ព្រម​ទាំង​ស្រែក​ហៅ​បុរស​វ័យ​ចាស់​ជា​ម្ចាស់​ផ្ទះ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​នាំ​បុរស​ដែល​ស្នាក់​នៅ​ផ្ទះ​របស់​អ្នក​ឯង​ចេញ​មក ឲ្យ​យើង​រួម​ភេទ​ជា​មួយ​»។+ ២៣  ពេល​ឮ​ដូច្នោះ បុរស​ជា​ម្ចាស់​ផ្ទះ​ក៏​ចេញ​មក​និយាយ​នឹង​ពួក​ជន​ពាល​ទាំង​នោះ​ថា​៖ ​«​កុំ​ធ្វើ​បែប​នេះ បង​ប្អូន​អើយ មិន​ត្រូវ​ធ្វើ​អាក្រក់​ឡើយ។ សូម​មេត្តា​ផង ព្រោះ​បុរស​នោះ​ជា​ភ្ញៀវ​របស់​ខ្ញុំ។ សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ដូច្នេះ។ ២៤  ខ្ញុំ​មាន​កូន​ស្រី នាង​ជា​ក្រមុំ​បរិសុទ្ធ ហើយ​បុរស​នោះ​ក៏​មាន​ប្រពន្ធ​ដែរ។ ខ្ញុំ​នឹង​នាំ​ពួក​នាង​ចេញ​មក​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប បើ​នេះ​ជា​តម្រូវ​ការ​របស់​អ្នក​រាល់​គ្នា។+ ប៉ុន្តែ កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ទៅ​លើ​បុរស​នោះ​ឡើយ​»។ ២៥  ក៏​ប៉ុន្តែ ពួក​ជន​ពាល​ទាំង​នោះ​មិន​ស្ដាប់​គាត់​ទេ។ ម្ល៉ោះ​ហើយ បុរស​នោះ​ទាញ​ដៃ​ប្រពន្ធ+ ហើយ​ច្រាន​នាង​ចេញ​ទៅ​ក្រៅ​ឲ្យ​ពួក​គេ។ ពួក​គេ​យក​នាង​ទៅ​រំលោភ​ធ្វើ​បាប​ពេញ​មួយ​យប់។ លុះ​ទៀប​ភ្លឺ ពួក​គេ​ដោះ​លែង​នាង​ឲ្យ​ទៅវិញ។ ២៦  ពេល​ព្រលឹម​ស្រាង​ៗ នាង​ដើរ​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​បុរស​វ័យ​ចាស់​ដែល​ប្ដី*នាង​ស្នាក់​នៅ​ជា​មួយ។ នាង​ដេក​ស្ដូក​នៅ​ទី​នោះ​រហូត​ដល់​មេឃភ្លឺ។ ២៧  លុះ​ព្រឹក​ឡើង ប្ដី​នាង​ក៏​ក្រោក​ហើយ​មក​បើក​ទ្វារ​ផ្ទះ​បម្រុង​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ស្រាប់​តែ​គាត់​ឃើញ​ប្រពន្ធ​ដេក​នៅ​មាត់​ទ្វារ​ផ្ទះ ដោយ​សន្ធឹង​ដៃ​ទាំង​ពីរ​មក​មាត់​ទ្វារ។ ២៨  គាត់​ក៏​ព្យាយាម​ដាស់​នាង​ថា​៖ ​«​ក្រោក​ឡើង! យើង​ទៅ​មុខ​ទៀត​»។ ប៉ុន្តែ នាង​បាន​បាត់​មាត់​បាត់​ក មិន​ឆ្លើយ​តប​មក​វិញ​សោះ។ ដូច្នេះ គាត់​ក៏​លើក​នាង​ដាក់​លើ​សត្វ​លា ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ២៩  ពេល​ដែល​គាត់​ទៅ​ដល់​ផ្ទះ គាត់​យក​កាំបិត​មក​កាប់​សាក​សព​ប្រពន្ធ​ត្រង់​សន្លាក់​ជា​១២​កំណាត់ រួច​ផ្ញើ​មួយ​កំណាត់​ៗ​ទៅ​គ្រប់​តំបន់​ក្នុង​ស្រុក​អ៊ីស្រាអែល។ ៣០  អស់​អ្នក​ដែល​បាន​ឃើញ​ក៏​និយាយ​គ្នា​ថា​៖ ​«​តាំង​ពី​ថ្ងៃ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប​រហូត​មក​ដល់​ពេល​នេះ មិន​ធ្លាប់​មាន​រឿង​បែប​នេះ​កើត​ឡើង​ឡើយ ហើយ​ក៏​មិន​ធ្លាប់​ប្រទះ​ដែរ។ ចូរ​ពិចារណា ហើយ​ប្រឹក្សា​គ្នា+ ដើម្បី​ដឹង​ថា​យើង​ត្រូវ​ដោះ​ស្រាយ​រឿង​នេះ​តាម​របៀប​ណា​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​ត្រសាល​»​
នេះ​សំដៅ​លើ​ត្រសាល
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ហើយ​ខ្ញុំ​ជា​អ្នក​បម្រើ​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​»​
ន័យ​ត្រង់​«​ម្ចាស់​»​