អ្នកសម្រេចក្ដី ២០:១-៤៨

  • សង្គ្រាម​ជា​មួយ​នឹង​កុលសម្ព័ន្ធ​បេនយ៉ាមីន (​១​-​៤៨)

២០  នៅ​ទី​បំផុត ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ពី​ក្រុង​ដាន់+រហូត​ដល់​ក្រុង​បៀរសេបា និង​ពី​ស្រុក​គីលាត+ បាន​ព្រម​ចិត្ត​គ្នា​ចេញ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មីសប៉ា។+ ២  នៅ​ពេល​នោះ ពួក​ប្រមុខ​របស់​បណ្ដា​ជន និង​របស់​កុលសម្ព័ន្ធ​ទាំង​អស់​នៃ​អ៊ីស្រាអែល​ក៏​នៅ​ជា​មួយ​នឹង​រាស្ត្រ​ឯ​ទៀត​របស់​ព្រះ​ដែរ។ ក្នុង​នោះ​មាន​កង​ទ័ព​ថ្មើរ​ជើង​ដែល​ប្រដាប់​ដាវ ចំនួន​៤០០.០០០​នាក់។+ ៣  ឯ​កុលសម្ព័ន្ធ​បេនយ៉ាមីន​វិញ ពួក​គេ​ក៏​បាន​ឮ​ថា​ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ដល់​ក្រុង​មីសប៉ា​ហើយ។ នៅ​ក្នុង​ការ​ជួប​ជុំ​នោះ ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​សួរ​ថា​៖ ​«​ចូរ​ប្រាប់​ពួក​យើង​មក តើ​រឿង​ដ៏​អាក្រក់​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?​»។+ ៤  បុរស​ជា​កូន​ចៅ​លេវី+ ដែល​ជា​ប្ដី​របស់​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់​នោះ បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​បន្ទាប់​របស់​ខ្ញុំ បាន​មក​ស្នាក់​នៅ​មួយ​យប់​ក្នុង​ក្រុង​គីបៀ+របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ៥  ប៉ុន្តែ នៅ​យប់​នោះ ស្រាប់​តែ​មាន​ពួក​អ្នក*ក្រុង​គីបៀ​បាន​នាំ​គ្នា​មក​ឡោម​ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ។ ពួក​គេ​តាំង​ចិត្ត​សម្លាប់​ខ្ញុំ តែ​ពួក​គេ​បែរ​ជា​រំលោភ​ប្រពន្ធ​ខ្ញុំ​វិញ ហើយ​នាង​ក៏​ស្លាប់​ទៅ។+ ៦  ដូច្នេះ ខ្ញុំ​បាន​យក​សាក​សព​ប្រពន្ធ​មក​កាប់​ជា​កំណាត់​ៗ ហើយ​ផ្ញើ​ទៅ​គ្រប់​ទឹក​ដី​ជា​មត៌ក​របស់​ជន​ជាតិ​អ៊ីស្រាអែល+ ពី​ព្រោះ​ពួក​អ្នក​ក្រុង​នោះ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ខ្មាស និង​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល។ ៧  សូម​ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​រូប​ដែល​នៅ​ទី​នេះ ពិភាក្សា​គ្នា​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​»។+ ៨  ពេល​នោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ក្រោក​ឡើង​ព្រម​ចិត្ត​គ្នា ហើយ​និយាយ​ថា​៖ ​«​ពួក​យើង​គ្រប់​គ្នា​នឹង​មិន​ត្រឡប់​ទៅ​ត្រសាល ឬ​ផ្ទះ​របស់​ពួក​យើង​វិញ​ទេ។ ៩  ពួក​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ក្រុង​គីបៀ​ដូច​ត​ទៅ​នេះ​៖ ពួក​យើង​នឹង​ចាប់​ឆ្នោត​ជ្រើស​រើស​បុរស​ខ្លះ​ឲ្យ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​នោះ។+ ១០  បន្ថែម​ទៅ​ទៀត ពួក​យើង​នឹង​ជ្រើស​រើស​បុរស​១០​នាក់​ពី​១០០​នាក់ និង​១០០​នាក់​ពី​១.០០០​នាក់ និង​១.០០០​នាក់​ពី​១០.០០០​នាក់ ពី​គ្រប់​កុលសម្ព័ន្ធ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួក​គេ​ទៅ​ប្រមូល​ស្បៀង​សម្រាប់​កង​ទ័ព។ យ៉ាង​នេះ កង​ទ័ព​អាច​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ក្រុង​គីបៀ​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន ដោយ​សារ​ពួក​អ្នក​ក្រុង​នោះ​បាន​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល​»។ ១១  ម្ល៉ោះ​ហើយ ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ព្រម​ចិត្ត​គ្នា ចេញ​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​នោះ។ ១២  បន្ទាប់​មក កុលសម្ព័ន្ធ​ផ្សេង​ៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​មនុស្ស​ឲ្យទៅ​ជួប​វង្ស​ត្រកូល​ទាំង​អស់​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន ហើយ​សួរ​ថា​៖ ​«​ហេតុ​អ្វី​បានជា​មាន​រឿង​ដ៏​អាក្រក់​បែប​នេះ​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា? ១៣  ឥឡូវ​នេះ ចូរ​ប្រគល់​ពួក​ជន​ពាល​ដែល​នៅ​ក្រុង​គីបៀ+មក​ឲ្យ​ពួក​យើង​សម្លាប់​ចោល ដើម្បី​កម្ចាត់អំពើ​អាក្រក់​ចេញ​ពី​ស្រុក​អ៊ីស្រាអែល​»។+ ក៏​ប៉ុន្តែ ពួក​កុលសម្ព័ន្ធ​បេនយ៉ាមីន​មិន​ព្រម​ស្ដាប់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​បង​ប្អូន​រួម​ជាតិ​ទេ។ ១៤  រួច​មក ពួក​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​រស់​នៅ ហើយ​រួម​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​គីបៀ ដើម្បី​ច្បាំង​នឹង​កង​ទ័ព​អ៊ីស្រាអែល។ ១៥  នៅ​ថ្ងៃ​នោះ ពួក​បុរស​ប្រដាប់​ដាវ​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​បាន​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​នោះ មាន​ចំនួន​២៦.០០០​នាក់ នេះ​មិន​រាប់​បញ្ចូល​ពួក​បុរស​ក្រុង​គីបៀ​ដែល​ថ្នឹក​សង្គ្រាម​ចំនួន​៧០០​នាក់​ទេ។ ១៦  ក្នុង​ចំណោម​ទាហាន​ទាំង​នោះ មាន​៧០០​នាក់​ដែល​ចេះ​ប្រើ​ដៃ​ឆ្វេង ហើយ​ពួក​គេ​ម្នាក់​ៗ​អាច​ប្រើ​ខ្សែ​ដង្ហក់​យ៉ាង​ស្ទាត់ សូម្បី​តែ​ទំហំ​ប៉ុន​សរសៃ​សក់ ក៏​ពួក​គេ​បាញ់​ត្រូវ​ឥត​ខុស​ដែរ។ ១៧  ចំណែក​កុលសម្ព័ន្ធ​ឯ​ទៀត​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ ពួក​គេ​មាន​កង​ទ័ព​ចំនួន​៤០០.០០០​នាក់​ដែល​ប្រដាប់​ដាវ+ ហើយ​គ្រប់​គ្នា​សុទ្ធតែ​មាន​បទ​ពិសោធន៍​ក្នុង​ចម្បាំង។ ១៨  ពួក​គេ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​បេតអែល​ដើម្បី​សួរ​ព្រះ។+ ពេល​ទៅ​ដល់ ជន​ជាតិ​អ៊ីស្រាអែល​ក៏​សួរ​ព្រះ​ថា​៖ ​«​តើ​អ្នក​ណា​ក្នុង​ចំណោម​ពួក​យើង​ត្រូវ​នាំ​មុខ​ចេញ​ច្បាំង​នឹង​កុលសម្ព័ន្ធ​បេនយ៉ាមីន?​»។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​កុលសម្ព័ន្ធ​យូដា​នាំ​មុខ​ចេញ​ច្បាំង​»។ ១៩  ដូច្នេះ កង​ទ័ព​អ៊ីស្រាអែល​ក៏​ក្រោក​ពី​ព្រឹក ហើយ​នាំ​គ្នា​ទៅ​បោះ​ទ័ព​ដើម្បី​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​គីបៀ។ ២០  កង​ទ័ព​អ៊ីស្រាអែល​ចេញ​ទៅ​សមរភូមិ ហើយ​តម្រៀប​ក្បួន​ទ័ព រួច​ច្បាំង​នឹង​កុលសម្ព័ន្ធ​បេនយ៉ាមីន​នៅ​ក្រុង​គីបៀ។ ២១  នៅ​ថ្ងៃ​នោះ​ឯង ពួក​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ចេញ​ពី​ក្រុង​គីបៀ មក​សម្លាប់​កង​ទ័ព​អ៊ីស្រាអែល​អស់​ចំនួន​២២.០០០​នាក់។ ២២  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កង​ទ័ព​អ៊ីស្រាអែល​នៅ​តែ​មាន​ចិត្ត​ក្លាហាន។ ពួក​គេ​តម្រៀប​ក្បួន​ទ័ព​ម្ដង​ទៀត​នៅ​សមរភូមិ​ត្រង់​កន្លែង​ដដែល​ដូច​ថ្ងៃ​ទី​១។ ២៣  បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​រហូត​ដល់​ល្ងាច ទាំង​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​យើង​គួរ​ទៅ​ច្បាំង​នឹង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ជា​បង​ប្អូន​រួម​ជាតិ​ម្ដង​ទៀត​ឬ?​»។+ ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ថា​៖ ​«​ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​គេ​»។ ២៤  ម្ល៉ោះ​ហើយ នៅ​ថ្ងៃ​ទី​២ កង​ទ័ព​អ៊ីស្រាអែល​បាន​ចូល​ទៅ​ជិត​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ២៥  នៅ​ថ្ងៃ​ទី​២​នោះ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ចេញ​ពី​ក្រុង​គីបៀ​មក​ប្រយុទ្ធ​នឹង​កង​ទ័ព​អ៊ីស្រាអែល ហើយ​សម្លាប់​ពួក​គេ​អស់​១៨.០០០​នាក់+ ដែល​សុទ្ធតែ​ជា​កង​ទ័ព​ប្រដាប់​ដាវ។ ២៦  ដូច្នេះ​នៅ​ថ្ងៃ​នោះ កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​បេតអែល រួច​អង្គុយ​យំ​សោក​នៅ​ទី​នោះ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។+ ពួក​គេ​តម​អាហារ+រហូត​ដល់​ល្ងាច ទាំង​ជូន​គ្រឿង​បូជា​ដុត+និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព+នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ផង​ដែរ។ ២៧  រួច​មក ពួក​គេ​ក៏​សួរ​ព្រះ​យេហូវ៉ា+ ពី​ព្រោះ​នៅ​គ្រា​នោះ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ពិត​នៅ​ទី​នោះ។ ២៨  អំឡុង​ពេល​នោះ ភីនេហាស+ជា​កូន​ប្រុស​អេលាសារ និង​ត្រូវ​ជា​ចៅ​របស់​អេរ៉ុន គាត់​បម្រើ​នៅ​មុខ​ហឹប​របស់​ព្រះ។ ពួក​គេ​សួរ​ថា​៖ ​«​តើ​ពួក​យើង​គួរ​ទៅ​ច្បាំង​នឹង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ជា​បង​ប្អូន​ម្ដង​ទៀត ឬ​ឈប់​ត្រឹម​នេះ?​»។+ ព្រះ​យេហូវ៉ា​ឆ្លើយ​តប​ថា​៖ ​«​ចូរ​ឡើង​ទៅ​ច្បាំង ពី​ព្រោះ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​»។ ២៩  ដូច្នេះ កង​ទ័ព​អ៊ីស្រាអែល​បាន​ចាត់​កង​កម្លាំង​ឲ្យ​ទៅ​លាក់​ខ្លួន​នៅ​ជុំវិញ​ក្រុង​គីបៀ​ដើម្បី​ចាំ​វាយ​ឆ្មក់។+ ៣០  នៅ​ថ្ងៃ​ទី​៣ កង​ទ័ព​អ៊ីស្រាអែល​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ពួក​គេ​បាន​តម្រៀប​ក្បួន​ទ័ព​ត្រៀម​ប្រយុទ្ធ​នឹង​ពួក​អ្នក​ក្រុង​គីបៀ​ដូច​លើក​មុន​ៗ​ដែរ។+ ៣១  កាល​ដែល​កង​ទ័ព​អ៊ីស្រាអែល​ឃើញ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ចេញ​មក​ប្រយុទ្ធ នោះ​កង​ទ័ព​អ៊ីស្រាអែល​ក៏​ធ្វើ​ជា​ដក​ថយ​ដើម្បី​ទាញ​នាំ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង។+ ដូច​លើក​មុន​ៗ​ដែរ ពេល​កុលសម្ព័ន្ធ​បេនយ៉ាមីន​ឃើញ​ដូច្នោះ ពួក​គេ​ចាប់​ផ្ដើម​វាយ​ប្រហារ ហើយ​សម្លាប់​កង​ទ័ព​អ៊ីស្រាអែល​អស់​មួយ​ចំនួន​នៅ​ផ្លូវ​បំបែក​ក្រុង​គីបៀ និង​ផ្លូវ​បែក​ទៅ​ក្រុង​បេតអែល គឺ​សម្លាប់​អស់​ប្រមាណ​៣០​នាក់​នៅ​ឯ​វាល។+ ៣២  ដូច្នេះ កុលសម្ព័ន្ធ​បេនយ៉ាមីន​ពោល​ឡើង​ថា​៖ ​«​ដូច​លើក​មុន​ៗ​ដែរ ពួក​គេ​កំពុង​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ចំពោះ​មុខ​យើង​»។+ ប៉ុន្តែ កង​ទ័ព​អ៊ីស្រាអែល​និយាយ​គ្នា​ថា​៖ ​«​យើង​នឹង​ដក​ថយ​ដើម្បី​ទាញ​នាំ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង ទៅ​ឯ​ផ្លូវ​ធំ​»។ ៣៣  រួច​មក កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ក៏​ក្រោក​ឡើង​ពី​កន្លែង​រៀង​ៗ​ខ្លួន ហើយ​ទៅ​តម្រៀប​គ្នា​តាម​ក្បួន​ទ័ព​នៅ​ឯ​បាលថេម៉ា។ ចំណែក​កង​កម្លាំង​វាយ​ឆ្មក់ ពួក​គេ​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ជុំវិញ​ក្រុង​គីបៀ​ដែរ។ ៣៤  រីឯ​កង​ទ័ព​ចំនួន​១០.០០០​នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ពួក​គេ​បាន​លើក​គ្នា​មក​ដល់​ខាង​មុខ​ក្រុង​គីបៀ។ ការ​ប្រយុទ្ធ​គ្នា​លើក​នេះ​ក្ដៅ​គគុក​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​មិន​បាន​ដឹង​ថា ពួក​គេ​ហៀបនឹង​ជួប​អន្តរាយ​ឡើយ។ ៣៥  ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ច្បាំង​ចាញ់+កង​ទ័ព​អ៊ីស្រាអែល។ ម្ល៉ោះ​ហើយ​នៅ​ថ្ងៃ​នោះ កង​ទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​អស់​ចំនួន​២៥.១០០​នាក់ ដែល​សុទ្ធតែ​ជា​ទាហាន​ប្រដាប់​ដាវ។+ ៣៦  នៅ​ពេល​នោះ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​គិត​ស្មានថា​ពួក​គេ​មុខ​ជា​ច្បាំង​ឈ្នះ​កង​ទ័ព​អ៊ីស្រាអែល ពី​ព្រោះ​ពួក​គេ​ឃើញ​កង​ទ័ព​អ៊ីស្រាអែល​ដក​ថយ។+ ប៉ុន្តែ កង​ទ័ព​អ៊ីស្រាអែល​ដក​ថយ ដោយ​សារ​ពួក​គេ​ទុក​ចិត្ត​កង​កម្លាំង​វាយ​ឆ្មក់​ដែល​លាក់​ខ្លួន​នៅ​ជុំវិញ​ក្រុង​គីបៀ។+ ៣៧  កង​កម្លាំង​វាយ​ឆ្មក់​បាន​ស្ទុះ​ចេញ​មក​យ៉ាង​រហ័ស​សម្រុក​ចូល​ក្រុង​គីបៀ ហើយ​រត់​ប្រសាច​ទៅ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ទាំង​មូល​ដោយ​មុខ​ដាវ។ ៣៨  កង​ទ័ព​អ៊ីស្រាអែល​បាន​រៀប​ផែន​ការ​ថា ពេល​ដែល​កង​កម្លាំង​វាយ​ឆ្មក់​សម្រុក​ចូល​ក្រុង ពួក​គេ​ត្រូវ​ផ្ដល់​សញ្ញា​ដោយ​ដុត​ភ្លើង​ឲ្យ​ផ្សែង​ហុយ​ចេញ​ពី​ក្រុង​នោះ។ ៣៩  កាល​ដែល​កង​ទ័ព​អ៊ីស្រាអែល​ដក​ថយ​ចេញ​ពី​សមរភូមិ នោះ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ចាប់​ផ្ដើម​សម្លាប់​កង​ទ័ព​អ៊ីស្រាអែល​អស់​ប្រមាណ​៣០​នាក់។+ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ពោល​ឡើង​ថា​៖ ​«​ពួក​គេ​ច្បាស់​ជា​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​ដូច​លើក​មុន​ៗ​ទៀត​»។+ ៤០  ប៉ុន្តែ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​យ៉ាង​ទ្រ​លោម​ចេញ​ពី​ក្រុង​នោះ ជា​សញ្ញា​ដល់​កង​ទ័ព​អ៊ីស្រាអែល។ ពេល​នោះ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ក្រឡេក​មើល​ក្រោយ ក៏​ឃើញ​មាន​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ចេញ​ពី​ក្រុង​ទាំង​មូល។ ៤១  ពេល​ឃើញ​សញ្ញា​នោះ កង​ទ័ព​អ៊ីស្រាអែល​ក៏​បក​ក្រោយ​វាយ​ប្រហារ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​វិញ នេះ​ធ្វើ​ឲ្យ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​តក់​ស្លុត​យ៉ាង​ខ្លាំង ព្រោះ​ដឹង​ថា​អន្តរាយ​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ។ ៤២  ដូច្នេះ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ក៏​ដក​ថយ ហើយ​រត់​ឆ្ពោះ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។ ក៏​ប៉ុន្តែ កង​ទ័ព​អ៊ីស្រាអែល​បន្ត​ដេញ​តាម​ពួក​គេ។ នៅ​ពេល​ជា​មួយ​គ្នា​នោះ កង​ទ័ព​ដែល​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន ក៏​មក​សម្លាប់​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ។ ៤៣  កង​ទ័ព​អ៊ីស្រាអែល​ឡោម​ព័ទ្ធ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន ព្រម​ទាំង​បន្ត​ដេញ​តាម​ពួក​គេ​ឥត​ឈប់ ហើយ​បាន​វាយ​ឈ្នះ​ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​នៅ​ត្រង់​ទិស​ខាង​កើត ដែល​នៅ​ខាង​មុខ​ក្រុង​គីបៀ។ ៤៤  ជា​លទ្ធផល ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​សុទ្ធតែ​ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា បាន​បាត់​បង់​ជីវិត​អស់​ចំនួន​១៨.០០០​នាក់។+ ៤៥  ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​នៅ​សល់ បាន​រត់​គេច​ខ្លួន​ទៅ​ដល់​ក្រហែង​ថ្ម​រីម៉ូន​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។+ កង​ទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ពួក​គេ​អស់​ចំនួន​៥.០០០​នាក់​នៅ​លើ​ផ្លូវ​ធំ ហើយ​បន្ត​ដេញ​តាម​ពួក​គេ​រហូត​ដល់​គីដូម រួច​សម្លាប់​ពួក​គេ​អស់​ចំនួន​២.០០០​នាក់​ថែម​ទៀត។ ៤៦  នៅ​ថ្ងៃ​នោះ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​ស្លាប់​អស់​ចំនួន​២៥.០០០​នាក់។ ពួក​គេ​ទាំង​អស់​ជា​បុរស​ខ្លាំង​ក្លា និង​សុទ្ធតែ​ជា​អ្នក​ប្រដាប់​ដាវ។+ ៤៧  ក៏​ប៉ុន្តែ ទាហាន​កុលសម្ព័ន្ធ​បេនយ៉ាមីន​៦០០​នាក់ ដែល​បាន​រត់​គេច​ខ្លួន​ទៅ​ដល់​ក្រហែង​ថ្ម​រីម៉ូន​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​នោះ ពួក​គេ​បាន​ជ្រក​កោន​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។ ៤៨  បន្ទាប់​មក កង​ទ័ព​អ៊ីស្រាអែល​បាន​ត្រឡប់​មក​សម្លាប់​មនុស្ស និង​សម្លាប់​ហ្វូង​សត្វ​ទាំង​អស់​ដែល​នៅ​សល់​ក្នុង​ក្រុង​ទាំង​ប៉ុន្មាន​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ក៏​បាន​ដុត​ក្រុង​ទាំង​អស់​ដែល​ពួក​គេ​បាន​ដើរ​កាត់​ដែរ។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​អ្នក​កាន់​កាប់​ទឹក​ដី​»​