អ្នកសម្រេចក្ដី ២១:១-២៥

  • សង្គ្រោះ​ពូជ​ពង្ស​បេនយ៉ាមីន​ដើម្បី​កុំ​ឲ្យ​បាត់​បង់​កុលសម្ព័ន្ធ​មួយ (​១​-​២៥)

២១  ពួក​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ស្បថ​នៅ​ក្រុង​មីសប៉ា​ថា​៖+ ​«​យើង​ទាំង​អស់​គ្នា​នឹង​មិន​លើក​កូន​ស្រី​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​ឡើយ​»។+ ២  ដូច្នេះ ពួក​បណ្ដា​ជន​បាន​ទៅ​ក្រុង​បេតអែល+ ហើយ​អង្គុយ​នៅ​ទី​នោះ​ចំពោះ​មុខ​ព្រះ​ពិត រហូត​ដល់​ល្ងាច។ ពួក​គេ​ទ្រហោ​យំ​ដោយ​អារម្មណ៍​ជូរ​ចត់​ជា​ខ្លាំង។ ៣  ពួក​គេ​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ហេតុ​អ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង​នៅ​ស្រុក​អ៊ីស្រាអែល? ថ្ងៃ​នេះ ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បាត់​បង់​កុលសម្ព័ន្ធ​មួយ?​»។ ៤  លុះ​ស្អែក​ឡើង ពួក​បណ្ដា​ជន​បាន​ក្រោក​ពី​ព្រលឹម ហើយ​សង់​ទី​បូជា​នៅ​ទី​នោះ ដើម្បី​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព។+ ៥  រួច​មក ពួក​បណ្ដា​ជន​អ៊ីស្រាអែល​និយាយ​ថា​៖ ​«​ក្នុង​ចំណោម​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល តើ​អ្នក​ណា​មិន​បាន​ឡើង​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា?​»។ មូលហេតុ​ដែល​ពួក​គេ​និយាយ​ដូច្នោះ គឺ​ដោយ​សារ​ពួក​គេ​បាន​ធ្វើ​សម្បថ​ដ៏​តឹងរ៉ឹង​ថា អ្នក​ណា​ដែល​មិន​មក​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មីសប៉ា អ្នក​នោះ​នឹង​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន។ ៦  ពួក​បណ្ដា​ជន​អ៊ីស្រាអែល​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​កុលសម្ព័ន្ធ​បេនយ៉ាមីន​ជា​បង​ប្អូន​រួម​ជាតិ​របស់​ពួក​គេ។ ពួក​គេ​និយាយ​ថា​៖ ​«​ថ្ងៃ​នេះ កុលសម្ព័ន្ធ​មួយ​ត្រូវ​កាត់​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល។ ៧  ប៉ុន្តែ ពួក​យើង​បាន​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ហើយ​ថា+ ពួក​យើង​នឹង​មិន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ទេ។+ បើ​ដូច្នេះ តើ​ពួក​យើង​គួរ​ធ្វើ​ដូច​ម្ដេច​ដើម្បី​រក​ប្រពន្ធ​ឲ្យ​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​នៅ​រស់?​»។ ៨  ពួក​គេ​សួរ​គ្នា​ថា​៖ ​«​ក្នុង​ចំណោម​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល តើ​អ្នក​ណា​មិន​បាន​ឡើង​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មីសប៉ា?​»។+ ពួក​គេ​ឃើញ​ថា​មិន​មាន​អ្នក​ក្រុង​យ៉ាបេសគីលាត​ណា​ម្នាក់​មក​កន្លែង​ជួប​ជុំ​គ្នា​ទេ ៩  ដោយ​សារ​ពេល​ពួក​គេ​រាប់​ចំនួន​បណ្ដា​ជន ពួក​គេ​ឃើញ​ថា​គ្មាន​អ្នក​ក្រុង​យ៉ាបេសគីលាត​ណា​ម្នាក់​នៅ​ទី​នោះ​ឡើយ។ ១០  ហេតុ​នេះ ពួក​បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ចាត់​អ្នក​ចម្បាំង​ខ្លាំង​ពូកែ​ចំនួន​១២.០០០​នាក់​ឲ្យ​ទៅ​ក្រុង​នោះ ដោយ​បង្គាប់​ថា​៖ ​«​ចូរ​ទៅ​សម្លាប់​អ្នក​ក្រុង​យ៉ាបេសគីលាត​ចោល​ឲ្យ​អស់ សូម្បី​តែ​ស្ត្រី​និង​កូន​ក្មេង​ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​រស់​ដែរ។+ ១១  អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ​៖ ត្រូវ​សម្លាប់​មនុស្ស​ប្រុស​ទាំង​អស់​ចោល ហើយ​មនុស្ស​ស្រី​ណា​ដែល​ធ្លាប់​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ប្រុស ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​រស់​ដែរ​»។ ១២  ក្នុង​ចំណោម​អ្នក​ក្រុង​យ៉ាបេសគីលាត ពួក​គេ​ឃើញ​មាន​ស្រី​ក្រមុំ​បរិសុទ្ធ​ចំនួន​៤០០​នាក់​ដែល​មិន​ធ្លាប់​រួម​ភេទ​ជា​មួយ​នឹង​មនុស្ស​ប្រុស​ឡើយ។ ពួក​គេ​នាំ​ពួក​នាង​មក​ជំរំ​នៅ​ក្រុង​ស៊ីឡូរ+ ដែល​នៅ​ក្នុង​ទឹក​ដី​ស្រុក​កាណាន។ ១៣  បន្ទាប់​មក ពួក​បណ្ដា​ជន​អ៊ីស្រាអែល​ចាត់​គេ​ឲ្យ​នាំ​សារ​ទៅ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​នៅ​ក្រហែង​ថ្ម​រីម៉ូន+ ហើយ​ស្នើ​សុំ​មាន​សន្តិភាព​ជា​មួយ​គ្នា។ ១៤  ដូច្នេះ​នៅ​ពេល​នោះ កុលសម្ព័ន្ធ​បេនយ៉ាមីន​ក៏​ត្រឡប់​មក​ទឹក​ដី​របស់​ពួក​គេ​វិញ។ ពួក​បណ្ដា​ជន​អ៊ីស្រាអែល​បាន​នាំ​ស្រី​ៗ​ជា​អ្នក​ក្រុង​យ៉ាបេសគីលាត+ដែល​ពួក​គេ​បាន​ទុក​ជីវិត​នោះ មក​ប្រគល់​ឲ្យ​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ប៉ុន្តែ ស្រី​ៗ​ទាំង​នោះ​មាន​ចំនួន​តិច​ជាង​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ១៥  ពួក​បណ្ដា​ជន​អ៊ីស្រាអែល​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​កុលសម្ព័ន្ធ​បេនយ៉ាមីន+ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​បំបែក​ពួក​គេ​ចេញ​ពី​កុលសម្ព័ន្ធ​ផ្សេង​ៗ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ១៦  ម្ល៉ោះ​ហើយ ពួក​បុរស​ចាស់​ទុំ​សួរ​ថា​៖ ​«​តើ​ពួក​យើង​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក​ប្រពន្ធ​ឲ្យ​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​នៅ​សល់? ដោយ​សារ​ស្រី​ៗ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ត្រូវ​សម្លាប់​អស់​ទៅ​ហើយ​»។ ១៧  ពួក​បុរស​ចាស់​ទុំ​និយាយ​ទៀត​ថា​៖ ​«​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​នៅ​រស់​ទាំង​ប៉ុន្មាន គួរ​នៅ​ក្នុង​ទឹក​ដី​ជា​មត៌ក​របស់​ពួក​គេ​ត​ទៅ​ទៀត ដើម្បី​កុំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បាត់​កុលសម្ព័ន្ធ​មួយ​ឡើយ។ ១៨  ប៉ុន្តែ ពួក​យើង​មិន​អាច​លើក​កូន​ស្រី​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​បាន​ទេ ព្រោះ​ពួក​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ស្បថ​ហើយ​ថា​៖ ‹អ្នក​ណា​ដែល​លើក​កូន​ស្រី​ឲ្យ​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា›​»។+ ១៩  រួច​ពួក​គេ​និយាយ​ថា​៖ ​«​មើល! រាល់​ឆ្នាំ​មាន​បុណ្យ​សម្រាប់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ស៊ីឡូរ។+ ក្រុង​នោះ​នៅ​ខាង​ជើង​ក្រុង​បេតអែល និង​នៅ​ខាង​កើត​ផ្លូវ​ធំ​ដែល​ឡើង​ពី​ក្រុង​បេតអែល​ទៅ​ក្រុង​ស៊ីគឹម និង​នៅ​ខាង​ត្បូង​លេបូណា​»។ ២០  ដូច្នេះ ពួក​គេ​បង្គាប់​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​ថា​៖ ​«​ចូរ​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ។ ២១  ពេល​អ្នក​រាល់​គ្នា​ឃើញ​ស្រី​ៗ​ក្នុង​ក្រុង​ស៊ីឡូរ​ចេញ​មក​រាំ​ក្នុង​វង់ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ចេញ​ពី​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ចាប់​ស្រី​ម្នាក់​មួយ​ៗ​យក​ទៅ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រពន្ធ​ចុះ។ ២២  បើ​ឪពុក​ឬ​បង​ប្អូន​ពួក​នាង​មក​តវ៉ា នោះ​ពួក​យើង​នឹង​ប្រាប់​ពួក​គេ​ថា​៖ ‹សូម​យោគ​យល់​ដល់​ពួក​យើង​ផង។ មូលហេតុ​ដែល​ពួក​យើង​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ជួយ​បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន ដោយ​សារ​ស្រី​ៗ​ដែល​ពួក​យើង​ចាប់​ក្នុង​សង្គ្រាម​នោះ មិន​គ្រប់​ចំនួន​សម្រាប់​ពួក​គេ​ទេ។+ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​ក៏​មិន​អាច​លើក​កូន​ស្រី​របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ដែរ ព្រោះ​បើ​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​មាន​ទោស›​»។+ ២៣  ដូច្នេះ បុរស​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ធ្វើ​ដូច្នោះ​មែន គឺ​ពួក​គេ​ចាប់​ស្រី​ម្នាក់​មួយ​ៗ​ដែល​រាំ​ក្នុង​វង់ យក​ទៅ​ទឹក​ដី​ជា​មត៌ក​របស់​ពួក​គេ។ ក្រោយ​មក ពួក​គេ​បាន​សង់​ក្រុង​ផ្សេង​ៗ​ឡើង​វិញ+ ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ។ ២៤  អំឡុង​ពេល​នោះ ពួក​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ទី​នោះ ត្រឡប់​ទៅ​កុលសម្ព័ន្ធ វង្ស​ត្រកូល និង​ទឹក​ដី​ជា​មត៌ក​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​វិញ។ ២៥  នៅ​សម័យ​នោះ មិន​មាន​ស្ដេច​ក្នុង​ស្រុក​អ៊ីស្រាអែល​ទេ។+ ម្ល៉ោះ​ហើយ ពួក​គេ​ម្នាក់​ៗ​ធ្វើ​អ្វី​តាម​ដែល​ខ្លួន​គិត​ថា​ត្រឹម​ត្រូវ។

កំណត់សម្គាល់