អ្នកសម្រេចក្ដី ៣:១-៣១

  • ព្រះ​យេហូវ៉ា​ល្បង​ល​អ៊ីស្រាអែល (​១​-​៦)

  • អុតនាល​ជា​អ្នក​សម្រេច​ក្ដី​ទី១ (​៧​-​១១)

  • អ៊ីហឺត​ជា​អ្នក​សម្រេច​ក្ដី​បាន​សម្លាប់​អេកឡូន​ជា​ស្ដេច​ធាត់ (​១២​-​៣០)

  • សាមកើរ​ជា​អ្នក​សម្រេច​ក្ដី (​៣១)

 ព្រះ​យេហូវ៉ា​ទុក​ឲ្យ​ប្រជា​ជាតិ​ទាំង​នេះ​នៅ​សល់ ដើម្បី​ល្បង​ល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ដែល​មិន​ធ្លាប់​ចូល​សមរភូមិ​ច្បាំង​នឹង​ជន​ជាតិ​កាណាន+ ២  (​នេះ​គឺ​ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ជំនាន់​ក្រោយ​មាន​បទ​ពិសោធន៍​ធ្វើ​សង្គ្រាម ដោយ​សារ​ពួក​គេ​មិន​ធ្លាប់​ជួប​ស្ថានភាព​បែប​នោះ​ទេ​)។ ៣  ពួក​អ្នក​ទាំង​នេះ​មាន មេ​ដឹក​នាំ​ទាំង​ប្រាំ​នាក់​របស់​ពួក​ភីលីស្ទីន+ ជន​ជាតិ​កាណាន​ទាំង​អស់ ពួក​អ្នក​ក្រុង​ស៊ីដូន+ និង​ជន​ជាតិ​ហេវី+ដែល​រស់​នៅ​លើ​ភ្នំ​លីបង់+ ចាប់​ពី​ភ្នំ​បាលហឺម៉ូន លាត​សន្ធឹង​ដល់​លេបូហាម៉ាត។*+ ៤  ពួក​គេ​បាន​ត្រូវ​ទុក​ឲ្យ​រស់​នៅ ដើម្បី​ល្បង​ល​ឲ្យ​ដឹង​ថា តើ​ជន​ជាតិ​អ៊ីស្រាអែល​នឹង​ធ្វើ​តាម​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​បុព្វ​បុរស​ពួក​គេ​តាម​រយៈ​ម៉ូសេ​ឬ​យ៉ាង​ណា?+ ៥  ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​បន្ត​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​កាណាន+ ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ ៦  ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​កូន​ប្រុស​ខ្លួន​យក​កូន​ស្រី​ៗ​របស់​ជន​ជាតិ​ទាំង​នេះ​ធ្វើ​ជា​ប្រពន្ធ ហើយ​លើក​កូន​ស្រី​ខ្លួន​ឲ្យ​ទៅ​កូន​ប្រុស​ៗ​របស់​ពួក​គេ។ ជន​ជាតិ​អ៊ីស្រាអែល​ចាប់​ផ្ដើម​បម្រើ​ព្រះ​ផ្សេង​ៗ​របស់​ជន​ជាតិ​ទាំង​នេះ។+ ៧  ម្ល៉ោះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ពួក​គេ​ភ្លេច​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ រួច​បែរ​ទៅ​គោរព​បូជា​ព្រះ​បាល+និង​បង្គោល​ឈើ​ពិសិដ្ឋ។*+ ៨  ហេតុ​នេះ ព្រះ​យេហូវ៉ា​ខឹង​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង​ណាស់ បាន​ជា​លោក​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គូសានរីសាថេម​ដែល​ជា​ស្ដេច​នៃ​តំបន់​មេសូប៉ូតាមា។* ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្ដេច​គូសានរីសាថេម​អស់​រយៈ​ពេល​៨​ឆ្នាំ។ ៩  ពេល​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​រក​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ+ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់។+ អ្នក​នោះ​ឈ្មោះ​អុតនាល+ជា​កូន​ប្រុស​កេណាស និង​ត្រូវ​ជា​ក្មួយ​របស់​កាលែប។ ១០  ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​អុតនាល+ ហើយ​គាត់​បាន​ទៅ​ជា​អ្នក​សម្រេច​ក្ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ពេល​គាត់​ចេញ​ទៅ​ច្បាំង ព្រះ​យេហូវ៉ា​បាន​ប្រគល់​គូសានរីសាថេម​ជា​ស្ដេច​នៃ​តំបន់​មេសូប៉ូតាមា*ទៅ​ក្នុង​កណ្ដាប់​ដៃ​គាត់ បាន​ជា​គាត់​អាច​យក​ឈ្នះ​គូសានរីសាថេម​បាន។ ១១  រួច​ទឹក​ដី​នោះ​មាន​សេចក្ដី​សុខ​សាន្ត​អស់​រយៈ​ពេល​៤០​ឆ្នាំ។ ក្រោយ​មក អុតនាល​កូន​ប្រុស​កេណាស​បាន​ទទួល​មរណភាព។ ១២  ម្ដង​ទៀត ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ហេតុ​នេះ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​អេកឡូន​ជា​ស្ដេច​ស្រុក​ម៉ូអាប់+មាន​ប្រៀប​លើ​ពួក​គេ ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ១៣  មិន​ត្រឹម​តែ​ប៉ុណ្ណោះ អេកឡូន​ក៏​បាន​ហៅ​ជន​ជាតិ​អាំម៉ូន+និង​ជន​ជាតិ​អាម៉ាលេក+ឲ្យ​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ ពួក​គេ​បាន​វាយ​ប្រហារ ហើយ​ដណ្ដើម​យក​ក្រុង​ដើម​លម៉ើ។+ ១៤  ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រោម​ចំណុះ​អេកឡូន​ជា​ស្ដេច​ស្រុក​ម៉ូអាប់​អស់​រយៈ​ពេល​១៨​ឆ្នាំ។+ ១៥  រួច​ជន​ជាតិ​អ៊ីស្រាអែល​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ពួក​គេ។+ ព្រះ​យេហូវ៉ា​ក៏​តែង​តាំង​អ៊ីហឺត​ឲ្យ​ជួយ​សង្គ្រោះ​ពួក​គេ។+ អ៊ីហឺត+ជា​កូន​ប្រុស​កេរ៉ា​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន+ គាត់​ជា​មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង។+ ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​គាត់​យក​សួយ​អាករ​ទៅ​ជូន​អេកឡូន​ដែល​ជា​ស្ដេច​ស្រុក​ម៉ូអាប់។ ១៦  អ៊ីហឺត​បាន​ធ្វើ​ដាវ​មួយ​ដែល​មាន​មុខ​ពីរ ប្រវែង​មួយ​ហត្ថ។* គាត់​ក្រវាត់​ដាវ​នោះ​នៅ​ភ្លៅ​ស្ដាំ​ក្រោម​អាវ​របស់​គាត់។ ១៧  រួច​មក អ៊ីហឺត​បាន​យក​សួយ​អាករ​ទៅ​ឲ្យ​អេកឡូន។ រីឯ​អេកឡូន​ស្ដេច​ស្រុក​ម៉ូអាប់ គាត់​ធាត់​ខ្លាំង​ណាស់។ ១៨  ក្រោយ​ពី​ឲ្យ​សួយ​អាករ​រួច​រាល់​ហើយ អ៊ីហឺត​និង​ពួក​បុរស​ដែល​មក​ជា​មួយ ក៏​ចាក​ចេញ​ទៅ​វិញ។ ១៩  ប៉ុន្តែ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​គីលកាល+នៅ​ម្ដុំ​រូប​សំណាក* អ៊ីហឺត​បាន​ត្រឡប់​មក​ជួប​អេកឡូន​វិញ។ គាត់​និយាយ​ទៅ​អេកឡូន​ថា​៖ ​«​ឱ​ស្ដេច​ជា​ម្ចាស់ ខ្ញុំ​មាន​សារ​សម្ងាត់​ចង់​ជម្រាប​លោក​»។ ឮ​ដូច្នោះ ស្ដេច​បញ្ជា​ថា​៖ ​«​ចូរ​នាំ​គ្នា​ចេញ​សិន​ទៅ!​»។* ពួក​អ្នក​បម្រើ​ទាំង​អស់​ក៏​ចេញ​ទៅ។ ២០  កាល​ដែល​ស្ដេច​កំពុង​អង្គុយតែ​ម្នាក់​ឯង​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ នោះ​អ៊ីហឺត​ចូល​ទៅ​ជិត​ស្ដេច ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​សារ​ពី​ព្រះ​ចង់​ជម្រាប​លោក​ម្ចាស់​»។ អេកឡូន​ក៏​ក្រោក​ពី​កន្លែង​អង្គុយ។ ២១  រួច​អ៊ីហឺត​លូក​ដៃ​ឆ្វេង​ទៅ​ដក​ដាវ​ពី​ភ្លៅ​ស្ដាំ ចាក់​ពោះ​ស្ដេច ២២  ហើយ​ដង​ដាវ​ក៏​លិច​កប់​ចូល​ក្នុង​ខ្លាញ់ ព្រោះ​អ៊ីហឺត​មិន​បាន​ទាញ​ដាវ​ចេញ​ពី​ពោះ​ស្ដេច​ទេ រួច​លាមក​ក៏​ធ្លាយ​ចេញ​មក។ ២៣  បន្ទាប់​មក អ៊ីហឺត​ចេញ​តាម​រាន​ហាល* រួច​បិទ​ទ្វារ​ចាក់​សោ​បន្ទប់​ខាង​លើ​នោះ។ ២៤  ក្រោយ​ពី​អ៊ីហឺត​ចេញ​ទៅ ពួក​អ្នក​បម្រើ​ស្ដេច​បាន​មក​បន្ទប់​ខាង​លើ​នោះ តែ​ឃើញ​ទ្វារ​ចាក់​សោ ដូច្នេះ​ក៏​និយាយ​គ្នា​ថា​៖ ​«​ស្ដេច​ច្បាស់​ជា​កំពុង​បន្ទោ​បង់​ក្នុង​បន្ទប់​ត្រជាក់​ហើយ​»។ ២៥  ប៉ុន្តែ កាល​ដែល​ពួក​គេ​ចាំ​យូរ​ទៅ​នៅ​តែ​មិន​ឃើញ​ស្ដេច​ចេញ​មក ពួក​គេ​ក៏​តាំង​ព្រួយ​ចិត្ត* ហើយ​យក​សោ​ចាក់​ទ្វារ​បើក ស្រាប់​តែ​ឃើញ​ម្ចាស់​របស់​ខ្លួន​ដេក​ស្លាប់! ២៦  អំឡុង​ពេល​ដែល​ពួក​អ្នក​បម្រើ​ទាំង​នោះ​កំពុង​រង់​ចាំ​ស្ដេច អ៊ីហឺត​បាន​គេច​ខ្លួន​ឆ្ងាយ​ហួស​កន្លែង​ដែល​មាន​រូប​សំណាក*+ រួច​ទៅ​ដល់​សៃរ៉ា​ដោយ​សុវត្ថិភាព។ ២៧  ពេល​អ៊ីហឺត​ទៅ​ដល់​ទី​នោះ គាត់​ផ្លុំ​ស្នែង​ឡើង+នៅ​តំបន់​ភ្នំ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម។+ ពេល​ឮ​សំឡេង​ផ្លុំ​ស្នែង បណ្ដា​ជន​អ៊ីស្រាអែល​នាំ​គ្នា​ចុះ​ពី​តំបន់​ភ្នំ ហើយ​អ៊ីហឺត​នាំ​មុខ​ពួក​គេ។ ២៨  អ៊ីហឺត​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ជន​ជាតិ​ម៉ូអាប់​ដែល​ជា​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ​»។ ម្ល៉ោះ​ហើយ ពួក​គេ​ទៅ​តាម​គាត់ រួច​ចាប់​យក​ទន្លេយ៉ូដាន់​ត្រង់​កន្លែង​ទឹក​រាក់​ៗ ដើម្បី​កុំ​ឲ្យ​ជន​ជាតិ​ម៉ូអាប់​ណា​ម្នាក់​ឆ្លង​កាត់​ឡើយ។ ២៩  ដំណាល​គ្នា​នោះ ពួក​គេ​សម្លាប់​ជន​ជាតិ​ម៉ូអាប់​អស់​ប្រហែល​១០.០០០​នាក់+ ដែល​សុទ្ធតែ​ជា​មនុស្ស​មាំ​មួន​និង​ក្លាហាន គ្មាន​អ្នក​ណា​ម្នាក់​រត់​រួច​ឡើយ។+ ៣០  ចាប់​ពី​ថ្ងៃ​នោះ​មក ជន​ជាតិ​ម៉ូអាប់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ទឹក​ដី​បាន​ស្ងប់​សង្គ្រាម​អស់​រយៈ​ពេល​៨០​ឆ្នាំ។+ ៣១  ក្រោយ​ពី​អ៊ីហឺត​ស្លាប់ សាមកើរ+ជា​កូន​ប្រុស​អេណាត ក៏​ជា​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ សាមកើរ​បាន​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​អស់​៦០០​នាក់+ ដោយ​ប្រើ​ជន្លួញ​គោ។+

កំណត់សម្គាល់

ឬ​«​ដល់​ច្រក​ចូល​ក្រុង​ហាម៉ាត​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
ន័យ​ត្រង់​«​អេរ៉ាមណាហារេម​»​
ន័យ​ត្រង់​«​អេរ៉ាម​»​
ប្រហែលជា​មួយ​ហត្ថ​ខ្លី ប្រមាណ​៣៨​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កន្លែង​យក​ថ្ម​»​
ន័យ​ត្រង់​«​នៅ​ស្ងៀម!​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប្រហោង​ខ្យល់​»​
ន័យ​ត្រង់​«​រហូត​ដល់​មាន​អារម្មណ៍​អៀន​ខ្មាស​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កន្លែង​យក​ថ្ម​»​