អ្នកសម្រេចក្ដី ៨:១-៣៥

  • កុលសម្ព័ន្ធ​អេប្រាអ៊ីម​តវ៉ា​នឹង​គេឌាន (​១​-​៣)

  • ការ​ដេញ​តាម​និង​សម្លាប់​បណ្ដា​ស្ដេច​របស់​ពួក​ម៉ាឌាន (​៤​-​២១)

  • គេឌាន​មិន​ព្រម​ធ្វើ​ជា​អ្នក​គ្រប់​គ្រង (​២២​-​២៧)

  • ជីវិត​សង្ខេប​របស់​គេឌាន (​២៨​-​៣៥)

 ក្រោយ​មក ពួក​បុរស​ពី​កុល​សម្ព័ន្ធ​អេប្រាអ៊ីម​បាន​មក​ជួប​គេឌាន។ ពួក​គេ​សួរ​គាត់​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​ពួក​យើង? ហេតុ​អ្វី​មិន​ហៅ​ពួក​យើង​ពេល​ទៅ​ច្បាំង​នឹង​ពួក​ម៉ាឌាន?​»។+ ពួក​គេ​បាន​តវ៉ា​នឹង​គេឌាន​យ៉ាង​ខ្លាំង។+ ២  ប៉ុន្តែ គេឌាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​តើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​អាច​ប្រៀប​ស្មើ​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឬ? កិច្ចការ​ទាំង​អស់​ដែល​យើង​ខ្ញុំ​ជា​កូន​ចៅ​អាប៊ីអ៊ីសឺ​បាន​ធ្វើ+ មិន​ស្មើ​នឹង​កិច្ច​ការ​បន្តិច​បន្តួច​ដែល​អ្នក​រាល់​គ្នា​ជា​កុល​សម្ព័ន្ធ​អេប្រាអ៊ីម​បាន​ធ្វើ​ឡើយ។*+ ៣  ព្រះ​បាន​ប្រគល់​អូរេប​និង​សៀប​ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​ម៉ាឌាន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។+ តើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​អាច​ប្រៀប​ស្មើ​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច​ម្ដេច​បាន?​»។ ពេល​ឮ​គាត់​និយាយ​បែប​នេះ ពួក​គេ​ក៏​ត្រជាក់​ចិត្ត​វិញ។ ៤  ក្រោយ​មក គេឌាន​មក​ដល់​ទន្លេ​យ៉ូដាន់ ហើយ​ឆ្លង​ទន្លេ​នោះ។ ទោះ​ជា​គាត់​និង​បុរស​៣០០​នាក់​ហត់​នឿយ​ក៏​ដោយ ពួក​គេ​នៅ​តែ​បន្ត​ដេញ​តាម​ពួក​ម៉ាឌាន។ ៥  ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​សិកូត គេឌាន​និយាយ​ទៅ​ពួក​បុរស​ក្រុង​នោះ​ថា​៖ ​«​សូម​ឲ្យ​នំ​ប៉័ង​ខ្លះ​ដល់​ពួក​បុរស​ដែល​មក​តាម​ខ្ញុំ ព្រោះ​ពួក​គេ​អស់​កម្លាំង​ខ្លាំង​ណាស់ ហើយ​យើង​កំពុង​ដេញ​តាម​ហ្សេបា​និង​សាលម៉ូណា​ជា​ស្ដេច​របស់​ពួក​ម៉ាឌាន​»។ ៦  ប៉ុន្តែ ពួក​មេ​ដឹក​នាំ​ក្រុង​សិកូត​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​ចាប់​ហ្សេបា​និង​សាលម៉ូណា​បាន​ហើយ​ឬ បាន​ជា​យើង​ត្រូវ​ឲ្យ​នំ​ប៉័ង​ដល់​កង​ទ័ព​របស់​អ្នក?​»។ ៧  គេឌាន​និយាយ​ថា​៖ ​«​ដោយ​សារ​ពួក​អ្នក​និយាយ​ដូច្នេះ ពេល​ព្រះ​យេហូវ៉ា​ប្រគល់​ហ្សេបា​និង​សាលម៉ូណា​មក​ក្នុង​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​យក​បន្លា​ពី​តំបន់​ស្ងាត់​ជ្រងំ​មក​វាយ​ពួក​អ្នក​ជា​មិន​ខាន​»។+ ៨  រួច​មក គេឌាន​ចេញ​ពី​ទី​នោះ​ទៅ​ក្រុង​ពេនួល ហើយ​សុំ​នំ​ប៉័ង​ពី​ពួក​គេ។ ប៉ុន្តែ ពួក​អ្នក​ក្រុង​ពេនួល​ឆ្លើយ​តប​ទៅ​គាត់ ដូច​ពួក​មេ​ដឹក​នាំ​ក្រុង​សិកូត​ដែរ។ ៩  គាត់​ក៏​និយាយ​ទៅ​ពួក​អ្នក​ក្រុង​ពេនួល​ដែរ​ថា​៖ ​«​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​មាន​ជ័យ​ជម្នះ ខ្ញុំ​នឹង​ផ្ដួល​រំលំ​ប៉ម​របស់​ពួក​អ្នក​»។+ ១០  ចំណែក​ហ្សេបា​និង​សាលម៉ូណា ពួក​គេ​នៅ​ខាខូ​ជា​មួយ​នឹង​ពល​ទ័ព​របស់​ពួក​គេ ប្រមាណ​១៥.០០០​នាក់។ នោះ​ជា​ចំនួន​ពល​ទ័ព​ទាំ​ង​អស់​ដែល​នៅ​សល់​ពី​ពល​ទ័ព​ទាំ​ង​មូល​របស់​ពួក​អ្នក​ពី​ស្រុកខាងកើត+ ព្រោះ​ពល​ទ័ព​កាន់​ដាវ​ចំនួន​១២០.០០០​នាក់​បាន​ស្លាប់​អស់​ហើយ។ ១១  គេឌាន​បាន​បន្ត​ដំណើរ​តាម​ផ្លូវ​ខាង​កើត​ណូបា​និង​ក្រុង​យ៉ុកបេហា។+ តាម​ផ្លូវ​នោះ​មាន​ពួក​មនុស្ស​រស់​នៅ​ក្នុង​ត្រសាល។ រួច​មក គាត់​វាយលុក​ជំរំ​ទ័ព​របស់​សត្រូវ ដោយ​ពួក​គេ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន។ ១២  ពេល​ហ្សេបា​និង​សាលម៉ូណា​ដែល​ជា​ស្ដេច​ទាំ​ង​ពីរ​របស់​ពួក​ម៉ាឌាន​រត់​ភៀស​ខ្លួន គេឌាន​ដេញ​តាម​ហើយ​ចាប់​ពួក​គេ​បាន នោះ​ធ្វើ​ឲ្យ​ជំរំ​ទ័ព​ទាំ​ង​មូល​ជ្រួល​ច្របល់​ជា​ខ្លាំង។ ១៣  ក្រោយ​ពី​ច្បាំង​ចប់ គេឌាន​ជា​កូន​យ៉ូអាស​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ភ្នំ​ហែរេស។ ១៤  នៅ​តាម​ផ្លូវ គេឌាន​បាន​ចាប់​យុវជន​ម្នាក់​ជា​អ្នក​ក្រុង​សិកូត មក​ជំរឹត​សួរ។ ដូច្នេះ យុវជន​នោះ​ក៏​សរសេរ​ឈ្មោះ​ពួក​មេ​គ្រប់​គ្រង​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​សិកូត​ទាំ​ង​៧៧​នាក់​ឲ្យ​គេឌាន។ ១៥  បន្ទាប់​មក គេឌាន​ចេញ​ទៅ​ជួប​ពួក​អ្នក​ក្រុង​សិកូត ហើយ​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​មើល! នេះ​ជា​ហ្សេបា​និង​សាលម៉ូណា​ដែល​អ្នក​រាល់​គ្នា​បាន​ឡកឡឺយ​ឲ្យ​យើង ដោយ​និយាយ​ថា​៖ ‹តើ​អ្នក​ចាប់​ហ្សេបា​និង​សាលម៉ូណា​បាន​ហើយ​ឬ បាន​ជា​យើង​ត្រូវ​ឲ្យ​នំ​ប៉័ង​ដល់​កង​ទ័ព​ដ៏​នឿយ​ហត់​របស់​អ្នក?›​»។+ ១៦  លុះ​និយាយ​ចប់ គេឌាន​ចាប់​ពួក​បុរស​ចាស់​ទុំ​ក្រុង​សិកូត ហើយ​យក​បន្លា​ដែល​គាត់​បាន​យក​ពី​តំបន់​ស្ងាត់​ជ្រងំ​មក​វាយ​ពួក​គេ ដើម្បី​ទុក​ជា​មេ​រៀន​ដល់​ពួក​អ្នក​ក្រុង​នោះ។+ ១៧  ក្រោយ​មក គេឌាន​ទៅ​ផ្ដួល​រំលំ​ប៉ម​ក្រុង​ពេនួល+ ហើយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ។ ១៨  គេឌាន​សួរ​ហ្សេបា​និង​សាលម៉ូណា​ថា​៖ ​«​តើ​មនុស្ស​ដែល​ពួក​អ្នក​បាន​សម្លាប់​នៅ​ភ្នំ​ថេបោ​មាន​រូប​រាង​ដូច​ម្ដេច?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​អ្នក​ទាំ​ង​នោះ​មាន​រូប​រាង​ស្រដៀង​នឹង​អ្នក ពួក​គេ​ម្នាក់​ៗ​មើល​ទៅ​ដូច​ជា​កូន​ស្ដេច​»។ ១៩  គេឌាន​និយាយ​ថា​៖ ​«​ពួក​គេ​ជា​បង​ប្អូន​បង្កើត​របស់​ខ្ញុំ។ ខ្ញុំ​សូម​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ាជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា បើ​ពួក​អ្នក​មិន​បាន​សម្លាប់​ពួក​គេ​ទេ នោះ​ខ្ញុំ​ក៏​មិន​សម្លាប់​ពួក​អ្នក​ដែរ​»។ ២០  រួច​គេឌាន​បញ្ជា​យេធើ​កូន​ច្បង​របស់​គាត់​ថា​៖ ​«​ចូរ​ក្រោក​ឡើង​សម្លាប់​ពួក​គេ​ទៅ!​»។ ប៉ុន្តែ យុវជន​នោះ​ភ័យ​ខ្លាច​មិន​ហ៊ាន​ដក​ដាវ​សម្លាប់​ពួក​គេ​ទេ ព្រោះ​គាត់​នៅ​ក្មេង​នៅ​ឡើយ។ ២១  ឃើញ​ដូច្នោះ ហ្សេបា​និង​សាលម៉ូណា​និយាយ​ថា​៖ ​«​បើ​អ្នក​ជា​កូន​ប្រុស​មែន! ចូរ​សម្លាប់​ពួក​យើង​ដោយ​ខ្លួន​ឯង​ទៅ​»។ គេឌាន​ក៏​ក្រោក​ឡើង​សម្លាប់​ហ្សេបា​និង​សាលម៉ូណា+ រួច​គាត់​ដោះ​គ្រឿង​អលង្ការ​រាង​ចំណិត​ដួង​ខែ​ពី​ក​សត្វ​អូដ្ឋ​ទាំ​ង​ប៉ុន្មាន​របស់​ពួក​គេ។ ២២  ក្រោយ​មក​ទៀត ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​និយាយ​ទៅ​គេឌាន​ថា​៖ ​«​សូម​អ្នក​គ្រប់​គ្រង​លើ​ពួក​យើង ហើយ​សូម​ឲ្យ​កូន​ចៅ​អ្នក​គ្រប់​គ្រង​លើ​ពួក​យើង​បន្ត​ពី​អ្នក​រហូត​ត​ទៅ ព្រោះ​អ្នក​បាន​សង្គ្រោះ​ពួក​យើង​ពី​កណ្ដាប់​ដៃ​ពួក​ម៉ាឌាន​»។+ ២៣  ប៉ុន្តែ គេឌាន​បដិសេធ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​ខ្ញុំ​ក៏​នឹង​មិន​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ។ ព្រះ​យេហូវ៉ា​នឹង​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​»។+ ២៤  គេឌាន​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​មាន​សំណូម​ពរ​មួយ។ សូម​អ្នក​គ្រប់​គ្នា​ប្រគល់​ក្រវិល​ច្រមុះ​ដែល​បាន​ពី​ជ័យ​ភណ្ឌ​មក​ឲ្យ​ខ្ញុំ​ម្នាក់​មួយ​ៗ​»​ (​ពួក​សត្រូវ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ឈ្នះ​មាន​ក្រវិល​ច្រមុះ​មាស ពី​ព្រោះ​ពួក​គេ​ជា​កូន​ចៅ​អ៊ីសម៉ាអែល​)។+ ២៥  ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លើយ​ថា​៖ ​«​ពួក​យើង​ពេញ​ចិត្ត​ប្រគល់​ឲ្យ​អ្នក​»។ រួច​ពួក​គេ​ក្រាល​ក្រណាត់​មួយ ហើយ​បោះ​ក្រវិល​ច្រមុះ​ម្នាក់​មួយ​ៗ​ទៅ​លើ​ក្រណាត់​នោះ។ ២៦  ទម្ងន់​ក្រវិល​ច្រមុះ​មាស​ដែល​គេឌាន​បាន​សុំ​ពី​ពួក​គេ សរុប​ទាំ​ង​អស់​មាន​ចំនួន​១.៧០០​ហ្សេគិល* មិន​រាប់​បញ្ចូល​គ្រឿង​អលង្ការ​រាង​ចំណិត​ដួង​ខែ បន្ដោង​ខ្សែក ខ្សែក​របស់​សត្វ​អូដ្ឋ+ និង​សម្លៀក​បំពាក់​ពណ៌​ស្វាយ​របស់​ពួក​ស្ដេច​ម៉ាឌាន​ធ្វើ​ពី​រោម​ចៀម​ឡើយ។ ២៧  គេឌាន​បាន​យក​របស់​ទាំ​ង​នោះ​មក​ធ្វើ​ជា​អាវ​អេផូឌ+ ហើយ​គាត់​តាំង​អាវ​នោះ​នៅ​ក្រុង​អូប្រា​ជា​ក្រុង​របស់​គាត់។+ ជា​លទ្ធផល ជន​ជាតិ​អ៊ីស្រាអែល​ទាំ​ង​អស់​លែង​ស្មោះ​ត្រង់​នឹង​ព្រះ*ដោយ​ទៅ​គោរព​បូជា​ដល់​អាវ​នោះ+ ហើយ​អាវ​នោះ​បាន​ទៅ​ជា​អន្ទាក់​ដល់​គេឌាន​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់។+ ២៨  ពួក​ម៉ាឌាន+បាន​ច្បាំង​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​គេ​លែង​ហ៊ាន​ប្រឆាំង​ជន​ជាតិ​អ៊ីស្រាអែល​ទៀត។ នៅ​សម័យ​គេឌាន ទឹក​ដី​ស្ងប់​សង្គ្រាម​អស់​រយៈ​ពេល​៤០​ឆ្នាំ។+ ២៩  យេរូបាល+ជា​កូន​យ៉ូអាស​ក៏​ត្រឡប់​មក​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​វិញ។ ៣០  គេឌាន​មាន​កូន​ប្រុស​៧០​នាក់ ព្រោះ​គាត់​មាន​ប្រពន្ធ​ច្រើន។ ៣១  នៅ​ក្រុង​ស៊ីគឹម គាត់​មាន​ប្រពន្ធ​មួយ​ទៀត។ នាង​បាន​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យ​គាត់។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា អាប៊ីម៉ាឡិច។+ ៣២  គេឌាន​កូន​យ៉ូអាស​ទទួល​មរណភាព ក្នុង​ពេល​ដែល​គាត់​មាន​អាយុ​វែង។ សព​គាត់​បាន​ត្រូវ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​យ៉ូអាស​ជា​ឪពុក​គាត់ នៅ​ក្រុង​អូប្រា​របស់​កូន​ចៅ​អាប៊ីអ៊ីសឺ។+ ៣៣  ក្រោយ​ពី​គេឌាន​ទទួល​មរណភាព​ភ្លាម ជន​ជាតិ​អ៊ីស្រាអែល​បាន​ក្បត់​ព្រះ*ម្ដង​ទៀត ហើយ​ទៅ​គោរព​បូជា​ព្រះ​បាល​ផ្សេង​ៗ។+ ពួក​គេ​បាន​យក​ព្រះ​បាលបេរីត​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។+ ៣៤  ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​នឹក​នា​ដល់​ព្រះ​យេហូវ៉ា+ ជា​ព្រះ​ដែល​បាន​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​សត្រូវ​ទាំ​ង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ពួក​គេ​ទេ។+ ៣៥  ម្យ៉ាង​ទៀត ពួក​គេ​មិន​បាន​បង្ហាញ​សេ​ច​ក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​ពួក​អ្នក​ផ្ទះ​របស់​យេរូបាល​ដែល​ហៅ​ថា​គេឌាន សម្រាប់​អ្វី​ល្អ​ៗ​ទាំ​ង​អស់​ដែល​គាត់​បាន​ធ្វើ​ដើម្បី​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​តើ​ការ​ប្រមូល​ផល​ទំពាំង​បាយ​ជូរ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម មិន​ប្រសើរ​ជាង​ចម្រូត​របស់​អាប៊ីអ៊ីសឺ​ទេ​ឬ?​»​
មួយហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​
ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​