ខ១
ប្រធានបទនៃគម្ពីរបរិសុទ្ធ
ព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រង។ របៀបគ្រប់គ្រងរបស់លោកគឺល្អបំផុត។ លោកនឹងសម្រេចគោលបំណងរបស់លោកសម្រាប់ផែនដីនិងមនុស្សជាតិ។
ក្រោយពីឆ្នាំ៤០២៦ មុនគ.ស. «សត្វពស់»ធ្វើឲ្យមានការសង្ស័យលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងលើរបៀបដែលលោកគ្រប់គ្រង។ ព្រះយេហូវ៉ាបានសន្យាថានឹងមាន«កូនចៅ»ឬ«ពូជ»មួយ ដែលក្រោយមកនឹងកិនបំផ្លាញសាថានដែលជាសត្វពស់នោះ។ (ដើមកំណើត ៣:១-៥, ១៥) ប៉ុន្តែ ព្រះយេហូវ៉ាអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងខ្លួនឯងមួយរយៈពេល ក្រោមអំណាចសត្វពស់។ |
ឆ្នាំ១៩៤៣ មុនគ.ស. ព្រះយេហូវ៉ាប្រាប់អាប្រាហាំថា «កូនចៅ»ឬ«ពូជ»ដែលលោកបានសន្យានោះ នឹងមកពីវង្សត្រកូលរបស់គាត់។—ដើមកំណើត ២២:១៨ |
ក្រោយពីឆ្នាំ១០៧០ មុនគ.ស. ព្រះយេហូវ៉ាសន្យានឹងស្ដេចដាវីឌ ព្រមទាំងសាឡូម៉ូនជាកូនប្រុសរបស់គាត់ថា «ពូជ»ដែលលោកបានសន្យានោះ នឹងកើតក្នុងវង្សត្រកូលរបស់គាត់។—សាំយូអែលទី២ ៧:១២, ១៦; បណ្ដាស្ដេចទី១ ៩:៣-៥; អេសាយ ៩:៦, ៧ |
ឆ្នាំ២៩ គ.ស. ព្រះយេហូវ៉ាបញ្ជាក់ឲ្យដឹងថា លោកយេស៊ូជា«ពូជ»ដែលលោកបានសន្យា គឺជាអ្នកដែលស្នងរាជ្យពីដាវីឌ។—កាឡាទី ៣:១៦; លូកា ១:៣១-៣៣; ៣:២១, ២២ |
ឆ្នាំ៣៣ គ.ស. សត្វពស់ឬសាថានធ្វើឲ្យ«ពូជ»ដែលព្រះបានសន្យានោះ ទៅជាពិការអស់មួយរយៈពេលខ្លី ដោយឲ្យគេសម្លាប់លោកយេស៊ូ។ ប៉ុន្តែ ព្រះយេហូវ៉ាប្រោសលោកយេស៊ូឲ្យមានជីវិតនៅស្ថានសួគ៌ ហើយទទួលយកតម្លៃនៃជីវិតដ៏ល្អឥតខ្ចោះរបស់លោក។ ហេតុនេះ ព្រះយេហូវ៉ាអាចអភ័យទោសចំពោះការខុសឆ្គង ហើយផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់កូនចៅរបស់អាដាម។—ដើមកំណើត ៣:១៥; សកម្មភាព ២:៣២-៣៦; កូរិនថូសទី១ ១៥:២១, ២២ |
ប្រហែលឆ្នាំ១៩១៤ គ.ស. លោកយេស៊ូបោះទម្លាក់សត្វពស់ឬសាថានមកផែនដី ហើយឲ្យវានៅទីនោះអស់មួយរយៈពេលខ្លី។—ការបើកបង្ហាញ ១២:៧-៩, ១២ |
នៅអនាគត លោកយេស៊ូនឹងឃុំសាថានទុកអស់រយៈពេល១.០០០ឆ្នាំ រួចមកលោកនឹងបំផ្លាញវា។ នេះប្រៀបដូចជាលោកកិនក្បាលវា។ គោលបំណងដើមរបស់ព្រះយេហូវ៉ាសម្រាប់ផែនដីនិងមនុស្សជាតិនឹងក្លាយជាការពិត នាមរបស់ព្រះនឹងលែងទទួលការតិះដៀល ហើយការគ្រប់គ្រងរបស់ព្រះបានត្រូវបង្ហាញឲ្យឃើញច្បាស់ថាគឺត្រឹមត្រូវបំផុត។—ការបើកបង្ហាញ ២០:១-៣, ១០; ២១:៣, ៤ |