ចូរចាំយាម!
រដ្ឋាភិបាលទូទាំងពិភពលោកចំណាយ២.០០០.០០០.០០០.០០០ដុល្លារទៅលើវិស័យយោធា តើគម្ពីរចែងយ៉ាងណា?
ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលទូទាំងពិភពលោកបានចំណាយប្រាក់ច្រើនជាងពេលណាទាំងអស់ គឺចំនួន២.២៤០.០០០.០០០.០០០ដុល្លារទៅលើវិស័យយោធារបស់ពួកគេ។ ទឹកប្រាក់ភាគច្រើនចំណាយលើសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ យោងទៅតាមរបាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិនៅក្រុងស្តុកខល(SIPRI) ចេញនៅខែមេសា ឆ្នាំ២០២៣។ របាយការណ៍នោះ បានរៀបរាប់ថាក្នុងអំឡុងឆ្នាំ២០២២៖
ការចំណាយរបស់អឺរ៉ុបខាងវិស័យយោធា«បានកើនឡើង១៣ភាគរយក្នុងឆ្នាំនោះ។ នេះជាកំណើនខ្ពស់បំផុតដែលរដ្ឋាភិបាលអឺរ៉ុបបានចំណាយ តាំងពីឆ្នាំ១៩៩១»។
«ការចំណាយរបស់រុស្ស៊ីខាងវិស័យយោធា . . . ក៏កើនឡើងដែរ គឺប្រមាណ៩,២ភាគរយ។ ការកើនឡើងនេះបានធ្វើឲ្យរុស្ស៊ីប្ដូរពីចំណាត់ថ្នាក់ទី៥ទៅចំណាត់ថ្នាក់ទី៣ខាងការចំណាយច្រើនបំផុតទៅលើវិស័យយោធា»។
រីឯសហរដ្ឋអាម៉េរិកវិញ នៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី១ដដែល ដោយសារពួកគេចំណាយច្រើនជាងគេ។ បើគិតពីទឹកប្រាក់សរុបដែលប្រទេសនានាចំណាយទៅលើវិស័យយោធា «៣៩ភាគរយគឺជាចំណាយរបស់សហរដ្ឋអាម៉េរិក»។
លោកណាន ធាន ដែលជាអ្នកជួយរៀបរៀងរបាយការណ៍SIPRI បានរៀបរាប់ថា៖«ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលទាំងឡាយបន្តចំណាយកាន់តែច្រើនទៅលើវិស័យយោធា។ នេះបង្ហាញថាយើងកំពុងរស់នៅក្នុងពិភពលោកមួយដែលមានអស្ថិរភាពកាន់តែច្រើនឡើងៗ»។
គម្ពីរប្រកាសទុកជាមុនថាមហាអំណាចពិភពលោកនឹងមានជម្លោះហើយមានបញ្ហាជាមួយគ្នាកាន់តែច្រើនឡើងៗ។ គម្ពីរក៏ប្រាប់អំពីសេចក្ដីសង្ឃឹមតែមួយគត់ដែលនាំឲ្យមានសន្តិភាពពិត។
គម្ពីរប្រាប់ទុកជាមុនអំពីការកើនឡើងនៃជម្លោះយោធា
គម្ពីរហៅគ្រាដែលយើងកំពុងរស់នៅថា«គ្រាចុងបញ្ចប់»។—ដានីយ៉ែល ៨:១៩
សៀវភៅដានីយ៉ែលបានប្រកាសទុកជាមុនថា ក្នុងអំឡុងគ្រានេះនឹងមានការប្រកួតប្រជែងគ្នារវាងមហាអំណាចពិភពលោក។ មហាអំណាចពិភពលោកទាំងនេះនឹង«រុញច្រាន»ឬច្បាំងគ្នាដើម្បីបានអំណាចខ្លាំងបំផុត។ ហេតុនេះហើយ ពួកគេនឹងចំណាយ‹កំណប់ទ្រព្យ›ឬរបស់ដ៏មានតម្លៃទាំងអស់ទៅលើវិស័យយោធា។—ដានីយ៉ែល ១១:៤០, ៤២, ៤៣
ដើម្បីរៀនថែមទៀតអំពីទំនាយគម្ពីរដ៏គួរឲ្យចាប់អារម្មណ៍នេះ សូមមើលវីដេអូការសម្រេចនៃទំនាយ ដានីយ៉ែលជំពូកទី១១។
របៀបដែលនឹងមានសន្តិភាពពិត
គម្ពីរប្រាប់ថាព្រះនឹងប្ដូររដ្ឋាភិបាលមួយជំនួសរដ្ឋាភិបាលរបស់មនុស្ស។ លោក«នឹងតាំងរាជាណាចក្រមួយឡើងដែលនឹងមិនត្រូវបំផ្លាញឡើយ ហើយក៏មិនត្រូវផ្ទេរទៅឲ្យមនុស្សណាដែរ។ រាជាណាចក្រនេះនឹងបំបាក់បំបែក ថែមទាំងកម្ទេចរាជាណាចក្រទាំងអស់នោះឲ្យសាបសូន្យទៅ ហើយមានតែរាជាណាចក្រនេះប៉ុណ្ណោះនឹងស្ថិតស្ថេរជារៀងរហូត»។—ដានីយ៉ែល ២:៤៤
មិនយូរទៀត ព្រះយេហូវ៉ា aនឹងធ្វើអ្វីដែលមនុស្សមិនអាចធ្វើបាន ពោលគឺនាំមកនូវសន្តិភាពពិតនិងជារៀងរហូត។ តើតាមរបៀបណា? រាជាណាចក្រព្រះដែលជារដ្ឋាភិបាលនៅស្ថានសួគ៌នឹងបំបាត់ចោលគ្រឿងសាស្ត្រាវុធ និងអំពើឃោរឃៅទាំងអស់។—ចម្រៀងសរសើរព្រះ ៤៦:៨, ៩
ដើម្បីរៀនថែមទៀតអ្វីដែលរាជាណាចក្រព្រះនឹងសម្រេច សូមអានអត្ថបទចំណងជើងថា«ក្រោមរាជាណាចក្រព្រះ‹សេចក្ដីសុខនឹងមានជាបរិបូរ›»។
a យេហូវ៉ាជានាមរបស់ព្រះ។—ចម្រៀងសរសើរព្រះ ៨៣:១៨