លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Manuel Reino Berengui/DeFodi Images via Getty Images

ចូរ​ចាំ​យាម!

តើការប្រកួតបាល់ទាត់ពិភពលោកពិតជាអាចឲ្យមនុស្សរួបរួមគ្នាទេ? តើគម្ពីរចែងយ៉ាងណា?

តើការប្រកួតបាល់ទាត់ពិភពលោកពិតជាអាចឲ្យមនុស្សរួបរួមគ្នាទេ? តើគម្ពីរចែងយ៉ាងណា?

 តាម​ការ​ប៉ាន់​ស្មាន​មួយ​ថា មាន​មនុស្ស​ប្រមាណ​៥​ពាន់​លាន​នាក់​បាន​មើល​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក(​FIFA​) ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២។ មនុស្ស​ជា​ច្រើន​សង្ឃឹម​ថា​ព្រឹត្តិការណ៍​កីឡា​សំខាន់​នេះ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​រួប​រួម​គ្នា​ប៉ុណ្ណោះ​ទេ តែ​នឹង​សម្រេច​បាន​ច្រើន​ជាង​ឆ្ងាយ​ណាស់ កាល​ដែល​មនុស្ស​ទស្សនា​ការ​ប្រកួត​នោះ។

  •   អតីត​ប្រធានាធិបតី​នៃ​អាហ្វ្រិក​ខាង​ត្បូង លោក​នេលសិន មេនឌីឡា​បាន​និយាយ​ថា​៖​«​កីឡា​មាន​ឥទ្ធិពល​កែ​ប្រែ​ពិភព​លោក។ វា​មាន​ឥទ្ធិពល​ជំរុញ​ចិត្ត​មនុស្ស។ វា​មាន​ឥទ្ធិពល​បង្រួប​បង្រួម​មនុស្ស​តាម​របៀប​ដ៏​អស្ចារ្យ​»។

  •   ប្រធាន​សមាគម​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អន្តរជាតិ(​FIFA​) លោក​ជីយ៉ាននី អ៊ីនហ្វានទីណូ​បាន​និយាយ​ថា​៖​«​កីឡា​បាល់​ទាត់​បង្រួប​បង្រួម​មនុស្ស ដោយ​សារ​វា​ធ្វើ​ឲ្យ​ពួក​គេ​មាន‹សេចក្ដី​សង្ឃឹម អំណរ ការ​ជក់​ចិត្ត និង​ស្រឡាញ់​អ្នក​ឯ​ទៀត ហើយ​ពួក​គេ​មាន​អ្វី​មួយ​ដែល​ចូល​ចិត្ត​ដូច​គ្នា›​»។

 តើ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពិភព​លោក​ឬ​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​អាច​សម្រេច​គោល​ដៅ​ដ៏​ធំ​ដូច​នេះ​បាន​ទេ? តើ​មាន​សេចក្ដី​សង្ឃឹម​ឲ្យ​មាន​សន្តិភាព​និង​សាមគ្គីភាព​ឬ​ទេ?

តើ​កីឡា​ពិត​ជា​បង្រួប​បង្រួម​មនុស្ស​មែន​ឬ?

 ការ​ប្រកួត​កីឡា​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​នេះ​ធ្វើ​មនុស្ស​គិត​ច្រើន​ជាង មិន​គ្រាន់​តែ​ការ​ប្រកួត​ប៉ុណ្ណោះ​ទេ។ ការ​ប្រកួត​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ពិភាក្សា​គ្នា​អំពី​រឿង​នយោបាយ រឿង​សង្គម​ដែល​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស ជាតិ​និយម និង​អស្ថិរភាព​សេដ្ឋកិច្ច។

 ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដូច​ជា​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពិភព​លោក។ ប៉ុន្តែ ព្រឹត្តិការណ៍​នេះ​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​សាមគ្គីភាព​នឹង​គ្នា​រហូត​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ច្រើន​តែ​បង្ហាញ​ចិត្ត​គំនិត​បាក់​បែក​គ្នា និង​ការ​ប្រកាន់​បក្ស​ពួក ជា​សញ្ញា​សម្គាល់​នៃ​គ្រា​នេះ​ដែល​គម្ពីរ​រៀប​រាប់​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។—ធីម៉ូថេ​ទី​២ ៣:១​-​៥

សេចក្ដី​សង្ឃឹម​ពិត​សម្រាប់​សាមគ្គីភាព​ពិភព​លោក

 គម្ពីរ​បាន​ប្រាប់​អំពី​សេចក្ដី​សង្ឃឹម​ពិត​សម្រាប់​សាមគ្គីភាព​ពិភព​លោក។ គម្ពីរ​សន្យា​ថា​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែន​ដី​នឹង​មាន​សាមគ្គីភាព​ក្រោមការ​គ្រប់​គ្រង​នៃ​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​ដែល​ហៅ​ថា​«​រាជាណាចក្រ​របស់​ព្រះ​»។—លូកា ៤:៤៣; ម៉ាថាយ ៦:១០

 លោក​យេស៊ូ​ដែល​ជា​ស្ដេច​នៃ​រាជាណាចក្រ​នោះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​សន្តិភាព​ពេញ​ផែន​ដី។ គម្ពីរ​ចែង​ថា​៖

 សូម្បី​តែ​សព្វ​ថ្ងៃ​នេះ សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​នៅ​២៣៩​ប្រទេស​ឲ្យ​មាន​សាមគ្គីភាព​នឹង​គ្នា។ ពួក​គេ​បាន​រៀន​ឲ្យ​ឈប់​ស្អប់​អ្នក​ឯ​ទៀត។ ដើម្បី​រៀន​ថែម​ទៀត​សូម​អាន​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា​«​ការ​បំបាត់​ចោល​ការ​ស្អប់​គ្នា​»។