ចូរចាំយាម!
ការប្រឆាំងច្បាប់មានកាន់តែច្រើនឡើងនៅទូទាំងពិភពលោក តើគម្ពីរចែងយ៉ាងណា?
នៅប្រទេសហៃទី មានអំពើហិង្សាយ៉ាងខ្លាំងដែលបង្កឡើងដោយក្រុមបងធំ។ នៅអាហ្វ្រិកខាងត្បូងនិងប្រទេសម៉ិកស៊ិក ព្រមទាំងបណ្ដាប្រទេសនៅទ្វីបអាម៉េរិក មានឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅកាន់តែច្រើន។ សូម្បីតែនៅកន្លែងដែលមិនសូវមានអំពើហិង្សាក្ដី ក៏មនុស្សនៅតែមានអារម្មណ៍ថាគ្មានសុវត្ថិភាពនិងភ័យខ្លាចដែរ ដោយសារពួកគេឮដំណឹងអាក្រក់ជាច្រើនដូចជា ការលួច ការវាយបំផ្លិចបំផ្លាញ និងការដុតបំផ្លាញជាដើម។
តើគម្ពីរចែងយ៉ាងណាអំពីការប្រឆាំងច្បាប់ដែលកើតឡើងនៅទូទាំងពិភពលោក?
អ្វីដែលគម្ពីរបានប្រកាសទុកជាមុនអំពីការប្រឆាំងច្បាប់
គម្ពីរបានប្រកាសទុកជាមុនថាការប្រឆាំងច្បាប់ជាផ្នែកមួយនៃសញ្ញាសម្គាល់នៃ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ (ម៉ាថាយ ២៤:៣) ពេលរៀបរាប់ព្រឹត្តិការណ៍ផ្សេងៗដែលជាផ្នែកនៃសញ្ញាសម្គាល់នោះ លោកយេស៊ូគ្រិស្តបានមានប្រសាសន៍ថា៖
«ដោយសារការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ»។—ម៉ាថាយ ២៤:១២
គម្ពីរក៏ប្រកាសទុកជាមុនថាមនុស្សនៅ«គ្រាចុងក្រោយបង្អស់»នឹង«មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌»។ (ធីម៉ូថេទី២ ៣:១-៥) លក្ខណៈអាត្មានិយមនេះនាំឲ្យមានការប្រឆាំងច្បាប់កាន់តែច្រើនដូចយើងឃើញនៅសព្វថ្ងៃនេះ។
ប៉ុន្តែ យើងមានមូលហេតុត្រឹមត្រូវឲ្យមានសេចក្ដីសង្ឃឹម។ គម្ពីរសន្យាថាឆាប់ៗខាងមុខនេះការប្រឆាំងច្បាប់នឹងលែងមានទៀត។
«បន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀត អ្នកនឹងមើលកន្លែងដែលពួកគេធ្លាប់នៅ តែអ្នកនឹងមិនឃើញពួកគេទេ។ ប៉ុន្តែ មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក ពួកគេនឹងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារមានសេចក្ដីសុខសាន្តជាបរិបូរ»។—ចម្រៀងសរសើរព្រះ ៣៧:១០, ១១
សូមរៀនថែមទៀតអំពីសេចក្ដីសង្ឃឹមក្នុងគម្ពីរ និងមូលហេតុដែលយើងអាចជឿថាព្រឹត្តិការណ៍ដែលយើងឃើញនៅសព្វថ្ងៃកំពុងសម្រេចទំនាយក្នុងគម្ពីរ។ សូមពិចារណាអត្ថបទខាងក្រោម។
«សេចក្ដីសង្ឃឹមដ៏ពិតប្រាកដកំពុងរង់ចាំអ្នក»។
«តើអ្វីជាសញ្ញាសម្គាល់នៃ‹គ្រាចុងក្រោយបង្អស់› ឬ‹ទីបញ្ចប់ពិភពលោក›?»។
«តើគម្ពីរបានប្រាប់ទុកជាមុនអំពីរបៀបគិតគូរនិងការប្រព្រឹត្តរបស់មនុស្សសព្វថ្ងៃនេះឬ?»។