លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Rui Almeida Fotografia/Moment via Getty Images

ចូរ​ចាំ​យាម!

ការ​ផ្ទុះ​អំពើ​ហិង្សា​ខាង​នយោបាយ តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ការ​ផ្ទុះ​អំពើ​ហិង្សា​ខាង​នយោបាយ តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 ថ្មី​ៗ​មាន​អំពើ​ហិង្សា​ទាក់​ទង​នឹង​នយោបាយ​កាន់​តែ​ច្រើន។ ហេតុ​នេះ មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។

  •   នៅ​ប្រទេស​ម៉ិកស៊ិក អ្នក​ឈរ​ឈ្មោះ​ខាង​នយោបាយ​៣៩​រូប បាន​ត្រូវ​គេ​ធ្វើ​ឃាត ហើយ​រឿង​បែប​នេះ​មាន​កាន់​តែ​ច្រើន​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អំពើ​ហិង្សា​ដែល​ទាក់​ទង​នឹង​នយោបាយ​ក៏​មាន​ច្រើន​ដែរ។ នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ភ័យ​តក់​ស្លុត និង​បំបែរ​អារម្មណ៍​ពី​ការ​បោះ​ឆ្នោត សម្រាប់​ឆ្នាំ​២០២៣​-​២០២៤។

  •   ថ្មី​ៗ​នេះ​នៅ​អឺរ៉ុប មាន​ហេតុ​ការណ៍​ហិង្សា​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​នយោបាយ រួម​មាន​ការ​ប៉ុន​ប៉ង​សម្លាប់​នាយក​រដ្ឋ​មន្ត្រី​ស្លូវ៉ាគី​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤។

  •   រីឯ​នៅ​សហរដ្ឋ​អាម៉េរិក​វិញ ក៏​មាន​រឿង​ដ៏​កក្រើក​មួយ​បាន​កើត​ឡើង​ដែរ គឺ​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០២៤ អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ត្រូវ​គេ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ជា​លើក​ទី២។

 ហេតុ​អ្វី​មាន​អំពើ​ហិង្សា​ដែល​ទាក់​ទង​នឹង​នយោបាយ​ច្រើន​ម្ល៉េះ? តើ​នោះ​អាច​មាន​ទី​បញ្ចប់​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ការ​បែក​បាក់​គ្នា​ខាង​នយោបាយ​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន

 គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​គ្រា​របស់​យើង​ដែល​ជា​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ថា មនុស្ស​ជា​ច្រើន​នឹង​មាន​របៀប​គិត​គូរ​ដែល​បណ្ដាល​ឲ្យ​ខ្វែង​គំនិត​គ្នា​និង​អំពើ​ហិង្សា។

  •   ​«​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ខ្លាំង​ណាស់។ ព្រោះ​មនុស្ស​នឹង . . . រមិល​គុណ គ្មាន​ភក្ដី​ភាព . . . មិន​ព្រម​ស្រុះ​ស្រួល​គ្នា . . . កាច​សាហាវ . . . ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក​»។—ធីម៉ូថេ​ទី​២ ៣:១​-​៤

 បន្ថែម​ទៅ​ទៀត គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​ថា​អំឡុង​គ្រា​នេះ​មាន​ការ​ចលាចល ដូច​ជា​ប្រជាជន​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​និង​មាន​ការ​វឹកវរ​ខាង​នយោបាយ​ជា​ដើម។ (​លូកា ២១:៩​) ប៉ុន្តែ អំពើ​ហិង្សា​និង​ការ​បាក់​បែក​គ្នា​ខាង​នយោបាយ​នឹង​មិន​មាន​រហូត​ទេ។

ទី​បញ្ចប់​នៃ​អំពើ​ហិង្សា​ខាង​នយោបាយ

 គម្ពីរ​រៀប​រាប់​ថា ព្រះ​នឹង​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ដែល​នៅ​ស្ថាន​សួគ៌​គ្រប់​គ្រង​ជំនួស​រដ្ឋាភិបាល​ទាំង​អស់​វិញ។

  •   ​«​ព្រះ​នៃ​ស្ថាន​សួគ៌​នឹង​តាំង​រាជាណាចក្រ​មួយ​ឡើង​ដែល . . . នឹង​បំបាក់​បំបែក ថែម​ទាំង​កម្ទេច​រាជាណាចក្រ[​ឯ​ទៀត​]ទាំង​អស់​នោះ​ឲ្យ​សាប​សូន្យ​ទៅ ហើយ​មាន​តែ​រាជាណាចក្រ​នេះ​ប៉ុណ្ណោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។—ដានីយ៉ែល ២:៤៤

 រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​សាមគ្គីភាព ហើយ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ពេញ​ពិភព​លោក។

  •   អ្នក​ដែល​គ្រប់​គ្រង​រាជាណាចក្រ​នេះ គឺ​លោក​យេស៊ូ​គ្រិស្ត។ លោក​បាន​ត្រូវ​ហៅ​ថា​«​ម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត​»​ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​«​មាន​សេចក្ដី​សុខ​សាន្ត​ជា​និច្ច​»។—អេសាយ ៩:៦, ៧

  •   សូម្បី​តែ​ឥឡូវ អ្នក​ដែល​រស់​នៅ​ក្រោម​រាជាណាចក្រ​នោះ​កំពុង​រៀន​អំពីរបៀប​រស់​នៅ​ដោយ​សន្តិភាព​ជា​មួយ​គ្នា។ ហេតុ​នេះ​ហើយ គម្ពីរ​ចែង​ថា​៖​«​ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង ដំ​ធ្វើ​ជា​ដង្កាវ​វិញ។ ប្រជា​ជាតិ​មួយ​នឹង​មិន​លើក​ដាវ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ឡើយ ហើយ​ក៏​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​ដែរ​»។—អេសាយ ២:៣, ៤

 ដើម្បី​រៀន​ថែម​ទៀត សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​អ្វី​ខ្លះ?​»​ និង​ទស្សនា​វីដេអូតើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?