លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ចាំ​យាម!

ការបាញ់ប្រហារដ៏រន្ធត់មានពាសពេញពិភពលោក តើគម្ពីរចែងយ៉ាងណា?

ការបាញ់ប្រហារដ៏រន្ធត់មានពាសពេញពិភពលោក តើគម្ពីរចែងយ៉ាងណា?

 ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២២ មាន​ករណី​បាញ់​ប្រហារ​ដ៏​គួរ​ឲ្យ​រន្ធត់​បាន​កើត​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក ដូច​ជា​៖

  •   នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ សារ​ព័ត៌មាន​មួយ​បាន​ចុះ​ផ្សាយ​ថា​៖​«​មាន​ឃាតកម្ម​មួយ​បាន​កើត​ឡើង​ទៅ​លើ​អ្នក​នយោបាយ​ដ៏​ល្បី​ម្នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​គឺ​អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ស៊ីនហ្សូ អាបេ។ ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឲ្យ​កក្រើក​ប្រទេស​ជប៉ុន​និង​ពិភព​លោក​ទាំង​មូល នេះ​គឺ​ដោយ​សារ​នៅ​ប្រទេស​ជប៉ុន​មិន​សូវ​មាន​បទ​ឧក្រិដ្ឋ​សាហាវ​ឃោរឃៅ​ប៉ុន្មាន​ទេ ហើយ​នៅ​ទី​នោះ​ច្បាប់​ក្នុង​ការ​ប្រើ​ប្រាស់​អាវុធ​ក៏​មាន​ការ​រឹត​បន្ដឹង​ដែរ​»​(​The Japan Times​)។

  •   កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២២ សារ​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​មួយ​បាន​ផ្សាយ​ថា​៖​«​ប្រជាជន​ដាណឺម៉ាក​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស​អស់​បី​នាក់​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​កូប៉ិនហាក​»​(​Reuters​)។

  •   នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ សារ​ព័ត៌មាន​មួយ​ទៀត​បាន​ចុះ​ផ្សាយ​ថា​៖​«​នៅ​អាហ្វ្រិក​ខាង​ត្បូង បុរស​មួយ​ក្រុម​បាន​បាញ់​រះ​នៅ​ក្នុង​ក្លិប​រាត្រី​មួយ​ក្នុង​ក្រុង​សូវីតូ ដែល​បណ្ដាល​ឲ្យ​មនុស្ស​១៥​នាក់​ស្លាប់​»​(​The Guardian​)។

  •   កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ កម្ម​វិធី​ព័ត៌មាន​មួយ​បាន​ផ្សាយ​ថា​៖​«​នា​ថ្ងៃ​ទី​៤ ខែ​កក្កដា​ជា​ថ្ងៃ​បុណ្យ​ជាតិ​នៅ​សហរដ្ឋ​អាម៉េរិក មាន​ការ​បាញ់​រះ​ដ៏​សាហាវ​បាន​កើត​ឡើង ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង​២២០​នាក់​បាន​ស្លាប់​»​(​CBS News​)។

 ហេតុ​អ្វី​យើង​ជឿ​ថា​អំពើ​ឃោរឃៅ​នឹង​លែង​មាន​ទៀត? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

អំពើ​ឃោរឃៅ​នឹង​លែង​មាន​ទៀត

 គម្ពីរ​រៀប​រាប់​ថា យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ ជា​គ្រា​ដែល​មនុស្ស​ប្រព្រឹត្ត​សាហាវ​ឃោរឃៅ ព្រៃ​ផ្សៃ និង​គ្មាន​មេត្តា។ (​ធីម៉ូថេ​ទី​២ ៣:១,​) ដោយ​សារ​អំពើ​ឃោរឃៅ​បែប​នេះ នាំ​ឲ្យ​មនុស្ស​រស់​នៅ​ដោយ​ភាព​ភ័យ​ខ្លាច។ (​លូកា ២១:១១​) ប៉ុន្តែ គម្ពីរ​សន្យា​ថា​មាន​គ្រា​មួយ​ដែល​អំពើ​ឃោរឃៅ​នឹង​លែង​មាន​ទៀត ហើយ​មនុស្ស​«​នឹង​រស់​នៅ​កន្លែង​ដែល​មាន​សន្តិភាព ហើយ​អាស្រ័យ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​និង​សេចក្តី​សុខ​សាន្ត​»។ (​អេសាយ ៣២:១៨​) តើ​តាម​របៀប​ណា​អំពើ​ឃោរឃៅ​នឹង​លែង​មាន​ទៀត?

 ព្រះ​នឹង​ដក​មនុស្ស​អាក្រក់ ហើយ​បំផ្លាញ​ចោល​គ្រឿង​អាវុធ​ទាំង​អស់។

  •   ​«​ចំណែក​ឯ​ជន​ទុច្ចរិត ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ​ពី​ផែន​ដី​»។—សុភាសិត ២:២២

  •   ​«​[​ព្រះ​]នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត លោក​បំបាក់​ធ្នូ ហើយ​កម្ទេច​លំពែង លោក​ដុត​រទេះ​ចម្បាំង​ចោល​ទាំង​អស់​»។—ចម្រៀង​សរសើរ​ព្រះ ៤៦:៩

 ព្រះ​នឹង​បំបាត់​ចោល​នូវ​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃោរឃៅ ដោយ​បង្រៀន​មនុស្ស​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ត។

  •   ​«​ពួក​វា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បង្ក​គ្រោះ​ថ្នាក់​អ្វី​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ឡើយ ព្រោះ​ផែន​ដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​របស់​ព្រះ​យេហូវ៉ា ដូច​ជា​ទឹក​ពេញ​ពាស​សមុទ្រ​ដែរ​»។—អេសាយ ១១:៩

  •   សូម្បី​តែ​នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​កំពុង​បង្រៀន​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទៀត ហើយ​ក៏​ឈប់​ប្រើ​គ្រឿង​អាវុធ​ទៀត​ដែរ។ លោក​បង្រៀន​ពួក​គេ​ឲ្យ​«​ដំ​ដាវ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​ដំ​លំពែង​ធ្វើ​ជា​ដង្កាវ​វិញ​»។—មីកា ៤:៣

 ដើម្បី​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា​ពិភព​លោក​នឹង​លែង​មាន​ការ​ភ័យ​ខ្លាច​ទៀត សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ពេល​ណា​យើង​អាច​រស់​នៅ​ដោយ​មិន​ភ័យ​ខ្លាច?​»។

 ដើម្បី​ស្វែង​យល់​ថែម​ទៀត​ថា​ពេល​ណា​អំពើ​ឃោរឃៅ​នឹង​លែង​មាន​ជា​រៀង​រហូត សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​សេចក្ដី​សុខ​សាន្ត​នៅ​ផែន​ដី​នឹង​មាន​ជា​រៀង​រហូត!​»។