លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើគម្ពីរចែងយ៉ាងណាអំពីការខ្វះស្បៀងអាហារនៅសព្វថ្ងៃនេះ?

តើគម្ពីរចែងយ៉ាងណាអំពីការខ្វះស្បៀងអាហារនៅសព្វថ្ងៃនេះ?

 «​គ្មាន​អ្នក​អត់​ឃ្លាន​ឡើយ​»។ នេះ​ជា​អ្វី​ដែល​ពួក​អ្នក​ដឹក​នាំ​ពិភព​លោក​ចង់​ឲ្យ​កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ដ៏​ធំ​បំផុត​របស់​មនុស្សជាតិ ពោល​គឺ​ការ​ផ្គត់​ផ្គង់​អាហារ​ដល់​មនុស្ស​គ្រប់​គ្នា​នៅ​ផែន​ដី។ a ប៉ុន្តែ តើ​នឹង​មាន​គ្រា​មួយ​ដែល​ពិភព​លោក​នេះ​លែង​មាន​ការ​អត់​ឃ្លាន​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

គម្ពីរ​ប្រាប់​ទុក​ជា​មុន​អំពី​ការ​ខ្វះ​ស្បៀង​អាហារ​នៅ​សព្វ​ថ្ងៃ​នេះ

 គម្ពីរ​ប្រាប់​ទុក​ជា​មុន​ថា​នឹង​មាន​ការ​ខ្វះ​ស្បៀង​អាហារ​នៅ​សម័យ​យើង គឺ​ជា​គ្រា​មួយ​ដែល​ហៅ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​) ព្រះ​មិន​មែន​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ខ្វះ​ស្បៀង​អាហារ​ទេ ផ្ទុយ​ទៅ​វិញ​លោក​បាន​ព្រមាន​យើង​អំពី​រឿង​នេះ។ (​យ៉ាកុប ១:១៣​) សូម​កត់​សម្គាល់​ទំនាយ​ពីរ​ក្នុង​គម្ពីរ។

 «​នឹង​មាន​ការ​អត់​ឃ្លាន . . . ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»។ (​ម៉ាថាយ ២៤:៧​) ទំនាយ​នេះ​បាន​ទាយ​ថា​នឹង​មាន​ការ​អត់​ឃ្លាន​នៅ​កន្លែង​ជា​ច្រើន។ ជា​ពិសេស​ថ្មី​ៗ​នេះ ក្រុម​អ្នក​សិក្សា​អំពី​របៀប​ផលិត​និង​ចែក​ចាយ​ស្បៀង​អាហារ​បាន​រាយ​ការណ៍​ថា​៖​«​ស្ថានភាព​ក្នុង​ពិភព​លោក​ស្ដី​អំពី​ការ​អត់​ឃ្លាន​និង​ការ​ខ្វះ​អាហារ​ដែល​មាន​ជីវជាតិ គឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ៗ​»។ b មនុស្ស​រាប់​រយ​លាន​នាក់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន មិន​មាន​ស្បៀង​អាហារ​ដែល​ពួក​គេ​ត្រូវ​ការ​ទេ។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ នេះ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់​ជីវិត។

 «​មើល! ខ្ញុំ​ឃើញ​សេះ​មួយ​សម្បុរ​ខ្មៅ ហើយ​អ្នក​ដែល​ជិះ​សេះ​នោះ​មាន​ជញ្ជីង​នៅ​ដៃ​»។ (​ការ​បើក​បង្ហាញ ៦:៥​) ក្នុង​ទំនាយ​នេះ សេះ​និង​អ្នក​ជិះ​នោះ​តំណាង​ឲ្យ​ការ​អត់​ឃ្លាន​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ c ជញ្ជីង​នៅ​ដៃ​របស់​អ្នក​ជិះ​នោះ​គឺ​ជា​ការ​ថ្លឹង​ស្បៀង​អាហារ​ដែល​មាន​កម្រិត។ កាល​ដែល​អ្នក​ជិះ​សេះ​ចេញ​ដំណើរ មាន​សំឡេង​មួយ​បន្លឺ​ឡើង​ថា​តម្លៃ​ស្បៀង​អាហារ​នឹង​ឡើង​ថ្លៃ​ជា​ខ្លាំង ហើយ​សំឡេង​នោះ​ព្រមាន​កុំ​ឲ្យ​ខ្ជះ​ខ្ជាយ​ស្បៀង​អាហារ។ (​ការ​បើក​បង្ហាញ ៦:៦​) វិបត្តិ​នេះ​កំពុង​កើត​ឡើង​ពិត​មែន​នៅ​ទូ​ទាំង​ពិភព​លោក ដោយ​សារ​មនុស្ស​រាប់​ពាន់​លាន​នាក់​មិន​អាច​រក​ទិញ​ឬ​គ្មាន​សមត្ថភាព​ទិញ​អាហារ​ដែល​មាន​ជីវជាតិ។

តើ​តាម​របៀប​ណា​ការ​ខ្វះ​ស្បៀង​អាហារ​នឹង​លែង​មាន​ទៀត?

 ពួក​អ្នក​ជំនាញ​បាន​និយាយ​ថា​អាហារ​ដែល​ផែន​ដី​យើង​ផលិត​បាន គឺ​ច្រើន​ជាង​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​គ្រប់​គ្នា​ដែល​រស់​នៅ​ផែន​ដី​ទៅ​ទៀត។ ដូច្នេះ តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ខ្វះ​ស្បៀង​អាហារ? តើ​គម្ពីរ​ចែង​ថា​ព្រះ​យេហូវ៉ា dដែល​ជា​អ្នក​បង្កើត​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

 បញ្ហា​៖ រដ្ឋាភិបាល​នានា​មិន​អាច​បំបាត់​ចោល​ភាព​ក្រី​ក្រ​និង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្ដាល​ឲ្យ​មនុស្ស​មាន​ភាព​អត់​ឃ្លាន​នោះ​ឡើយ។

 ដំណោះ​ស្រាយ​៖ រដ្ឋាភិបាល​មិន​ល្អ​ឥត​ខ្ចោះ​របស់​មនុស្ស នឹង​ត្រូវ​ជំនួស​ដោយ​រដ្ឋាភិបាល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​គឺ​រាជាណាចក្រ​របស់​ព្រះ។ (​ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:១០​) សព្វ​ថ្ងៃ​នេះ មនុស្ស​ក្រី​ក្រ​ជា​ច្រើន​តែង​តែ​គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ តែ​នៅ​ក្រោម​រាជាណាចក្រ​ព្រះ​បញ្ហា​នេះ​នឹង​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ គម្ពីរ​ចែង​អំពី​លោក​យេស៊ូ​ដែល​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ​ថា​៖​«​គាត់​នឹង​ស្រោច​ស្រង់​ជន​ក្រី​ក្រ​ដែល​ស្រែក​រក​ជំនួយ ព្រម​ទាំង​សង្គ្រោះ​មនុស្ស​ទន់​ទាប​និង​មនុស្ស​គ្រប់​រូប​ដែល គ្មាន​អ្នក​ណា​ជួយ។ . . . ផែន​ដី​នឹង​មាន​ស្រូវ​ជា​បរិបូរ ចំណែក​នៅ​តាម​កំពូល​ភ្នំ​វិញ​នឹង​មាន​ស្រូវ​ហៀរ​ហូរ​»។—ចម្រៀង​សរសើរ​ព្រះ ៧២:១២, ១៦

 បញ្ហា​៖ សង្គ្រាម​នាំ​មក​នូវ​ការ​បំផ្លិច​បំផ្លាញ​និង​វិបត្តិ​សេដ្ឋកិច្ច។ ជា​លទ្ធផល នេះ​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​រក​បាន​អាហារ​ចាំ​បាច់​ដែល​ពួក​គេ​ត្រូវ​ការ។

 ដំណោះ​ស្រាយ​៖ ​«​[​ព្រះ​យេហូវ៉ា​]នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត លោក​បំបាក់​ធ្នូ ហើយ​កម្ទេច​លំពែង លោក​ដុត​រទេះ​ចម្បាំង​ចោល​ទាំង​អស់​»។ (​ចម្រៀង​សរសើរ​ព្រះ ៤៦:៩​) ព្រះ​នឹង​បំផ្លាញ​គ្រឿង​អាវុធ​និង​មនុស្ស​ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម។ ជា​លទ្ធផល មនុស្ស​គ្រប់​គ្នា​នឹង​អាច​ទទួល​បាន​អាហារ​ល្អ​ៗ​យ៉ាង​ងាយ​ស្រួល។ គម្ពីរ​សន្យា​ថា​៖​«​សេចក្ដី​សុចរិត​នឹង​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​សេចក្ដី​សុខ​នឹង​មាន​ជា​បរិបូរ​»។—ចម្រៀង​សរសើរ​ព្រះ ៧២:៧

 បញ្ហា​៖ វិបត្តិ​អាកាសធាតុ​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​បំផ្លាញ​ដំណាំ​និង​សត្វ​ជា​ច្រើន។

 ដំណោះ​ស្រាយ​៖ ព្រះ​នឹង​កាន់​កាប់​ទៅ​លើ​កម្លាំង​ធម្មជាតិ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​មាន​អំណោយ​ផល​សម្រាប់​ដំណាំ​លូត​លាស់​ល្អ។ គម្ពីរ​ចែង​ថា​៖​«​[​ព្រះ​យេហូវ៉ា​]ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​រម្ងាប់ រលក​សមុទ្រ​បាន​ស្ងាត់​ស្ងៀម​ទៅ។ . . . លោក​ធ្វើ​ឲ្យ​តំបន់​ស្ងាត់​ជ្រងំ​ក្លាយ​ជា​បឹង​បួ ហើយ​ធ្វើ​ឲ្យ​ដី​ប្រេះ​ក្រហែង ប្រែ​ជា​ប្រភព​ទឹក​វិញ។ លោក​ឲ្យ​អ្នក​ដែល​មាន​ការ​អត់​ឃ្លាន​អាស្រ័យ​នៅ​ទី​នោះ . . . ពួក​គេ​សាប​ព្រោះ​គ្រាប់​ពូជ​លើ​ដី​ស្រែ ហើយ​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ អ្វី​ទាំង​នោះ​បង្កើត​ផល​ច្រើន​សន្ធឹក​»។—ចម្រៀង​សរសើរ​ព្រះ ១០៧:២៩, ៣៥​-​៣៧

 បញ្ហា​៖ មនុស្ស​លោភ​លន់​និង​ពុក​រលួយ​ផលិត​អាហារ​ដែល​បង្ខូច​សុខភាព​ឬ​ស្ដុក​ទុក​ស្បៀង​អាហារ​សម្រាប់​ខ្លួន ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​អ្នក​ឯ​ទៀត​ខ្វះ​ស្បៀង​អាហារ។

 ដំណោះ​ស្រាយ​៖ រាជាណាចក្រ​ព្រះ​នឹង​ដក​ចេញ​ជន​មិន​ទៀង​ត្រង់​និង​ពួក​អ្នក​ពុក​រលួយ។ (​ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១; អេសាយ ៦១:៨​) គម្ពីរ​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​ជា​«​[​ព្រះ​ដែល​]ផ្ដល់​យុត្តិធម៌​ដល់​ពួក​អ្នក​ដែល​ត្រូវ​គេ​បោក​ប្រាស់ លោក​ឲ្យ​អាហារ​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន​»។—ចម្រៀង​សរសើរ​ព្រះ ១៤៦:៧

 បញ្ហា​៖ មួយ​ភាគ​បី​នៃ​ស្បៀង​អាហារ​ពិភព​លោក​បាន​ត្រូវ​ប្រើ​យ៉ាង​ខ្ជះ​ខ្ជាយ​ឬ​ខូច​ខាត​ជា​រៀង​រាល់​ឆ្នាំ។

 ដំណោះ​ស្រាយ​៖ ក្រោម​រាជាណាចក្រ​ព្រះ អ្នក​ដែល​មើល​ខុស​ត្រូវ​ស្បៀង​អាហារ​នឹង​ចែក​ចាយ​ស្បៀង​អាហារ​យ៉ាង​ត្រឹម​ត្រូវ។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​មិន​ខ្ជះ​ខ្ជាយ​ស្បៀង​អាហារ​ទេ។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ដោយ​ផ្ដល់​អាហារ​ដល់​ក្រុម​មនុស្ស​ជាង​៥.០០០​នាក់។ ក្រោយ​មក លោក​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖​«​ចូរ​ប្រមូល​អាហារ​ដែល​នៅ​សល់ កុំ​ឲ្យ​ខាត​បង់​អ្វី​ឡើយ​»។—យ៉ូហាន ៦:៥​-​១៣

 ដោយ​សារ​រាជាណាចក្រ​ព្រះ​នឹង​បំបាត់​ដើម​ហេតុ​នៃ​ការ​អត់​ឃ្លាន នោះ​មនុស្ស​ទាំង​អស់​នឹង​មាន​អាហារ​ល្អ​ៗ​ជា​បរិបូរ។ (​អេសាយ ២៥:៦​) ដើម្បី​ដឹង​ថា​ពេល​ណា​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង សូម​មើល​អត្ថបទ​ចំណង​ជើង​ថា​«​តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​លើ​ផែន​ដី​នៅ​ពេល​ណា?​»។

a របៀប​វារៈ​ឆ្នាំ​២០៣០ ស្ដី​អំពី​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន​អនុម័ត​ឆ្នាំ​២០១៥។

b របាយការណ៍​រួម​ចេញ​ដោយ​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ មូលនិធិ​អន្តរជាតិ​សម្រាប់​កិច្ច​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភព​លោក។

c ដើម្បី​រៀន​ថែម​ទៀត​អំពី​អ្នក​ជិះ​សេះ​ទាំង​បួន​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ សូម​មើល​អត្ថបទ​ចំណង​ជើង​ថា​«​អ្នក​ជិះ​សេះ​ទាំង​បួន តើ​ពួក​គេ​ជា​អ្នក​ណា?​»។

d យេហូវ៉ា​ជា​នាម​របស់​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) សូម​មើល​អត្ថបទ​ចំណង​ជើង​ថា​«​តើ​ព្រះ​យេហូវ៉ា​ជា​នរណា?​»។