តើគម្ពីរអាចជួយផ្ដាច់គ្រឿងញៀនឬទេ?
ជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់បានស្លាប់ដោយសារឥទ្ធិពលពីការប្រើប្រាស់គ្រឿងញៀន មិនថាដោយផ្ទាល់ឬដោយប្រយោល។ ក្នុងអំឡុងរោគរាតត្បាតកូវីដ-១៩ បញ្ហានេះមានកាន់តែធំឡើងៗ។ ដំបូន្មានដែលប្រកបដោយប្រាជ្ញាពីគម្ពីរ បានជួយមនុស្សជាច្រើនឲ្យផ្ដាច់គ្រឿងញៀន។ បើលោកអ្នកកំពុងមានបញ្ហានេះ ដំបូន្មានក្នុងគម្ពីរអាចជួយលោកអ្នកបាន។ a
ក្នុងអត្ថបទនេះ យើងនឹងពិចារណា
ហេតុអ្វីគួរស្វែងរកដំបូន្មានក្នុងគម្ពីរដើម្បីផ្ដាច់គ្រឿងញៀន?
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មនុស្សច្រើនតែប្រើថ្នាំញៀន ដោយសារពួកគេមានអារម្មណ៍ឯកោ តានតឹងចិត្ត ថប់បារម្ភ ឬធ្លាក់ទឹកចិត្ត។ គម្ពីរអាចជួយអ្នកពង្រឹងការតាំងចិត្តដើម្បីអាចយកឈ្នះអារម្មណ៍ចង់ប្រើគ្រឿងញៀន។ គម្ពីរក៏បង្ហាញអ្នកអំពីរបៀបដែលអ្នកអាចមានចំណងមិត្តភាពជាមួយព្រះដែរ។ (ចម្រៀងសរសើរព្រះ ២៥:១៤) ដោយមានជំនួយពីលោក អ្នកអាចយកឈ្នះបញ្ហាផ្សេងៗដែលមើលទៅមិនអាចដោះស្រាយដោយខ្លួនអ្នកបាន។—ម៉ាកុស ១១:២២-២៤
ជំហានបួនយ៉ាងពីគម្ពីរដែលអាចជួយអ្នកផ្ដាច់គ្រឿងញៀន
១. ស្គាល់ព្រះយេហូវ៉ា។ b (យ៉ូហាន ១៧:៣) លោកគឺជាអ្នកបង្កើតនិងជាប្រភពនៃឫទ្ធានុភាពដែលគ្មានកម្រិត។ មិនត្រឹមតែប៉ុណ្ណោះ លោកគឺជាបិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់។ លោកចង់មានចំណងមិត្តភាពជិតស្និទ្ធជាមួយអ្នក ហើយចង់ប្រើឫទ្ធានុភាពលោកដើម្បីជួយអ្នក។ (អេសាយ ៤០:២៩-៣១; យ៉ាកុប ៤:៨) លោកសន្យាថាអ្នកនឹងមានអនាគតដ៏អស្ចារ្យ បើអ្នកសម្រេចចិត្តទទួលយកប្រយោជន៍ពីសេចក្ដីស្រឡាញ់របស់លោក។—យេរេមា ២៩:១១; យ៉ូហាន ៣:១៦
២. សុំជំនួយពីព្រះយេហូវ៉ា។ អធិដ្ឋានសុំព្រះជួយអ្នកឲ្យផ្ដាច់ការញៀន ដើម្បីអ្នកអាច«បរិសុទ្ធ[ឬស្អាតស្អំ] ហើយគាប់ចិត្ត[លោក]»។ (រ៉ូម ១២:១) ព្រះយេហូវ៉ានឹងផ្ដល់«ឫទ្ធានុភាពដែលលើសពីធម្មតា»ដល់អ្នក។ (កូរិនថូសទី២ ៤:៧; លូកា ១១:១៣) ឫទ្ធានុភាពនេះនឹងជួយអ្នកផ្ដាច់គ្រឿងញៀននិងបណ្ដុះឲ្យមាន«បុគ្គលិកលក្ខណៈថ្មី»ស្របតាមបំណងប្រាថ្នារបស់លោក។—កូឡុស ៣:៩, ១០
៣. ព្យាយាមមានទស្សនៈដូចព្រះ។ (អេសាយ ៥៥:៩) លោកនឹងជួយអ្នក«ឲ្យគំនិតថ្មីបន្តកាន់កាប់អ្នក»ឬប្ដូររបៀបគិតគូរដែលជួយអ្នកផ្ដាច់គ្រឿងញៀន។ (អេភេសូរ ៤:២៣) យើងអាចស្គាល់ទស្សនៈរបស់ព្រះនៅក្នុងគម្ពីរ ដូច្នេះជាការសំខាន់ដែលយើងអានគម្ពីរជារៀងរាល់ថ្ងៃ។ (ចម្រៀងសរសើរព្រះ ១:១-៣) មនុស្សជាច្រើនបានទទួលប្រយោជន៍ពីការរៀនគម្ពីរ។ (សកម្មភាព ៨:៣០, ៣១) សាក្សីព្រះយេហូវ៉ាស្នើបង្រៀនគម្ពីរដោយឥតគិតថ្លៃ។ បន្ថែមទៀត យើងសូមអញ្ជើញលោកអ្នកចូលរួមកិច្ចប្រជុំរបស់យើង ហើយកិច្ចប្រជុំនោះជួយយើងឲ្យពិនិត្យមើលអ្វីដែលគម្ពីរបង្រៀន និងរបៀបដែលយើងអាចអនុវត្តតាមសេចក្ដីបង្រៀនទាំងនោះក្នុងជីវិតប្រចាំថ្ងៃ។
៤. ជ្រើសរើសការសេពគប់ល្អ។ មិត្តភក្តិអាចធ្វើឲ្យអ្នកស្រួលផ្ដាច់ឬពិបាកផ្ដាច់គ្រឿងញៀន។ (សុភាសិត ១៣:២០) ព្រះជួយឲ្យមានការសេពគប់ល្អក្នុងចំណោមអស់អ្នកដែលគោរពប្រណិប័តន៍លោក ហើយលោកចង់ឲ្យអ្នកទទួលប្រយោជន៍ពីការសេពគប់នោះ។ (ចម្រៀងសរសើរព្រះ ១១៩:៦៣; រ៉ូម ១:១២) ម្យ៉ាងទៀត ការសេពគប់ក៏ទាក់ទងនឹងការកម្សាន្តដែរ។ ដូច្នេះ សូមជ្រើសរើសការកម្សាន្តដោយប្រុងប្រយ័ត្ន ព្រោះបើអ្នកចំណាយពេលស្ដាប់ អាន ឬមើលអ្នកដែលចូលចិត្តគ្រឿងញៀន នោះអាចធ្វើឲ្យអ្នកពិបាកផ្ដាច់គ្រឿងញៀនជាង។ ម្ល៉ោះហើយ សូមកុំឲ្យអ្វីបញ្ឈប់អ្នកពីការតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវឡើយ។—ចម្រៀងសរសើរព្រះ ១០១:៣; អេម៉ុស ៥:១៤
ខគម្ពីរដែលអាចជួយអ្នកឲ្យផ្ដាច់គ្រឿងញៀន
ចម្រៀងសរសើរព្រះ ២៧:១០ ចែងថា៖«ទោះជាឪពុកម្ដាយបោះបង់ចោលខ្ញុំក្ដី ព្រះយេហូវ៉ានឹងទទួលយកខ្ញុំ»។
វីលប៊ីដែលរស់នៅប្រទេសហៃទី បានរៀបរាប់ថា៖«ខ្ញុំមិនដឹងថាឪពុកបង្កើតខ្ញុំជាអ្នកណាទេ ហើយនេះធ្វើឲ្យខ្ញុំមានអារម្មណ៍តែលតោលគ្មានគោលដៅ។ ប៉ុន្តែ ពេលខ្ញុំស្គាល់ព្រះយេហូវ៉ា ហើយដឹងថាលោកជាព្រះដែលស្រឡាញ់យកចិត្តទុកដាក់ខ្ញុំ នោះជីវិតខ្ញុំចាប់ផ្ដើមមានន័យខ្លឹមសារ ហើយខ្ញុំអាចផ្ដាច់គ្រឿងញៀនបាន»។
ចម្រៀងសរសើរព្រះ ៥០:១៥ ចែងថា៖«សូមហៅរកខ្ញុំក្នុងវេលាដែលអ្នកមានទុក្ខកង្វល់ នោះខ្ញុំនឹងជួយអ្នក»។
សឺហ៊ីដែលរស់នៅប្រទេសអ៊ុយក្រែន បានរៀបរាប់ថា៖«អស់ជាច្រើនដងពេលស្ថិតក្នុងការល្បួងឲ្យប្រើគ្រឿងញៀន ខគម្ពីរនេះបានជំរុញចិត្តខ្ញុំឲ្យព្យាយាមផ្ដាច់ទោះជាពិបាកក្ដី។ ព្រះយេហូវ៉ាពិតជាជួយខ្ញុំដូចលោកបានសន្យាមែន»។
សុភាសិត ៣:៥, ៦ ចែងថា៖«ចូរទុកចិត្តព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្ត កុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ។ ទោះជាកូនធ្វើអ្វីក៏ដោយ ចូរគិតដល់លោក នោះលោកនឹងធ្វើឲ្យផ្លូវជីវិតរបស់កូនបានរលូន»។
មីគិឡេដែលរស់នៅប្រទេសអ៊ីតាលី បានរៀបរាប់ថា៖«ខគម្ពីរនេះបានជួយខ្ញុំឲ្យទុកចិត្តព្រះយេហូវ៉ា មិនមែនទុកចិត្តខ្លួនឯងទេ។ ដោយមានជំនួយពីព្រះយេហូវ៉ា ខ្ញុំអាចកែប្រែជីវិតទាំងស្រុង»។
អេសាយ ៤១:១០ ចែងថា៖«កុំខ្លាចឡើយ ព្រោះខ្ញុំនៅជាមួយនឹងអ្នក។ កុំបារម្ភឡើយ ព្រោះខ្ញុំជាព្រះរបស់អ្នក។ ខ្ញុំនឹងពង្រឹងកម្លាំងអ្នក ខ្ញុំនឹងជួយអ្នក។ ខ្ញុំប្រាកដជានឹងចាប់អ្នកយ៉ាងជាប់ដោយដៃស្ដាំដ៏សុចរិតរបស់ខ្ញុំ»។
អេនឌីដែលរស់នៅអាហ្វ្រិកខាងត្បូង បានរៀបរាប់ថា៖«ខ្ញុំតានតឹងខ្លាំងណាស់ពេលខ្ញុំមិនបានប្រើថ្នាំញៀន។ តែខគម្ពីរនេះបានជួយខ្ញុំឲ្យជឿជាក់ថា ព្រះនឹងជួយខ្ញុំយកឈ្នះអារម្មណ៍នោះ ហើយលោកបានជួយខ្ញុំមែន»។
កូរិនថូសទី១ ១៥:៣៣, កំណត់សម្គាល់ ចែងថា៖«កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចសីលធម៌ល្អ»។
អៃសាកដែលមកពីប្រទេសកេនយ៉ា បានរៀបរាប់ថា៖«ដោយសារការសេពគប់អាក្រក់ ខ្ញុំចាប់ផ្ដើមប្រើប្រាស់គ្រឿងញៀន ហើយក្រោយមកខ្ញុំក៏ញៀនតែម្ដង។ តែបន្ទាប់ពីខ្ញុំឈប់សេពគប់មិត្តភក្តិមិនល្អ ខ្ញុំអាចផ្ដាច់គ្រឿងញៀនបាន»។
កូរិនថូសទី២ ៧:១ ចែងថា៖«ចូរយើងសម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។
រ៉ូសាដែលមកពីប្រទេសកូឡុំប៊ី បានរៀបរាប់ថា៖«ពាក្យទាំងនេះដែលព្រះបានដឹកនាំឲ្យសរសេរ បានជំរុញចិត្តខ្ញុំឲ្យព្យាយាមរក្សាខ្លួនឲ្យស្អាតស្អំដោយផ្ដាច់គ្រឿងញៀន និងជៀសចេញពីទង្វើណាក៏ដោយដែលបង្ខូចសុខភាពខ្ញុំ»។
ភីលីព ៤:១៣ ចែងថា៖«ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។
ផាទ្រីសយើមកពីប្រទេសអ៊ីតាលី បានរៀបរាប់ថា៖«ខ្ញុំដឹងថាខ្ញុំគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីផ្ដាច់គ្រឿងញៀនទេ។ ដូច្នេះ ខ្ញុំបានអធិដ្ឋានសុំព្រះយេហូវ៉ាជួយខ្ញុំ។ លោកបានផ្ដល់កម្លាំងដល់ខ្ញុំដើម្បីផ្ដាច់វាបាន»។
បទពិសោធន៍ពិត៖ គម្ពីរជួយឲ្យផ្ដាច់គ្រឿងញៀន
ចូសេហ្វ អ៊ីរិនបូហ្គេនបានធំឡើងក្នុងបរិយាកាសដែលពេញទៅដោយអំពើឃោរឃៅ ហើយក្រោយមកគាត់បានញៀនស្រា បារី កញ្ឆា និងហេរូអ៊ីន។ អស់ជាច្រើនលើក គាត់ហៀបនឹងស្លាប់ដោយសារជក់គ្រឿងញៀនហួសកម្រិត។ ប៉ុន្តែ មានខគម្ពីរមួយបានជួយគាត់ឲ្យជឿជាក់ថាគាត់អាចកែប្រែបាន។ សូមអានជីវប្រវត្តិរបស់គាត់ក្នុងអត្ថបទដែលមានចំណងជើងថា«ខ្ញុំបានរៀនចេះគោរពមនុស្សស្រីនិងខ្លួនឯង»។
ឌីមិទ្រី កូហ៊្សូណូវបានព្យាយាមផ្ដាច់ស្រាអស់ជាច្រើនដង តែផ្ដាច់មិនបាន។ សូមទស្សនាវីដេអូដែលមានចំណងជើងថា‹ខ្ញុំចាប់ផ្ដើមស្អប់របៀបរស់នៅរបស់ខ្ញុំ› ដើម្បីមើលថាតើអ្វីបានជួយគាត់ឲ្យផ្ដាច់ស្រា។
តើគម្ពីរហាមការព្យាបាលដោយថ្នាំពេទ្យដើម្បីផ្ដាច់គ្រឿងញៀនឬ?
អត់ទេ។ គម្ពីរទទួលស្គាល់ថា៖«មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ»។ (ម៉ាថាយ ៩:១២) ស្រដៀងគ្នាដែរ វិទ្យាស្ថានជាតិអាម៉េរិកស្ដីអំពីការសេពគ្រឿងញៀនបានរៀបរាប់ថា៖«ការញៀនថ្នាំអាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរជាច្រើន ហើយដើម្បីផ្ដាច់ថ្នាំទាំងនោះ តាមធម្មតាបុគ្គលម្នាក់ត្រូវមានបំណងចិត្តខ្លាំងជាងដើម្បីផ្ដាច់ឬត្រូវចេះទប់ចិត្ត»។ ជំនួយដែលព្រះយេហូវ៉ាផ្ដល់ឲ្យគឺខ្លាំងជាងការទប់ចិត្តឬការតាំងចិត្តរបស់បុគ្គលម្នាក់។ ទោះជាយ៉ាងនោះក៏ដោយ មនុស្សជាច្រើនដែលបានផ្ដាច់គ្រឿងញៀនដោយធ្វើតាមដំបូន្មានក្នុងគម្ពីរ ក៏ត្រូវទទួលជំនួយពីការព្យាបាលដោយថ្នាំពេទ្យដែរ។ c ជាឧទាហរណ៍ បុរសម្នាក់ឈ្មោះអាឡិនបានរៀបរាប់ថា៖«ពេលខ្ញុំផ្ដាច់ស្រា ខ្ញុំឈឺចាប់ក្នុងខ្លួនខ្លាំងណាស់។ នៅពេលនោះហើយដែលខ្ញុំទទួលស្គាល់ថាក្រៅពីទទួលជំនួយពីគម្ពីរ ខ្ញុំក៏ត្រូវទទួលការព្យាបាលថែមទៀតដែរ»។
តើគម្ពីរហាមការប្រើថ្នាំពេទ្យឬ?
អត់ទេ។ ការពិតគម្ពីររៀបរាប់អំពីការប្រើស្រាដើម្បីព្យាបាលជំងឺឬដើម្បីបន្ធូរការឈឺចាប់របស់អ្នកណាម្នាក់ដែលហៀបនឹងស្លាប់។ (សុភាសិត ៣១:៦; ធីម៉ូថេទី១ ៥:២៣) ប៉ុន្តែ ដូចស្រាធ្វើឲ្យញៀន នោះថ្នាំពេទ្យដែលប្រើដើម្បីបំបាត់ការឈឺចាប់ ក៏អាចធ្វើឲ្យញៀនដែរ។ ហេតុនេះ ជាការល្អឲ្យយើងមើលថាអាចមានគ្រោះថ្នាក់ដល់កម្រិតណា ហើយត្រូវប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមការវេជ្ជបញ្ជាប៉ុណ្ណោះ។—សុភាសិត ២២:៣
a ទោះជាអត្ថបទនេះផ្ដោតទៅលើការផ្ដាច់គ្រឿងញៀនក្ដី តែគោលការណ៍គម្ពីរក្នុងអត្ថបទនេះ ក៏អាចជួយអស់អ្នកដែលចង់ផ្ដាច់ទម្លាប់អាក្រក់ផ្សេងទៀតដែរ ដូចជា ការញៀនស្រា បារី អាហារ ល្បែងស៊ីសង ការញៀនមើលរូបអាសអាភាស ឬបណ្ដាញសង្គមជាដើម។
b យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។
c មានមណ្ឌលព្យាបាលជាច្រើន ដូចជាមន្ទីរពេទ្យ និងមណ្ឌលប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម អាចជួយលោកអ្នកបាន។ បុគ្គលម្នាក់ៗគួរគិតពិចារណាជម្រើសនីមួយៗ ហើយសម្រេចថាការព្យាបាលមួយណាជាជម្រើសល្អបំផុត។—សុភាសិត ១៤:១៥