លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Brais Seara/Moment via Getty Images

ចូរ​ចាំ​យាម!

គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ តើគម្ពីរចែងយ៉ាងណា?

គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ តើគម្ពីរចែងយ៉ាងណា?
  •   កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ សារ​ព័ត៌មាន​មួយ​បាន​រៀប​រាប់​ថា​៖​«​ប្រទេស​ចិន​រាយ​ការណ៍​ថា​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ដែល​ក្ដៅ​ជាង​គេ ហើយ​ជា​រដូវ​ក្ដៅ​ដែល​ស្ងួត​បំផុត​លើក​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​»​(​The Guardian​)។

  •   កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២២ ព័ត៌មាន​UN បាន​រៀប​រាប់​ថា​៖​«​តាម​ការ​ព្យាករណ៍​អាកាសធាតុ​បាន​រាយ​ការណ៍​ថា​ប្រទេស​ខ្លះ​នៅ​ទ្វីប​អាហ្វ្រិក នឹង​មាន​គ្រោះ​រាំង​ស្ងួត​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​»។

  •   កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២២ ព័ត៌មាន​BBC បាន​រាយ​ការណ៍​ថា​៖​«​នៅ​ទ្វីប​អឺរ៉ុប​មាន​គ្រោះ​រាំង​ស្ងួត​យ៉ាង​ខ្លាំង​រហូត​ដល់​២​ភាគ​៣​នៃ​ទ្វីប​នោះ ហើយ​ក្នុង​អំឡុង​៥០០​ឆ្នាំ នេះ​ទំនង​ជា​គ្រោះ​រាំង​ស្ងួត​ដ៏​ខ្លាំង​បំផុត​»។

 អ្នក​ជំនាញ​ជា​ច្រើន​បាន​ព្យាករ​ថា​គ្រោះ​រាំង​ស្ងួត​បែប​នោះ​នឹង​បន្ត​មាន ហើយ​នឹង​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ។ តើ​មាន​សេចក្ដី​សង្ឃឹម​នៅ​ថ្ងៃ​អនាគត​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ទំនាយ​គម្ពីរ​អំពី​គ្រោះ​រាំង​ស្ងួត

 គម្ពីរ​ប្រកាស​ទុក​ជា​មុន​អំពី​សម័យ​យើង​ថា​៖

  •  «​នឹង​មាន . . . ការ​អត់​ឃ្លាន . . . ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»។លូកា ២១:១១

 តាម​ធម្មតា ពេល​មាន​គ្រោះ​រាំង​ស្ងួត មាន​ការ​អត់​ឃ្លាន ហើយ​ការ​អត់​ឃ្លាន​នឹង​នាំ​ឲ្យ​មនុស្ស​រង​ទុក្ខ​ហើយ​ស្លាប់។ អ្វី​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ទំនាយ​ក្នុង​គម្ពីរ​ក្លាយ​ជា​ការ​ពិត។—ការ​បើក​បង្ហាញ ៦:៦,

មូលហេតុ​ដែល​មាន​គ្រោះ​រាំង​ស្ងួត​កាន់​តែ​ខ្លាំង​ឡើង

 គម្ពីរ​ប្រាប់​អំពី​មូលហេតុ​សំខាន់​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​កាន់​តែ​ខ្លាំង​ឡើង។ គម្ពីរ​ចែង​ថា​៖

  •  «​មនុស្ស . . . គ្មាន​សមត្ថភាព​តម្រង់​ជំហាន​របស់​ខ្លួន​»។យេរេមា ១០:២៣

 នេះ​មាន​ន័យ​ថា​មនុស្ស​មិន​អាច​«​តម្រង់​ជំហាន[​របស់​ពួក​គេ​]​»​ ពោល​គឺ​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ឡើយ។ ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​ពួក​គេ​ច្រើន​តែ​បណ្ដាល​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​និង​ការ​ខ្វះ​ទឹក។

  •   អ្នក​វិទ្យា​សាស្ត្រ​ភាគ​ច្រើន​យល់​ស្រប​ថា អ្វី​ដែល​មនុស្ស​បាន​ធ្វើ​គឺ​បង្ខូច​ពិភព​លោក​ទាំង​មូល ហើយ​ជា​លទ្ធផល​នាំ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​នៅ​ទូ​ទាំង​ពិភព​លោក។

  •   សកម្មភាព​របស់​មនុស្ស​លោភ​លន់​និង​គោល​នយោបាយ​ដែល​មិន​បាន​គិត​វែង​ឆ្ងាយ បាន​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ ការ​បង្ខូច​បរិស្ថាន និង​ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្មជាតិ​មិន​ត្រឹម​ត្រូវ។ ជា​លទ្ធផល នាំ​ឲ្យ​បាត់​បង់​ប្រភព​ធន​ធាន​ទឹក។

 ប៉ុន្តែ គម្ពីរ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង។

តើ​មាន​សេចក្ដី​សង្ឃឹម​នៅ​ថ្ងៃ​អនាគត​ទេ?

 គម្ពីរ​សន្យា​ថា​ព្រះ​នឹង​ដោះ​ស្រាយ​វិបត្តិ​ខ្វះ​ធន​ធាន​ទឹក។ តើ​តាម​របៀប​ណា?

  1.  ១. ព្រះ​នឹង​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​»។ (​ការ​បើក​បង្ហាញ ១១:១៨​) លោក​នឹង​ដក​ចេញ​នូវ​ដើម​ហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​ខ្វះ​ធន​ធាន​ទឹក ពោល​គឺ​មនុស្ស​អាក្រក់​និង​លោភ​លន់ ដែល​បង្ខូច​បរិស្ថាន។—ធីម៉ូថេ​ទី​២ ៣:១, ២

  2.  ២. «​ដី​ដែល​ហួត​ហែង​នឹង​ក្លាយ​ទៅ​ជា​បឹង​»។ (​អេសាយ ៣៥:១, ៦, ៧​) ព្រះ​នឹង​ធ្វើ​ឲ្យ​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​គ្រោះ​រាំង​ស្ងួត​បាន​ល្អ​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​ផែនដី​នេះ​ទៅ​ជា​សួន​ឧទ្យាន​ដែល​មាន​ធន​ធាន​ទឹក​គ្រប់​គ្រាន់។

  3.  ៣. «​លោក​ថែ​រក្សា​ផែនដី លោក​ធ្វើ​ឲ្យ​ផែនដី​បង្កើត​ភោគ​ផល​ល្អ​ៗ​យ៉ាង​បរិបូរ​»។ (​ចម្រៀង​សរសើរ​ព្រះ ៦៥:៩​) ដោយ​សារ​ព្រះ​ឲ្យ​ពរ នោះ​ផែនដី​នឹង​មាន​អាហារ​ល្អ​ៗ​ជា​បរិបូរ ព្រម​ទាំង​មាន​ទឹក​ស្អាត​សម្រាប់​មនុស្ស​ទាំង​អស់។