លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Ahmad Gharabli/AFP via Getty Images

ចូរ​ចាំ​យាម!

តើប្រជាជាតិនានាអាចសហការគ្នាបញ្ចៀសការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលមកពីបម្រែបម្រួលអាកាសធាតុឬទេ? តើគម្ពីរចែងយ៉ាងណា?

តើប្រជាជាតិនានាអាចសហការគ្នាបញ្ចៀសការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលមកពីបម្រែបម្រួលអាកាសធាតុឬទេ? តើគម្ពីរចែងយ៉ាងណា?

 កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កិច្ច​ប្រជុំ​មួយ​ស្ដី​អំពី​បម្រែ​បម្រួល​អាកាសធាតុ(​COP27​) ដែល​ធ្វើ​ឡើង​ដោយ​សម្ព័ន្ធ​ប្រជា​ជាតិ​បាន​ត្រូវ​បញ្ចប់។ ក្នុង​កិច្ច​ប្រជុំ​នោះ ពួក​អ្នក​ដឹក​នាំ​និង​ពួក​អ្នក​ជំនាញ បាន​ព្រម​ព្រៀង​គ្នា​ផ្ដល់​ជំនួយ​ជា​ថវិកា​ដល់​ប្រទេស​ក្រី​ក្រ ដើម្បី​ជួយ​ពួក​គេ​ដោះ​ស្រាយ​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ​ដែល​បណ្ដាល​មក​ពី​បម្រែ​បម្រួល​អាកាសធាតុ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​បាន​សារភាព​ថា​ការ​ធ្វើ​ដូច្នេះ នឹង​មិន​អាច​ដោះ​ស្រាយ​ទាំង​ស្រុង​នូវ​បញ្ហា​ដែល​មក​ពី​បម្រែ​បម្រួល​អាកាសធាតុ​នោះ​ទេ។

  •   កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ គុថេរិស បាន​ប្រាប់​ថា​៖​«​ខ្ញុំ​រីករាយ​ណាស់​ដែល​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ដល់​ជំនួយ​ជា​ថវិកា ដើម្បី​ជួយ​អស់​អ្នក​ដែល​រង​ទុក្ខ​ដោយ​សារ​បម្រែ​បម្រួល​អាកាសធាតុ។ ប៉ុន្តែ យើង​ដឹង​ថា​ជំនួយ​នេះ​នឹង​មិន​គ្រប់​គ្រាន់​ទេ . . . ព្រោះ​ភព​ផែនដី​យើង​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ដដែល​»។

  •   កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក​ស្រី​មេរី រ៉ូបីនសាន់ ដែល​ជា​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​អៀរឡង់ និង​ជា​អតីត​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​រៀប​រាប់​ថា​៖​«​មិន​យូរ​ទៀត ភព​ផែនដី​របស់​យើង​ប្រហែល​ជា​ជួប​នឹង​វិបត្តិ​ធ្ងន់​ធ្ងរ​ដែល​នឹង​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​មនុស្ស​ទាំង​អស់​»។

 ពួក​យុវវ័យ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​អនាគត​ភព​ផែនដី​របស់​យើង។ ប៉ុន្តែ តើ​ប្រជា​ជាតិ​នានា​អាច​រួម​គ្នា​សម្រេច​សេចក្ដី​សន្យា​របស់​ពួក​គេ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​ឬ​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​ប្រជា​ជាតិ​នានា​នឹង​រួប​រួម​គ្នា ហើយ​ជោគ​ជ័យ​ឬ​ទេ?

 គម្ពីរ​ប្រាប់​យើង​ថា​ទោះ​ជា​រដ្ឋាភិបាល​នានា​អាច​ដោះ​ស្រាយ​វិបត្តិ​អាកាសធាតុ​មួយ​កម្រិត​ក្ដី តែ​ពួក​គេ​នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​ទាំង​ស្រុង​បាន​ឡើយ។ សូម​កត់​សម្គាល់​នូវ​មូលហេតុ​ពីរ​យ៉ាង​៖

  •   ​«​អ្វី​ដែល​ក្ងិច​ក្ងក់​មិន​អាច​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន​ឡើយ​»។—អ្នក​ទូន្មាន ១:១៥

     មាន​ន័យ​ថា​៖ សមត្ថភាព​របស់​រដ្ឋាភិបាល​នានា​មាន​កម្រិត ព្រោះ​មនុស្ស​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ទេ។ (​យេរេមា ១០:២៣​) ទោះ​បី​ជា​ប្រជា​ជាតិ​នានា​អាច​រួប​រួម​គ្នា​ក៏​ពិត​មែន តែ​ពួក​គេ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ក្នុង​ពិភព​លោក​នេះ​បាន​ដដែល មិន​ថា​ពួក​គេ​ខំ​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។

  •   ​«​ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ . . . មិន​ព្រម​ស្រុះ​ស្រួល​គ្នា​»។—ធីម៉ូថេ​ទី​២ ៣:២, ៣

     មាន​ន័យ​ថា​៖ គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​យ៉ាង​ច្បាស់​ថា​មនុស្ស​ជា​ច្រើន​នៅ​សម័យ​យើង​នឹង​គិត​តែ​ប្រយោជន៍​ខ្លួន ហើយ​មិន​សុខ​ចិត្ត​សហការ​គ្នា​ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត​ឡើយ។

មូលហេតុ​ដែល​យើង​មាន​សង្ឃឹម

 ប៉ុន្តែ អនាគត​របស់​ភព​ផែនដី​យើង​មិន​ផ្អែក​ទៅ​លើ​សេចក្ដី​សន្យា​របស់​រដ្ឋាភិបាល​នានា​នោះ​ទេ។ ព្រះ​ឲ្យ​យើង​នូវ​បុគ្គល​ម្នាក់​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​គ្រប់​គ្រង​ពិភព​លោក គឺ​លោក​យេស៊ូ​គ្រិស្ត។ គម្ពីរ​បាន​ចែង​អំពី​លោក​ថា​៖

  •   ​«​អំណាច​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​គាត់។ គាត់​នឹង​ត្រូវ​ហៅ​ថា​ទី​ប្រឹក្សា​ដ៏​អស្ចារ្យ ព្រះ​ដ៏​ខ្លាំង​ក្លា បិតា​ជា​រៀង​រហូត និង​ម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត​»។—អេសាយ ៩:៦

 លោក​យេស៊ូ​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ​ឬ​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌។ (​ម៉ាថាយ ៦:១០​) លោក​មាន​អំណាច ប្រាជ្ញា ហើយ​មាន​បំណង​ថែ​រក្សា​ភព​ផែនដី​របស់​យើង​និង​អស់​អ្នក​ដែល​រស់​នៅ​ផែនដី។ (​ចម្រៀង​សរសើរ​ព្រះ ៧២:១២, ១៦​) ក្រោម​ការ​គ្រប់​គ្រង​របស់​លោក រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​នេះ​នឹង​បំផ្លាញ​អស់​អ្នក​ដែល​«​កំពុង​បង្ខូច​ផែនដី​»​ ហើយ​ធ្វើ​ឲ្យ​បរិស្ថាន​ផែនដី​ល្អ​ប្រសើរ​ឡើង​វិញ។—ការ​បើក​បង្ហាញ ១១:១៨; អេសាយ ៣៥:១,

 ដើម្បី​ស្វែង​យល់​ថែម​ទៀត​អំពី​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​បម្រែ​បម្រួល​អាកាសធាតុ សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ផល​វិបាក​ពី​បម្រែ​បម្រួល​អាកាសធាតុ តើ​គម្ពីរ​ចែង​យ៉ាង​ណា?​»។