លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសេចក្ដីពិតនៅតែសំខាន់ទេ?

តើសេចក្ដីពិតនៅតែសំខាន់ទេ?

 តាម​មើល​ទៅ សព្វ​ថ្ងៃ​នេះ​យើង​កាន់​តែ​ពិបាក​សម្គាល់​ថា​អ្វី​គឺ​ពិត​អ្វី​គឺ​មិន​ពិត មែន​ទេ? មនុស្ស​សព្វ​ថ្ងៃ​ហាក់​ដូច​ជា​ជឿ​អ្វី​ៗ​តាម​តែ​អារម្មណ៍​និង​គំនិត​របស់​ពួក​គេ ជា​ជាង​ជឿ​ទៅ​លើ​អ្វី​ដែល​ពិត​និង​ជាក់​ស្ដែង។ បច្ចុប្បន្ន​នេះ មនុស្ស​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក​ជឿ​ថា​គ្មាន​សេចក្ដី​ពិត​ទេ។

 ទស្សនៈ​នេះ​មិន​មែន​ជា​អ្វី​ថ្មី​ទេ។ ប្រមាណ​២.០០០​ឆ្នាំ​មុន អភិបាល​រ៉ូម​ឈ្មោះ​ប៉ុនទាស ពីឡាត បាន​សួរ​លោក​យេស៊ូ​ទាំង​សង្ស័យ​ថា​៖​«​តើ​សេចក្ដី​ពិត​ជា​អ្វី?​»។ (​យ៉ូហាន ១៨:៣៨​) ប៉ុន្តែ គាត់​មិន​បាន​រង់​ចាំ​ចម្លើយ​ពី​លោក​យេស៊ូ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី សំណួរ​របស់​គាត់​គឺ​សំខាន់។ គម្ពីរ​ផ្ដល់​ចម្លើយ​មួយ​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​លោក​អ្នក​ស្កប់​ចិត្ត ហើយ​គម្ពីរ​អាច​ជួយ​លោក​អ្នក​ឲ្យ​ដឹង​អំពី​អ្វី​ពិត​និង​អ្វី​មិន​ពិត​ដែល​មនុស្ស​ក្នុង​ពិភព​លោក​នេះ​បាន​ភាន់​ច្រឡំ។

តើ​មាន​សេចក្ដី​ពិត​ឬ​ទេ?

 ពិត​ជា​មាន។ គម្ពីរ​ប្រើ​ពាក្យ​«​សេចក្ដី​ពិត​»​សំដៅ​ទៅ​អ្វី​ដែល​មាន​មូលដ្ឋាន​លើ​ហេតុ​ការណ៍​ពិត ព្រម​ទាំង​ទៅ​លើ​អ្វី​ដែល​ត្រឹម​ត្រូវ​ខាង​សីលធម៌។ គម្ពីរ​បង្រៀន​ថា​ព្រះ​យេហូវ៉ា aជា​ប្រភព​នៃ​សេចក្ដី​ពិត​ទាំង​ស្រុង។ គម្ពីរ​ក៏​ហៅ​លោក​ថា​«​ព្រះ​នៃ​សេចក្ដី​ពិត​»។ (​ចម្រៀង​សរសើរ​ព្រះ ៣១:៥​) គម្ពីរ​មាន​សេចក្ដី​ពិត​ពី​ព្រះ។ គម្ពីរ​ប្រៀប​ប្រដូច​សេចក្ដី​ពិត​ទៅ​នឹង​ពន្លឺ ដែល​អាច​បំភ្លឺ​យើង​ពី​ការ​ភាន់​ច្រឡំ​ទាំង​អស់​ក្នុង​ពិភព​លោក​នេះ។—ចម្រៀង​សរសើរ​ព្រះ ៤៣:៣; យ៉ូហាន ១៧:១៧

តើ​លោក​អ្នក​អាច​រក​ឃើញ​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

 ព្រះ​មិន​ចង់​ឲ្យ​យើង​ជឿ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ទាំង​ងងឹត​ងងល់​ទេ។ ប៉ុន្តែ លោក​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ពិនិត្យ​មើល​គម្ពីរ​ដោយ​ប្រើ​សមត្ថភាព​រិះ​គិត មិន​មែន​ផ្អែក​លើ​អារម្មណ៍​របស់​យើង​ឡើយ។ (​រ៉ូម ១២:១​) លោក​ចង់​ឲ្យ​យើង​ស្គាល់​លោក​ច្បាស់ និង​ចង់​ឲ្យ​យើង​ស្រឡាញ់​លោក​«​អស់​ពី​គំនិត​»​ ហើយ​លោក​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រក​ហេតុ​ផល​ដើម្បី​ជឿ​ជាក់​ថា​អ្វី​ដែល​យើង​រៀន​ពី​គម្ពីរ​គឺ​ជា​សេចក្ដី​ពិត។—ម៉ាថាយ ២២:៣៧, ៣៨; សកម្មភាព ១៧:១១

តើ​ការ​កុហក​ផ្ដើម​មក​ពី​ណា?

 គម្ពីរ​ចែង​ថា​ការ​កុហក​បាន​ផ្ដើម​ចេញ​ពី​សត្រូវ​របស់​ព្រះ គឺ​មេ​កំណាច​សាថាន។ គម្ពីរ​បាន​ហៅ​វា​ថា​«​ឪពុក​នៃ​ការ​ភូត​ភរ​»។ (​យ៉ូហាន ៨:៤៤​) វា​បាន​និយាយ​កុហក​អំពី​ព្រះ​ដល់​មនុស្ស​ដំបូង។ (​ដើម​កំណើត ៣:១​-​៦, ១៣, ១៧​-​១៩; ៥:៥​) តាំង​ពី​ពេល​នោះ​មក សាថាន​បាន​បន្ត​ផ្សាយ​ពាក្យ​កុហក​និង​លាក់​បាំង​សេចក្ដី​ពិត​អំពី​ព្រះ។—ការ​បើក​បង្ហាញ ១២:៩

ហេតុ​អ្វី​សព្វ​ថ្ងៃ​នេះ​មាន​ការ​កុហក​ច្រើន​ម្ល៉េះ?

 នៅ​សម័យ​យើង​ដែល​គម្ពីរ​ហៅ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ សាថាន​កំពុង​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស ហើយ​កំពុង​បំភាន់​ពួក​គេ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់។ ជា​ទូទៅ មនុស្ស​និយាយ​កុហក​ដើម្បី​បំភាន់​និង​ទាញ​ប្រយោជន៍​ពី​អ្នក​ឯ​ទៀត។ (​ធីម៉ូថេ​ទី​២ ៣:១, ១៣​) សព្វ​ថ្ងៃ​នេះ នៅ​ក្នុង​សាសនា​ភាគ​ច្រើន​ក៏​មាន​ការ​កុហក​ដែរ។ ដូច​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​សម័យ​របស់​យើង មនុស្ស​«​ប្រមូល​ពួក​អ្នក​បង្រៀន​ដែល​និយាយ​អ្វី​ដែល​ពួក​គេ​ចង់​ស្ដាប់​»​ ហើយ​សម្រេច​ចិត្ត​«​ឈប់​ស្ដាប់​សេចក្ដី​ពិត​»។—ធីម៉ូថេ​ទី​២ ៤:៣, ៤

ហេតុ​អ្វី​សេចក្ដី​ពិត​សំខាន់​ម្ល៉េះ?

 មនុស្ស​ត្រូវ​ការ​សេចក្ដី​ពិត​ដើម្បី​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​គ្មាន​សេចក្ដី​ពិត​ទេ មិត្តភាព​និង​សង្គម​មនុស្ស​ច្បាស់​ជា​បែក​បាក់​គ្នា​មិន​ខាន។ គម្ពីរ​រៀប​រាប់​ថា​ព្រះ​ចង់​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​មាន​មូលដ្ឋាន​ទៅ​លើ​សេចក្ដី​ពិត។ គម្ពីរ​ចែង​ថា​៖​«​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍[​ព្រះ​] ត្រូវ​តែ​គោរព​ប្រណិប័តន៍​ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»។ (​យ៉ូហាន ៤:២៤​) ដើម្បី​ស្វែង​យល់​អំពី​របៀប​ដែល​សេចក្ដី​ពិត​អាច​ជួយ​លោក​អ្នក​សម្គាល់​ពាក្យ​កុហក​ក្នុង​សាសនា​និង​រួច​ផុត​ពី​ពាក្យ​កុហក​ទាំង​នោះ សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ពាក្យ​កុហក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ស្រឡាញ់​ព្រះ​»។

ហេតុ​អ្វី​ព្រះ​ចង់​ឲ្យ​ខ្ញុំ​ស្គាល់​សេចក្ដី​ពិត?

 ព្រះ​ចង់​ឲ្យ​លោក​អ្នក​រស់​ជា​រៀង​រហូត ហើយ​ដើម្បី​អាច​ទទួល​បាន​ជីវិត​ដូច​នេះ អ្នក​ត្រូវ​រៀន​សេចក្ដី​ពិត​អំពី​លោក។ (​ធីម៉ូថេ​ទី​១ ២:៤​) បើ​លោក​អ្នក​រៀន​ខ្នាត​តម្រា​របស់​ព្រះ​ស្ដី​អំពី​អ្វី​ខុស​និង​អ្វី​ត្រូវ ហើយ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​នោះ លោក​អ្នក​នឹង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក។ (​ចម្រៀង​សរសើរ​ព្រះ ១៥:១, ២​) ម្ល៉ោះ​ហើយ ព្រះ​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី ដើម្បី​ជួយ​មនុស្ស​ឲ្យ​ស្គាល់​សេចក្ដី​ពិត។ ព្រះ​ចង់​ឲ្យ​យើង​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ។—ម៉ាថាយ ១៧:៥; យ៉ូហាន ១៨:៣៧

តើ​ព្រះ​នឹង​បំបាត់​ចោល​ការ​កុហក​ឬ​ទេ?

 លោក​នឹង​បំបាត់​ចោល​មែន។ ព្រះ​ស្អប់​ការ​កុហក ជា​ពិសេស​ពេល​ដែល​មនុស្ស​កុហក​អ្នក​ឯ​ទៀត​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍។ ព្រះ​បាន​សន្យា​ថា លោក​នឹង​បំបាត់​ចោល​អស់​អ្នក​ដែល​មិន​ព្រម​ឈប់​និយាយ​កុហក​ចេញ​ពី​ផែន​ដី។ (​ចម្រៀង​សរសើរ​ព្រះ ៥:៦​) ពេល​លោក​ធ្វើ​ដូច្នោះ សេចក្ដី​សន្យា​មួយ​ទៀត​របស់​លោក​ក៏​នឹង​សម្រេច​ដែរ គឺ​ថា​៖​«​មាត់​ដែល​ពោល​ពាក្យ​ពិត​នឹង​នៅ​ជាប់​ជា​រៀង​រហូត​»។—សុភាសិត ១២:១៩

a យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា«តើ​ព្រះ​យេហូវ៉ា​ជា​នរណា?»។