ចូរចាំយាម!
ក្រុមអ្នកវិទ្យាសាស្ត្របង្វិលទ្រនិចនាឡិកានៃការហិនវិនាសពិភពលោកឲ្យកៀកចំណុចចុងក្រោយ តើគម្ពីរចែងយ៉ាងណា?
កាលពីថ្ងៃអង្គារទី២៤ ខែមករា ឆ្នាំ២០២៣ ក្រុមអ្នកវិទ្យាសាស្ត្របានបង្វិលទ្រនិចនាឡិកានៃការហិនវិនាសពិភពលោក aឲ្យកាន់តែកៀកចំណុចចុងក្រោយនៃពិភពលោកនេះ(ក្នុងន័យធៀបម៉ោង១២ពាក់កណ្ដាលអធ្រាត្រ)។
ព័ត៌មានអន្តរជាតិមួយបានរៀបរាប់ថា៖«‹នាឡិកានៃការហិនវិនាស›ជាតំណាងការវិនាសហិនហោចនៃមនុស្សជាតិ។ នៅថ្ងៃអង្គារនោះ ក្រុមអ្នកវិទ្យាសាស្ត្របានបង្វិលទ្រនិចនាឡិកានៃការហិនវិនាសពិភពលោក ឲ្យចូលកាន់តែកៀកនឹងចំណុចពាក់កណ្ដាលអធ្រាត្រក្នុងន័យធៀប នេះគឺដោយសារមានព្រឹត្តិការណ៍ផ្សេងៗកើតឡើង ដូចជាសង្គ្រាមនៅអ៊ុយក្រែន ការខ្លាចផ្ទុះសង្គ្រាមនុយក្លេអ៊ែរ និងការប្រកាសអាសន្ននៃបម្រែបម្រួលអាកាសធាតុជាដើម»(AFP International Text Wire)។
ព័ត៌មានABC បានរៀបរាប់ថា៖«ក្រុមអ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់នៅថ្ងៃអង្គារនោះថា‹នាឡិកានៃការហិនវិនាសពិភពលោក› បានរំកិលដល់៩០វិនាទី មុនចំណុចពាក់កណ្ដាលអធ្រាត្រ ពោលគឺជាចំណុចជិតបំផុតនៃការវិនាសពិភពលោក»។
សារព័ត៌មានThe Guardian បានរៀបរាប់ថា៖«ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានព្រមានថា មនុស្សជាតិទំនងជាកំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងជាងពេលណាៗទាំងអស់»។
តើមនុស្សយើងនិងភពផែនដីនឹងត្រូវបំផ្លាញឬ? តើយើងត្រូវខ្លាចចំពោះអ្វីដែលនឹងកើតឡើងឬទេ? តើគម្ពីរចែងយ៉ាងណា?
តើអនាគតនឹងទៅជាយ៉ាងណា?
គម្ពីរចែងថា៖«ផែនដីនៅស្ថិតស្ថេរជារៀងរហូត» ហើយមនុស្ស«នឹងរស់នៅផែនដីជារៀងរហូត»។ (អ្នកទូន្មាន ១:៤; ចម្រៀងសរសើរព្រះ ៣៧:២៩) ដូច្នេះ មនុស្សនឹងមិនបំផ្លាញផែនដី ឬធ្វើឲ្យផែនដីលែងអាចទ្រទ្រង់ជីវិតបានទៀតនោះឡើយ។
ប៉ុន្តែ គម្ពីរបានបញ្ជាក់ប្រាប់អំពីទីបញ្ចប់។ ជាឧទាហរណ៍ គម្ពីរចែងថា៖«ពិភពលោកនេះ . . . កំពុងឈានទៅរកការសាបសូន្យ»។—យ៉ូហានទី១ ២:១៧
ដើម្បីស្វែងយល់អត្ថន័យនូវអ្វីដែលគម្ពីរចែងស្ដីអំពីទីបញ្ចប់នៃពិភពលោកនេះ សូមអានអត្ថបទដែលមានចំណងជើងថា«តើពិភពលោកនេះជិតដល់ទីបញ្ចប់ឬ? តើទីបញ្ចប់នៃពិភពលោកជាអ្វី?»។
ដើម្បីស្វែងយល់នូវអ្វីដែលគម្ពីរចែងអំពីពេលវេលានៃព្រឹត្តិការណ៍ពិភពលោកដែលកំពុងកើតឡើង សូមអានអត្ថបទដែលមានចំណងជើងថា«តើពិភពលោកនេះដល់ទីបញ្ចប់នៅពេលណា?»។
ចូររក្សាចិត្តគំនិតវិជ្ជមាន
គម្ពីរអាចជួយយើងឲ្យរក្សាចិត្តគំនិតវិជ្ជមាន ទោះជាមានបញ្ហាផ្សេងៗក្នុងពិភពលោកក៏ដោយ។ តើតាមរបៀបណា?
គម្ពីរផ្ដល់ដំបូន្មានល្អៗដែលអាចជួយយើងក្នុងជីវិតប្រចាំថ្ងៃ។ (ធីម៉ូថេទី២ ៣:១៦, ១៧) ជាឧទាហរណ៍ សូមអានអត្ថបទដែលមានចំណងជើងថា«របៀបគ្រប់គ្រងអារម្មណ៍ភ័យព្រួយ»ដើម្បីស្វែងយល់នូវរបៀបដែលគម្ពីរអាចជួយលោកអ្នកឲ្យរក្សាចិត្តគំនិតវិជ្ជមានទោះជាមានការពិបាកក្នុងជីវិតក្ដី។
គម្ពីរផ្ដល់សេចក្ដីសង្ឃឹមពិតសម្រាប់ថ្ងៃអនាគត។ (រ៉ូម ១៥:៤) គម្ពីរពន្យល់យ៉ាងត្រឹមត្រូវនូវមូលហេតុដែលយើងអាចមានសង្ឃឹមនៅសព្វថ្ងៃនិងនៅអនាគត ហើយនោះអាចជួយយើងឲ្យមានទំនុកចិត្តក្នុងការប្រឈមមុខនឹងព្រឹត្តិការណ៍ដែលកើតឡើងក្នុងពិភពលោកសព្វថ្ងៃនេះ។
ដើម្បីទទួលប្រយោជន៍ច្រើនបំផុតពីគម្ពីរ យើងសូមអញ្ជើញលោកអ្នកយ៉ាងកក់ក្ដៅឲ្យទាក់ទងយើងដើម្បីសាកល្បងវគ្គសិក្សាគម្ពីរដោយឥតគិតថ្លៃនៅថ្ងៃនេះ។
a ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា៖«នាឡិកានៃការហិនវិនាសពិភពលោក គឺជាសញ្ញាដែលព្រមានមនុស្សទូទៅឲ្យដឹងថាបច្ចេកវិទ្យាដែលជាស្នាដៃរបស់មនុស្ស កំពុងជិតបំផ្លិចបំផ្លាញពិភពលោកយើងទាំងមូលហើយ។ នាឡិកានេះរំលឹកយើងអំពីបញ្ហាដែលយើងត្រូវដោះស្រាយ បើយើងចង់រស់នៅយូរអង្វែងលើភពផែនដី(Bulletin of the Atomic Scientists)។