បើអ្នកបាត់បង់ការងារ តើគោលការណ៍គម្ពីរអាចជួយអ្នកឬទេ?
ការបាត់បង់ការងារមិនគ្រាន់តែធ្វើឲ្យមានបញ្ហាខាងលុយកាក់ប៉ុណ្ណោះទេ តែក៏ធ្វើឲ្យអ្នកពិបាកចិត្តនិងព្រួយបារម្ភដែរ។ សូមពិចារណាយោបល់ខាងក្រោមនេះដែលអាចជួយអ្នកបាន។ យោបល់នេះមានមូលដ្ឋានពីគោលការណ៍គម្ពីរដែលប្រកបដោយប្រាជ្ញា។
ប្រាប់អ្នកឯទៀតអំពីអារម្មណ៍របស់អ្នក។
គម្ពីររៀបរាប់ថា៖«មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា»។—សុភាសិត ១៧:១៧
ក្រោយពីបាត់បង់ការងារ អ្នកប្រហែលជាក្រៀមក្រំចិត្ត មួម៉ៅ មានអារម្មណ៍ច្របូកច្របល់ ឬប្រហែលជាគិតថាខ្លួនគ្មានបានការ។ ពេលដែលអ្នកប្រាប់អារម្មណ៍របស់អ្នកដល់ក្រុមគ្រួសារ មិត្តភក្ដិជិតស្និទ្ធ ពួកគេអាចជួយអ្នកឲ្យមានអារម្មណ៍ល្អជាង។ ពួកគេអាចឲ្យយោបល់ល្អដែលអាចជួយអ្នកឲ្យរកការងារថ្មីបាន។
កុំខ្វល់ខ្វាយហួសហេតុពេក។
គម្ពីររៀបរាប់ថា៖«កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក»។—ម៉ាថាយ ៦:៣៤
គម្ពីរលើកទឹកចិត្តយើងឲ្យរៀបគម្រោងសម្រាប់ថ្ងៃអនាគត។ (សុភាសិត ២១:៥) ប៉ុន្តែ គម្ពីរក៏លើកទឹកចិត្តយើងដែរ កុំឲ្យខ្វល់ខ្វាយហួសហេតុពេកអំពីអនាគត។ ជាញឹកញយ យើងខ្វល់ខ្វាយអំពីអ្វីដែលប្រហែលជាមិនកើតឡើងទេ។ ជាការល្អឲ្យយើងគិតតែមួយថ្ងៃៗ។
គម្ពីរក៏ផ្ដល់យោបល់ថែមទៀតដែលប្រកបដោយប្រាជ្ញាអំពីរបៀបកាត់បន្ថយការតានតឹងចិត្ត។ ដើម្បីដឹងថែមទៀត សូមអានអត្ថបទដែលមានចំណងជើងថា«តើអ្នកអាចធ្វើអ្វីពេលមានការតានតឹងចិត្ត?»។
កែប្រែរបៀបចំណាយរបស់អ្នក។
គម្ពីររៀបរាប់ថា៖«ខ្ញុំបានរៀន . . . អំពីរបៀបស្កប់ចិត្ត . . . ទោះជាមានបរិបូរ ឬខ្វះខាតក្ដី»។—ភីលីព ៤:១២
កែប្រែការចំណាយរបស់អ្នក។ នេះរួមបញ្ចូលការកែប្រែរបៀបចំណាយរបស់អ្នក ដើម្បីអ្នកមិនចំណាយលើសពីអ្វីដែលអ្នកមាន។ សូមប្រយ័ត្នកុំខ្ចីលុយបើមិនចាំបាច់។—សុភាសិត ២២:៧
ដើម្បីបានយោបល់បន្ថែមទៀត អំពីរបៀបកែប្រែការចំណាយឲ្យស្របនឹងចំនួនលុយដែលអ្នកកំពុងមាន សូមមើលអត្ថបទ«របៀបកាត់បន្ថយចំណាយ»។
ប្រើពេលវេលារបស់អ្នកដោយប្រាជ្ញា។
គម្ពីររៀបរាប់ថា៖«ចូរបន្តប្រព្រឹត្ត . . . ដោយប្រាជ្ញា និងចូរប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»។—កូឡុស ៤:៥
ទោះជាអ្នកលែងមានការងារធ្វើទៀតក្ដី សូមបន្តមានទម្លាប់ល្អក្នុងការប្រើពេលវេលារបស់អ្នក។ ការធ្វើដូចនេះ នឹងជួយអ្នករក្សាលំនឹងក្នុងជីវិត ហើយធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាងចំពោះខ្លួនឯង។
ចេះប្រែប្រួល។
គម្ពីររៀបរាប់ថា៖«អស់ទាំងការងារនឿយហត់សុទ្ធតែមានប្រយោជន៍»។—សុភាសិត ១៤:២៣
សូមសុខចិត្តធ្វើកិច្ចការផ្សេងដែលខុសពីការងារដែលអ្នកធ្លាប់ធ្វើពីមុន។ អ្នកប្រហែលជាត្រូវគិតអំពីការងារដែលមើលទៅតូចតាច ឬប្រហែលជាទទួលប្រាក់ខែតិចជាងការងារដែលអ្នកធ្លាប់ធ្វើពីមុន។
ចេះតស៊ូ។
គម្ពីររៀបរាប់ថា៖«ចូរសាបព្រោះគ្រាប់ពូជរបស់អ្នកនៅពេលព្រឹក ហើយកុំឈប់ឡើយរហូតដល់ពេលល្ងាច។ ព្រោះអ្នកមិនដឹងថាមួយណានឹងកើតផលទេ»។—អ្នកទូន្មាន ១១:៦
សូមបន្តស្វែងរកការងារ។ សូមប្រាប់គេថាអ្នកកំពុងរកការងារ។ សូមនិយាយជាមួយសាច់ញាតិ មនុស្សដែលអ្នកស្គាល់ អ្នកធ្លាប់ធ្វើការជាមួយគ្នា ឬអ្នកជិតខាង។ សូមឆែកជាមួយភ្នាក់ងាររកការងារធ្វើ មើលការផ្សាយពាណិជ្ជកម្ម និងមើលគេហទំព័រក្រុមហ៊ុនផ្សេងៗដែលត្រូវការបុគ្គលិក។ សូមត្រៀមខ្លួនជាស្រេចដើម្បីទៅសម្ភាសការងារ។ សូមសរសេរបទពិសោធន៍ផ្សេងៗដែលអ្នកធ្លាប់មានក្នុងប្រវត្តិរូបសង្ខេបមុនអ្នកដាក់ពាក្យសុំធ្វើការ។