តើពេលណាលែងមានអំពើពុករលួយទៀត?
អំពើពុករលួយគឺជាបញ្ហាមួយដែលមាននៅទូទាំងពិភពលោក ហើយនេះជាបញ្ហាធ្ងន់ធ្ងរទៀតផង។ a ជាឧទាហរណ៍ ក្នុងអំឡុងពេលមានរោគរាតត្បាតកូវីដ-១៩ មន្ត្រីនៅក្នុងប្រទេសជាច្រើនបានត្រូវគេចោទប្រកាន់ថា បានយកប្រាក់ជំនួយដែលផ្ដល់ឲ្យដើម្បីប្រយុទ្ធប្រឆាំងនឹងរោតរាតត្បាត ទៅចែកគ្នីគ្នារហូតដល់ក្លាយជាអ្នកមាន។ ដោយសារអំពើពុករលួយនេះ បានបណ្ដាលឲ្យមនុស្សជាច្រើនមិនបានទទួលការព្យាបាល ហើយជាលទ្ធផល មានមនុស្សជាច្រើនបានរងទុក្ខនិងស្លាប់។
ឥទ្ធិពលដែលមកពីអំពើពុករលួយពីរដ្ឋាភិបាលគឺខ្លាំងក្លាណាស់។ លោកដាវីឌ ខេមរិន អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បានរៀបរាប់ថា៖«អំពើពុករលួយគឺប្រៀបដូចជាសំណាញ់ពីងពាងដ៏ធំ ហើយប្រទេសទាំងអស់គឺកំពុងជាប់នៅក្នុងសំណាញ់នោះ»។
ប៉ុន្តែ យើងអាចជឿជាក់ថាមិនយូរទៀត អំពើពុករលួយទាំងអស់នឹងលែងមានទៀត។ ហេតុអ្វី? សូមកត់សម្គាល់ថាតើគម្ពីរចែងយ៉ាងណាអំពីអ្វីដែលព្រះនឹងធ្វើ។
ហេតុអ្វីយើងដឹងថាព្រះនឹងចាត់វិធានការបំបាត់អំពើពុករលួយ?
គម្ពីរកត់ទុកប្រសាសន៍របស់ព្រះថា៖«ខ្ញុំគឺយេហូវ៉ា ខ្ញុំស្រឡាញ់យុត្តិធម៌ ខ្ញុំស្អប់ការលួចប្លន់និងអំពើទុច្ចរិតខ្លាំងណាស់»។ b (អេសាយ ៦១:៨) ពេលមនុស្សរងទុក្ខដោយសារអំពើពុករលួយរបស់អ្នកឯទៀត ព្រះដឹងអំពីរឿងនោះ។ (សុភាសិត ១៤:៣១) លោកសន្យាថា៖«ដោយសារមនុស្សរងទុក្ខត្រូវគេសង្កត់សង្កិន . . . ខ្ញុំនឹងក្រោកឡើងចាត់វិធានការ»។—ចម្រៀងសរសើរព្រះ ១២:៥
តើព្រះនឹងធ្វើយ៉ាងណា? លោកមិនកែទម្រង់រដ្ឋាភិបាលដែលមាននៅសព្វថ្ងៃនេះទេ។ ផ្ទុយទៅវិញ លោកនឹងដករដ្ឋាភិបាលទាំងនេះចេញ ហើយប្ដូរជំនួសដោយរដ្ឋាភិបាលរបស់លោកផ្ទាល់តែម្ដង។ រដ្ឋាភិបាលនេះស្ថិតនៅស្ថានសួគ៌ដែលហៅថា«រាជាណាចក្ររបស់ព្រះ»។ (ម៉ាកុស ១:១៤, ១៥; ម៉ាថាយ ៦:១០) គម្ពីរចែងថា៖«ព្រះនៃស្ថានសួគ៌នឹងតាំងរាជាណាចក្រមួយឡើងដែល . . . នឹងបំបាក់បំបែក ថែមទាំងកម្ទេចរាជាណាចក្រ[ឯទៀត]ទាំងអស់ . . . ឲ្យសាបសូន្យទៅ ហើយមានតែរាជាណាចក្រនេះប៉ុណ្ណោះនឹងស្ថិតស្ថេរជារៀងរហូត»។ (ដានីយ៉ែល ២:៤៤) តាមវិធីនេះ លោកនឹងបំបាត់ចោលអំពើពុករលួយដែលយើងឃើញនៅសព្វថ្ងៃនេះ។
រដ្ឋាភិបាលមួយដែលគ្មានអំពើពុករលួយ
តើតាមរបៀបណាយើងដឹងថារដ្ឋាភិបាលរបស់ព្រះនឹងគ្មានអំពើពុករលួយ? សូមពិចារណាចំណុចដូចតទៅ៖
១. អំណាចគ្រប់គ្រង។ រាជាណាចក្រព្រះទទួលអំណាចគ្រប់គ្រងពីព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។—ការបើកបង្ហាញ ១១:១៥
ហេតុអ្វីសំខាន់? ដើម្បីកាន់អំណាច រដ្ឋាភិបាលមនុស្សពឹងផ្អែកទៅលើប្រាក់ដែលពលរដ្ឋរបស់ពួកគេផ្ដល់ឲ្យ។ ជាញឹកញយ នេះបើកឱកាសឲ្យមានអំពើពុករលួយ ការលួចប្លន់ និងការគាបសង្កត់។ ប៉ុន្តែ រាជាណាចក្រព្រះគឺគាំទ្រដោយព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុត ហេតុនេះ រាជាណាចក្រព្រះតែងតែមានលទ្ធភាពផ្គត់ផ្គង់ឲ្យនូវអ្វីដែលរាស្ត្រត្រូវការ។—ចម្រៀងសរសើរព្រះ ១៤៥:១៦
២. អ្នកគ្រប់គ្រង។ ព្រះបានតែងតាំងលោកយេស៊ូគ្រិស្តឲ្យធ្វើជាអ្នកគ្រប់គ្រងរាជាណាចក្រនោះ។—ដានីយ៉ែល ៧:១៣, ១៤
ហេតុអ្វីសំខាន់? សូម្បីតែមនុស្សដែលជាអ្នកគ្រប់គ្រងដ៏ល្អបំផុតក្ដី ពួកគេប្រហែលជាងាយទទួលឥទ្ធិពលពីអ្នកឯទៀត ហើយធ្វើខុស។ (អ្នកទូន្មាន ៧:២០) ផ្ទុយទៅវិញ លោកយេស៊ូបានបង្ហាញថាលោកមិនអាចទទួលសំណូកឡើយ។ (ម៉ាថាយ ៤:៨-១១) បន្ថែមទៅទៀត លោកតែងតែបង្ហាញសេចក្ដីស្រឡាញ់យ៉ាងស្មោះចំពោះរាស្ត្រលោក ហើយលោកពិតជាយកចិត្តទុកដាក់នឹងសុខទុក្ខរបស់ពួកគេ។—ចម្រៀងសរសើរព្រះ ៧២:១២-១៤
៣. ច្បាប់។ ច្បាប់នៃរាជាណាចក្រព្រះគឺល្អឥតខ្ចោះ ថែមទាំងធ្វើឲ្យអ្នកដែលគោរពតាមច្បាប់ទាំងនោះមានអំណរទៀតផង។—ចម្រៀងសរសើរព្រះ ១៩:៧, ៨
ហេតុអ្វីសំខាន់? ច្បាប់ដែលមនុស្សបង្កើតច្រើនតែស្មុគស្មាញ ដាក់សម្ពាធ ឬបង្ខិតបង្ខំ។ ហេតុនេះនាំឲ្យមានអំពើពុករលួយ។ ផ្ទុយទៅវិញ ច្បាប់របស់រាជាណាចក្រព្រះគឺស្រួលធ្វើតាម និងផ្ដល់ប្រយោជន៍ដល់អ្នកដែលធ្វើតាម។ (អេសាយ ៤៨:១៧, ១៨) បន្ថែមទៅទៀត ច្បាប់ទាំងនេះមិនគ្រាន់តែទាក់ទងនឹងការប្រព្រឹត្តប៉ុណ្ណោះទេ តែក៏ទាក់ទងនឹងបំណងចិត្តផងដែរ។ (ម៉ាថាយ ២២:៣៧, ៣៩) ពិតណាស់ ព្រះដឹងថាក្នុងចិត្តយើងគិតអ្វី ហើយលោកអាចធ្វើឲ្យប្រាកដថាច្បាប់ទាំងនោះបានត្រូវអនុវត្តដោយក្ដីអាណិតអាសូរ។—យេរេមា ១៧:១០
យើងសូមអញ្ជើញលោកអ្នករៀនថែមទៀតអំពីសេចក្ដីសន្យាក្នុងគម្ពីរអំពីអនាគតដែលគ្មានអំពើពុករលួយ។
សូមអានអត្ថបទដែលមានចំណងជើងថា«រាជាណាចក្រព្រះជារដ្ឋាភិបាលដែលគ្មានអំពើពុករលួយ» ដើម្បីរៀនថែមទៀតអំពីមូលហេតុបីយ៉ាងដែលរាជាណាចក្រព្រះនឹងមិនអាចពុករលួយទាល់តែសោះ។
សូមទស្សនាវីដេអូតើរាជាណាចក្ររបស់ព្រះជាអ្វី? ដើម្បីរៀនថែមទៀតអំពីរដ្ឋាភិបាលព្រះនិងអ្វីដែលរដ្ឋាភិបាលនោះនឹងសម្រេចនៅផែនដី។
សូមសាករៀនជាមួយយើងនូវវគ្គសិក្សាគម្ពីរដោយឥតគិតថ្លៃ ដើម្បីមើលថាតើលោកអ្នកអាចទទួលប្រយោជន៍អ្វីខ្លះពីសេចក្ដីសន្យាក្នុងគម្ពីរ។
a យោងទៅតាមអត្ថន័យមួយអំពីពាក្យ«អំពើពុករលួយ» មានន័យថាការប្រើអំណាចដែលខ្លួនមានដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន។
b យេហូវ៉ាគឺជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។