តើជីវិតកើតមកពីណា?
តើអ្នកនឹងឆ្លើយយ៉ាងណា?
ជីវិតគឺមកពី...
ក. ការវិវត្តន៍
ខ. ការបង្កើត
មនុស្សខ្លះគិតថា អ្នកដែលជឿលើវិទ្យាសាស្ត្រនឹងរើសយក«ការវិវត្តន៍»ហើយអ្នកដែលជឿលើសាសនានឹងរើសយក«ការបង្កើត»។
ប៉ុន្តែ នេះមិនតែងតែដូច្នេះទេ។
តាមការពិត អ្នកដែលបានរៀនខ្ពស់ជាច្រើននាក់ រួមបញ្ចូលពួកអ្នកវិទ្យាសាស្ត្រមួយចំនួន ក៏សង្ស័យទៅលើការវិវត្តន៍ដែរ។
សូមពិចារណាអំពីសាស្ដ្រាចារ្យម្នាក់ឈ្មោះ ជឺរ៉ាត់ ជាអ្នកសិក្សាខាងសត្វល្អិតដែលបានរៀនអំពីការវិវត្តន៍នៅមហាវិទ្យាល័យ បានរៀបរាប់ថា៖«ពេលខ្ញុំប្រឡង ខ្ញុំគ្រាន់តែសរសេរចម្លើយតាមអ្វីដែលគ្រូបានបង្រៀនប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនជឿលើអ្វីដែលខ្ញុំបានរៀនទេ»។
ហេតុអ្វីសូម្បីតែបុគ្គលខ្លះដែលជឿលើវិទ្យាសាស្ត្រ ពិបាកជឿថាជីវិតមានដើមកំណើតមកពីការវិវត្តន៍? ដើម្បីឆ្លើយសំណួរនេះ សូមពិចារណាសំណួរពីរយ៉ាងដែលធ្វើឲ្យអ្នកស្រាវជ្រាវជាច្រើននាក់ទាល់គំនិត: (១)តើជីវិតចាប់ផ្ដើមមានដោយរបៀបណា? និង (២)តើអ្វីៗដែលមានជីវិតបានត្រូវបង្កើតតាមរបៀបណា?
តើជីវិតចាប់ផ្ដើមមានដោយរបៀបណា?
អ្វីដែលមនុស្សខ្លះនិយាយ។ ជីវិតបានត្រូវបង្កើតឡើងដោយឯកឯង ពីធាតុដែលគ្មានជីវិត។
មូលហេតុដែលមនុស្សខ្លះមិនអស់ចិត្តចំពោះចម្លើយនេះ។ អ្នកវិទ្យាសាស្ត្រស្គាល់ច្រើនជាងពីមុន អំពីគីមីវិទ្យា និងទម្រង់ម៉ូលេគុលនៃធាតុដែលមានជីវិត យ៉ាងណាក៏ដោយ ពួកគេនៅតែមិនអាចពណ៌នាច្បាស់លាស់ថាជីវិតជាអ្វីទេ។ កោសិកាមួយដែលមានជីវិត និងធាតុមួយដែលគ្មានជីវិត គឺខុសគ្នាឆ្ងាយណាស់។
អ្នកវិទ្យាសាស្ត្រគ្រាន់តែអាចប៉ាន់ស្មានអំពីស្ថានភាពនៅលើផែនដី រាប់ពាន់លានឆ្នាំមុនប៉ុណ្ណោះ។ ពួកគេមានទស្សនៈផ្សេងៗគ្នាអំពីកន្លែងដែលជីវិតចាប់ផ្ដើមមានឡើង មិនថានៅក្នុងភ្នំភ្លើង ឬនៅក្រោមបាតសមុទ្រក្ដី។ អ្នកឯទៀតគិតថា ជីវិតបានត្រូវបង្កើតមកដោយការលាយសមាសធាតុផ្សេងៗបញ្ចូលគ្នា រួចបង្កើតបានជាជីវិត គេគិតថាធាតុផ្សេងៗបានកកើតឡើងនៅកន្លែងណាមួយក្នុងសកលលោក ហើយប្រមូលផ្ដុំគ្នានៅក្នុងអាចម៍ផ្កាយ បន្ទាប់មកវាធ្លាក់មកលើផែនដី ហើយបង្កើតជាជីវិត។ ប៉ុន្តែ យ៉ាងណាក៏ដោយ នេះមិនផ្ដល់ចម្លើយចំពោះសំណួរដែលថា តើជីវិតកើតមកពីណាទេ។
អ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថា ធាតុដែលមានជីវិតក្នុងម៉ូលេគុលក្លាយទៅជាហ្សែន ដូចដែលយើងដឹងនៅសព្វថ្ងៃនេះ។ ម៉ូលេគុលទាំងនេះហាក់ដូចជាកើតមានឡើងដោយឯកឯងពីធាតុដែលគ្មានជីវិត ហើយបំបែកខ្លួនដោយឯកឯងមែន។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រមិនបានរកឃើញភ័ស្តុតាងដែលបង្ហាញថា ម៉ូលេគុលទាំងនេះធ្លាប់មានជីវិត ហើយក៏មិនធ្លាប់មានអ្នកវិទ្យាសាស្ត្រណាម្នាក់ អាចបង្កើតម៉ូលេគុលណាមួយក្នុងទីពិសោធន៍ឡើយ។
អ្វីៗដែលមានជីវិតគឺពិសេស ដោយសាររបៀបដែលវាផ្ទុកព័ត៌មាន និងប្រើព័ត៌មាន។ កោសិកាផ្ដល់ព័ត៌មាន និងកោសិកាបកប្រែធ្វើតាមការណែនាំដែលមាននៅក្នុងហ្សែន។ អ្នកវិទ្យាសាស្ត្រខ្លះប្រដូចហ្សែនទៅនឹងប្រូក្រាមកុំព្យូទ័រ ហើយប្រដូចកោសិកានៃទម្រង់គីមីវិទ្យាទៅនឹងគ្រឿងកុំព្យូទ័រ។ ប៉ុន្តែ ការវិវត្តន៍មិនអាចពន្យល់ប្រភពព័ត៌មានដែលមាននៅក្នុងហ្សែនបានទេ។
ម៉ូលេគុលប្រូតេអ៊ីនមានមុខងារសំខាន់ចំពោះកោសិកា។ ជាធម្មតា ម៉ូលេគុលប្រូតេអ៊ីនមានអាមីណូអាស៊ីតរាប់រយដែលភ្ជាប់គ្នាតាមលំដាប់ជាក់លាក់មួយ។ បន្ថែមទៅទៀត ម៉ូលេគុលប្រូតេអ៊ីនក៏ត្រូវប្រែប្រួលរូបរាងរបស់វា តាមរបៀបដ៏ជាក់លាក់មួយដែរ។ អ្នកវិទ្យាសាស្ត្រខ្លះបានសន្និដ្ឋានថា មានលទ្ធភាពតិចតួចបំផុតដែលម៉ូលេគុលអាចប្រែប្រួលរូបរាងដោយខ្លួនឯងបាន។ បុរសម្នាក់ដែលជាអ្នកសិក្សាខាងរូបវិទ្យាឈ្មោះប៉ូល ដាវីស បានសរសេរថា៖«ដើម្បីឲ្យកោសិកាអាចដំណើរការបាន នោះតម្រូវឲ្យមានប្រូតេអ៊ីនរាប់ពាន់ផ្សេងៗគ្នា។ មិនគួរឲ្យជឿសោះដែលគិតថា វាកើតឡើងដោយចៃដន្យឯកឯង»។
ការសន្និដ្ឋាន។ យោងតាមការស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រ អស់ជាច្រើនទសវត្សរ៍មកហើយ ពួកគេបានរកឃើញថា ជីវិតអាចកើតមកពីអ្វីដែលមានជីវិតតែប៉ុណ្ណោះ។
តើអ្វីៗដែលមានជីវិតបានត្រូវបង្កើតតាមរបៀបណា?
អ្វីដែលមនុស្សខ្លះនិយាយ។ ដំបូង ភាវៈរស់ដែលមានជីវិតបានត្រូវបង្កើតមក ហើយបន្ដិចម្ដងៗវិវត្តន៍ទៅជាភាវៈរស់ដែលមានជីវិតផ្សេងៗ នេះរួមបញ្ចូលមនុស្សដែរ ហើយដំណើរការនៃការផ្លាស់ប្ដូរនេះគឺ ធម្មជាតិជាអ្នកជ្រើសរើស។
មូលហេតុដែលមនុស្សខ្លះមិនអស់ចិត្តចំពោះចម្លើយនេះ។ កោសិកាខ្លះស្មុគស្មាញជាងកោសិកាឯទៀត។ យោងតាមឯកសារយោងមួយ អាថ៌កំបាំងទី១ គឺគេពិបាកប្រាប់អំពីមូលហេតុដែលមានជីវិត និងទី២ កោសិកាដែលសាមញ្ញអាចវិវត្តន៍ទៅជាកោសិកាដែលស្មុគស្មាញយ៉ាងម៉េចបាន។
អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅក្នុងកោសិកាដ៏ស្មុគស្មាញនៃម៉ាស៊ីនម៉ូលេគុលនីមួយៗ ចងក្រងម៉ូលេគុលប្រូតេអ៊ីនដើម្បីជួយបង្កើតកិច្ចការដ៏ស្មុគស្មាញ។ កិច្ចការទាំងនេះរួមបញ្ចូល ការបញ្ជូន និងផ្លាស់ប្ដូរអាហារូបត្ថម្ភឲ្យទៅជាថាមពល ជួសជុលកោសិកា ហើយផ្ដល់ព័ត៌មានទៅគ្រប់កោសិកា។ តើការផ្លាស់ប្ដូរដោយឯកឯង និងធម្មជាតិជាអ្នកជ្រើសរើស អាចប្រមូលផ្ដុំមុខងារព័ត៌មាន ដែលមានសមាសធាតុដ៏ស្មុគស្មាញដូចនេះបានយ៉ាងដូចម្ដេច? មនុស្សជាច្រើនពិបាកទទួលយកគំនិតនេះ។
សត្វ និងមនុស្សកើតមកពីស៊ុតបង្កកំណើតមួយ។ នៅក្នុងអំប៊្រីយ៉ុងសម្រាប់បង្កកំណើត មានកោសិកាផ្សេងៗដែលបំបែកខ្លួនទៅជារូបរាងផ្សេងៗគ្នា ដើម្បីបង្កើតផ្នែកណាមួយនៃសារពាង្គកាយ។ ទ្រឹស្តីនៃការវិវត្តន៍មិនអាចពន្យល់អំពីរបៀបដែលកោសិកានីមួយៗ«ស្គាល់»តួនាទី និងកន្លែងដែលពួកវាត្រូវទៅក្នុងសារពាង្គកាយនោះទេ។
សព្វថ្ងៃនេះ ពួកអ្នកវិទ្យាសាស្ត្របានរកឃើញថា ដើម្បីសត្វមួយប្រភេទ បង្កើតទៅជាសត្វមួយប្រភេទទៀត នោះតម្រូវឲ្យមានការផ្លាស់ប្ដូរក្នុងម៉ូលេគុល។ អ្នកវិទ្យាសាស្ត្រមិនអាចបង្ហាញអំពីរបៀបដែលការវិវត្តន៍អាចបង្កើតបានសូម្បីតែកោសិកាដែល«ធម្មតាបំផុត»បានទេ តើសមហេតុផលទេដែលធម្មជាតិអាចជ្រើសរើស ហើយផ្លាស់ប្ដូរដោយឯកឯង ទៅតាមប្រភេទសត្វផ្សេងៗដែលរស់នៅក្នុងភពផែនដី? សាស្ដ្រាចារ្យខាងជីវវិទ្យាម្នាក់ឈ្មោះ ម៉ៃឃឺល ប៊ីហ៊ី បាននិយាយថា៖«យោងទៅតាមទម្រង់នៃសត្វផ្សេងៗ ពួកអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា សត្វមានទម្រង់ផ្សេងៗដែលអស្ចារ្យនិងស្មុគស្មាញ ដែលយើងគិតស្មានមិនដល់ នេះបង្ហាញថាមានអ្នកដែលមានប្រាជ្ញាដែលបានជួយបង្កើតវា»។
មនុស្សមានសមត្ថភាពចេះដឹងខ្លួនខុសពីសត្វ អាចដឹងថាខ្លួនឯងជាអ្នកណា មានសមត្ថភាពគិតគូរ ចេះពិចារណា មានសីលធម៌ ហើយមានគុណសម្បត្ដិដូចជា ចិត្តសប្បុរស ការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន និងចេះដឹងខុសត្រូវ។ ជម្រើសធម្មជាតិ និងការផ្លាស់ប្ដូរដោយឯកឯងមិនអាចពន្យល់អំពីគុណសម្បត្ដិដ៏ពិសេសនេះ ដែលមាននៅក្នុងចិត្តមនុស្សបានទេ។
ការសន្និដ្ឋាន។ ស្របពេលដែលមនុស្សជាច្រើននិយាយដាច់ខាតថាជីវិតមកពីការវិវត្តន៍ គឺជាការពិតដែលមិនអាចប្រកែកបានក៏ដោយ តែក៏មានមនុស្សផ្សេងទៀតមិនអស់ចិត្តចំពោះចម្លើយ ស្តីអំពីរបៀបដែលជីវិតបានចាប់ផ្ដើម និងរបៀបដែលជីវិតបានត្រូវបង្កើត។
ចម្លើយដែលគួរយកមកពិចារណា
បន្ទាប់ពីពិចារណាភ័ស្តុតាងផ្សេងៗ មនុស្សជាច្រើនសន្និដ្ឋានថា ជីវិតគឺជាសមិទ្ធផលមួយដែលបានត្រូវបង្កើតដោយបុគ្គលដែលមានប្រាជ្ញាខ្ពស់។ សូមពិចារណាអំពីឧទាហរណ៍មួយរបស់សាស្ដ្រាចារ្យម្នាក់ខាងទស្សនវិជ្ជាឈ្មោះ អាន់ថឺនី ហ្វឺលូ ដែលធ្លាប់ជាអ្នកដឹកនាំ និងជាអ្នកគាំទ្រ ពួកអ្នកដែលមិនជឿលើព្រះ។ ក្រោយពេលដែលគាត់រៀនអំពីភាពស្មុគស្មាញនៃជីវិត និងច្បាប់ធម្មជាតិដែលមានក្នុងសកលោក គាត់បានផ្លាស់ប្ដូរទស្សនៈរបស់គាត់។ យោងតាមការលើកបញ្ជាក់របស់ពួកអ្នកទស្សនវិទូនៅសម័យបុរាណ សាស្ដ្រាចារ្យហ្វឺលូ បានសរសេរថា៖«យើងគួរទទួលយកការសន្និដ្ឋានណាដែលមានភ័ស្តុតាងច្បាស់លាស់ ទោះបីជាការសន្និដ្ឋាននោះមិនមែនជាអ្វីដែលយើងបានរំពឹងទុកក៏ដោយ»។ គាត់បង្ហាញថាតាមការស្រាវជ្រាវ ភ័ស្តុតាងបានបញ្ជាក់ថា ជីវិតគឺមានអ្នកបង្កើត។
សាស្ដ្រាចារ្យជឺរ៉ាត់ ដែលបានរៀបរាប់នៅដើមអត្ថបទនេះ ក៏បានសន្និដ្ឋានស្រដៀងនឹងនេះដែរ។ ទោះបីជាគាត់បានទទួលការអប់រំខ្ពស់ និងមានអាជីពជាអ្នកស្រាវជ្រាវខាងសត្វល្អិតក៏ដោយ គាត់បាននិយាយថា៖«ខ្ញុំមិនឃើញភ័ស្តុតាងណាដែលបង្ហាញថា ជីវិតបានកកើតឡើងដោយឯកឯងពីធាតុដែលគ្មានជីវិតនោះទេ។ ភាពស្មុគស្មាញ និងលំដាប់លំដោយនៃអ្វីៗដែលមានជីវិតធ្វើអោយខ្ញុំជឿជាក់ថា ត្រូវតែមានអ្នករៀបចំ និងអ្នកគ្រោងបង្កើត»។
បុគ្គលម្នាក់អាចរៀនពីវិចិត្រករម្នាក់ដោយមើលផ្ទាំងគំនូររបស់គាត់ ដូចគ្នាដែរ សាស្ដ្រាចារ្យជឺរ៉ាត់បានសន្និដ្ឋានថា យើងអាចយល់អំពីគុណសម្បត្ដិរបស់អ្នកបង្កើត ដោយរៀនពីអ្វីៗដែលមានក្នុងធម្មជាតិ។ គាត់ក៏បានឆ្លៀតពេលដើម្បីពិចារណាសៀវភៅគម្ពីរ ជាសៀវភៅដែលមកពីអ្នកបង្កើតដែរ។ (ធីម៉ូថេទី២ ៣:១៦) គាត់បានរកឃើញចម្លើយដែលស្កប់ចិត្តនៅក្នុងគម្ពីរ អំពីប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ និងរបៀបដោះស្រាយបញ្ហាដែលមនុស្សកំពុងមាននៅសព្វថ្ងៃនេះ។ ដូច្នេះ គាត់ក៏ជឿជាក់ថាគម្ពីរជាសៀវភៅមួយដែលមកពីគំនិតរបស់បុគ្គលដែលមានប្រាជ្ញាខ្ពង់ខ្ពស់ដែរ។
ដូចអ្វីដែលសាស្ដ្រាចារ្យជឺរ៉ាត់ បានរកឃើញ ចម្លើយនៅក្នុងគម្ពីរគឺ គួរយកមកពិចារណា។ យើងលើកទឹកចិត្តឲ្យលោកអ្នកពិនិត្យមើលចម្លើយទាំងនោះដោយខ្លួនឯង។