លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

hadynyah/E+ via Getty Images

ចូរ​ចាំ​យាម!

ការខ្វះស្បៀងអាហារនៅទូទាំងពិភពលោកដោយសារសង្គ្រាមនិងបម្រែបម្រួលអាកាសធាតុ តើគម្ពីរចែងយ៉ាងណា?

ការខ្វះស្បៀងអាហារនៅទូទាំងពិភពលោកដោយសារសង្គ្រាមនិងបម្រែបម្រួលអាកាសធាតុ តើគម្ពីរចែងយ៉ាងណា?

 សង្គ្រាម​នៅ​អ៊ុយក្រែន​និង​ឥទ្ធិពល​ពី​បម្រែ​បម្រួល​អាកាសធាតុ បាន​បន្ត​ធ្វើ​ឲ្យ​មាន​ការ​ខ្វះ​ស្បៀង​អាហារ​នៅ​ទូ​ទាំង​ពិភព​លោក។ ជា​ពិសេស នេះ​កើត​ឡើង​នៅ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ហើយ​មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ទាំង​នោះ​មិន​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ទេ។

  •   កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ គុថេរិស បាន​ប្រាប់​ថា​៖«ការ​ផលិត​ស្បៀង​អាហារ​និង​អាហារ​ដែល​អាច​ប្រើ​ប្រាស់​បាន​គឺ​មាន​កម្រិត ដោយ​សារ​រង​ផល​ប៉ះ​ពាល់​ពី​សង្គ្រាម បម្រែ​បម្រួល​អាកាសធាតុ តម្លៃ​ថាមពល​ប្រើ​ប្រាស់​ឡើង​ថ្លៃ និង​កត្តា​ផ្សេង​ទៀត​»។

  •   កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ គេហទំព័រ​មួយ(​Atalayar.com​)បាន​រៀប​រាប់​ថា​៖​«​ពួក​អ្នក​ជំនាញ​បាន​ព្យាករ​ថា កាល​ដែល​រុស្ស៊ី​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នៃ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​ប្រទេស​អ៊ុយក្រែន នោះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ខ្វះ​ស្បៀង​អាហារ​នៅ​ទូ​ទាំង​ពិភព​លោក។ បន្ថែម​ទៅ​ទៀត បញ្ហា​នោះ​បាន​ធ្វើ​ឲ្យ​ទំនិញ​នៅ​គ្រប់​ទី​កន្លែង​កាន់​តែ​ឡើង​ថ្លៃ ជា​ពិសេស​នៅ​អាហ្វ្រិក​ខាង​ជើង និង​ប្រទេស​ដែល​ស្ថិត​នៅ​មជ្ឈិមបូព៌ា​»។

 សូម​ពិចារណា​អ្វី​ដែល​គម្ពីរ​ចែង ស្ដី​អំពី​វិបត្តិ​ស្បៀង​អាហារ​និង​អនាគត​របស់​យើង។

គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​វិបត្តិ​ស្បៀង​អាហារ

  •   លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​៖​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ ក៏​នឹង​មាន​ការ​អត់​ឃ្លាន​»។—ម៉ាថាយ ២៤:៧

  •   សៀវភៅ​ការ​បើក​បង្ហាញ​បាន​រៀប​រាប់​អំពី​អ្នក​ជិះ​សេះ​បួន​នាក់។ អ្នក​ជិះ​សេះ​ម្នាក់​តំណាង​ឲ្យ​សង្គ្រាម។ អ្នក​ជិះ​សេះ​មួយ​ទៀត​តំណាង​ឲ្យ​ការ​អត់​ឃ្លាន គឺ​ជា​ពេល​ដែល​ស្បៀង​អាហារ​មាន​កម្រិត និង​តម្លៃ​ស្បៀង​អាហារ​ថ្លៃ​ហួស​ហេតុ។ ​«​ខ្ញុំ​ឃើញ​សេះ​មួយ​សម្បុរ​ខ្មៅ ហើយ​អ្នក​ដែល​ជិះ​សេះ​នោះ​មាន​ជញ្ជីង​នៅ​ដៃ។ រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ . . . ថា​៖‹ស្រូវ​សាលី​មួយ​ឃ្វាត់​តម្លៃ​ស្មើ​នឹង​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ ឯ​ស្រូវ​បាលី​បី​ឃ្វាត់​តម្លៃ​ស្មើ​នឹង​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ​ដែរ›​»។—ការ​បើក​បង្ហាញ ៦:៥, ៦, Contemporary English Version

 ទំនាយ​អំពី​វិបត្តិ​ស្បៀង​អាហារ​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ ដែល​គម្ពីរ​ហៅ​ថា​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​) ដើម្បី​រៀន​ថែម​ទៀត​អំពី​«​គ្រា​ចុង​ក្រោយ​បង្អស់​»​និង​អ្នក​ជិះ​សេះ​ទាំង​បួន​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ សូម​មើល​វីដេអូពិភព​លោក​បាន​ប្រែ​ប្រួល​តាំង​ពី​ឆ្នាំ​១៩១៤ និង​សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​អ្នក​ជិះ​សេះ​ទាំង​បួន តើ​ពួក​គេ​ជា​អ្នក​ណា?​»។

របៀប​ដែល​គម្ពីរ​អាច​ជួយ

  •   គម្ពីរ​មាន​ដំបូន្មាន​ល្អ​ៗ​ដែល​អាច​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​កាលៈទេសៈ​ពិបាក រួម​ទាំង​ការ​ឡើង​ថ្លៃ​ទំនិញ​ឬ​ការ​ខ្វះ​ស្បៀង​អាហារ​ដែរ។ សូម​មើល​ឧទាហរណ៍​ខ្លះ​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​របៀប​កាត់​បន្ថយ​ចំណាយ​»។

  •   គម្ពីរ​ក៏​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យើង​ដែរ គឺ​ថា​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ជាង។ គម្ពីរ​សន្យា​ថា​នឹង​មាន​គ្រា​មួយ​ដែល​«​ផែន​ដី​នឹង​មាន​ស្រូវ​ជា​បរិបូរ​»​ ហើយ​គ្រប់​គ្នា​នឹង​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ (​ចម្រៀង​សរសើរ​ព្រះ ៧២:១៦​) ដើម្បី​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សង្ឃឹម​នេះ និង​មូលហេតុ​ដែល​លោក​អ្នក​អាច​ទុក​ចិត្ត​សេចក្ដី​សន្យា​នេះ​បាន សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​កំពុង​រង់​ចាំ​អ្នក​»។