លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សុវត្ថិភាព​ស្ត្រី ទស្សនៈ​គម្ពីរ

សុវត្ថិភាព​ស្ត្រី ទស្សនៈ​គម្ពីរ

 ស្ត្រី​និង​យុវតី​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​បាន​ត្រូវ​គេ​រំលោភ​បំពាន។ តើ​អ្នក​ក៏​ជា​ជន​រង​គ្រោះ​ដែរ​ទេ? សូម​ស្វែង​យល់​អំពី​មូលហេតុ​ដែល​ព្រះ​ចាត់​ទុក​សុវត្ថិភាព​ស្ត្រី​ជា​រឿង​សំខាន់ ហើយ​តើ​លោក​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ការ​ធ្វើ​បាប​ស្ត្រី​ភេទ។

 ស្ត្រី​ម្នាក់​ឈ្មោះ​មើឌូ a ដែល​រស់​នៅ​ប្រទេស​ឥណ្ឌា បាន​រៀប​រាប់​ថា​៖«​ពេល​ខ្ញុំ​នៅ​ក្មេង បង​ប្រុស​របស់​ខ្ញុំ​បាន​វាយ​ធ្វើ​បាប​ខ្ញុំ ហើយ​តែង​ជេរ​ស្ដី​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។ ក្រោយ​ខ្ញុំ​រៀប​ការ ឪពុក​ម្ដាយ​ក្មេក​ខ្ញុំ​បាន​ធ្វើ​បាប​ខ្ញុំ​ឥត​ស្រាក​ស្រាន្ត ពួក​គាត់​ប្រព្រឹត្ត​មក​លើ​ខ្ញុំ​ដូច​ជា​ខ្ញុំ​បម្រើ​អ៊ីចឹង។ ហើយ​ខ្ញុំ​បាន​គិត​ចង់​សម្លាប់​ខ្លួន​»។

 អង្គការ​សុខភាព​ពិភព​លោក​បាន​បញ្ជាក់​ថា​៖ ​«​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​គឺ​មាន​នៅ​ទូ​ទាំង​ពិភព​លោក​»។ តាម​ការ​ប៉ាន់​ស្មាន​បាន​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បី​នាក់​បាន​រង​អំពើ​ហិង្សា​និង​ត្រូវ​គេ​ចាប់​រំលោភ។ ក្នុង​ករណី​ខ្លះ​ស្ទើរ​តែ​បាត់​បង់​ជីវិត​ទៀត​ផង។

 បើ​អ្នក​ធ្លាប់​ជួប​រឿង​ដូច​នោះ​មែន អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​អ្នក​ទៅ អ្នក​នឹង​ត្រូវ​គេ​ជេរ​ប្រមាថ វាយ​ធ្វើ​បាប ឬ​ចាប់​រំលោភ​មិន​ខាន។ ជា​លទ្ធផល អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​មនុស្ស​ភាគ​ច្រើន​គិត​ថា​‹មនុស្ស​ស្រី​មិន​សំខាន់​ទេ›។ ប៉ុន្តែ តើ​ស្ត្រី​ពិត​ជា​មាន​តម្លៃ​ចំពោះ​ព្រះ​ទេ?

គម្ពីរ​បង្ហាញ​ថា​សុវត្ថិភាព​ស្ត្រី​គឺ​សំខាន់​ចំពោះ​ព្រះ

តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ស្ត្រី?

 បទ​គម្ពីរ​៖ ​«​ព្រះ​បាន​បង្កើត​មនុស្ស . . . ជា​ប្រុស​ជា​ស្រី​»។—ដើម​កំណើត ១:២៧

 អត្ថន័យ​៖ ព្រះ​បាន​បង្កើត​បុរស​និង​ស្ត្រី។ លោក​ចាត់​ទុក​ពួក​គេ​ទាំង​ពីរ​ភេទ​ថា​សម​នឹង​ទទួល​ការ​គោរព។ បន្ថែម​ទៅ​ទៀត លោក​បង្គាប់​ប្ដី​ឲ្យ​‹ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​គាត់› មិន​មែន​ដោយ​ព្យាយាម​គ្រប់​គ្រង​នាង​ទេ ជា​ពិសេស​មិន​និយាយ​ទ្រ​គោះ​បោះ​បោក​ឬ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​នាង​ឡើយ។ (​អេភេសូរ ៥:៣៣; កូឡុស ៣:១៩​) ច្បាស់​ណាស់ សុវត្ថិភាព​របស់​ស្ត្រី​គឺ​សំខាន់​ចំពោះ​លោក។

 ម៉ារៀ​ដែល​រស់​នៅ​ប្រទេស​អាហ្សង់ទីន បាន​រៀប​រាប់​ថា​៖«​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ត្រូវ​សាច់​ញាតិ​ចាប់​រំលោភ។ ពេល​ខ្ញុំ​មាន​អាយុ​១៧​ឆ្នាំ ចៅហ្វាយ​ខ្ញុំ​បាន​គំរាម​បញ្ឈប់​ខ្ញុំ​ពី​ការ​ងារ​បើ​ខ្ញុំ​មិន​ព្រម​រួម​ដំណេក​ជា​មួយ​គាត់។ ក្រោយ​ខ្ញុំ​រៀប​ការ​ហើយ ទាំង​ប្ដី​ខ្ញុំ​ទាំង​ឪពុក​ម្ដាយ​ខ្ញុំ​និង​អ្នក​ជិត​ខាង​មិន​សូវ​ឲ្យ​តម្លៃ​ខ្ញុំ​ទេ។ ប៉ុន្តែ ក្រោយ​មក​ខ្ញុំ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា b ហើយ​ដឹង​ថា​លោក​ជា​អ្នក​បង្កើត។ លោក​ចាត់​ទុក​ស្ត្រី​ថា​មាន​តម្លៃ។ នេះ​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ថា​លោក​ស្រឡាញ់​ខ្ញុំ ហើយ​ថា​ខ្ញុំ​មាន​តម្លៃ​ចំពោះ​លោក​»។

តើ​អ្វី​អាច​ជួយ​របួស​ផ្លូវ​ចិត្ត​អ្នក​ឲ្យ​ជា​សះ​ស្បើយ?

 បទ​គម្ពីរ​៖ ​«​មាន​មិត្ត​ភក្ដិ​ដែល​ស្រឡាញ់​យើង​ខ្លាំង​ជាង​បង​ប្អូន​យើង​ទៅ​ទៀត​»។—សុភាសិត ១៨:២៤

 អត្ថន័យ​៖ មិត្ត​សម្លាញ់​ពិត​នឹង​ជួយ​អ្នក។ បើ​អ្នក​គិត​ថា​ការ​ប្រាប់​អារម្មណ៍​ដល់​នរណា​ម្នាក់​ដែល​អ្នក​ទុក​ចិត្ត​អាច​ជួយ​អ្នក​បាន សូម​និយាយ​ប្រាប់​គាត់។

 អ៊ីលីព​ដែល​រស់​នៅ​ប្រទេស​តួកគី​បាន​រៀប​រាប់​ថា​៖«​ខ្ញុំ​ជា​ជន​រង​គ្រោះ​ដែល​គេ​រំលោភ​បំពាន​ខាង​ផ្លូវ​ភេទ ហើយ​អស់​រយៈ​ពេល​២០​ឆ្នាំ​ខ្ញុំ​មិន​បាន​ប្រាប់​នរណា​ម្នាក់​ទេ។ ជា​លទ្ធផល ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ឆាប់​ធ្លាក់​ទឹក​ចិត្ត ព្រួយ​បារម្ភ​ច្រើន និង​មិន​សប្បាយ​រីករាយ​សោះ។ ប៉ុន្តែ ពេល​ខ្ញុំ​ប្រាប់​រឿង​របស់​ខ្ញុំ​ដល់​នរណា​ម្នាក់​ដែល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ នោះ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ក្នុង​ចិត្ត​ខ្លាំង​ណាស់​»។

 បទ​គម្ពីរ​៖ ​«​កាល​ដែល​អ្នក​រាល់​គ្នា​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។—ពេត្រុស​ទី​១ ៥:៧

 អត្ថន័យ​៖ ពេល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក។ (​ចម្រៀង​សរសើរ​ព្រះ ៥៥:២២; ៦៥:២​) ដោយ​សារ​លោក​រមែង​គិត​អំពី​អ្នក នោះ​លោក​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្នក​មាន​តម្លៃ​ខ្លាំង​ប៉ុន​ណា​ចំពោះ​លោក។

 អាណា​ដែល​រស់​នៅ​ប្រទេស​បេលី បាន​រៀប​រាប់​ថា​៖«​ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​របួស​ផ្លូវ​ចិត្ត​ដ៏​ជ្រៅ​របស់​ខ្ញុំ​រលុប​ទៅ​បន្តិច​ម្ដង​ៗ។ ឥឡូវ​ខ្ញុំ​អាច​អធិដ្ឋាន​ទៅ​ព្រះ ហើយ​ជម្រាប​លោក​នូវ​អ្វី​ទាំង​អស់​ដែល​មាន​ក្នុង​ចិត្ត​ខ្ញុំ។ លោក​ប្រៀប​ដូច​ជា​មិត្ត​ម្នាក់​ដែល​ពិត​ជា​យល់​អារម្មណ៍​ខ្ញុំ​ខ្លាំង​ណាស់​»។

តើ​ព្រះ​នឹង​បំបាត់​ចោល​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រីភេទ​ឬ​ទេ?

 បទ​គម្ពីរ​៖ ​«​ព្រះ​យេហូវ៉ា . . . នឹង​ផ្ដល់​យុត្តិធម៌​ដល់​កូន​កំព្រា និង​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​ផែន​ដី​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច​ទៀត​»។—ចម្រៀង​សរសើរ​ព្រះ ១០:១៧, ១៨

 អត្ថន័យ​៖ មិន​យូរ​ទៀត ព្រះ​នឹង​បំបាត់​ចោល​អំពើ​អយុត្តិធម៌​ទាំង​អស់ រួម​បញ្ចូល​អំពើ​ឃោរឃៅ​និង​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី។

 រ៉ាបឺថឺ​ដែល​រស់​នៅ​ប្រទេស​ម៉ិកស៊ិក បាន​រៀប​រាប់​ថា​៖«​ពេល​ដែល​ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រីភេទ នោះ​ប្រៀប​ដូច​ជា​លោក​លាប​ថ្នាំ​សះ​លើ​មុខ​របួស​ខ្ញុំ​អ៊ីចឹង ព្រោះ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​»។

 ដើម្បី​ស្វែង​យល់​ថែម​ទៀត​អំពី​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ អំពី​មូលហេតុ​ដែល​អ្នក​អាច​ទុក​ចិត្ត​សេចក្ដី​សង្ឃឹម​នេះ និង​អំពី​របៀប​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​ដល់​អ្នក​តាម​រយៈ​បទ​គម្ពីរ ស្នើ​សុំ​សាក្សី​ព្រះ​យេហូវ៉ា​មក​ជួប

 សូម​ថត​ចម្លង​អត្ថបទ​នេះ។

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ប្ដូរ។

b យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​ព្រះ​យេហូវ៉ា​ជា​នរណា?​»។