ចូរចាំយាម!
ហេតុអ្វីនយោបាយនាំឲ្យបែកបាក់គ្នា? តើគម្ពីរចែងយ៉ាងណា?
នៅជុំវិញពិភពលោក ប្រជាជាតិនានាបានបែកបាក់គ្នាដោយសាររឿងនយោបាយ។ នៅឆ្នាំ២០២២ យោងទៅតាមមជ្ឈមណ្ឌលស្រាវជ្រាវPew បានស្ទង់មតិឃើញថា៖«មនុស្សពេញវ័យ៦៥ភាគរយក្នុង១៩ប្រទេសបាននិយាយថាមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងៗ រវាងមនុស្សដែលគាំទ្រគណបក្សនយោបាយខុសៗគ្នា»។
តើអ្នកកត់សម្គាល់ឃើញថានៅតំបន់របស់អ្នក មនុស្សកាន់តែបែកបាក់គ្នាដោយសាររឿងនយោបាយឬទេ? ហេតុអ្វី? តើមានដំណោះស្រាយទេ? សូមពិចារណាអំពីអ្វីដែលគម្ពីរចែង។
ចិត្តគំនិតដែលបែកបាក់គ្នា
គម្ពីរបានប្រកាសទុកជាមុនអំពីគ្រារបស់យើងថាជា«គ្រាចុងក្រោយបង្អស់» ហើយមនុស្សជាច្រើនមានចិត្តគំនិតដែលនាំឲ្យបែកបាក់គ្នា។
«ចូរដឹងថា នៅគ្រាចុងក្រោយបង្អស់នឹងលំបាកខ្លាំងណាស់។ ព្រោះមនុស្សនឹងស្រឡាញ់តែខ្លួនឯង . . . មិនព្រមស្រុះស្រួលគ្នា»។—ធីម៉ូថេទី២ ៣:១-៣
ទោះជាមនុស្សខំប្រឹងធ្វើឲ្យរដ្ឋាភិបាលរបស់ខ្លួនមានភាពជោគជ័យក្ដី ពួកគេមិនអាចធ្វើបានទេ។ ម្យ៉ាងទៀត សូម្បីតែមនុស្សដែលមានទស្សនៈខុសគ្នាក៏គិតថាពិបាកឲ្យពួកគេរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាដែរ។ នេះគឺដូចនឹងអ្វីដែលគម្ពីរបានចែងជាយូរមកហើយ។
«មនុស្សបានត្រួតត្រាលើមនុស្ស នោះនាំឲ្យមានទុក្ខវេទនា»។—អ្នកទូន្មាន ៨:៩
ប៉ុន្តែគម្ពីរបានប្រាប់ពីដំណោះស្រាយថា គឺមានរដ្ឋាភិបាលមួយដឹកនាំដោយបុគ្គលម្នាក់ដែលអាចបំបាត់ចោលបញ្ហាដែលនាំឲ្យមនុស្សរងទុក្ខនៅសព្វថ្ងៃនេះ។
អ្នកដឹកនាំម្នាក់ដែលមានសមត្ថភាពនិងយកចិត្តទុកដាក់
គម្ពីរបានប្រាប់អំពីអ្នកដឹកនាំម្នាក់ដែលមានសមត្ថភាពអាចដោះស្រាយបញ្ហាទាំងអស់បាន អ្នកដឹកនាំនោះគឺលោកយេស៊ូ។ លោកមានឫទ្ធានុភាព អំណាច និងបំណងចិត្តចង់ជួយមនុស្សទាំងអស់ឲ្យមានសាមគ្គីភាព និងសន្តិភាព។
«នៅគ្រារបស់គាត់ នោះសេចក្ដីសុចរិតនឹងមានកាន់តែច្រើនឡើង ហើយសេចក្ដីសុខនឹងមានជាបរិបូរ»។—ចម្រៀងសរសើរព្រះ ៧២:៧
«ជនជាតិនានានឹងបម្រើគាត់»។—ចម្រៀងសរសើរព្រះ ៧២:១១
លោកយេស៊ូគឺជាអ្នកដឹកនាំដ៏ល្អ ព្រោះលោកយកចិត្តទុកដាក់ និងចង់ជួយមនុស្ស ជាពិសេសអស់អ្នកដែលរងភាពអយុត្តិធម៌។
«គាត់នឹងស្រោចស្រង់ជនក្រីក្រដែលស្រែករកជំនួយ ព្រមទាំងសង្គ្រោះមនុស្សទន់ទាបនិងមនុស្សគ្រប់រូបដែល គ្មានអ្នកណាជួយ។ គាត់នឹងអាណិតអាសូរមនុស្សទន់ទាបនិងមនុស្សក្រីក្រ គាត់នឹងសង្គ្រោះជីវិតជនតោកយ៉ាក។ គាត់នឹងរំដោះពួកគេឲ្យរួចផុតពីការសង្កត់សង្កិននិងអំពើឃោរឃៅ»។—ចម្រៀងសរសើរព្រះ ៧២:១២-១៤
សូមរៀនថែមទៀតអំពីរាជាណាចក្រព្រះជារដ្ឋាភិបាលនៅស្ថានសួគ៌ ដែលមានលោកយេស៊ូជាអ្នកគ្រប់គ្រង។ សូមមើលថាតើលោកអ្នកអាចគាំទ្រនិងទទួលប្រយោជន៍យ៉ាងណាពីការគ្រប់គ្រងនោះ។
សូមមើលវីដេអូតើរាជាណាចក្ររបស់ព្រះជាអ្វី?
សូមអានអត្ថបទដែលមានចំណងជើងថា«រាជាណាចក្រព្រះជារដ្ឋាភិបាលដែលគ្មានអំពើពុករលួយ»។