លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

id-work/​DigitalVision Vectors via Getty Images

ចូរ​ចាំ​យាម!

ហេតុ​អ្វី​មាន​ការ​ស្អប់​គ្នា​ច្រើន​ម្ល៉េះ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ហេតុ​អ្វី​មាន​ការ​ស្អប់​គ្នា​ច្រើន​ម្ល៉េះ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 នៅ​សព្វ​ថ្ងៃ​នេះ តាម​ការ​ផ្សាយ​ព័ត៌មាន​យើង​ឃើញ​មាន​ការ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ អំពើ​ហិង្សា និង​សង្គ្រាម​កាន់​តែ​ច្រើន ដែល​បណ្ដាល​មក​ពី​ការ​រើស​អើង​និង​ការ​ប្រកាន់​ពូជ​សាសន៍។

  •   កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ សារ​ព័ត៌មាន​មួយ​បាន​រាយ​ការណ៍​ថា​៖​«​ក្នុង​បណ្ដាញ​សង្គម​សព្វ​ថ្ងៃ មាន​ពាក្យ​ប្រមាថ​មើល​ងាយ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់។ នេះ​បណ្ដាល​មក​ពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​តំបន់​កាសា និង​ដោយ​សារ​មនុស្ស​ដែល​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​និង​ការ​ស្អប់​គ្នា​»​(​The New York Times​)។

  •   កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ប្រធាន​មហា​សន្និបាត​នៃ​អង្គការ​សហប្រជាជាតិ លោក​ដេននីស ហ្វ្រានស៊ីស បាន​រៀប​រាប់​ថា​៖​«​តាំង​ពី​ថ្ងៃ​ទី៧ ខែ​តុលា ការ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​និង​ការ​ប្រើ​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​មួយ​រំពេច។ ជា​លទ្ធផល នាំ​ឲ្យ​មាន​ការ​រើស​អើង​កាន់​តែ​ច្រើន​ឡើង​ៗ​»។

 ការ​ប្រមាថ​មើល​ងាយ អំពើ​ហិង្សា និង​សង្គ្រាម​ដែល​យើង​ឃើញ​មិន​មែន​ជា​អ្វី​ដែល​ថ្មី​ទេ។ តាម​ពិត គម្ពីរ​រៀប​រាប់​អំពី​មនុស្ស​នៅ​សម័យ​មុន​ដែល​បាន​«​បោះ​សម្ដី​ប្រមាថ​មើល​ងាយ​ដូច​បាញ់​ព្រួញ​»​ ហើយ​ក៏​រៀប​រាប់​អំពី​អស់​អ្នក​ដែល​ញុះញង់​ឲ្យ​មាន​សង្គ្រាម​និង​អំពើ​ហិង្សា​ដែរ។ (​ចម្រៀង​សរសើរ​ព្រះ ៦៤:៣; ១២០:៧; ១៤០:១​) ប៉ុន្តែ គម្ពីរ​ក៏​ប្រាប់​ថា​ការ​ស្អប់​គ្នា​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ជា​ព្រឹត្តិការណ៍​សំខាន់។

ការ​ស្អប់​គ្នា​គឺ​ជា​សញ្ញា​សម្គាល់​មួយ​នៅ​សម័យ​យើង

 គម្ពីរ​ប្រាប់​មូលហេតុ​ពីរ​ដែល​នាំ​ឲ្យ​មាន​ការ​ស្អប់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ។

  1.  ១. គម្ពីរបាន​ប្រាប់​ទុក​ជា​មុន​អំពី​គ្រា​មួយ ពេល​ដែល​«​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ភាគ​ច្រើន​នឹង​រសាយ​ទៅ​»។ (​ម៉ាថាយ ២៤:១២​) ពួក​គេ​មិន​ស្រឡាញ់​គ្នា​ទេ តែ​បែរ​ជា​បង្ហាញ​ចិត្ត​គំនិត​ដែល​នាំ​ឲ្យ​ស្អប់​គ្នា​ទៅ​វិញ។—ធីម៉ូថេ​ទី២ ៣:១​-​៥

  2.  ២. ការ​ស្អប់​គ្នា​កាន់​តែ​ខ្លាំង​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារ​តែ​ឥទ្ធិពល​ដ៏​អាក្រក់​របស់​មេ​កំណាច​សាថាន។ គម្ពីរ​បាន​ប្រាប់​ថា​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។—យ៉ូហាន​ទី​១ ៥:១៩; ការ​បើក​បង្ហាញ ១២:៩, ១២

 ប៉ុន្តែ គម្ពីរ​ក៏​ប្រាប់​ដែល​ថា​មិន​យូរ​ទៀត​ព្រះ​នឹង​បំបាត់​ចោល​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្អប់​គ្នា។ មិន​តែ​ប៉ុណ្ណោះ លោក​នឹង​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ដែល​មក​ពី​រឿង​នោះ​រសាយ​បាត់​ទៅ។ គម្ពីរ​សន្យា​ថា​៖

  •   ព្រះ​«​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។—ការ​បើក​បង្ហាញ ២១:៤