របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
ការទស្សនាកម្មវិធីមហាសន្និបាត
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១
មហាសន្និបាតតាមភូមិភាគឆ្នាំ២០២០ គឺជាមហាសន្និបាតប្រវត្តិសាស្ត្ររបស់យើង។ នោះគឺជាមហាសន្និបាតទី១ដែលបានថតទុកនិងអាចមើលបានតាមប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែ នៅប្រទេសម៉ាឡាវីនិងប្រទេសម៉ូសំប៊ិក បងប្អូនភាគច្រើនអាចមើលកម្មវិធីមហាសន្និបាតបានដោយមិនចាំបាច់ប្រើអ៊ីនធឺណិត។ តើតាមរបៀបណា?
គណៈកម្មាធិការខាងការចាត់ចែងនិងគណៈកម្មាធិការខាងបង្រៀននៃគណៈអភិបាល បានទទួលការអនុញ្ញាតឲ្យចាក់ផ្សាយមហាសន្និបាតតាមទូរទស្សន៍និងវិទ្យុនៅប្រទេសម៉ាឡាវីនិងប្រទេសម៉ូសំប៊ិក។ នោះជាករណីលើកលែង។ ហេតុអ្វីចាំបាច់មានករណីលើកលែងបែបនេះ? ប្រទេសម៉ាឡាវីគឺជាប្រទេសមួយដែលអ៊ីនធឺណិតមានតម្លៃថ្លៃបំផុតក្នុងទូទាំងពិភពលោក ហើយមានតែសាក្សីតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលអាចប្រើប្រាស់អ៊ីនធឺណិតបាន។ បងវីល្លាម ឆូមប៊ី ដែលជាសមាជិកគណៈកម្មាធិការការិយាល័យសាខាម៉ាឡាវី បានប្រាប់ថា៖«វិទ្យុនិងទូរទស្សន៍ គឺជារបៀបមួយប៉ុណ្ណោះដែលបងប្អូនរបស់យើងអាចមើលមហាសន្និបាតបាន»។ បងលូកា ស៊ីប៊េកូដែលបម្រើជាគណៈកម្មាធិការការិយាល័យម៉ាឡាវី បានបន្ថែមថា៖«បើយើងមិនអាចមើលមហាសន្និបាតតាមទូរទស្សន៍ឬតាមវិទ្យុទេ នោះមានតែបងប្អូនមួយចំនួនប៉ុណ្ណោះនៅក្នុងតំបន់ការិយាល័យរបស់យើង អាចទទួលប្រយោជន៍ពីមហាសន្និបាត»។ នៅប្រទេសម៉ូសំប៊ិកក៏ដូចគ្នាដែរ មានតែបងប្អូនមួយចំនួនប៉ុណ្ណោះដែលអាចទិញគ្រឿងអេឡិចត្រូនិកនិងអាចប្រើប្រាស់អ៊ីនធឺណិតបាន។
ធ្វើការរៀបចំផ្សេងៗ
ដោយសាររោគរាតត្បាតកូវីដ១៩ ស្ថានីយទូរទស្សន៍និងវិទ្យុខ្លះបានចាក់ផ្សាយកម្មវិធីកិច្ចប្រជុំរបស់យើងរួចហើយ។ a ដូច្នេះ បងប្អូនរបស់យើងបានទាក់ទងស្ថានីយទាំងនោះដើម្បីសុំចាក់ផ្សាយបន្ថែមនូវកម្មវិធីមហាសន្និបាតរបស់យើង។
នៅប្រទេសម៉ាឡាវី បងប្អូនយើងបានជួបការពិបាកមួយ។ ធម្មតា អតិថិជនដែលសុំចាក់ផ្សាយនៅស្ថានីយទូរទស្សន៍និងវិទ្យុ នោះមានកម្រិតត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ ស្ថានីយនោះបារម្ភថាបើយើងចាក់ផ្សាយកម្មវិធីយូរជាង ប្រហែលគ្មានអ្នកស្ដាប់ឬអ្នកទស្សនាទេ។ ប៉ុន្តែ បងប្អូនរបស់យើងបានពន្យល់ថា កិច្ចការរបស់យើងគឺជាកិច្ចការដែលជួយមនុស្សក្នុងសហគមន៍។ ទោះជាក្នុងអំឡុងពេលបិទខ្ទប់ក្ដី យើងនៅតែផ្ដល់ដំណឹងល្អអំពីការសម្រាលទុក្ខពីគម្ពីរដល់សាធារណជន។ ដំណឹងនោះអាចជួយពួកគេឲ្យក្លាយជាពលរដ្ឋល្អ និងមានសុភមង្គលក្នុងក្រុមគ្រួសារ។ ក្រោយពីឮដូច្នេះ ស្ថានីយនោះបានទទួលយកការស្នើសុំរបស់បងប្អូនយើងឲ្យចាក់ផ្សាយបន្ថែមទៀត។
នៅប្រទេសម៉ាឡាវី កម្មវិធីមហាសន្និបាតរបស់យើងបានចាក់ផ្សាយតាមស្ថានីយទូរទស្សន៍មួយនិងស្ថានីយវិទ្យុមួយ ហើយស្ថានីយទាំងពីរអាចចាក់ផ្សាយពេញប្រទេស ហើយមនុស្សរាប់លាននាក់អាចមើលនិងស្ដាប់កម្មវិធីនោះបាន។ នៅប្រទេសម៉ូសំប៊ិក កម្មវិធីមហាសន្និបាតរបស់យើងបានចាក់ផ្សាយតាមស្ថានីយទូរទស្សន៍មួយនិងស្ថានីយវិទ្យុ៨៥។
សម្រាប់ប្រទេសទាំងពីរ យើងបានចំណាយសម្រាប់ការចាក់ផ្សាយកម្មវិធីមហាសន្និបាតតាមស្ថានីយទូរទស្សន៍ អស់២៨.២២៧ដុល្លារ b ហើយចំណាយជិត២០.០០០ដុល្លារសម្រាប់ចាក់ផ្សាយតាមវិទ្យុ។ ការចំណាយសម្រាប់ចាក់ផ្សាយតាមវិទ្យុគឺចាប់ពី១៥ដុល្លារសម្រាប់ស្ថានីយតូចៗ រហូតដល់២.៧៧៧ដុល្លារសម្រាប់ស្ថានីយវិទ្យុជាតិ។
បងប្អូនរបស់យើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីប្រើប្រាស់វិភាគទានឲ្យកើតប្រយោជន៍ច្រើនបំផុត។ ជាឧទាហរណ៍នៅប្រទេសម៉ាឡាវី ពួកគេបានសុំស្ថានីយផ្សេងៗបញ្ចុះតម្លៃ ហើយមានស្ថានីយមួយបានបញ្ចុះតម្លៃរហូតដល់៣០ភាគរយទៀតផង។ ហើយការបញ្ចុះតម្លៃនោះបានសន្សំប្រាក់សរុប១.៧១១ដុល្លារ។ នៅប្រទេសម៉ូសំប៊ិក ស្ថានីយខ្លះបានសុខចិត្តបញ្ចុះតម្លៃឲ្យយើង ដោយសារយើងមានកេរ្តិ៍ឈ្មោះល្អក្នុងការប្រព្រឹត្តទៀងត្រង់និងបង់ថ្លៃទៀងពេល។
ការបង្ហាញចិត្តដឹងគុណ
បងប្អូនរបស់យើងពិតជាមានចិត្តដឹងគុណខ្លាំងណាស់ដែលបានស្ដាប់និងទស្សនាកម្មវិធីមហាសន្និបាតរបស់យើង តាមស្ថានីយក្នុងតំបន់របស់ពួកគេ។ បងផាទ្រីកដែលជាអ្នកចាស់ទុំក្នុងប្រទេសម៉ាឡាវីបាននិយាយថា៖«យើងពិតជាអរគុណបងប្រុសៗដែលជាគណៈអភិបាលចំពោះអ្វីៗគ្រប់យ៉ាងដែលពួកគាត់បានធ្វើសម្រាប់យើងក្នុងអំឡុងរោគរាតត្បាតនេះ។ បងអៃសាកដែលមកពីប្រទេសម៉ាឡាវី ក៏និយាយថា៖«យើងមិនមានគ្រឿងអេឡិចត្រូនិកទេ ដូច្នេះយើងពិតជាមានចិត្តដឹងគុណណាស់សម្រាប់ការរៀបចំដ៏ពិសេសនេះពីអង្គការព្រះយេហូវ៉ា ដែលឲ្យយើងអាចស្ដាប់កម្មវិធីមហាសន្និបាតតាមរយៈវិទ្យុនេះ។ ដោយសារការរៀបចំនេះ ក្រុមគ្រួសាររបស់ខ្ញុំទាំងមូលអាចទទួលប្រយោជន៍ពីកម្មវិធីមហាសន្និបាត។ នេះជាភ័ស្តុតាងដែលបង្ហាញថាព្រះយេហូវ៉ាស្រឡាញ់រាស្ត្ររបស់លោក»។
មហាសន្និបាតឆ្នាំ២០២០គឺជាមហាសន្និបាតដំបូងរបស់អ្នកផ្សព្វផ្សាយម្នាក់នៅប្រទេសម៉ូសំប៊ិក។ គាត់បាននិយាយថា៖«ការទស្សនាកម្មវិធីមហាសន្និបាតតាមទូរទស្សន៍ បានរំលឹកខ្ញុំថាព្រះយេហូវ៉ាគឺជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ រោគរាតត្បាតនេះមិនបានរារាំងលោកពីការផ្ដល់អ្វីដែលយើងត្រូវការដើម្បីពង្រឹងជំនឿរបស់យើងឡើយ ហើយយើងអាចទស្សនានៅក្នុងបន្ទប់យើងតែម្ដង។ ខ្ញុំឃើញភ័ស្តុតាងដែលបង្ហាញអំពីសេចក្ដីស្រឡាញ់ក្នុងចំណោមរាស្ត្ររបស់លោក ហើយខ្ញុំជឿជាក់ថានេះជាសាសនាពិត»។
អ្នកចាស់ទុំម្នាក់ឈ្មោះវីសិនបាននិយាយថា៖«ខ្ញុំពិតជាចង់បង្ហាញចិត្តដឹងគុណរបស់ខ្ញុំចំពោះខ្ញុំបម្រើដ៏ស្មោះត្រង់ដែលបានយកចិត្តទុកដាក់ចំពោះយើងក្នុងអំឡុងរោគរាតត្បាតនេះ។ ការរៀបចំឲ្យមានការចាក់ផ្សាយតាមវិទ្យុនិងទូរទស្សន៍ បានជួយយើងជាច្រើននាក់ដែលមិនសូវមានលុយក្នុងប្រទេសដែលក្រីក្រនេះ អាចទស្សនានិងទទួលប្រយោជន៍ពីមហាសន្និបាតនេះ»។
សម្រាប់មហាសន្និបាតតាមភូមិភាគឆ្នាំ២០២១ គណៈកម្មាធិការខាងការចាត់ចែងនិងគណៈកម្មាធិការខាងការបង្រៀន បានអនុញ្ញាតឲ្យមានករណីលើកលែងម្ដងទៀតដើម្បីចាក់ផ្សាយមហាសន្និបាតរបស់យើងតាមទូរទស្សន៍និងវិទ្យុនៅក្នុងសហគមន៍ខ្លះ។ តើយើងអាចចំណាយចំពោះការចាក់ផ្សាយកម្មវិធីមហាសន្និបាតរបស់យើងតាមរបៀបនេះយ៉ាងដូចម្ដេច? គឺតាមរយៈវិភាគទានទូទាំងពិភពលោក។ វិភាគទានជាច្រើនបានត្រូវផ្ដល់ឲ្យតាមរបៀបផ្សេងៗក្នុងគេហទំព័រdonate.pr418.com។ យើងអរគុណដែលបងប្អូនបានជូនវិភាគទានដោយចិត្តទូលាយ។
a នៅដើមឆ្នាំ២០២០ គណៈកម្មាធិការខាងការចាត់ចែងបានអនុញ្ញាតឲ្យចាក់ផ្សាយកម្មវិធីកិច្ចប្រជុំក្រុមជំនុំ តាមទូរទស្សន៍និងវិទ្យុក្នុងតំបន់ខ្លះក្នុងអំឡុងពេលមានរោគរាតត្បាតកូវីដ១៩។ ការរៀបចំនេះបានជួយពួកអ្នកដែលមិនអាចតភ្ជាប់កិច្ចប្រជុំតាមក្រុមជំនុំរបស់ខ្លួនឬតាមJWផ្សាយឡើងវិញ ដោយសារពួកគេរស់ក្នុងតំបន់ដែលមិនសូវមានសេវាអ៊ីនធឺណិត ហើយទូរស័ព្ទរបស់ពួកគេមិនមានសេវាឬថ្លៃពេក។ ប៉ុន្តែ ការរៀបចំនេះមិនមែនសម្រាប់តំបន់ដែលអាចភ្ជាប់កិច្ចប្រជុំក្រុមជំនុំឡើយ។
b ចំនួនទឹកប្រាក់ដុល្លារក្នុងអត្ថបទនេះគឺសំដៅទៅលើដុល្លារអាម៉េរិក។