លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ

ការផលិតសៀវភៅដែលសំខាន់បំផុត

ការផលិតសៀវភៅដែលសំខាន់បំផុត

ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២១

 «​ខ្ញុំ​បាន​រង់​ចាំ​ទទួល​សៀវ​ភៅ​នេះ​អស់​រយៈ​ពេល​១៩​ឆ្នាំ​មក​ហើយ!​»។ តើ​បង​ប្រុស​រួម​ជំនឿ​ម្នាក់​នេះ​កំពុង​រង់​ចាំ​សៀវ​ភៅ​អ្វី? គឺ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ក្នុង​ភាសា​បង់ក្លាដែស​ដែល​ជា​ភាសា​របស់​គាត់។ មនុស្ស​ជា​ច្រើន​ក៏​មាន​ប្រតិកម្ម​ដូច​គាត់​ដែរ​ពេល​ដែល​ពួក​គេ​បាន​ទទួល​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ក្នុង​ភាសា​របស់​ពួក​គេ។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ការ​បក​ប្រែ​និង​ការ​ផលិត​គម្ពីរ​ទាំង​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ?

 ដំបូង គណៈ​កម្មាធិការ​ខាង​ការ​និពន្ធ​នៃ​គណៈ​អភិបាល​ចាត់​ក្រុម​បក​ប្រែ​មួយ​ដើម្បី​ធ្វើ​កិច្ច​ការ​នេះ។ តើ​ត្រូវ​ការ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​បក​ប្រែ​គម្ពីរ? បង​ប្រុស​នីកូឡាស អាឡាឌីស​ដែល​ធ្វើ​ការ​ខាង​ផ្នែក​ផ្ដល់​ជំនួយ​ដល់​អ្នក​បក​ប្រែ​នៅ​វ័រវិក រដ្ឋ​ញូវយ៉ក​ពន្យល់​ថា​៖​«​មាន​កត្ដា​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​រយៈ​ពេល​ដែល​ក្រុម​បក​ប្រែ​ត្រូវ​ចំណាយ​ដូច​ជា តើ​មាន​អ្នក​បក​ប្រែ​ប៉ុន្មាន​នាក់ តើ​ភាសា​នោះ​ស្មុគ​ស្មាញ​ប៉ុណ្ណា តើ​អ្នក​អាន​ស្គាល់​ប្រវត្តិ​គម្ពីរ​ច្បាស់​ប៉ុណ្ណា ហើយ​តើ​ភាសា​ខុស​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឬ​ទេ? ជា​មធ្យម ក្រុម​បក​ប្រែ​ត្រូវ​ការ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ដើម្បី​បក​ប្រែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ហើយ​ប្រហែល​ជា​បួន​ឆ្នាំ​ឬ​ច្រើន​ជាង​ដើម្បី​បក​ប្រែ​គម្ពីរ​ទាំង​មូល។ ការ​បក​ប្រែ​ជា​ភាសា​សញ្ញា​ត្រូវ​ការ​ពេល​កាន់​តែ​យូរ​ថែម​ទៀត​»។

 ដើម្បី​បក​ប្រែ​គម្ពីរ យើង​មិន​ត្រឹម​តែ​ត្រូវ​ការ​ក្រុម​បក​ប្រែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​ការ​អ្នក​អាន​មួយ​ក្រុម​ដែល​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ ហើយ​ពេល​ខ្លះ​ត្រូវ​ការ​អ្នក​អាន​ពី​ប្រទេស​ផ្សេង​ៗ​ដើម្បី​ពិនិត្យ​មើល​ការ​បក​ប្រែ​ឡើង​វិញ ហើយ​ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​ឥត​គិត​ថ្លៃ។ យោបល់​របស់​ពួក​គេ​ជួយ​អ្នក​បក​ប្រែ​ឲ្យ​ផលិត​គម្ពីរ​ដែល​ត្រឹម​ត្រូវ ច្បាស់ ហើយ​មាន​អត្ថន័យ។ អ្នក​បង្ហាត់​បង្រៀន​អ្នក​បក​ប្រែ​ម្នាក់​នៅ​អាហ្វ្រិក​ខាង​ត្បូង​និយាយ​ថា​៖​«​តាម​ពិត អ្នក​បក​ប្រែ​មាន​អារម្មណ៍​ថា​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា និង​អ្នក​អាន​បណ្ដាំ​របស់​លោក​»។

 បន្ទាប់​ពី​បក​ប្រែ​ចប់ គម្ពីរ​ត្រូវ​បោះ​ពុម្ព​និង​ចង​ក្រង។ ដើម្បី​ធ្វើ​ដូច្នេះ រោង​ពុម្ព​ផ្សេង​ៗ​របស់​យើង​ត្រូវ​ការ​សម្ភារៈ​១០​យ៉ាង​តិច ដូច​ជា​៖ ក្រដាស ទឹក​ថ្នាំ ក្រប​សៀវ​ភៅ កាវ ក្រដាស​រឹង ពណ៌​ប្រាក់ ខ្សែ ខ្សែ​ក្រវាត់​ក្បាល ឆ្អឹង​ខ្នង និង​ក្រណាត់​រឹង​ដើម្បី​ជួយ​ចង​ក្រង​គម្ពីរ។ នៅ​ឆ្នាំ​២០១៩ យើង​បាន​ចំណាយ​២០​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ទិញ​សម្ភារៈ​ទាំង​នោះ ហើយ​បង​ប្អូន​ដែល​ធ្វើ​ការ​ក្នុង​រោង​ពុម្ព​បាន​ចំណាយ​ពេល​ជាង​៣០០.០០០​ម៉ោង​ដើម្បី​ជួយ​ផលិត​និង​ដឹក​ជញ្ជូន។

«​គម្ពីរ​គឺ​ជា​សៀវ​ភៅ​ដ៏​សំខាន់​បំផុត​ដែល​យើង​បោះ​ពុម្ព​»​

 ហេតុ​អ្វី​យើង​ចំណាយ​ពេល​និង​លុយ​ច្រើន​ម្ល៉េះ​ដើម្បី​ផលិត​គម្ពីរ? បង​ប្រុស​ជោអែល ប៊្លូ ដែល​ធ្វើ​ការ​ផ្នែក​បោះ​ពុម្ព​ទូទាំង​ពិភព​លោក​បាន​និយាយ​ថា​៖​«​គម្ពីរ​គឺ​ជា​សៀវ​ភៅ​ដ៏​សំខាន់​បំផុត​ដែល​យើង​បោះ​ពុម្ព ដូច្នេះ​យើង​ចង់​ធ្វើ​ឲ្យ​គម្ពីរ​ស្អាត​ដើម្បី​លើក​តម្កើង​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍ និង​ដើម្បី​ជួយ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ដែរ​»។

 ក្រៅ​ពី​ផលិត​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី យើង​ក៏​ផលិត​គម្ពីរ​ពិសេស​ៗ​ដែរ។ ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ជា​អក្សរ​សម្រាប់​មនុស្ស​ងងឹត​ភ្នែក មាន​១០​ភាសា។ យើង​ត្រូវ​ការ​ពេល​៨​ម៉ោង ដើម្បី​បោះ​ពុម្ព​គម្ពីរ​បែប​នេះ​ទាំង​មូល ហើយ​ត្រូវ​ការ​កន្លែង​យ៉ាង​ហោច​ណាស់​២.៣​ម៉ែត្រ​ដើម្បី​ដាក់​តម្រៀប​សៀ​ភៅ​ទាំង​អស់។ យើង​ក៏​ផលិត​គម្ពីរ​ពិសេស​សម្រាប់​អ្នក​ជាប់​គុក​ដែរ គឺ​ជា​សៀវ​ភៅ​ដែល​មាន​ក្រប​ធ្វើ​ពី​ក្រដាស​ទន់​ប៉ុណ្ណោះ ដោយ​សារ​គេ​មិន​អនុញ្ញាត​ឲ្យ​យក​អ្វី​ដែល​រឹង​ចូល​ក្នុង​គុក​បាន​ទេ។

 សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​អ្នក​អាន។ សូម​គិត​អំពី​ក្រុម​ជំនុំ​ភាសា​គីលូបា នៅ​តំបន់​ធំ​បេ នា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ តំបន់​ធំ​បេ​មាន​ចម្ងាយ​១.៧០០​គីឡូ​ម៉ែត្រ​ពី​រដ្ឋធានី​នៃ​ប្រទេស​នោះ។ នៅ​ទី​នោះ សាក្សី​ព្រះ​យេហូវ៉ា​មាន​គម្ពីរ​តែ​មួយ​ក្បាល​ប៉ុណ្ណោះ​ជា​ភាសា​គីលូបា ដែល​ប្រើ​ពាក្យ​ចាស់​ៗ​និង​ពិបាក​យល់។ បង​ប្អូន​របស់​យើង​បាន​ប្រើ​គម្ពីរ​តែ​មួយ​ក្បាល​នោះ​ជា​មួយ​គ្នា​ដើម្បី​រៀបចំ​កិច្ច​ប្រជុំ។ ប៉ុន្តែ តាំង​ពី​ខែ​សីហា​ឆ្នាំ​២០១៨​មក សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​គីលូបា​ទាំង​មូល​ដែល​ស្រួល​យល់ បាន​ត្រូវ​បោះ​ពុម្ព​ហើយ​ចែក​ឲ្យ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ។

 បង​ស្រី​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​និយាយ​អំពី​កំណែ​ថ្មី​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ក្នុង​ភាសា​របស់​គាត់​ថា​៖​«​ឥឡូវ​ខ្ញុំ​លែង​និយាយ​ថា​ខ្ញុំ​ត្រូវ​តែ​អាន​គម្ពីរ​ទៀត​ហើយ តែ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​ពេល​ណា​ខ្ញុំ​អាច​អាន​ថែម​ទៀត?​»។ អ្នក​ជាប់​គុក​ម្នាក់​បាន​សរសេរ​ថា​៖​«​ខ្ញុំ​បាន​ទទួល​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​មួយ​ក្បាល ហើយ​គម្ពីរ​នេះ​កំពុង​ផ្លាស់​ប្ដូរ​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​មិន​ធ្លាប់​យល់​បណ្ដាំ​របស់​ព្រះ​ច្បាស់​ដូច​ជា​ពេល​ដែល​ខ្ញុំ​បាន​អាន​សេចក្ដី​បក​ប្រែ​នេះ​ទេ។ ខ្ញុំ​ចង់​ដឹង​ថែម​ទៀត​អំពី​សាក្សី​ព្រះ​យេហូវ៉ា ហើយ​របៀប​ដែល​ខ្ញុំ​អាច​ក្លាយ​ទៅ​ជា​សាក្សី​ម្នាក់​ដែរ​»។

 អ្នក​អាន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ទាំង​អស់​ដឹង​គុណ​ចំពោះ​វិភាគទាន​ដែល​គាំទ្រ​ក្នុង​ការ​ផលិត​គម្ពីរ​នេះ។ វិភាគទាន​សម្រាប់​កិច្ច​ការ​ទូទាំង​ពិភព​លោក​ទាំង​នេះ បាន​ត្រូវ​ទទួល​តាម​គេហទំព័រ​donate.pr418.com។ យើង​សូម​អរគុណ​ចំពោះ​ចិត្ត​សប្បុរស​របស់​អ្នក។