របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
ការផ្ដល់ជំនួយដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយ
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១
នៅឆ្នាំ២០២០មានគ្រោះមហន្តរាយធម្មជាតិជាច្រើន ហើយនៅដើមឆ្នាំនោះមានរោគរាតត្បាតកូវីដ១៩នៅទូទាំងពិភពលោក តើសាក្សីព្រះយេហូវ៉ាជួយអ្នកដែលរងគ្រោះយ៉ាងដូចម្ដេច?
ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០២០ a គណៈកម្មាធិការខាងការចាត់ចែងនៃគណៈអភិបាលបានទទួលការអនុញ្ញាតឲ្យចំណាយ២៨លានដុល្លារ b ទៅលើការផ្ដល់ជំនួយសម្រាប់គ្រោះមហន្តរាយ។ ជំនួយនេះសម្រាប់ជួយជនរងគ្រោះដែលបណ្ដាលមកពីគ្រោះមហន្តរាយជាង២០០ ដែលរួមបញ្ចូលរោគរាតត្បាតកូវីដ១៩ ខ្យល់ព្យុះធំៗ ទឹកជំនន់នៅទ្វីបអាហ្វ្រិក ការខ្វះស្បៀងអាហារនៅប្រទេសវ៉េណេស៊ុយអេឡា និងគ្រោះរាំងស្ងួតនៅប្រទេសស៊ីមបាវ៉េ។ វិភាគទានទាំងនោះជួយចំណាយសម្រាប់ស្បៀងអាហារ ទឹក ជម្រក សម្លៀកបំពាក់ និងការព្យាបាល ហើយនេះក៏រួមបញ្ចូលសម្ភារផ្សេងៗសម្រាប់សម្អាត ជួសជុល និងសាងសង់ឡើងវិញ។ សូមពិចារណាឧទាហរណ៍ខ្លះៗអំពីការផ្ដល់ជំនួយនេះ។
កូវីដ១៩។ នៅទូទាំងពិភពលោករោគរាតត្បាតនេះមានឥទ្ធិពលទៅលើបងប្អូនរបស់យើង មិនថាផ្លូវកាយ ផ្លូវចិត្ត និងខាងសេដ្ឋកិច្ច។ ដើម្បីជួយពួកគេ គណៈកម្មាធិការផ្ដល់ជំនួយពេលមានមហន្តរាយជាង៨០០បានត្រូវបង្កើតឡើងនៅទូទាំងពិភពលោក។ គណៈកម្មាធិការនេះបានពិនិត្យមើលសេចក្ដីត្រូវការរបស់បងប្អូន ហើយផ្ដល់របាយការណ៍ភ្លាមៗ ដើម្បីជួយគណៈកម្មាធិការខាងការចាត់ចែងដឹងរបៀបដ៏ល្អបំផុតដើម្បីផ្ដល់ជំនួយ។
ពេញមួយឆ្នាំ គណៈកម្មាធិការផ្ដល់ជំនួយពេលមានមហន្តរាយបានជួយបងប្អូនជាច្រើនឲ្យទទួលស្បៀងអាហារ ទឹក បរិក្ខារសម្រាប់សម្អាត និងថ្នាំពេទ្យមួយចំនួន។ នៅតំបន់ខ្លះគណៈកម្មាធិការនេះក៏ធ្វើការជាមួយអ្នកចាស់ទុំក្នុងតំបន់នោះ ដើម្បីជួយបងប្អូនឲ្យទទួលជំនួយពីរដ្ឋាភិបាលដែរ។
អ្នកដែលមិនមែនជាសាក្សីព្រះយេហូវ៉ាក៏បានកត់សម្គាល់ឃើញកិច្ចការផ្ដល់ជំនួយរបស់យើងដែរ។ ជាឧទាហរណ៍ ចៅហ្វាយក្រុងណាកនដា ឈ្មោះហ្វៀលស៊ីមវិង៉ា នៅប្រទេសសំប៊ី បានប្រាប់បងប្អូនរបស់យើងថា៖«យើងពិតជាមានចិត្តដឹងគុណណាស់សម្រាប់ជំនួយដ៏ច្រើនរបស់អ្នកដែលមកដល់នៅពេលត្រឹមត្រូវ ដើម្បីជួយក្រុមគ្រួសារដែលបានរងគ្រោះ»។
ការខ្វះខាតស្បៀងអាហារនៅប្រទេសអង់ហ្គោឡា។ ដោយសាររោគរាតត្បាតកូវីដ១៩បានប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅប្រទេសអង់ហ្គោឡា ហើយនោះនាំឲ្យទំនិញឡើងថ្លៃធ្វើឲ្យបងប្អូនជាច្រើនរបស់យើង កាន់តែពិបាករកទិញស្បៀងអាហារ។
ការិយាល័យសាខាប្រេស៊ីលបានផ្ដល់ជំនួយដោយផ្ញើស្បៀងអាហារជាគីបៗ ទៅបងប្អូនយើងនៅប្រទេសអង់ហ្គោឡា។ ដើម្បីប្រើវិភាគទានឲ្យមានប្រយោជន៍ច្រើនបំផុត បងប្អូនរបស់យើងបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីរបៀបល្អបំផុតដើម្បីទិញនិងផ្ញើស្បៀងអាហារ។ ហើយស្បៀងអាហារទាំងនោះបានត្រូវទិញក្នុងតម្លៃបោះដុំ។ ហេតុនេះមួយគីបៗមានតម្លៃប្រមាណ២២ដុល្លារប៉ុណ្ណោះ នេះរួមបញ្ចូលតម្លៃទំនិញនិងតម្លៃផ្ញើផងដែរ។ ប៉ុន្តែ ស្បៀងអាហារក្នុងមួយគីបៗមានទម្ងន់ជិត២០គីឡូក្រាម ក្នុងនោះមានអង្ករ សណ្ដែក និងប្រេងឆា។ ដូច្នេះ បងប្អូនបានផ្ញើស្បៀងអាហារ គឺ៣៣.៥៤៤គីប សរុបទាំងអស់៦៥៤តោន(តម្លៃក្នុង១តោនគឺ៧២១ដុល្លារ)។ ម្ល៉ោះហើយ ទាំងស្បៀងអាហារក្នុងតំបន់ ទាំងស្បៀងអាហារដែលផ្ញើទៅ អាចផ្គត់ផ្គង់មនុស្សជាង៥០.០០០នាក់!
តើបងប្អូនរបស់យើងមានអារម្មណ៍យ៉ាងណាចំពោះជំនួយទាំងនេះ? បងប្រុសរបស់យើងឈ្មោះអាឡិចសង់ដ្រឺ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងប្រទេសអង់ហ្គោឡា បាននិយាយថា៖«ជំនួយនេះធ្វើឲ្យខ្ញុំឃើញថាព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ ហើយថាខ្ញុំមិននៅតែឯងទេ។ អង្គការព្រះយេហូវ៉ាពិតជាឲ្យតម្លៃខ្ញុំខ្លាំងណាស់!»។ បងស្រីជាស្ត្រីមេម៉ាយម្នាក់ឈ្មោះម៉ារីសាបានរៀបរាប់ថា៖«ព្រះយេហូវ៉ាឮការសុំជំនួយរបស់ខ្ញុំ ហើយខ្ញុំពិតជាអរគុណលោកនិងអង្គការរបស់លោកណាស់!»។
ជំនួយសម្រាប់គ្រោះរាំងស្ងួតនៅប្រទេសស៊ីមបាវ៉េ។ ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០២០ ប្រទេសស៊ីមបាវ៉េបានជួបគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។ នេះបានបណ្ដាលឲ្យមនុស្សរាប់លាននាក់រងទុក្ខដោយសារភាពអត់ឃ្លានយ៉ាងខ្លាំង។ សាក្សីព្រះយេហូវ៉ារាប់ពាន់នាក់នៅប្រទេសស៊ីមបាវ៉េក៏ខ្វះអាហារដែរ។
គណៈកម្មាធិការខាងការផ្ដល់ជំនួយប្រាំ បានត្រូវបង្កើតឡើងដើម្បីជួយផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនរបស់យើង។ អ្នកផ្សព្វផ្សាយរាប់រយនាក់បានចូលរួមជួយវេចខ្ចប់ស្បៀងអាហារ ដឹកជញ្ជូនទំនិញ ឬឲ្យខ្ចីយានជំនិះរបស់ខ្លួន។ c ក្នុងអំឡុងឆ្នាំកិច្ចបម្រើ២០២០ យើងបានប្រើប្រាស់ថវិកាអស់៦៩១.៥៦១ដុល្លារដើម្បីជួយផ្គត់ផ្គង់មនុស្សជាង២២.៧០០នាក់!
ក្នុងករណីខ្លះ ជំនួយបានមកដល់ចំពេលដែលបងប្អូនអស់ស្បៀងអាហារតែម្ដង។ ពេលស្បៀងអាហារមកដល់បងប្អូនរបស់យើងបានសរសើរតម្កើងព្រះយេហូវ៉ា ហើយបងប្អូនខ្លះថែមទាំងច្រៀងចម្រៀងរាជាណាចក្រទៀតផង។
នៅតំបន់មួយ សាក្សីព្រះយេហូវ៉ាពីរនាក់ដែលជាស្ត្រីមេម៉ាយបានចូលរួមប្រជុំក្នុងសហគមន៍ដែលបានរៀបចំឡើងដើម្បីពិភាក្សាអំពីជំនួយខាងស្បៀងអាហារដែលនឹងត្រូវផ្ដល់ឲ្យតាមរយៈអង្គការក្រៅរដ្ឋាភិបាល(NGO)។ ប៉ុន្តែ ក្នុងកិច្ចប្រជុំនោះបានចាប់ផ្ដើមនិយាយរឿងទាក់ទងនឹងនយោបាយ។ ដូច្នេះបងស្រីរបស់យើងបានសម្រេចចិត្តថាពួកគាត់មិនអាចទទួលយកល័ក្ខខ័ណ្ឌរបស់ពួកគេដើម្បីទទួលជំនួយទេ។ ពេលដែលពួកគាត់ដើរចេញពីកិច្ចប្រជុំ អ្នកនៅទីនោះបានចំអកឲ្យគាត់ថា៖«កុំមករកអាហារពីយើង!»។ ប៉ុន្តែ ពីរសប្ដាហ៍ក្រោយមក បងប្អូនរបស់យើងបានទៅដល់ទីនោះហើយផ្ដល់ស្បៀងអាហារដល់បងស្រីទាំងពីររបស់យើង គឺបងប្អូនយើងបានទៅដល់ មុនជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលនោះទៅទៀត!
ការផ្ដល់ជំនួយនៅប្រទេសស៊ីមបាវ៉េ ក៏ជាសាក្សីបញ្ជាក់យ៉ាងល្អផងដែរ។ ជាឧទាហរណ៍ សូមពិចារណាបទពិសោធន៍របស់បងស្រីព្រីស្កាដែលរស់នៅក្នុងភូមិតូចមួយ។ ទោះជាមានការពិបាកដែលបណ្ដាលមកពីគ្រោះរាំងស្ងួតក្ដី ព្រីស្កានៅតែផ្សព្វផ្សាយនៅរៀងរាល់ថ្ងៃពុធនិងថ្ងៃសុក្រ ហើយសូម្បីតែនៅរដូវភ្ជួររាស់ក៏នាងនៅតែធ្វើដូច្នោះដែរ។ មនុស្សនៅក្នុងភូមិបាននិយាយមើលងាយនាងថា៖«ឯងកំពុងធ្វើឲ្យក្រុមគ្រួសារឯងអត់ឃ្លានហើយ ដោយសារតែកិច្ចផ្សព្វផ្សាយរបស់ឯង»។ នាងបានតបឆ្លើយទៅវិញថា៖«ព្រះយេហូវ៉ាមិនដែលបោះបង់ចោលរាស្ត្ររបស់លោកឡើយ»។ មិនយូរក្រោយពីនោះ នាងបានទទួលជំនួយពីអង្គការរបស់យើង។ នេះបានធ្វើឲ្យអ្នកជិតខាងខ្លះរបស់នាងភ្ញាក់ផ្អើលជាខ្លាំង ហើយប្រាប់នាងថា៖«ព្រះរបស់អ្នកមិនដែលបោះបង់ចោលអ្នកទេ ដូច្នេះយើងចង់រៀនថែមទៀតអំពីលោក»។ សព្វថ្ងៃនេះ អ្នកជិតខាង៧នាក់បានស្ដាប់កិច្ចប្រជុំរបស់យើងដែលចាក់ផ្សាយតាមវិទ្យុ។
កាលដែលយើងកាន់តែជិតដល់ទីបញ្ចប់ យើងនឹងជួបគ្រោះមហន្តរាយកាន់តែច្រើន។ (ម៉ាថាយ ២៤:៣, ៧) យើងពិតជាដឹងគុណខ្លាំងណាស់ចំពោះវិភាគទានដែលបងប្អូនបានធ្វើដោយចិត្តទូលាយតាមវិធីផ្សេងៗដែលមានក្នុងគេហទំព័រdonate.pr418.com។ វិភាគទានទាំងនោះនឹងត្រូវប្រើដើម្បីផ្ដល់ជំនួយដល់អស់អ្នកដែលកំពុងរងគ្រោះ ហើយជំនួយទាំងនេះនឹងផ្ដល់នៅពេលត្រឹមត្រូវ។
a ឆ្នាំកិច្ចបម្រើ២០២០ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែសីហា ឆ្នាំ២០២០។
b ចំនួនទឹកប្រាក់ដុល្លារក្នុងអត្ថបទនេះគឺសំដៅទៅលើដុល្លារអាម៉េរិក។
c ដោយសារមានការបិទខ្ទប់ដែលបណ្ដាលមកពីរោគរាតត្បាតកូវីដ១៩ នោះបងប្អូនរបស់យើងត្រូវសុំការអនុញ្ញាតដើម្បីដឹកជញ្ជូនស្បៀងអាហារ។ ហើយពួកគាត់ក៏មានការប្រុងប្រយ័ត្នខ្ពស់ពេលដឹកជញ្ជូនស្បៀងអាហារដែរ ដើម្បីកុំឲ្យឆ្លងមេរោគ។