លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ

ការមានអ្វីដែលលើសពីសេចក្ដីត្រូវការ អាចបំពេញការខ្វះខាត

ការមានអ្វីដែលលើសពីសេចក្ដីត្រូវការ អាចបំពេញការខ្វះខាត

ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២០

 សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​កិច្ច​ការ​សំខាន់​ដើម្បី​ជួយ​មនុស្ស​នៅ​ជាង​២០០​ប្រទេស។ ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ មាន​តែ​៣៥​ប្រទេស​ប៉ុណ្ណោះ​ដែល​ទទួល​វិភាគទាន​ស្មើ​នឹង​ចំនួន​ដែល​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​នោះ​ចំណាយ។ តើ​ប្រទេស​ឯ​ទៀត​ដែល​មាន​ការ​ខ្វះ​ខាត​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច?

 គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​បាន​គិត​ពិចារណា​អំពី​អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ពិភព​លោក​ត្រូវ​ការ ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​និង​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ពួក​គាត់​រៀបចំ​ថវិកា​សម្រាប់​សេចក្ដី​ត្រូវ​ការ​តាម​ការិយាល័យ​សាខា​នីមួយ​ៗ។ បើ​ការិយាល័យ​សាខា​ណា​មួយ​មិន​ត្រូវ​ការ​ប្រើ​ថវិកា​ទាំង​អស់​ដែល​ពួក​គេ​បាន​ទទួល នោះ​ពួក​គេ​នឹង​ប្រើ​ថវិកា​ដែល​នៅ​សល់​ដើម្បី​ជួយ​បង​ប្អូន​នៅ​ប្រទេស​ណា​ដែល​មាន​ការ​ខ្វះ​ខាត។ ការ​រៀបចំ​នេះ​គឺ​ដូច​គ្នា​នឹង​គំរូ​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដែល​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក‹ដើម្បី​ឲ្យ​បង​ប្អូន​ដែល​មាន​អ្វី​លើស​ពី​សេចក្ដី​ត្រូវ​ការ អាច​បំពេញ​ការ​ខ្វះ​ខាត​របស់​បង​ប្អូន​ឯ​ទៀត›។ (​កូរិនថូស​ទី​២ ៨:១៤​) ពួក​គេ​ប្រើ​ថវិកា​ដែល​លើស​ពី​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ ដើម្បី​បំពេញ​ការ​ខ្វះ​ខាត​របស់​គ្រិស្ត​សាសនិក​ឯ​ទៀត។

 តើ​បង​ប្អូន​របស់​យើង​ដែល​បាន​ទទួល​ថវិកា​ពី​ការិយាល័យ​សាខា​ឯ​ទៀត​មាន​អារម្មណ៍​យ៉ាង​ណា? ជា​ឧទាហរណ៍ នៅ​ប្រទេស​តង់សានី មាន​មនុស្ស​ជាង​៥០​ភាគ​រយ​ដែល​រស់​នៅ​ដោយ​មាន​លុយ​តិច​ជាង​ពីរ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​ថវិកា​ពី​ការិយាល័យ​សាខា​ឯ​ទៀត​បាន​ត្រូវ​ប្រើ​ដើម្បី​ជួស​ជុល​សាល​ប្រជុំ​របស់​ក្រុម​ជំនុំ​ម៉ាហ្វីងហ្កា។ ក្រុម​ជំនុំ​នោះ​បាន​សរសេរ​ថា​៖​«​តាំង​ពី​សាល​ប្រជុំ​យើង​បាន​ត្រូវ​ជួស​ជុល​ហើយ មាន​មនុស្ស​ជា​ច្រើន​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង! យើង​ពិត​ជា​ដឹង​គុណ​អង្គការ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ​នៅ​ទូទាំង​ពិភព​លោក​ណាស់ ចំពោះ​ចិត្ត​សប្បុរស​របស់​ពួក​គេ ដែល​បាន​ជួយ​យើង​ឲ្យ​មាន​កន្លែង​គោរព​ប្រណិប័តន៍​ដ៏​ស្រស់​ស្អាត​នេះ​»។

 ដោយ​សារ​ជំងឺ​កូវីដ​-​១៩ បង​ប្អូន​របស់​យើង​ខ្លះ​នៅ​ប្រទេស​ស្រីលង្កា​មិន​មាន​អាហារ​គ្រប់​គ្រាន់​នោះ​ទេ។ បង​ស្រី​អេ​ម៉ារ៉ា ហ្វេណានដូ​និង​អេណុស ដែល​ជា​កូន​ប្រុស​របស់​គាត់​ក៏​ដូច​គ្នា​ដែរ។ ប៉ុន្តែ ដោយ​សារ​មាន​វិភាគទាន​ពី​ប្រទេស​ផ្សេង​ៗ ពួក​គេ​បាន​ទទួល​ជំនួយ​ដែល​ពួក​គេ​ត្រូវ​ការ។ ពួក​គេ​បាន​ធ្វើ​កាត​មួយ​ដោយ​សរសេរ​ថា​៖​«​យើង​អរគុណ​បង​ប្អូន​ណាស់​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក្នុង​អំឡុង​គ្រា​លំបាក​នេះ។ យើង​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​យើង​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា ហើយ​យើង​នឹង​បន្ត​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​បង​ប្អូន​របស់​យើង​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​»។

អេ​ម៉ារ៉ា​និង​អេណុស​ហ្វេណានដូ

 មិន​ថា​បង​ប្អូន​របស់​យើង​រស់​នៅ​កន្លែង​ណា​នោះ​ទេ ពួក​គេ​ចង់​ចែក​រំលែក​អ្វី​ដែល​ពួក​គេ​មាន។ ជា​ឧទាហរណ៍ ប្អូន​ប្រុស​អេណុស​ធ្វើ​ប្រអប់​វិភាគទាន​តូច​មួយ​ដើម្បី​សន្សំ​លុយ​ឲ្យ​ក្រុម​គ្រួសារ​ឯ​ទៀត​ដែល​ត្រូវ​ការ​ជំនួយ។ បង​ស្រី​ក្វាដាលូពី អាល់វ៉ារែស​ក៏​បាន​បង្ហាញ​ចិត្ត​សប្បុរស​ដូច្នេះ​ដែរ។ គាត់​រស់​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ដែល​មនុស្ស​ភាគ​ច្រើន​ទទួល​ប្រាក់​ខែ​តិច​បំផុត ហើយ​មិន​ទៀង​ទាត់​ទេ។ ប៉ុន្តែ គាត់​ដាក់​វិភាគទាន​តាម​ដែល​អាច​ធ្វើ​បាន។ គាត់​សរសេរ​ថា​៖​«​ខ្ញុំ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​គុណធម៌​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក។ ខ្ញុំ​ដឹង​ថា​វិភាគទាន​របស់​ខ្ញុំ​នឹង​ត្រូវ​បូក​បញ្ចូល​ជា​មួយ​វិភាគទាន​របស់​បង​ប្អូន​ឯ​ទៀត ហើយ​អាច​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ដែល​ត្រូវ​ការ​»។

 ការិយាល័យ​សាខា​ជា​ច្រើន​សប្បាយ​ក្នុង​ការ​ផ្ញើ​ថវិកា​ទៅ​កន្លែង​ផ្សេង​ៗ​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ បង​ប្រុស​អានថូនី ខាវ៉ាហូ​ដែល​ជា​គណៈ​កម្មាធិការ​ការិយាល័យ​សាខាប្រទេស​ប្រេស៊ីល​និយាយ​ថា​៖​«​អស់​ជា​ច្រើន​ឆ្នាំ យើង​ត្រូវ​ការ​ថវិកា​ពី​ប្រទេស​ផ្សេង​ៗ​ដើម្បី​គាំទ្រ​កិច្ច​ការ​ក្នុង​ប្រទេស​របស់​យើង។ ដោយ​សារ​ជំនួយ​ទាំង​នេះ យើង​ឃើញ​ការ​រីក​ចម្រើន​យ៉ាង​អស្ចារ្យ។ សព្វ​ថ្ងៃ​នេះ យើង​លែង​មាន​ការ​ខ្វះ​ខាត​ទៀត ហើយ​យើង​មាន​ឯកសិទ្ធិ​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត។ បង​ប្អូន​របស់​យើង​នៅ​ប្រទេស​ប្រេស៊ីល​គិត​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ទូទាំង​ពិភព​លោក ហើយ​ព្យាយាម​ជួយ​អស់​ពី​សមត្ថភាព​»។

 តើ​អ្វី​ជា​វិធី​ដ៏​ល្អ​បំផុត​ដែល​សាក្សី​ព្រះ​យេហូវ៉ា​អាច​ជួយ​បង​ប្អូន​ដែល​ខ្វះ​ខាត? គឺ​ដោយ​ដាក់​វិភាគទាន​ដើម្បី​គាំទ្រ​កិច្ច​ការ​របស់​យើង​ទូទាំង​ពិភព​លោក មិន​មែន​ដោយ​ផ្ញើ​លុយ​ទៅ​ការិយាល័យ​សាខា​នៅ​ប្រទេស​ណា​មួយ​ដោយ​ផ្ទាល់​នោះ​ទេ។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ដាក់​វិភាគទាន​ក្នុង​ប្រអប់​វិភាគទាន​សម្រាប់​«​កិច្ច​ការ​ទូទាំង​ពិភព​លោក​»​នៅ​សាល​ប្រជុំ ឬ​ដាក់​វិភាគទាន​តាម​គេហទំព័រ​donate.pr418.com។ យើង​ពិត​ជា​ដឹង​គុណ​បង​ប្អូន​ណាស់​សម្រាប់​វិភាគទាន​ទាំង​អស់​របស់​បង​ប្អូន។