លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ដែល​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ

ការ​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង

ការ​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង

ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៤

 ប្អូន​ស្រី​នីខូល​ដែល​រស់​នៅ​ប្រទេស​កូឡុំប៊ី បាន​និយាយ​ថា​៖​«​ខ្ញុំ​ស្រឡាញ់​សាល​ប្រជុំ​ខ្ញុំ​ណាស់ នេះ​ជា​កន្លែង​ដែល​ខ្ញុំ​អាច​នៅ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​របស់​ខ្ញុំ​»។ តើ​អ្នក​មាន​អារម្មណ៍​ដូច​នីខូល​ទេ?

 នៅ​ទូ​ទាំង​ពិភព​លោក សាក្សី​ព្រះ​យេហូវ៉ា​ជួប​ជុំ​គ្នា​នៅ​សាល​ប្រជុំ​ប្រមាណ​៦៣.០០០​ខ្នង។ សាល​ទាំង​នេះ​ជួយ​យើង​ឲ្យ​ស្រួល​គោរព​ប្រណិប័តន៍​ព្រះ។ ប៉ុន្តែ សាល​ប្រជុំ​មិន​គ្រាន់​តែ​សម្រាប់​គោរព​ប្រណិប័តន៍​ប៉ុណ្ណោះ​ទេ។ អ្នក​ត្រួស​ត្រាយ​ម្នាក់​ឈ្មោះ​ដាវីឌ​ដែល​រស់​នៅ​ប្រទេស​កូឡុំប៊ី បាន​និយាយ​ថា​៖​«​សាល​ប្រជុំ​របស់​យើង​ធ្វើ​ឲ្យ​ដំណឹង​ដែល​យើង​ផ្សាយ​កាន់​តែ​មាន​ភាព​ទាក់​ទាញ។ ភ្ញៀវ​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​ពេល​ឃើញ​យើង​ថែ​រក្សា​សាល​របស់​យើង​បាន​ល្អ​បែប​នេះ​»។ នេះ​មិន​មែន​កើត​ឡើង​ដោយ​ឯកឯង​ទេ។ យើង​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​សម្អាត​និង​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង។ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ដូច្នេះ?

តើ​ការ​ថែ​ទាំ​បាន​ត្រូវ​ចាត់​ចែង​យ៉ាង​ដូច​ម្ដេច?

 មាន​ក្រុម​ជំនុំ​ពីរ​បី​ប្រើ​សាល​ប្រជុំ​មួយ។ ដូច្នេះ ក្រុម​ជំនុំ​ទាំង​នោះ​មាន​ភារកិច្ច​ថែ​ទាំ​សាល​ប្រជុំ​នោះ។ ដើម្បី​ធ្វើ​ដូច្នោះ បង​ប្អូន​យើង​សម្អាត​សាល​ប្រជុំ​ជា​ទៀង​ទាត់។ ពួក​គេ​ក៏​ធ្វើ​ការ​ថែ​ទាំ​និង​ជួស​ជុល​ខ្លះ​ៗ​ដែរ។

 ដើម្បី​ជួយ​ក្រុម​ជំនុំ​ថែ​ទាំ​សាល​ប្រជុំ​របស់​ពួក​គេ ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់​ចាត់​បង​ប្រុស​ៗ​ខ្លះ​ឲ្យ​បម្រើ​ជា​អ្នក​បង្ហាត់​បង្រៀន​ខាង​ការ​ថែ​ទាំ។ អ្នក​បង្រៀន​ម្នាក់​ៗ​មើល​ខុស​ត្រូវ​សាល​ប្រជុំ​ពី​៦​ទៅ​១០​ខ្នង។ គាត់​ទៅ​លេង​សាល​ប្រជុំ​ទាំង​នោះ ហើយ​បង្រៀន​អ្នក​ផ្សាយ​ឲ្យ​ចេះ​របៀប​ថែ​ទាំ​សាល​ប្រជុំ។ រៀង​រាល់​បី​ឆ្នាំ គាត់​វិភាគ​មើល​សាល​នីមួយ​ៗ និង​សម្រេច​ថា​វា​មាន​សុវត្ថិភាព​ឬ​ត្រូវ​ជួស​ជុល​ឬ​យ៉ាង​ណា។

អ្នក​បង្ហាត់​បង្រៀន​អំពី​ការ​ថែ​ទាំ​ជួយ​យើង​ថែ​រក្សា​សាល​ប្រជុំ​ឲ្យ​នៅ​ស្អាត​ជា​និច្ច

 បង​ប្អូន​របស់​យើង​ពិត​ជា​ដឹង​គុណ​ចំពោះ​ការ​រៀប​ចំ​ឲ្យ​មាន​បង​ប្អូន​មក​បង្ហាត់​បង្រៀន។ បង​ស្រី​ម្នាក់​ឈ្មោះ​អ៊ីឌូម៉ាឌី​ដែល​រស់​នៅ​ប្រទេស​ឥណ្ឌា បាន​និយាយ​ថា​៖​«​ការ​បង្ហាត់​បង្រៀន​នេះ​អស្ចារ្យ​ណាស់។ ខ្ញុំ​សប្បាយ​រៀន​អំពី​របៀប​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង​ឲ្យ​មាន​សភាព​ល្អ​»។ បង​ប្រុស​ម្នាក់​ឈ្មោះ​អេវិន ដែល​រស់​នៅ​ប្រទេស​កេនយ៉ា បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​រៀន​អំពី​របៀប​កាត់​បន្ថយ​ការ​ចំណាយ ដោយ​ជួស​ជុល​បញ្ហា​តូច​តាច មុន​នឹង​វា​រាល​ដាល​ទៅ​ជា​ធំ​ជាង​»។

ការ​បង់​ថ្លៃ​ចំណាយ

 ការ​ចំណាយ​ប្រចាំ​ឆ្នាំ​ទៅ​លើ​ការ​ប្រើ​ប្រាស់​និង​ថែ​ទាំ​សាល​ប្រជុំ​មួយ អាច​ចាប់​ពី​រាប់​រយ​ដុល្លារ​ទៅ​ដល់​រាប់​ពាន់​ដុល្លារ a អាស្រ័យ​ទៅ​លើ​ទី​តាំង​សាល​ប្រជុំ អាយុ​កាល​របស់​វា និង​ចំនួន​ក្រុម​ជំនុំ​ដែល​បាន​ប្រើ​ប្រាស់​សាល​នោះ។ តើ​យើង​អាច​បង់​ទៅ​លើ​ការ​ចំណាយ​នេះ​យ៉ាង​ដូច​ម្ដេច?

 ការ​ថែ​ទាំ​សាល​ប្រជុំ​គឺ​គាំទ្រ​ដោយ​វិភាគទាន។ បង​ប្រុស​អាឡិចសេនដឺ ដែល​រស់​នៅ​ប្រទេស​កាហ្សាក់ស្ថាន បាន​ពន្យល់​ថា​៖​«​ថវិកា​ខ្លះ​បាន​ត្រូវ​ប្រើ​ដើម្បី​ភ្ជាប់​អ៊ីនធឺណិត​និង​បង់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង។ ថវិកា​ខ្លះ​ទៀត បាន​ត្រូវ​ប្រើ​ទៅ​លើ​គ្រឿង​បរិក្ខារ​ផ្សេង​ៗ ដូច​ជា​ក្រដាស​អនាម័យ ស្រោម​ដៃ បរិក្ខារ​សម្អាត និង​ថ្នាំ​លាប​»។ ថវិកា​ដែល​នៅ​សល់​គឺ​វិភាគទាន​សម្រាប់​កិច្ច​ការ​ពិភព​លោក​ដើម្បី​ជួយ​ក្នុង​គម្រោង​ជួស​ជុល​ធំ​ជាង​និង​ថ្លៃ​ជាង​នៅ​ទូ​ទាំង​ពិភព​លោក។

គម្រោង​ជួស​ជុល​ដែល​ធំ​ជាង

 បើ​សាល​ប្រជុំ​មួយ​ត្រូវ​ជួស​ជុល​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាង​ធម្មតា​ដែល​បង​ប្អូន​របស់​យើង​ចំណាយ​សម្រាប់​សាល​ប្រជុំ​នោះ​ពីរ​ឬ​បី​ខែ នោះ​ក្រុម​អ្នក​ចាស់​ទុំ​នឹង​ពិភាក្សា​ជា​មួយ​បង​ប្អូន​ដែល​ជា​អ្នក​បង្ហាត់​បង្រៀន​ខាង​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់។ បើ​បង​ប្អូន​ក្នុង​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់​យល់​ព្រម​នឹង​គម្រោង​នោះ តាម​ធម្មតា​ការ​ចំណាយ​នោះ​ត្រូវ​យក​ពី​វិភាគទាន​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក។ ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០២៣ មាន​៨.៧៩៣​គម្រោង​បាន​ត្រូវ​ធ្វើ​ឡើង ដែល​ចំណាយ​អស់​៧៦,៦​លាន​ដុល្លារ។ ឥឡូវ​សូម​ឲ្យ​យើង​ពិចារណា​គម្រោង​ពីរ​នៃ​គម្រោង​ទាំង​នោះ។

 នៅ​ប្រទេស​អង់ហ្គោឡា សាល​ប្រជុំ​មួយ​ខ្នង​ដែល​មាន​ចំណាស់​១៥​ឆ្នាំ​ហើយ មាន​បញ្ហា​មួយ​ចំនួន។ ប្រព័ន្ធ​អគ្គិសនី​ត្រូវ​ផ្លាស់​ប្ដូរ ជញ្ជាំង​ប្រេះ​ស្រាំ ហើយ​អ្នក​ជិត​ខាង​បាន​ប្រាប់​ថា​មាន​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ។ ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់ បាន​រៀប​ចំ​គម្រោង​មួយ​ដើម្បី​ជួស​ជុល​បញ្ហា​ទាំង​នោះ។ គម្រោង​នេះ​ចំណាយ​អស់​៩.២៨៥​ដុល្លារ។ អ្នក​ជិត​ខាង​សាល​ប្រជុំ​នោះ​ពិត​ជា​មាន​អំណរ​គុណ​ណាស់ ហើយ​ពួក​គេ​នឹក​អស្ចារ្យ​ពេល​ឃើញ​បង​ប្អូន​របស់​យើង​ធ្វើ​ការ។

ការ​ជួស​ជុល​ថែ​ទាំ​សាល​ប្រជុំ​នៅ​ប្រទេស​អង់ហ្គោឡា

 នៅ​ប្រទេស​ប៉ូឡូញ ដំបូល​សាល​ប្រជុំ​មួយ​បាន​លិច​ទឹក ហើយ​កម្រាល​ក៏​ត្រូវ​ការ​ជួស​ជុល​ឡើង​វិញ​ដែរ។ ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់ បាន​យល់​ព្រម​ឲ្យ​មាន​គម្រោង​ជួស​ជុល​ដំបូល​និង​ប្ដូរ​កម្រាល​ថ្មី។ គម្រោង​នេះ​ចំណាយ​អស់​៩.៧៥៧​ដុល្លារ។ ជា​លទ្ធផល សាល​ប្រជុំ​នេះ​មិន​ត្រូវ​ការ​កែ​លម្អ​ធំ អស់​បី​ទៅ​បួន​ឆ្នាំ។

ការ​ជួស​ជុល​សាល​ប្រជុំ​នៅ​ប្រទេស​ប៉ូឡូញ

ការ​ជួស​ជុល​ថែ​ទាំ​ដែល​លើក​តម្កើង​នាម​ព្រះ​យេហូវ៉ា

 ការ​ជួស​ជុល​ថែ​ទាំ​មិន​គ្រាន់​តែ​សន្សំ​សំចៃ​ប្រាក់​វិភាគទាន​ប៉ុណ្ណោះ​ទេ តែ​ក៏​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​ដែរ។ បង​ប្រុស​ម្នាក់​ឈ្មោះ​ហ្សន ដែល​រស់​នៅ​ប្រទេស​តុងហ្គា បាន​រៀប​រាប់​ថា​៖​«​ដោយ​សារ​មាន​កិច្ច​ការ​ថែ​ទាំ​សាល​ប្រជុំ នោះ​យើង​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​មាន​របៀប​រៀប​រយ ស្អាត​ស្អំ និង​មាន​ដំណើរ​ការ​ល្អ។ ហើយ​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​សហគមន៍​របស់​យើង​គិត​ល្អ​អំពី​ព្រះ​យេហូវ៉ា។ យើង​មាន​មោទនភាព​អញ្ជើញ​មនុស្ស​មក​ចូល​រួម​កិច្ច​ប្រជុំ​នៅ​សាល​ប្រជុំ​របស់​យើង​»។

តើ​អ្នក​អាច​ជួយ​តាម​របៀប​ណា?

 យើង​ទាំង​អស់​គ្នា​អាច​ជួយ​សម្អាត​និង​ថែ​ទាំ​កន្លែង​គោរព​ប្រណិប័តន៍​របស់​យើង។ បង​ម៉ារីណូ​ដែល​ជា​អ្នក​បង្ហាត់​បង្រៀន​ខាង​ផ្នែក​ថែ​ទាំ​នៅ​ប្រទេស​អូស្ត្រាលី បាន​រៀប​រាប់​ថា​៖​«​យើង​ទាំង​អស់​គ្នា​អាច​រួម​ចំណែក​ក្នុង​កិច្ច​ការ​ដ៏​សំខាន់​នេះ​គឺ​ការ​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​កំពុង​ជួយ​សន្សំ​សំចៃ​ប្រាក់​វិភាគទាន ដើម្បី​យើង​អាច​ប្រើ​នៅ​កន្លែង​ណា​ដែល​ពិត​ជា​ត្រូវ​ការ​»។

 បង​ជោអែល​ដែល​រស់​នៅ​ប្រទេស​ឥណ្ឌា សប្បាយ​រួម​ចំណែក​ក្នុង​កិច្ច​ការ​ថែ​ទាំ​សាល​ប្រជុំ​របស់​គាត់​ណាស់។ គាត់​បាន​ប្រាប់​ថា​៖​«​ការ​ធ្វើ​ការ​ជា​មួយ​បង​ប្អូន​ជួយ​ខ្ញុំ​ឲ្យ​ស្រមៃ​គិត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពិភព​លោក​ថ្មី​»។ បង​នីខូល​ដែល​រៀប​រាប់​នៅ​ខាង​ដើម បាន​និយាយ​ថា​៖​«​ថ្មី​ៗ​នេះ ខ្ញុំ​ជួយ​ជូត​ឥដ្ឋ​ពេល​ដែល​បង​ប្អូន​ជួស​ជុល​បន្ទប់​ទឹក​ដែល​ជ្រាប​ទឹក។ ទោះ​ជា​ខ្ញុំ​មិន​បាន​ជួស​ជុល​ដោយ​ផ្ទាល់​ក្ដី តែ​ខ្ញុំ​បាន​រួម​ចំណែក​ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​»។

 បើ​អ្នក​ចង់​ស្ម័គ្រ​ចិត្ត​ជួយ​ថែ​ទាំ​សាល​ប្រជុំ​របស់​អ្នក សូម​ប្រាប់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក។ បន្ថែម​ទៅ​ទៀត អ្នក​ក៏​អាច​គាំទ្រ​ដោយ​វិភាគទាន​ដែរ។ វិភាគទាន​របស់​អ្នក​មិន​គ្រាន់​តែ​សម្រាប់​ថែ​ទាំ​សាល​ប្រជុំ​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​សាល​ប្រជុំ​ឯ​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក​ដែរ។ វិភាគទាន​ទាំង​នេះ​អាច​ដាក់​ក្នុង​ប្រអប់​វិភាគទាន​នៅ​សាល​ប្រជុំ​របស់​អ្នក ឬ​អាច​ជូន​តាម​រយៈ​គេហទំព័រ​donate.pr418.com។ យើង​ពិត​ជា​ដឹង​គុណ​ចំពោះ​ចិត្ត​ទូលាយ​របស់​អ្នក។

យើង​ទាំង​អស់​គ្នា​អាច​ជួយ​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង

a ប្រាក់​ដុល្លារ​ទាំង​អស់​នៅ​ក្នុង​អត្ថបទ​នេះ​សំដៅ​ទៅ​លើ​ដុល្លារ​អាម៉េរិក។