លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រូប​ខាង​ឆ្វេង​៖ កិច្ច​ការ​ផ្ដល់​ជំនួយ​នៅ​ប្រទេស​ស៊ីលី បង​ប្អូន​ស្ម័គ្រ​ចិត្ត​បាន​ជួយ​សាង​សង់​ផ្ទះ​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​ឡើង​វិញ​ក្រោយ​ពី​មាន​ការ​ឆេះ​ព្រៃ។ រូប​ខាង​ស្ដាំ​៖ បង​ស្រី​ពីរ​នាក់​នៅ​ប្រទេស​នីហ្សេរីយ៉ា​បាន​ទទួល​ជំនួយ​ក្រោយ​ពី​តំបន់​របស់​ពួក​គាត់​បាន​បំផ្លិច​បំផ្លាញ​ដោយ​ទឹក​ជំនន់

របៀប​ដែល​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ

ការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​ធម្មជាតិ​នៅ​ឆ្នាំ​២០២៣ «យើង​ពិសោធ​ដោយ​ផ្ទាល់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា»

ការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​ធម្មជាតិ​នៅ​ឆ្នាំ​២០២៣ «យើង​ពិសោធ​ដោយ​ផ្ទាល់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា»

ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤

 គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​ថា​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ​»​ ហើយ​នឹង​មាន​មហន្តរាយ​ផ្សេង​ៗ​នៅ​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ (​ម៉ាថាយ ២៤:៣,​) យើង​បាន​ឃើញ​ថា​ទំនាយ​ទាំង​នេះ​កំពុង​កើត​ឡើង​ពិត​មែន​នៅ​ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០២៣។ a ទោះ​ជា​មាន​សង្គ្រាម​និង​មហន្តរាយ​ធម្មជាតិ​កើត​ឡើង​ប្រមាណ​១០០​ប្រទេស​ក្ដី សាក្សី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ តើ​តាម​របៀប​ណា?

 ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០២៣ បង​ប្អូន​របស់​យើង​បាន​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​និង​មហន្តរាយ​ដែល​បង្ក​ដោយ​មនុស្ស​ជាង​២០០​ករណី។ សរុប​ទៅ សាក្សី​ព្រះ​យេហូវ៉ា​បាន​ប្រើ​ប្រាក់​ជាង​១០​លាន​ដុល្លារ bពី​វិភាគទាន​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក ដើម្បី​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ។ ទឹក​ប្រាក់​នេះ​មិន​រួម​បញ្ចូល​ថវិកា​ផ្ទាល់​ខ្លួន​ដែល​បង​ប្អូន​ជា​ច្រើន​បាន​ប្រើ​ដើម្បី​ជួយ​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ក្នុង​តំបន់​របស់​ពួក​គេ។ សូម​ពិចារណា​របៀប​ដែល​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ​ដើម្បី​ជួយ​ជន​រង​គ្រោះ​ដោយ​សារ​មហន្តរាយ។ បង​ប្អូន​របស់​យើង​ជា​ច្រើន​បាន​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ទាំង​នោះ តែ​យើង​សូម​លើក​ឡើង​តែ​ពីរ​ករណី​ប៉ុណ្ណោះ។

​«​សេចក្ដី​ស្រឡាញ់​ពិត​មាន​ប្រាកដ​មែន​»​

 នៅ​តំបន់​ខ្លះ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ឧស្សាហ៍​មាន​ទឹក​ជំនន់​ណាស់។ ប៉ុន្តែ នៅ​ខែ​តុលា ឆ្នាំ​២០២២ មាន​ទឹក​ជំនន់​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​១០​ឆ្នាំ។ ផ្ទៃ​ដី​ចម្ការ​ជាង​៦៧៦.០០០​ហិចតា បាន​ត្រូវ​បំផ្លិច​បំផ្លាញ ហើយ​ប្រជាជន​ជាង​ពីរ​លាន​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។ ការិយាល័យ​សាខា​នីហ្សេរីយ៉ា​បាន​តែង​តាំង​គណៈ​កម្មាធិការ​ផ្ដល់​ជំនួយ ឲ្យ​ចាត់​ចែង​ការ​ផ្ដល់​ជំនួយ​និង​ជួយ​បង​ប្អូន​ឲ្យ​ពង្រឹង​ជំនឿ​លើ​ព្រះ។

បង​ប្អូន​នៅ​ប្រទេស​នីហ្សេរីយ៉ា​បាន​ដឹក​ជញ្ជូន​ជំនួយ​ឆ្លង​កាត់​ផ្លូវ​ភក់​និង​ឆ្លង​កាត់​ទន្លេ

ផល​ប៉ះ​ពាល់​ទៅ​លើ​បង​ប្អូន​របស់​យើង

  •   អ្នក​ផ្សាយ​៧.៥០៥​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅ​របស់​ខ្លួន

  •   ផ្ទះ​៨៦០​ខ្នង​បាន​ខូច​ខាត​ឬ​ត្រូវ​បំផ្លាញ

  •   សាល​ប្រជុំ​៩០​ខ្នង​និង​សាល​សន្និបាត​មួយ​ខ្នង​ត្រូវ​ទឹក​ជន់​លិច

ការ​ប្រើ​ប្រាស់​ប្រាក់​វិភាគទាន

 ថវិកា​ជាង​២៥០.០០០​ដុល្លារ​បាន​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ផ្ដល់​ជំនួយ រួម​មាន​៖

  •   ស្បៀង​អាហារ ដូច​ជា​អង្ករ សណ្ដែក និង​មី​ជា​ដើម

  •   សម្ភារ​ក្នុង​ផ្ទះ ដូច​ជា ពូក​ខ្នើយ​និង​មុង

  •   ជួស​ជុល​ឬ​សាង​សង់​ឡើង​វិញ​នូវ​ផ្ទះ​ដែល​បាន​ខូច​ខាត

 តើ​តាម​របៀប​ណា​បង​ប្អូន​របស់​យើង​បាន​ប្រើ​ប្រាក់​វិភាគទាន​ដោយ​ឈ្លាស​វៃ? របៀប​មួយ​គឺ​ដោយ​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​អគារ​នីមួយ​ៗ​ដើម្បី​ដឹង​ថា​គួរ​ជួស​ជុល​ឬ​យ៉ាង​ណា។ បើ​អគារ​មួយ​ខូច​ខាត​ទាំង​ស្រុង ហើយ​ត្រូវ​សង់​ឡើង​វិញ ពួក​គេ​នឹង​សង់​តាម​លំនាំ​អគារ​ទូទៅ​ដែល​មាន​ក្នុង​តំបន់​នោះ។

 បង​ប្អូន​របស់​យើង​ដែល​បាន​ទទួល​ជំនួយ ពិត​ជា​មាន​អំណរ​គុណ​ខ្លាំង​ណាស់។ បង​ស្រី​ម្នាក់​បាន​និយាយ​ថា​៖​«​ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ក្រឡាប់​ចាក់ ដោយ​សារ​ចម្ការ​របស់​យើង​បាន​ត្រូវ​បំផ្លាញ ហើយ​យើង​បាត់​បង់​ផ្ទះ​សម្បែង។ យើង​រំភើប​ចិត្ត​ណាស់​ដែល​បង​ប្អូន​របស់​យើង​បាន​មក​នៅ​ថ្ងៃ​នោះ​តែ​ម្ដង ដើម្បី​ជួយ​យើង​និង​រៀប​ចំ​កន្លែង​ស្នាក់​នៅ​ដែល​មាន​សុវត្ថិភាព​ដល់​យើង។ យើង​សប្បាយ​ចិត្ត​ណាស់​ពេល​យើង​បាន​ទទួល​ស្បៀង​អាហារ​ពី​ការិយាល័យ​សាខា។ យើង​រក​ពាក្យ​ថ្លែង​ពុំ​បាន​ទេ ពេល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​បាន​បង្ហាញ​ដូច​បាន​ចែង​នៅ​យ៉ូហាន ១៣:៣៤, ៣៥។ . . . សេចក្ដី​ស្រឡាញ់​ពិត​គឺ​មាន​ប្រាកដ​មែន។ ខ្ញុំ​និង​ក្រុម​គ្រួសារ​ទាំង​មូល សូម​អរគុណ​បង​ប្អូន​អស់​ពី​ដួង​ចិត្ត ដែល​បាន​មក​ជួយ​យើង​នៅ​ចំ​ពេល​តែ​ម្ដង​»។

 អ្នក​ឯ​ទៀត​នៅ​ក្នុង​សហគមន៍ បាន​ឃើញ​ការ​ផ្ដល់​ជំនួយ​របស់​បង​ប្អូន​យើង។ មេ​ភូមិ​ម្នាក់​ក្នុង​ក្រុង​សាបាក្រេអា នៅ​រដ្ឋ​បេលអ៊ែលសា បាន​និយាយ​សរសើរ​ថា​៖​«​មាន​អង្គការ​ឬ​វិហារ​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក តែ​មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​ដូច​នេះ។ . . . អង្គការ[​របស់​អ្នក​]គឺ​ល្អ​បំផុត​នៅ​លើ​លោក​»។

​«​យើង​ពិសោធ​ដោយ​ផ្ទាល់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​»​

 ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ មាន​ការ​ឆេះ​ព្រៃ​ជាង​៤០០​ដង ដែល​បណ្ដាល​ឲ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ធំ​នៅ​ក្នុង​ប្រទេស​ស៊ីលី។ ផ្ទៃ​ដី​ជាង​៤៣០.០០០​ហិចតា រួម​ទាំង​តំបន់​ខ្លះ​ក្នុង​ប្រទេស​ស៊ីលី​បាន​ត្រូវ​បំផ្លាញ។ មនុស្ស​ប្រមាណ​៨.០០០​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅ​របស់​ពួក​គេ។ ភ្លាម​ៗ​ក្រោយ​ពី​មហន្តរាយ​កើត​ឡើង ការិយាល័យ​សាខា​បាន​រៀប​ចំ​ផ្ដល់​ជំនួយ។

នៅ​ប្រទេស​ស៊ីលី បង​ប្អូន​ស្ម័គ្រ​ចិត្ត​បាន​ជួយ​សាង​សង់​ផ្ទះ​របស់​ក្រុម​គ្រួសារ​មួយ​ឡើង​វិញ

ផល​ប៉ះ​ពាល់​ទៅ​លើ​បង​ប្អូន​របស់​យើង

  •   អ្នក​ផ្សាយ​២២២​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​ពី​ទី​លំនៅ​របស់​ពួក​គេ

  •   ផ្ទះ​២០​ខ្នង​បាន​ខូច​ខាត​ទាំង​ស្រុង

ការ​ប្រើ​ប្រាស់​ប្រាក់​វិភាគទាន

 ប្រាក់​ជាង​២០០.០០០​ដុល្លារ​បាន​ត្រូវ​ចំណាយ​ទៅ​លើ​កិច្ច​ការ​ផ្ដល់​ជំនួយ ដែល​រួម​មាន​៖

  •   ស្បៀង​អាហារ​និង​ទឹក

  •   ប្រេង​ឥន្ធនៈ សម្ភារ​សម្អាត និង​ថ្នាំ​ពេទ្យ

  •   សាង​សង់​ផ្ទះ​ដែល​ខូច​ខាត​ឡើង​វិញ

 ក្រុម​គ្រួសារ​មួយ​បាន​តក់​ស្លុត​ជា​ខ្លាំង​ពេល​ដែល​ឃើញ​ថា​អ្វី​ៗ​ដែល​ពួក​គេ​មាន បាន​ត្រូវ​បំផ្លាញ។ ពួក​គេ​បាត់​បង់​ទាំង​ផ្ទះ​ទាំង​មុខ​ជំនួញ ដូច្នេះ​ហើយ​ពួក​គេ​លែង​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​ទៀត។ ប៉ុន្មាន​ថ្ងៃ​ដំបូង ពួក​គេ​ឈឺ​ចិត្ត​ណាស់ ព្រោះ​ទី​តាំង​ផ្ទះ​របស់​ពួក​គេ​នៅ​សល់​តែ​ដី​ទទេ។ ប៉ុន្តែ ពេល​ដែល​បង​ប្អូន​របស់​យើង​ចាប់​ផ្ដើម​សាង​សង់​ផ្ទះ​របស់​គាត់ ពួក​គេ​សប្បាយ​ចិត្ត​ឡើង​វិញ ហើយ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង។ ដោយ​សារ​បង​ប្អូន​ដែល​ស្ម័គ្រ​ចិត្ត បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពួក​គេ នោះ​ជួយ​ឲ្យ​ពួក​គេ​អាច​ស៊ូ​ទ្រាំ​នឹង​បញ្ហា​នោះ។ សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ពិត​ជា​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​នេះ​រំជួល​ចិត្ត​ណាស់ ហើយ​ពួក​គេ​បាន​ចូល​រួម​ជា​មួយ​បង​ប្អូន​ដែល​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ជួយ​សាង​សង់​ផ្ទះ​ឲ្យ​បង​ប្អូន​ឯ​ទៀត។

 បង​ប្អូន​ជា​ច្រើន​រំភើប​ចិត្ត​ណាស់​ចំពោះ​កិច្ច​ការ​ផ្ដល់​ជំនួយ​របស់​បង​ប្អូន​យើង។ បង​ប្រុស​ម្នាក់​បាន​និយាយ​ថា​៖​«​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​មាន​គណៈ​កម្មាធិការ​ខាង​ការ​ផ្ដល់​ជំនួយ​គឺ​ពិត​ជា​អស្ចារ្យ​ណាស់។ មួយ​ថ្ងៃ​ក្រោយ​គ្រោះ​មហន្តរាយ ពួក​គេ​បាន​ទទួល​ស្បៀង​អាហារ​និង​របស់​ចាំ​បាច់​មួយ​ចំនួន។ យើង​រំជួល​ចិត្ត​ណាស់​ពេល​អាន​អំពី​ការ​ផ្ដល់​ជំនួយ​នៅ​ប្រទេស​ផ្សេង​ៗ។ ប៉ុន្តែ ពេល​ដែល​នោះ​កើត​ឡើង​ចំពោះ​យើង​ផ្ទាល់ អារម្មណ៍​របស់​យើង​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់។ យើង​កាន់​តែ​ដឹង​គុណ​ចំពោះ​អង្គការ​ព្រះ​យេហូវ៉ា។ យើង​ដឹង​គុណ​ពេល​ឃើញ​បង​ប្អូន​យើង​ធ្វើ​តាម​គំរូ​ព្រះ​យេហូវ៉ា​ដោយ​បង្ហាញ​គុណ​សម្បត្តិ​ដូច​លោក និង​ឃើញ​របៀប​ដែល​បង​ប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​យើង​ទាំង​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ យើង​ពិសោធ​ដោយ​ផ្ទាល់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​»។

 កាល​ដែល​របៀប​របប​ពិភព​លោក​នេះ​ជិត​ដល់​ទី​បញ្ចប់ យើង​នឹង​ជួប​គ្រោះ​មហន្តរាយ​កាន់​តែ​ច្រើន​ឡើង​ៗ។ (​លូកា ២១:១០, ១១​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ តាម​រយៈ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក យើង​ឃើញ​ថា​លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នៅ​ជា​មួយ​យើង​«​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​ម៉ាថាយ ២៨:២០​) វិភាគទាន​ដែល​បង​ប្អូន​បាន​ជូន​ដោយ​ចិត្ត​ទូលាយ​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក តាម​រយៈ​donate.pr418.com និង​តាម​វិធី​ផ្សេង​ទៀត រួម​ទាំង​ពេល​វេលា និង​កម្លាំង​របស់​បង​ប្អូន បាន​ស​ឲ្យ​ឃើញ​ថា​បង​ប្អូន​គាំទ្រ​រាជាណាចក្រ​ព្រះ​និង​ស្ដេច​នៃ​រាជាណាចក្រ​នោះ។ សូម​អរគុណ​ដែល​បង​ប្អូន​បាន​បង្ហាញ​ចិត្ត​ទូលាយ​ជា​និច្ច។

a ឆ្នាំ​កិច្ច​បម្រើ​២០២៣ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៣។

b ក្នុង​អត្ថបទ​នេះ ទឹក​ប្រាក់​ដុល្លារ​ទាំង​អស់​ជា​ដុល្លារ​អាម៉េរិក។