លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ដែល​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ

កិច្ច​ការ​ផ្សេង​ៗ​ដែល​គាំទ្រ​ការ​ផលិត​ភាពយន្ត​ដំណឹង​ល្អ​រៀប​រាប់​ដោយ​លោក​យេស៊ូ

កិច្ច​ការ​ផ្សេង​ៗ​ដែល​គាំទ្រ​ការ​ផលិត​ភាពយន្ត​ដំណឹង​ល្អ​រៀប​រាប់​ដោយ​លោក​យេស៊ូ

ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២៤

 ក្នុង​ចំណោម​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ទន្ទឹង​រង់​ចាំ​ជាង​គេ​ក្នុង​ឆ្នាំ​នេះ គឺ​ការ​ចេញ​ភាពយន្ត​ដំណឹង​ល្អ​រៀប​រាប់​ដោយ​លោក​យេស៊ូ ភាគ​ទី​១។ តាម​ពិត ភាពយន្ត​ទាំង​មូល​មាន​១៨​ភាគ ហើយ​នេះ​គ្រាន់​តែ​ភាគ​ទី​១​ប៉ុណ្ណោះ! មនុស្ស​រាប់​លាន​នាក់​បាន​ទស្សនា​ភាគ​នេះ​រួច​ហើយ។ តើ​មាន​កិច្ច​ការ​អ្វី​ខ្លះ​ដែល​យើង​មិន​បាន​ដឹង​ស្ដី​អំពី​ការ​ផលិត​ភាពយន្ត​នេះ។ តើ​អ្នក​បាន​គាំទ្រ​កិច្ច​ការ​នេះ​យ៉ាង​ដូច​ម្ដេច?

ការ​ផ្គត់​ផ្គង់​តួ​សម្ដែង​និង​អ្នក​ថត

 ឈុត​ជា​ច្រើន​នៃ​ភាពយន្ត​ដំណឹង​ល្អ​បាន​ត្រូវ​ថត​នៅ​ការិយាល័យ​សាខា​អូស្ត្រាឡាស៊ី ក្នុង​ការ​ថត​ឈុត​នីមួយ​ៗ​ត្រូវ​ការ​បង​ប្អូន​ប្រហែល​៥០​ទៅ​៨០​នាក់។ a ដូច្នេះ​ហើយ ពួក​គាត់​ត្រូវ​ការ​អាហារ​សម្រន់ អាហារ​ពេល​ថ្ងៃ និង​ពេល​ល្ងាច។ ហើយ​អាហារ​ទាំង​នោះ​ត្រូវ​រៀប​ចំ​ទុក​ជា​មុន។ បង​អេសធើរ​ដែល​បម្រើ​នៅ​ផ្នែក​ផ្គត់​ផ្គង់​អាហារ​បាន​រៀប​រាប់​ថា​៖​«​ដើម្បី​បាន​អាហារ​ដែល​មាន​គុណភាព​ល្អ​និង​តម្លៃ​សមរម្យ យើង​ត្រូវ​ទៅ​ទិញ​ពី​ផ្សារ​ផ្សេង​ៗ ហើយ​យើង​ឧស្សាហ៍​ដូរ​មុខ​ម្ហូប​ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ធុញ​»។ ដូច្នេះ ជា​រៀង​រាល់​ថ្ងៃ​យើង​ចំណាយ​ប្រហែល​បួន​ដុល្លារ​អាម៉េរិក​ទៅ​លើ​អាហារ​សម្រាប់​បង​ប្អូន​ម្នាក់​ៗ។

 តួ​សម្ដែង​និង​អ្នក​ថត​មិន​គ្រាន់​តែ​ត្រូវ​ការ​អាហារ​ប៉ុណ្ណោះ​ទេ តែ​ពួក​គាត់​ក៏​ត្រូវ​ការ​ការពារ​ដែរ។ តើ​ការពារ​ពី​អ្វី? ធម្មតា នៅ​ប្រទេស​អូស្ត្រាលី​មាន​កម្ដៅ​ថ្ងៃ​និង​ពន្លឺ​ច្រើន។ ប៉ុន្តែ​ក៏​មាន​គ្រោះ​ថ្នាក់​ដែរ ព្រោះ​មាន​ពន្លឺ​កាំរស្មី​ស្វ័យ​អ៊ុយ​ត្រា​ខ្ពស់។ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​និង​ដើម្បី​ការពារ​ពី​ពន្លឺ​ថ្ងៃ បង​ប្អូន​ដែល​ជា​ជំនួយ​ការ​ខាង​ការ​ផលិត​ភាពយន្ត បាន​រៀប​ចំ​តង់​និង​កន្លែង​ផ្សេង​ៗ​ដែល​មាន​សីតុណ្ហភាព​ត្រជាក់ ហើយ​ពួក​គាត់​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​ឆ័ត្រ ឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដែរ។ បង​ខេវិន​ដែល​បម្រើ​នៅ​ផ្នែក​ថត​សំឡេង​និង​វីដេអូ បាន​រៀប​រាប់​ថា​៖​«​បង​ប្អូន​ដែល​ជា​អ្នក​ជំនួយ​ទាំង​នោះ​គឺ​ជា​អ្នក​បម្រើ​នៅ​បេតអែល​មិន​ពេញ​ពេល ពួក​គាត់​ធ្វើ​កិច្ចការ​ទាំង​នេះ​និង​កិច្ច​ការ​ជា​ច្រើន​ទៀត ដោយ​អំណរ​និង​ចិត្ត​រាប​ទាប។ បើ​គ្មាន​ជំនួយ​ពី​ពួក​គាត់ យើង​មិន​អាច​សម្រេច​គម្រោង​នេះ​បាន​ទេ​»។

ការ​ថត​នៅ​ឆ្ងាយ​ពី​ការិយាល័យ​សាខា

 ឈុត​ខ្លះ​មិន​អាច​ឃើញ​ដូច​ទិដ្ឋភាព​ពិត​ៗ​ទេ បើ​ថត​នៅ​ការិយាល័យ​សាខា​ឬ​ស្ទូឌីយ៉ូ​សម្រាប់​ថត​ភាពយន្ត។ ក្នុង​ករណី​នេះ គឺ​តម្រូវ​ឲ្យ​ថត​នៅ​ទី​តាំង​ផ្សេង។ ដូច្នេះ ដើម្បី​ឲ្យ​មើល​ទៅ​ដូច​ទិដ្ឋភាព​នៅ​សម័យ​បុរាណ ដែល​គ្មាន​ខ្សែ​ភ្លើង គ្មាន​ផ្លូវ​ជាតិ និង​អគារ​ទំនើប​ៗ ជា​ញឹក​ញយ​តួ​សម្ដែង​និង​អ្នក​ថត​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​ៗ។ ពេល​នោះ ត្រូវ​ដឹក​ជញ្ជូន​សម្លៀក​បំពាក់​សម្រាប់​តួ​សម្ដែង​និង​ឧបករណ៍​ផ្សេង​ៗ​សម្រាប់​ថត ហើយ​ក៏​ត្រូវ​សង់​កន្លែង​មួយ​សម្រាប់​ដាក់​ឥ​វ៉ាន់​សម្រាប់​ថត​ដែរ។ មុន​នឹង​ចាប់​ផ្ដើម​ថត ជំនួយ​ការ​ខាង​ការ​ចាត់​ចែង រៀប​ចំ​ឲ្យ​មាន​ម៉ាស៊ីន​ភ្លើង ទឹក​ស្អាត​សម្រាប់​ពិសា និង​បន្ទប់​ទឹក​គ្រប់​គ្រាន់។ តួ​សម្ដែង​និង​អ្នក​ថត​ត្រូវ​ការ​កន្លែង​ស្នាក់​នៅ ដូច្នេះ ពួក​គាត់​ស្នាក់​នៅ​ផ្ទះ​បង​ប្អូន​រួម​ជំនឿ​ដែល​នៅ​តំបន់​នោះ ក្នុង​ឡាន​សណ្ដោង ក្នុង​សណ្ឋាគារ ឬ​កាប៊ីន​ជា​ដើម។

ជួន​កាល ការ​ថត​ភាពយន្ត​អាច​មាន​ការ​ពិបាក​ផ្សេង​ៗ​

 ការ​ទៅ​ថត​នៅ​ទី​តាំង​ផ្សេង​ៗ ត្រូវ​ការ​ចំណាយ​ខ្ពស់ ស៊ី​ពេល​វេលា​និង​កម្លាំង​ជា​ច្រើន។ ដូច្នេះ នៅ​ឆ្នាំ​២០២៣ គណៈ​អភិបាល​បាន​អនុញ្ញាត​ឲ្យ​ទិញ​ផ្ទាំង​វីដេអូ​ខ្នាត​ធំ ដែល​មាន​តម្លៃ​ពីរ​លាន​ប្រាំ​សែន​ដុល្លារ​អាម៉េរិក​សម្រាប់​ថត​ទិដ្ឋភាព​ផ្សេង​ៗ។ ពេល​តួ​សម្ដែង​ឈរ​នៅ​មុខ​ផ្ទាំង​វីដេអូ​នោះ វីដេអូ​នោះ​ចេញ​មក​ដូច​ជា​តួ​សម្ដែង​បាន​ថត​នៅ​ក្នុង​ទិដ្ឋភាព​នោះ​ផ្ទាល់ ហើយ​មាន​ភ្លើង​ដែល​ប្រែ​ប្រួល​តាម​ពន្លឺ​ស្រប​ទៅ​តាម​ទិដ្ឋភាព​ក្នុង​ផ្ទាំង​វីដេអូ​នោះ​ដែរ។ ជា​លទ្ធផល យើង​មិន​ចាំ​បាច់​ត្រូវ​ទៅ​ថត​កន្លែង​ឆ្ងាយ​ៗ​រាល់​ដង​នោះ​ទេ។ បង​ដារិន​ដែល​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​អូស្ត្រាឡាស៊ី បាន​រៀប​រាប់​ថា​៖​«​ការ​ថត​ដោយ​ប្រើ​ផ្ទាំង​វីដេអូ​នោះ ជួយ​ឲ្យ​តួ​សម្ដែង​មិន​អស់​កម្លាំង​ពេក និង​ជួយ​អ្នក​ថត​អាច​ថត​ម្ដង​ហើយ​ម្ដង​ទៀត​បាន។ ជា​ឧទាហរណ៍ បើ​យើង​ថត​នៅ​ខាង​ក្រៅ យើង​អាច​ថត​ទិដ្ឋភាព​ថ្ងៃ​លិច​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​វា​លិច​បាត់​ទៅ។ ប៉ុន្តែ បើ​យើង​ថត​ដោយ​ប្រើ​ផ្ទាំង​វីដេអូ យើង​អាច​បង្កើត​ទិដ្ឋភាព​ថ្ងៃ​លិច​ប៉ុន្មាន​ដង​ក៏​បាន​រហូត​ដល់​យើង​ថត​ត្រូវ​»។

ការ​ដំឡើង​ផ្ទាំង​វីដេអូ​ខ្នាត​ធំ​មុន​ថត

​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ការ​មក​ទី​នេះ​មិន​មែន​ជា​ការ​លះ​បង់​ទេ​»​

 ដើម្បី​ថត​ភាពយន្ត​ដំណឹង​ល្អ​មួយ​ភាគ​ៗ គឺ​ត្រូវ​ការ​តួ​សម្ដែង​រាប់​រយ​នាក់​និង​អ្នក​ថត​ជា​ច្រើន​នាក់។ តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ចំពោះ​អ្វី​ដែល​បង​ប្អូន​ធ្វើ​ដើម្បី​ថែ​រក្សា​ពួក​គេ?

 បង​អាំប៊ឺ​ដែល​រស់​នៅ​ក្រុង​មែលប៊ន បាន​ធ្វើ​ដំណើរ​ជាង​៧០០​គីឡូ​ម៉ែត្រ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ។ គាត់​បាន​សរសេរ​ថា​៖​«​គ្រាន់​តែ​មក​ដល់​ព្រលាន​យន្ត​ហោះ​ភ្លាម បង​ប្អូន​បេតអែល​បាន​ទទួល​រាក់​ទាក់​ខ្ញុំ​យ៉ាង​កក់​ក្ដៅ។ បង​ប្អូន​បេតអែល​ជា​ច្រើន​បាន​អញ្ជើញ​ខ្ញុំ​ពិសា​អាហារ​និង​ផឹក​តែ​ជា​មួយ​គ្នា។ ពួក​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រួល ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ពួក​គាត់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ការ​មក​ទី​នេះ​មិន​មែន​ជា​ការ​លះ​បង់​ទេ តែ​ខ្ញុំ​ទទួល​ពរ​ជា​ច្រើន​វិញ​»។

 បង​ឌឺរីក​ដែល​បម្រើ​នៅ​ក្រុម​ចាត់​ចែង​ការ​ថត​វីដេអូ បាន​រៀប​រាប់​ថា​៖​«​តាំង​ពី​គម្រោង​នេះ​ចាប់​ផ្ដើម ផ្នែក​ជា​ច្រើន​បាន​ជួយ​គាំទ្រ​យើង​យ៉ាង​ពេញ​ទំហឹង។ ខ្ញុំ​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ណាស់​ចំពោះ​បង​ប្អូន​ដែល​បាន​លះ​បង់​ពេល​វេលា កម្លាំង និង​ធន​ធាន​របស់​ខ្លួន​ដើម្បី​គម្រោង​នេះ។ ពួក​គាត់​ស្ម័គ្រ​ចិត្ត​ជួយ​និង​មាន​ចិត្ត​សប្បុរស។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​យើង​និង​ពួក​គាត់។ ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ចាប់​អារម្មណ៍​ចំពោះ​លទ្ធផល​ពី​កិច្ច​ការ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ចាប់​អារម្មណ៍​ចំពោះ​របៀប​ដែល​យើង​សម្រេច​កិច្ចការ​ទាំង​នោះ​ដែរ​»។

 ការ​ផលិត​ភាពយន្ត​នេះ​អាច​ដំណើរ​ការ​ទៅ​បាន គឺ​ដោយ​មាន​វិភាគទាន​របស់​បង​ប្អូន រួម​ទាំង​វិភាគទាន​ដែល​បង​ប្អូន​បាន​ជូន​តាម​គេហទំព័រ​donate.pr418.com។ យើង​ពិត​ជា​អរគុណ​បង​ប្អូន​ខ្លាំង​ណាស់​ដែល​បាន​គាំទ្រ​កិច្ច​ការ​នេះ។

a ការិយាល័យ​សាខា​អូស្ត្រាឡាស៊ី ត្រួត​ពិនិត្យ​កិច្ច​ការ​របស់​យើង​នៅ​ប្រទេស​ជា​ច្រើន រួម​បញ្ចូល​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​មួយ​ចំនួន​ដែល​នៅ​ប៉ាស៊ីហ្វិក​ខាង​ត្បូង។ ហើយ​ការិយាល័យ​សាខា​នេះ​មាន​ទី​តាំង​នៅ​ជាយ​ក្រុង​ស៊ីដនី​នៃ​ប្រទេស​អូស្ត្រាលី។