របៀបដែលវិភាគទានរបស់អ្នកបានត្រូវប្រើ
អក្សរផុសដែលជួយមនុស្សកែប្រែជីវិត
ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩១២ បានរៀបរាប់ថា៖«ប្រហែលអ្នកអានទស្សនាវដ្ដីរបស់យើងជាច្រើននាក់ ស្គាល់មនុស្សដែលងងឹតភ្នែក។ ពួកគេអាចអាន និងទទួលបានដោយឥតគិតថ្លៃ . . . ។ សៀវភៅនេះគឺបានបោះពុម្ពឡើងជាអក្សរផុសសម្រាប់មនុស្សងងឹតភ្នែក ដើម្បីពួកគេអាចអាន»។ ទស្សនាវដ្ដីប៉មយាមនោះក៏បន្ថែមថា៖«មនុស្សងងឹតភ្នែកជាច្រើនមានចិត្តដឹងគុណចំពោះដំណឹងដែលថានៅថ្ងៃមុខមនុស្សជាតិនឹងទទួលពរដ៏អស្ចារ្យ»។
ពេលអត្ថបទខាងលើនោះបានត្រូវរៀបរៀងឡើង ប្រព័ន្ធអក្សរផុសជាភាសាអង់គ្លេសមិនទាន់មាននៅឡើយទេ។ ក៏ប៉ុន្តែ សាក្សីព្រះយេហូវ៉ាបានបោះពុម្ពសៀវភៅផ្សេងៗដែលជាសេចក្ដីពិតក្នុងគម្ពីរ«ជាអក្សរផុស»រួចទៅហើយ នោះគឺអក្សរសម្រាប់ជនពិការភ្នែក ហើយរហូតដល់ឥឡូវយើងនៅតែបោះពុម្ព! យើងមានសៀវភៅផ្សេងៗសម្រាប់មនុស្សងងឹតភ្នែកជាង៥០ភាសា។ តើតាមរបៀបណាសៀវភៅទាំងនេះបានត្រូវផលិតឡើង?
ការប្ដូរតួអក្សរនិងការបោះពុម្ព
ជំហានដំបូងដើម្បីផលិតអក្សរសម្រាប់មនុស្សងងឹតភ្នែក គឺត្រូវប្ដូរតួអក្សរធម្មតាទៅជាចំណុចពកៗ។ បងម៉ៃឃឺល មិឡិន ដែលធ្វើការនៅផ្នែករចនាអត្ថបទនៅផាតឺសិន រដ្ឋញូវយ៉ក គាត់បានពន្យល់ថា៖«នៅអតីតកាល យើងធ្លាប់ប្រើកម្មវិធីកុំព្យូទ័រដែលអ្នកឯទៀតបានបង្កើតឡើងសម្រាប់ប្ដូរតួអក្សរទៅជាអក្សរផុស។ ប៉ុន្តែ យើងមិនអាចប្រើកម្មវិធីនោះសម្រាប់ភាសាទាំងអស់ដែលយើងត្រូវការនោះទេ។ ឥឡូវយើងប្រើកម្មវិធីប្រព័ន្ធបកប្រែសម្រាប់សមាគមប៉មយាមដែលអាចប្ដូរតួអក្សរទៅជាអក្សរផុសជាភាសាភាគច្រើនក្នុងពិភពលោក។ ខ្ញុំជឿថាគ្មានកម្មវិធីណាដូចកម្មវិធីនេះទេ»។
សៀវភៅផ្សេងៗជាអក្សរផុសមិនគ្រាន់តែមានអត្ថបទប៉ុណ្ណោះទេ តែក៏រៀបរាប់អំពីរូបភាពដែរ។ ជាឧទាហរណ៍ រូបភាពនៅក្នុងក្របសៀវភៅអក្សរផុសក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! បានត្រូវពណ៌នាដូចតទៅនេះថា៖«បុរសម្នាក់កំពុងដើរនៅតាមផ្លូវបត់បែន ដែលហ៊ុមព័ទ្ធដោយរុក្ខជាតិដ៏ស្រស់បំព្រង រួមទាំងទីទួលនិងភ្នំដ៏ស្រស់ស្អាត»។ បងយ៉ាំសេតដែលជាជំនួយការខាងកិច្ចបម្រើនិងជាអ្នកត្រួសត្រាយដែលងងឹតភ្នែកបាននិយាយថា៖«ការពណ៌នាអំពីរូបភាពទាំងនេះពិតជាមានន័យណាស់សម្រាប់ខ្ញុំ»។
ក្រោយពីប្ដូរតួអក្សរហើយ ឯកសារទាំងនោះបានត្រូវផ្ញើទៅការិយាល័យសាខាដែលផលិតសៀវភៅផ្សេងៗជាអក្សរផុស។ អត្ថបទទាំងនោះបានត្រូវបោះពុម្ពជាអក្សរផុសនៅលើក្រដាសក្រាស់ៗដែលមិនធ្លុះពេលបោះពុម្ព និងមិនខូចទ្រង់ទ្រាយតួអក្សរ ទោះជាប្រើម្ដងហើយម្ដងទៀតក៏ដោយ។ បន្ទាប់មក ក្រដាសទាំងនោះបានត្រូវផ្គុំចូលគ្នាចងក្រងជាសៀវភៅមួយ រួចដឹកជញ្ជូនទៅក្រុមជំនុំជាមួយនឹងសៀវភៅផ្សេងទៀត ឬផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ជា«សៀវភៅឥតគិតថ្លៃសម្រាប់ជនពិការភ្នែក»។ បើចាំបាច់ការិយាល័យសាខានឹងផ្ញើតាមសេវារហ័សទាន់ចិត្តដើម្បីឲ្យបងប្អូនដែលងងឹតភ្នែកឬខ្សោយភ្នែកអាចមានសៀវភៅផ្សេងៗដែលពួកគេត្រូវការសម្រាប់កិច្ចប្រជុំក្រុមជំនុំ។
កិច្ចការនេះត្រូវការចំណាយពេលវេលានិងប្រាក់កាសជាច្រើន។ តាមពិត ម៉ាស៊ីនបោះពុម្ពរបស់យើងនៅវ៉លឃីល រដ្ឋញូវយ៉ក អាចបោះពុម្ពគម្ពីរធម្មតាទាំងមូលបាន៥០.០០០ច្បាប់ ក្នុងរយៈពេលដូចគ្នាដែលគេអាចបោះពុម្ពជាអក្សរផុសបានតែ២ច្បាប់ប៉ុណ្ណោះ។ ក្នុងគម្ពីរអក្សរផុសទាំងមូលជាភាសាអង់គ្លេសមួយច្បាប់ៗមាន២៥ក្បាល ហើយសម្ភារដែលត្រូវការដើម្បីផលិតគម្ពីរអក្សរផុសគឺថ្លៃជាងការផលិតគម្ពីរធម្មតាដល់ទៅ១២៣ដង។ a ជាឧទាហរណ៍ គ្រាន់តែក្របសៀវភៅអក្សរផុស២៥ក្បាលនោះ ចំណាយប្រហែល១៥០ដុល្លារអាម៉េរិក។
តើបងប្អូនដែលបានជួយកិច្ចការផលិតសៀវភៅផ្សេងៗជាអក្សរផុសមានអារម្មណ៍យ៉ាងណាចំពោះកិច្ចការរបស់ពួកគាត់? បងណាឌីយ៉ា ដែលបម្រើនៅការិយាល័យសាខាអាហ្វ្រិកខាងត្បូង បាននិយាយថា៖«បងប្អូនរបស់យើងដែលងងឹតភ្នែកឬខ្សោយភ្នែកមិនមានជីវិតស្រួលទេ ដូច្នេះខ្ញុំចាត់ទុកនេះជាឯកសិទ្ធិដែលខ្ញុំអាចធ្វើអ្វីមួយសម្រាប់ជួយពួកគាត់។ ហើយនេះជាភ័ស្តុតាងដែលបង្ហាញថាព្រះយេហូវ៉ាពិតជាស្រឡាញ់ពួកគាត់ខ្លាំងណាស់»។
ចូររៀនអានអក្សរផុស
ប៉ុន្តែ ចុះយ៉ាងណាបើបុគ្គលដែលងងឹតភ្នែកមិនអាចអានអក្សរផុស? ប៉ុន្មានឆ្នាំមុន យើងបានចេញសៀវភៅមួយដែលមានចំណងជើងថាចូររៀនអានអក្សរផុស។ សៀវភៅនោះបានត្រូវបោះពុម្ពជាអក្សរផុសនិងអក្សរធម្មតា ហើយសៀវភៅនោះបានត្រូវរៀបចំឡើងសម្រាប់មនុស្សដែលងងឹតភ្នែកនិងមនុស្សដែលមិនងងឹតភ្នែកប្រើជាមួយគ្នា។ សៀវភៅនោះបានត្រូវរៀបចំជាកញ្ចប់មួយ ដែលរួមមានឧបករណ៍សម្រាប់មនុស្សងងឹតភ្នែកអាចប្រើដើម្បីរៀនសរសេរអក្សរផុស។ អ្នកដែលរៀនអក្សរផុសប្រើឧបករណ៍ទាំងនោះដើម្បីរៀនចុចតួអក្សរផុសនីមួយៗដោយខ្លួនឯង។ ការរៀនចុចអក្សរផុសនោះ គឺជួយឲ្យពួកគេរៀនចាំតួអក្សរនីមួយៗ ហើយជួយពួកគេឲ្យចំណាំតួអក្សរដោយការស្ទាប។
«ខ្ញុំពិតជា‹ជក់ចិត្ត›ខ្លាំងណាស់»
តើបងប្អូនដែលងងឹតភ្នែកឬខ្សោយភ្នែកបានទទួលប្រយោជន៍យ៉ាងណាពីសៀវភៅអក្សរផុសទាំងនោះ? បងអឺន ដែលរស់នៅប្រទេសហៃទី ធ្លាប់ចូលរួមកិច្ចប្រជុំនៅពេលដែលមិនទាន់មានសៀវភៅជាអក្សរផុសនៅឡើយ។ ដូច្នេះ គាត់ត្រូវចងចាំអ្វីដែលគាត់ត្រូវនិយាយក្នុងសុន្ទរកថា និងខំចាំពាក្យដែលគាត់ត្រូវឆ្លើយនៅក្នុងផ្នែកសំណួរចម្លើយ។ គាត់និយាយថា៖«ប៉ុន្តែ ឥឡូវខ្ញុំអាចលើកដៃឆ្លើយនៅពេលណាក៏បាន។ ខ្ញុំមានអារម្មណ៍ថាខ្ញុំរួមចំណែកជាមួយបងប្អូនរួមជំនឿរបស់ខ្ញុំ ហើយយើងទាំងអស់គ្នាបានទទួលសេចក្ដីបង្រៀនពីព្រះនៅពេលដូចគ្នា!»។
បងយ៉ានជាអ្នកខ្សោយភ្នែកនិងជាអ្នកចាស់ទុំនៅប្រទេសអូទ្រីស ដែលដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាមនិងការសិក្សាគម្ពីរជាក្រុមជំនុំ គាត់បាននិយាយថា៖«សៀវភៅអក្សរផុសរបស់យើងគឺស្រួលយល់ជាងសៀវភៅអក្សរផុសឯទៀតដែលខ្ញុំធ្លាប់អាន។ ជាឧទាហរណ៍ សៀវភៅរបស់យើងមានលេខទំព័រ កំណត់សម្គាល់ដែលស្រួលរក និងមានការពណ៌នាអំពីរូបភាពទៀតផង»។
បងសុនអុកដែលពិការភ្នែកនិងថ្លង់ ជាអ្នកត្រួសត្រាយនៅប្រទេសកូរ៉េខាងត្បូង។ ពីមុនពេលគាត់ចូលរួមកិច្ចប្រជុំ គាត់តែងពឹងផ្អែកទៅលើការប៉ះដៃរបស់អ្នកដែលបកប្រែភាសាសញ្ញា តែឥឡូវគាត់អាចអានសៀវភៅជំនួយសិក្សាគម្ពីរដោយខ្លួនឯងជាអក្សរផុស។ គាត់បាននិយាយថា៖«សៀវភៅផ្សេងៗឯទៀតជាអក្សរផុសពិបាកអាន ដោយសារចំណុចពកៗខ្លះបានបាត់ ហើយជួរអក្សរអត់ត្រង់ ឬក្រដាសសៀវភៅស្ដើងពេក។ ប៉ុន្តែ សាក្សីព្រះយេហូវ៉ាប្រើក្រដាសដែលមានគុណភាពល្អជាង ដែលធ្វើឲ្យចំណុចពកៗជាប់បានយូរជាង ហើយស្រួលអានជាង»។ គាត់បន្ថែមថា៖«ពីមុន ខ្ញុំត្រូវការជំនួយពីបុគ្គលផ្សេងៗដើម្បីខ្ញុំអាចអានសៀវភៅផ្សេងៗដែលមានមូលដ្ឋានពីគម្ពីរ។ ប៉ុន្តែឥឡូវខ្ញុំអាចសិក្សាដោយខ្លួនឯង។ នេះធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចរៀបចំកិច្ចប្រជុំគ្រិស្តសាសនិករាល់សប្ដាហ៍ ហើយអាចរួមចំណែកក្នុងកិច្ចប្រជុំយ៉ាងពេញលេញ។ ខ្ញុំបានអានសៀវភៅរបស់យើងទាំងអស់ជាអក្សរផុស។ ខ្ញុំអាចនិយាយបានថាខ្ញុំពិតជា‹ជក់ចិត្ត›នឹងសៀវភៅទាំងនោះ»។
ដូចសៀវភៅជាឯកសារបោះពុម្ពរបស់យើង សៀវភៅផ្សេងៗរបស់យើងជាអក្សរផុសរួមបញ្ចូលឃ្លាខាងក្រោមនេះថា៖«នេះមិនសម្រាប់លក់ទេ តែបានត្រូវគាំទ្រដោយវិភាគទានស្ម័គ្រចិត្ត ក្នុងបំណងជួយមនុស្សទូទាំងពិភពលោកឲ្យទទួលចំណេះពីគម្ពីរបរិសុទ្ធ»។ សូមអរគុណលោកអ្នកដែលបានធ្វើវិភាគទាន តាមវិធីផ្សេងៗដែលបានត្រូវរៀបរាប់ក្នុងគេហទំព័រdonate.pr418.com។ ចិត្តទូលាយរបស់លោកអ្នកបានជួយឲ្យមនុស្សទាំងអស់អាចទទួលសៀវភៅផ្សេងៗដែលមានមូលដ្ឋានពីគម្ពីរ រួមទាំងជនពិការភ្នែកនិងអ្នកដែលមានភ្នែកខ្សោយ។
a ក្នុងកម្មវិធីអក្សរផុសខ្លះ ពាក្យបានត្រូវកាត់ឲ្យខ្លីដើម្បីចំណេញទំព័រ។ ជាឧទាហរណ៍ ក្នុងអក្សរសម្រាប់មនុស្សងងឹតភ្នែកកម្រិតទី២ ពាក្យដែលគេឧស្សាហ៍ប្រើ បានត្រូវដាក់ជាអក្សរកាត់។ ដូច្នេះ សៀវភៅសម្រាប់មនុស្សងងឹតភ្នែកកម្រិតទី២ គឺស្ដើងជាងសៀវភៅសម្រាប់មនុស្សងងឹតភ្នែកកម្រិតទី១។