លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​កែ​លម្អ​ការិយាល័យ​សាខា​ជប៉ុន(​ឆ្វេង​) ហើយ​ក៏​មាន​កិច្ច​ការ​ជា​ច្រើន​ដើម្បី​ពង្រីក​អគារ​នៅ​ការិយាល័យ​សាខា​អង់ហ្គោឡា(​ស្ដាំ​)

របៀប​ដែល​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ

អគារ​ផ្សេង​ៗ​ដែល​ជួយ​គាំទ្រ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង

អគារ​ផ្សេង​ៗ​ដែល​ជួយ​គាំទ្រ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង

ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០២៣

 គណៈ​អភិបាល​ពិត​ជា​ចង់​ប្រើ​វិភាគទាន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​អគារ​ផ្សេង​ៗ​ដែល​ជួយ​យើង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០២៣ សាជីវកម្ម​នៃ​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា បាន​ចំណាយ​ប្រាក់​ជាង​៥០០​លាន​ដុល្លារ ដើម្បី​ទិញ និង​សាង​សង់ ដើម្បី​ថែ​ទាំ​និង​កែ​លម្អ​សាល​ប្រជុំ​និង​សាល​សន្និបាត​ជា​ថ្មី​ដែល​មាន​នៅ​ទូ​ទាំង​ពិភព​លោក។ a ចំនួន​ទឹក​ប្រាក់​នេះ​មិន​រួម​បញ្ចូល​ការ​ចំណាយ​របស់​ក្រុម​ជំនុំ​ផ្ទាល់​ទៅ​លើ​ការ​ថែ​ទាំ​សាល​ប្រជុំ​នោះ​ទេ។

 បន្ថែម​ទៅ​ទៀត ប្រាក់​វិភាគទាន​ក៏​បាន​ត្រូវ​ប្រើ​ដើម្បី​សាង​សង់​និង​ថែ​ទាំ​អគារ​ការិយាល័យ​សាខា​ផង​ដែរ ព្រោះ​នោះ​ជួយ​ចាត់​ចែង​និង​គាំទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក។ ការ​សាង​សង់​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​សាមញ្ញ​ជាង ដើម្បី​យើង​អាច​ប្រើ​ថវិកា​មួយ​ចំនួន​ក្នុង​ការ​សាង​សង់​និង​កែ​លម្អ​សាល​ប្រជុំ​និង​សាល​សន្និបាត​នៅ​ទូ​ទាំង​ពិភព​លោក។ ទោះ​ជា​យ៉ាង​នោះ​ក្ដី តម្លៃ​ជួស​ជុល​និង​កែ​លម្អ ឬ​ការ​ប្ដូរ​ទី​តាំង​អគារ​ការិយាល័យ​សាខា ក៏​នៅ​តែ​ត្រូវ​ចំណាយ​ច្រើន​ដែរ។ ហេតុ​អ្វី​គម្រោង​ទាំង​នេះ​សំខាន់​ម្ល៉េះ? តើ​ការិយាល័យ​សាខា​គាំទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​តាម​របៀប​ណា? សូម​ស្វែង​រក​ចម្លើយ។

​«​ការ​កែ​លម្អ​ជា​ថ្មី​»​

 អគារ​ការិយាល័យ​សាខា​ជា​ច្រើន​បាន​ត្រូវ​សាង​សង់​ជាង​៣០​ឬ​៤០​ឆ្នាំ​មក​ហើយ! បង​នីកូឡាស​ដែល​នៅ​ផ្នែក​រចនា​ប្លង់​និង​សាង​សង់ បាន​ពន្យល់​ថា​៖​«​ទោះ​ជា​មាន​ការ​ថែ​ទាំ​អគារ​ចាស់​បាន​យ៉ាង​ល្អ​ក៏​ដោយ ក៏​អាច​មាន​បញ្ហា​ធំ​នៅ​ថ្ងៃ​ក្រោយ​ដែរ។ ដូច្នេះ ការ​កែ​លម្អ​ជា​ថ្មី​អាច​ជួយ​ឲ្យ​អគារ​នោះ​ប្រើ​ប្រាស់​បាន​យូរ​ជាង​»។

 ចំនួន​អ្នក​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​ចេះ​តែ​កើន​ឡើង​ជា​លំដាប់ ដូច្នេះ​ចំនួន​ការិយាល័យ​សាខា​ក៏​មាន​កាន់​តែ​ច្រើន​ដែរ។ ម្ល៉ោះ​ហើយ អគារ​បេតអែល​ត្រូវ​កែ​លម្អ​ជា​ថ្មី​ដើម្បី​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​អង្គការ។ ដើម្បី​គាំទ្រ​ការ​រីក​ចម្រើន​នេះ យើង​ត្រូវ​ការ​បង​ប្អូន​ថែម​ទៀត​បម្រើ​នៅ​ការិយាល័យ​សាខា។ ដូច្នេះ អគារ​ការិយាល័យ​សាខា​ជា​ច្រើន​បាន​ត្រូវ​ពង្រីក​ឲ្យ​ធំ​ជាង!

 សុវត្ថិភាព​ក៏​ជា​កត្តា​សំខាន់​ដែរ។ ដោយ​សារ​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ យើង​ជួប​គ្រោះ​មហន្តរាយ​ធម្មជាតិ​កាន់​តែ​ច្រើន​ឡើង​ៗ។ (​លូកា ២១:១១​) ពេល​យើង​ប្រើ​វិធី​សាស្ត្រ​ថ្មី​ក្នុង​ការ​ជួស​ជុល​កែ​លម្អ នោះ​នឹង​ផ្ដល់​សុវត្ថិភាព​ច្រើន​ជាង​ដល់​បង​ប្អូន​ដែល​ធ្វើ​ការ​ក្នុង​អគារ​បេតអែល។ ការ​កែ​លម្អ​ជា​ថ្មី​ក៏​អាច​ជួយ​ឲ្យ​បង​ប្អូន​ស្រួល​ប្រើ​អគារ​ទាំង​នោះ​ក្នុង​ការ​ចាត់​ចែង​កិច្ច​ការ​ផ្ដល់​ជំនួយ និង​បន្ត​គាំទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​បន្ទាប់​ពី​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែរ។

​«​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ការ​សម្រេច​ចិត្ត​នេះ​»​

 ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​២០២៣ ក្រោម​ការ​ដឹក​នាំ​ពី​គណៈ​អភិបាល បង​ប្អូន​បាន​ធ្វើ​កិច្ច​ការ​មួយ​ចំនួន​ទាក់​ទង​នឹង​កិច្ច​ការ​សាង​សង់​នៅ​អគារ​ការិយាល័យ​សាខា​៤៣​កន្លែង។ នេះ​មាន​ន័យ​ថា​អគារ​ការិយាល័យ​សាខា​ជិត​ពាក់​កណ្ដាល​នៅ​ទូ​ទាំង​ពិភព​លោក​កំពុង​ដំណើរ​ការ​ជួស​ជុល​និង​សាង​សង់។ សូម​ពិនិត្យ​មើល​ឧទាហរណ៍​ខ្លះ​ដែល​បង្ហាញ​អំពី​ប្រយោជន៍​នៃ​កិច្ច​ការ​នេះ។

 អង់ហ្គោឡា។ បង​ម៉ា​ត​ដែល​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​អង់ហ្គោឡា បាន​និយាយ​ថា​៖​«​យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ណាស់​ដែល​បាន​ឃើញ​ទំនាយ​នៅ​ហាកាយ ២:៧ បាន​សម្រេច​តាម​របៀប​ដ៏​អស្ចារ្យ។ តើ​តាម​របៀប​ណា? គឺ​គ្រាន់​តែ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ប៉ុណ្ណោះ យើង​ឃើញ​ថា​ចំនួន​អ្នក​ផ្សាយ​បាន​កើន​ឡើង​ដល់​ទៅ​៦០​ភាគ​រយ! ដូច្នេះ ដើម្បី​គាំទ្រ​អ្នក​ផ្សាយ​ទាំង​នោះ យើង​ត្រូវ​ការ​បង​ប្អូន​បម្រើ​នៅ​បេតអែល​ច្រើន​ជាង​មុន​ដល់​ទៅ​បី​ដង។ ប៉ុន្តែ ដោយ​សារ​ទំហំ​អគារ​បេតអែល​មាន​កម្រិត នោះ​យើង​មិន​អាច​អញ្ជើញ​បង​ប្អូន​ឲ្យ​មក​ធ្វើ​ការ​នៅ​បេតអែល​ដូច​ដែល​យើង​ត្រូវ​ការ​ទេ។ ហេតុ​នេះ​ហើយ បង​ប្អូន​បេតអែល​ជា​ច្រើន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​ជាង​និង​ច្រើន​ម៉ោង​ជាង​»។

ទី​តាំង​ការិយាល័យ​ថ្មី(​ស្ដាំ​)ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការ

 បង​ប្អូន​ខ្លះ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ការិយាល័យ​សាខា​ដើម្បី​ពិនិត្យ​មើល​ថា​ការិយាល័យ​សាខា​នោះ​ត្រូវ​ពង្រីក​ឲ្យ​ធំ​ប៉ុន​ណា។ ដំបូង ពួក​គាត់​យល់​ថា​ការ​កែ​លម្អ​និង​ជួស​ជុល​អគារ​គឺ​ជា​ជម្រើស​ដែល​ស្រួល​និង​លឿន​ជាង។ ប៉ុន្តែ ក្រោយ​ពី​សិក្សា​ស្រាវ​ជ្រាវ ពួក​គាត់​យល់​ថា​ការ​ធ្វើ​តាម​វិធី​នោះ​មិន​មែន​ជា​ជម្រើស​ល្អ​ដើម្បី​ប្រើ​វិភាគទាន​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​ទេ។ ដូច្នេះ ពួក​គាត់​បាន​ឲ្យ​យោបល់​ទិញ​អគារ​ដែល​នៅ​ក្បែរ​នោះ ហើយ​កែ​ច្នៃ​ឡើង​វិញ។ បង​ម៉ា​ត​បាន​និយាយ​ថា​៖​«​ក្រោយ​ពី​បាន​ស្នើ​ឲ្យ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ទិញ​និង​ជួស​ជុល​អគារ​ដែល​មាន​ស្រាប់​នោះ​ហើយ​ក៏​ដោយ ក៏​យើង​នៅ​តែ​បារម្ភ​ថា​តើ​អគារ​នោះ​ត្រូវ​នឹង​តម្រូវ​ការ​របស់​បេតអែល​ឬ​យ៉ាង​ណា។ នៅ​ទី​បំផុត យើង​ឃើញ​ថា​ការ​សម្រេច​ចិត្ត​នេះ​ពិត​ជា​សម​ស្រប​នឹង​សេចក្ដី​ត្រូវ​ការ​របស់​យើង​មែន។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ការ​សម្រេច​ចិត្ត​នេះ​»។

ការ​មាន​បន្ទប់​ស្នាក់​នៅ​ដោះ​ចេញ​ដោះ​ចូល​ដែល​ដំឡើង​លើ​ដី​របស់​ការិយាល័យ​សាខា គឺ​ងាយ​ស្រួល​កែ​ប្រែ​ឬ​ពង្រីក​ដើម្បី​ឲ្យ​អ្នក​ធ្វើ​ការ​ថែម​ទៀត​អាច​ចូល​រួម​គាំទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​កំពុង​រីក​ចម្រើន

 ការិយាល័យ​សាខា​អង់ហ្គោឡា ទំនង​ជា​ត្រូវ​ការ​កន្លែង​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។ ដោយ​សារ​អគារ​ថ្មី​បាន​ត្រូវ​សាង​សង់​ដែល​មាន​បន្ទប់​ស្នាក់​នៅ​អាច​ដោះ​ចេញ​ដោះ​ចូល​បាន ហើយ​ក៏​មាន​អគារ​ខាង​ក្រៅ​ដែល​បាន​ជួល​ដើម្បី​ឲ្យ​បង​ប្អូន​បេតអែល​ស្នាក់​នៅ​ដែរ ដូច្នេះ​ការិយាល័យ​សាខា​មាន​កន្លែង​ទូលាយ​ជាង​ដើម្បី​បន្ត​គាំទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​កំពុង​រីក​ចម្រើន។

បង​ស្រី​ៗ​កំពុង​សប្បាយ​ធ្វើ​កិច្ច​ការ​ក្នុង​គម្រោង​សាង​សង់​ការិយាល័យ​សាខា​អង់ហ្គោឡា

 ជប៉ុន។ អគារ​នៅ​ការិយាល័យ​សាខា​ជប៉ុន​បាន​ត្រូវ​សាង​សង់​អស់​ជិត​៤០​ឆ្នាំ​ហើយ។ ម្យ៉ាង​ទៀត អគារ​ភាគ​ច្រើន​មិន​ធ្លាប់​មាន​ការ​កែ​លម្អ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ទេ។ ទោះ​ជា​បង​ប្អូន​ខំ​ប្រឹង​ថែ​ទាំ​អគារ​នោះ​ក៏​ដោយ ក៏​យើង​មិន​អាច​ប្រើ​អគារ​នោះ​យូរ​អង្វែង​ទេ ព្រោះ​យើង​បាន​ប្រើ​អគារ​នោះ​យូរ​ជាង​អាយុ​កាល​របស់​វា។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ធ្វើ​ការ​កែ​លម្អ​ជា​ថ្មី​ក្នុង​ទ្រង់​ទ្រាយ​ធំ។

 ប៉ុន្មាន​ឆ្នាំ​មក​នេះ ជីវិត​នៅ​បេតអែល​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ។ រហូត​មក​ដល់​ឆ្នាំ​២០១៥ មាន​ការ​រៀប​ចំ​ម្ហូប​បី​ពេល​សម្រាប់​ក្រុម​គ្រួសារ​បេតអែល។ ដូច្នេះ បន្ទប់​ស្នាក់​នៅ​ជា​ច្រើន​របស់​សមាជិក​បេតអែល​នៅ​ជប៉ុន មាន​កន្លែង​តូច​មួយ​សម្រាប់​ចម្អិន​អាហារ។ ឥឡូវ​សមាជិក​បេតអែល​ត្រូវ​រៀប​ចំ​ម្ហូប​ភាគ​ច្រើន​ដោយ​ខ្លួន​ឯង។ ហេតុ​នេះ គម្រោង​កែ​លម្អ​ជា​ថ្មី បាន​រៀប​ចំ​ឲ្យ​មាន​ផ្ទះ​បាយ​ធំ​ជាង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចម្អិន​អាហារ។ បង​ស្រី​គូមីកូ​ដែល​បម្រើ​នៅ​ការិយាល័យ​សាខា​ជប៉ុន បាន​និយាយ​ថា​៖​«​ការ​មាន​ផ្ទះ​បាយ​ក្នុង​បន្ទប់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង​អ៊ីចឹង ហើយ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្រួល​សម្រប​ខ្លួន​នឹង​ការ​រៀប​ចំ​ថ្មី​នៅ​បេតអែល​»។

ផ្ទះ​បាយ​ថ្មី(​ស្ដាំ​)ដែល​មាន​ភាព​ងាយ​ស្រួល​ជាង​សម្រាប់​ក្រុម​គ្រួសារ​បេតអែល

 កិច្ចការ​ដែល​ធ្វើ​នៅ​ការិយាល័យ​សាខា​ជប៉ុន​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ការ​នៅ​ទូ​ទាំង​ពិភព​លោក។ (​ម៉ាថាយ ២៨:១៩, ២០​) នៅ​ទូ​ទាំង​ពិភព​លោក​មាន​ការិយាល័យ​សាខា​ពីរ​ប៉ុណ្ណោះ​ដែល​បោះ​ពុម្ព​គម្ពីរ ហើយ​ក្នុង​នោះ​ក៏​មាន​ការិយាល័យ​សាខា​ជប៉ុន​ដែរ។ ធម្មតា​នៅ​កន្លែង​បោះ​ពុម្ព​មាន​កម្ទេច​ដែល​មក​ពី​ការ​កាត់​តម្រឹម​ក្រដាស។ ហេតុ​នេះ​ហើយ​ក្នុង​គម្រោង​សាង​សង់​ដែល​កំពុង​ដំណើរ​ការ ក៏​មាន​ការ​បំពាក់​ប្រព័ន្ធ​បូម​ធូលី​និង​កម្ទេច ដើម្បី​ការ​ពារ​សុខភាព​របស់​បង​ប្អូន​ដែល​ធ្វើ​ការ​នៅ​រោង​ពុម្ព។ ការ​ទិញ​និង​តម្កើង​ប្រព័ន្ធ​នោះ​គឺ​ចំណាយ​ជិត​មួយ​លាន​ដុល្លារ។ ប៉ុន្តែ ទោះ​ជា​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដូច​នេះ​ក៏​ដោយ យើង​ជឿ​ជាក់​ថា​ការិយាល័យ​សាខា​នឹង​នៅ​តែ​បន្ត​បោះ​ពុម្ព​សៀវភៅ​ផ្សេង​ៗ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង ជា​ពិសេស​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។

ប្រព័ន្ធ​បូម​ធូលី​ដែល​មក​ពី​ការ​កាត់​តម្រឹម​ក្រដាស នឹង​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ជាង​ដល់​បង​ប្អូន​ដែល​ធ្វើ​ការ​នៅ​រោង​ពុម្ព

 ក្នុង​អំឡុង​ពេល​សាង​សង់​នោះ បង​ប្អូន​របស់​យើង​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​បោះ​ពុម្ព​គម្ពីរ​នៅ​តែ​បន្ត។ បង​ត្រេ​ដែល​ជា​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ជប៉ុន បាន​រៀប​រាប់​ថា​៖​«​អំឡុង​ពេល​សាង​សង់ អង្គការ​របស់​យើង​បាន​ចេញ​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ច្រើន ពីព្រោះ​មនុស្ស​កាន់​តែ​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក​ត្រូវ​ការ​គម្ពីរ។ បង​ប្អូន​នៅ​ផ្នែក​ផ្សេង​ៗ​បាន​សហការ​គ្នា​ដើម្បី​រៀប​ចំ​កាល​វិភាគ​សម្រាប់​ដំឡើង​ប្រព័ន្ធ​ថ្មី​និង​សម្រាប់​បោះ​ពុម្ព​»។ ទោះ​ជា​មាន​ការ​ពិបាក​ដូច​នោះ​ក៏​ដោយ គម្ពីរ​ប្រមាណ​២២០.០០០​ក្បាល​បាន​ត្រូវ​បោះ​ពុម្ព​ជា​រៀង​រាល់​ខែ គឺ​ចាប់​ពី​ខែ​មីនា​រហូត​ដល់​ខែ​សីហា ឆ្នាំ​២០២៣។ ពេល​វេលា​នោះ​គឺ​ជា​ពេល​ដែល​រវល់​បំផុត​ក្នុង​កិច្ច​ការ​សាង​សង់​នៅ​រោង​ពុម្ព។ កិច្ចការ​ទាំង​អស់​នេះ​បាន​ត្រូវ​សម្រេច​យ៉ាង​ជោគ​ជ័យ ដោយ​គ្មាន​ការ​ចំណាយ​លើស​ពី​កំណត់​នោះ​ទេ។

 ក្នុង​គម្រោង​កែ​លម្អ​ជា​ថ្មី ក៏​មាន​ការ​កាត់​បន្ថយ​ថាមពល​អគ្គីសនី​ដែរ។ ដូច្នេះ ការ​បំពាក់​បន្ទះ​សូ​ឡា​ថ្មី នឹង​ជួយ​សន្សំ​ប្រាក់​ប្រមាណ​១២០.០០០​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ។ បន្ថែម​ទៅ​ទៀត ការ​បំពាក់​កញ្ចក់​បង្អួច​បី​ជាន់ ក៏​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អគ្គីសនី​ដែរ ហើយ​ជួយ​សន្សំ​ប្រាក់​ប្រមាណ​១០.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ថ្វី​ត្បិត​តែ​ការ​បំពាក់​បន្ទះ​សូ​ឡា​និង​បង្អួច​កញ្ចក់​បី​ជាន់​មាន​តម្លៃ​ថ្លៃ​មែន តែ​នេះ​អាច​ជួយ​សន្សំ​លុយ​ជាង​៣,៥​លាន​ដុល្លារ។ ការ​បំពាក់​ឧបករណ៍​ទាំង​ពីរ​នេះ​នឹង​កាន់​បន្ថយ​ភាព​ក្ដៅ​និង​ត្រជាក់​ដែល​មក​ពី​បរិយាកាស​ខាង​ក្រៅ។

កញ្ចក់​បង្អួច​បី​ជាន់​នឹង​កាត់​បន្ថយ​ថាមពល​អគ្គីសនី

​«​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​»​

 តាម​រយៈ​គម្រោង​កែ​លម្អ​ជា​ថ្មី​នៅ​ការិយាល័យ​សាខា​ទាំង​ពីរ​នេះ យើង​ឃើញ​ថា​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ទី​នោះ​ដើម្បី​គាំទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ កិច្ច​ការ​នេះ​មិន​ទាន់​រួច​រាល់​ទេ។ បង​អេរ៉ុន​ដែល​មក​ពី​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​ទូ​ទាំង​ពិភព​លោក​បាន​រៀប​រាប់​ថា​៖​«​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​យើង​បាន​សម្រេច ប៉ុន្តែ​នៅ​តែ​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​យើង​ត្រូវ​បង្ហើយ​»។ តើ​កិច្ចការ​ទាំង​នេះ​នឹង​សម្រេច​យ៉ាង​ដូច​ម្ដេច? គាត់​បន្ត​ថា​៖​«​វិភាគទាន​ដែល​បង​ប្អូន​ជូន​ដោយ​ចិត្ត​ទូលាយ បាន​ជួយ​កិច្ច​ការ​ដ៏​សំខាន់​នេះ។ ហើយ​យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​បង​ប្អូន​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ធ្វើ​កិច្ច​ការ​នេះ​ពី​មុន និង​បង​ប្អូន​ដែល​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ដើម្បី​ត្រៀម​ខ្លួន​ជួយ​កិច្ច​ការ​នេះ​នៅ​ថ្ងៃ​អនាគត។ ការ​រួម​ចំណែក​ជួយ​ទាំង​កម្លាំង​កាយ​ទាំង​ធន​ធាន គឺ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ឲ្យ​ពរ​យើង​»។—ចម្រៀង​សរសើរ​ព្រះ ១១០:៣

 កិច្ច​ការ​សាង​សង់​និង​កែ​លម្អ​ជា​ថ្មី​បាន​ត្រូវ​គាំទ្រ​ដោយ​វិភាគទាន​ស្ម័គ្រ​ចិត្ត។ វិភាគទាន​ជា​ច្រើន​បាន​ជូន​តាម​គេហទំព័រ​donate.pr418.com។ យើង​សូម​អរគុណ​ចំពោះ​ការ​ជូន​វិភាគទាន​ដោយ​ចិត្ត​ទូលាយ​របស់​បង​ប្អូន។

a ប្រាក់​ដុល្លារ​ដែល​បាន​រៀប​រាប់​ក្នុង​អត្ថបទ​នេះ គឺ​សំដៅ​ទៅ​លើ​ដុល្លារ​អាម៉េរិក។