លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៨

ចូរជៀសវាងពីការប្រកួតប្រជែងគ្នា តែធ្វើឲ្យមានសន្តិភាព

ចូរជៀសវាងពីការប្រកួតប្រជែងគ្នា តែធ្វើឲ្យមានសន្តិភាព

​«​កុំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​លើក​ខ្លួន​ហួស​ប្រមាណ ដោយ​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា និង​ដោយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​»។—កាឡ. ៥:២៦

ចម្រៀង​លេខ​១០១ ចូរ​បម្រើ​ដោយ​សាមគ្គីភាព

សេចក្ដី​សង្ខេប *

១. តើ​ការ​ប្រកួត​ប្រជែង​គ្នា​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មនុស្ស?

នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ ការ​ប្រកួត​ប្រជែង​គ្នា​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ជា​ឧទាហរណ៍ អ្នក​ជំនួញ​ម្នាក់​ចង់​ទទួល​ជោគ​ជ័យ​ច្រើន​ជាង​អ្នក​ជំនួញ​ឯ​ទៀត ដូច្នេះ​គាត់​ធ្វើ​អ្វី​ៗ​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​រង​ទុក្ខ។ ដើម្បី​ឈ្នះ​ការ​ប្រកួត កីឡាករ​ម្នាក់​ធ្វើ​ឲ្យ​កីឡាករ​ម្នាក់​ទៀត​ដែល​នៅ​ក្រុម​ផ្សេង​រង​របួស។ សិស្ស​ម្នាក់​លួច​បន្លំ​ពេល​ប្រឡង​ដើម្បី​អាច​ចូល​សកល​វិទ្យាល័យ​ដែល​មាន​ឈ្មោះ​ល្បី។ ជា​គ្រិស្ត​សាសនិក យើង​ទទួល​ស្គាល់​ថា​ការ​ប្រព្រឹត្ត​បែប​នេះ​គឺ​ខុស ហើយ​វា​នៅ​ក្នុង​ចំណោម​«​ការ​ប្រព្រឹត្ត​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​»។ (​កាឡ. ៥:១៩​-​២១​) ប៉ុន្តែ តើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ខ្លះ​ប្រហែល​ជា​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ក្រុម​ជំនុំ​ដោយ​មិន​ដឹង​ខ្លួន​ឬ​ទេ? សំណួរ​នេះ​គឺ​សំខាន់ ដោយ​សារ​ការ​ប្រកួត​ប្រជែង​គ្នា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​សាមគ្គីភាព​របស់​យើង​ជា​បង​ប្អូន​រួម​ជំនឿ។

២. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​គុណ​វិបត្តិ​ដែល​អាច​នាំ​ឲ្យ​យើង​ប្រកួត​ប្រជែង​នឹង​បង​ប្អូន។ យើង​ក៏​នឹង​ពិចារណា​អំពី​គំរូ​របស់​បុរស​ស្ត្រី​ដ៏​ស្មោះ​ត្រង់​នៅ​សម័យ​គម្ពីរ​ដែល​មិន​ព្យាយាម​ប្រកួត​ប្រជែង​នឹង​អ្នក​ឯ​ទៀត។ មុន​ដំបូង សូម​យើង​គិត​អំពី​របៀប​ដែល​យើង​អាច​ពិនិត្យ​ពិចារណា​អំពី​បំណង​ចិត្ត​របស់​យើង។

ចូរ​ពិនិត្យ​ពិចារណា​អំពី​បំណង​ចិត្ត​របស់​អ្នក

៣. តើ​យើង​គួរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​អ្វី​ខ្លះ?

ម្ដង​ម្កាល គឺ​ជា​ការ​ល្អ​ដែល​យើង​ពិនិត្យ​ពិចារណា​អំពី​បំណង​ចិត្ត​របស់​យើង។ យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​វាយ​តម្លៃ​ខ្លួន​ដោយ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​ខ្ញុំ​ខំ​ប្រឹង​ក្នុង​ក្រុម​ជំនុំ ដោយ​សារ​ខ្ញុំ​ចង់​ធ្វើ​ជា​បុគ្គល​លេច​ធ្លោ ឬ​ប្រសើរ​ជាង​គេ​ឬ​ទេ? ឬ​តើ​ខ្ញុំ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព?›។ ហេតុ​អ្វី​យើង​គួរ​សួរ​សំណួរ​ទាំង​នេះ? សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បណ្ដាំ​របស់​ព្រះ​ចែង។

៤. ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​កាឡាទី ៦:៣, ៤ ហេតុ​អ្វី​យើង​មិន​គួរ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត?

គម្ពីរ​ប្រាប់​យើង​ថា យើង​មិន​គួរ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត​ទេ។ (​សូម​អាន កាឡាទី ៦:៣, ៤) ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​បើ​យើង​គិត​ថា​យើង​គ្រាន់​បើ​ជាង​អ្នក​ឯ​ទៀត យើង​អាច​ចាប់​ផ្ដើម​មាន​អំណួត។ ប៉ុន្តែ បើ​យើង​គិត​ថា​យើង​អន់​ជាង​អ្នក​ឯ​ទៀត យើង​ទំនង​ជា​នឹង​ធ្លាក់​ទឹក​ចិត្ត។ របៀប​គិត​គូរ​ទាំង​ពីរ​នេះ​មិន​ប្រកប​ដោយ​ប្រាជ្ញា​ទេ។ (​រ៉ូម ១២:៣​) បង​ស្រី​ម្នាក់​ឈ្មោះ​ខាតារីណា *ដែល​រស់​នៅ​ប្រទេស​ក្រិក និយាយ​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ដែល​ស្អាត​ជាង ពូកែ​ផ្សព្វ​ផ្សាយ​ជាង និង​មាន​មិត្ត​ភក្ដិ​ច្រើន​ជាង។ ដូច្នេះ​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​»។ យើង​ត្រូវ​ចាំ​ថា ព្រះ​យេហូវ៉ា​ទាញ​នាំ​យើង​មក​ឯ​លោក មិន​មែន​ដោយ​សារ​យើង​ស្អាត ពូកែ​និយាយ ឬ​មាន​គេ​ចូល​ចិត្ត​ច្រើន​នោះ​ទេ។ ប៉ុន្តែ ដោយ​សារ​យើង​ចង់​ស្រឡាញ់​លោក​និង​ស្ដាប់​បុត្រ​របស់​លោក។—យ៉ូន. ៦:៤៤; ១កូ. ១:២៦​-​៣១

៥. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ហ៊ុន?

សំណួរ​មួយ​ទៀត​ដែល​យើង​អាច​សួរ​ខ្លួន​គឺ ‹តើ​ខ្ញុំ​មាន​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​សន្តិភាព ឬ​ក៏​តើ​ខ្ញុំ​ច្រើន​តែ​ឈ្លោះ​ប្រកែក​ជា​មួយ​អ្នក​ឯ​ទៀត?›។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ហ៊ុន​ដែល​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នៅ​ពេល​មួយ គាត់​ចាត់​ទុក​បង​ប្អូន​ខ្លះ​ដែល​មាន​ឯកសិទ្ធិ​ជា​គូ​ប្រជែង។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​រិះ​គន់​បង​ប្រុស​ទាំង​នោះ ហើយ​ខ្ញុំ​ច្រើន​តែ​មិន​ឯកភាព​នឹង​អ្វី​ដែល​ពួក​គេ​និយាយ​»។ តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? គាត់​សារភាព​ថា​៖ ​«​ចិត្ត​គំនិត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​លែង​មាន​សាមគ្គីភាព​»។ មិត្ត​ភក្ដិ​ខ្លះ​របស់​បង​ហ៊ុន​បាន​ជួយ​គាត់​ឲ្យ​យល់​ថា នេះ​ជា​បញ្ហា​មួយ​ដែល​គាត់​ត្រូវ​តែ​ចាត់​វិធានការ។ បង​ហ៊ុន​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់ ហើយ​សព្វ​ថ្ងៃ​នេះ​គាត់​បម្រើ​ជា​អ្នក​ចាស់​ទុំ​ដ៏​ល្អ​ម្នាក់។ បើ​យើង​ឃើញ​ថា យើង​មាន​ទំនោរ​ចិត្ត​ចង់​ប្រកួត​ប្រជែង​ជា​ជាង​ធ្វើ​ឲ្យ​មាន​សន្តិភាព យើង​ត្រូវ​ចាត់​វិធានការ។

ចូរ​ប្រយ័ត្ន​កុំ​លើក​ខ្លួន​ហួស​ប្រមាណ​និង​ឈ្នានីស​គ្នា

៦. យោង​ទៅ​តាម​កាឡាទី ៥:២៦ តើ​គុណ​វិបត្តិ​អ្វី​ខ្លះ​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា?

សូម​អាន កាឡាទី ៥:២៦តើ​គុណ​វិបត្តិ​អ្វី​ខ្លះ​អាច​នាំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា? មួយ​គឺ​ការ​លើក​ខ្លួន​ហួស​ប្រមាណ។ មនុស្ស​ដែល​លើក​ខ្លួន​ហួស​ប្រមាណ​មាន​អំណួត​និង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ គុណ​វិបត្តិ​មួយ​ទៀត គឺ​ការ​ឈ្នានីស​គ្នា។ មនុស្ស​ដែល​ឈ្នានីស​មិន​គ្រាន់​តែ​ចង់​បាន​អ្វី​ដែល​អ្នក​ឯ​ទៀត​មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មិន​ចង់​ឲ្យ​អ្នក​នោះ​មាន​អ្វី​ទាំង​នោះ​ដែរ។ តាម​ការ​ពិត បើ​បុគ្គល​ម្នាក់​ឈ្នានីស​អ្នក​ឯ​ទៀត នោះ​បង្ហាញ​ថា​គាត់​ស្អប់​អ្នក​នោះ។ យើង​ពិត​ជា​មិន​ចង់​មាន​គុណ​វិបត្តិ​ទាំង​នេះ​ជា​ដាច់​ខាត!

៧. តើ​ឧទាហរណ៍​អ្វី​បង្ហាញ​អំពី​មូលហេតុ​ដែល​ការ​លើក​ខ្លួន​ហួស​ប្រមាណ​និង​ការ​ឈ្នានីស​គឺ​អាក្រក់?

ការ​លើក​ខ្លួន​ហួស​ប្រមាណ​និង​ការ​ឈ្នានីស​គ្នា អាច​ប្រដូច​ទៅ​នឹង​កណ្ដៀរ​ដែល​ស៊ី​ឈើ​ផ្ទះ។ មិន​ថា​ផ្ទះ​នោះ​ស្អាត​យ៉ាង​ណា​ទេ បើ​វា​មាន​កណ្ដៀរ​ស៊ី យូរ​ៗ​ទៅ​ផ្ទះ​នោះ​នឹង​រលំ។ ស្រដៀង​គ្នា​ដែរ បុគ្គល​ណា​ម្នាក់​ប្រហែល​ជា​បម្រើ​ព្រះ​យេហូវ៉ា​អស់​មួយ​រយៈ​ពេល។ ប៉ុន្តែ បើ​គាត់​ឈ្នានីស​និង​លើក​ខ្លួន​ហួស​ប្រមាណ គាត់​នឹង​វិនាស។ (​សុភ. ១៦:១៨​) គាត់​នឹង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា ហើយ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​និង​អ្នក​ឯ​ទៀត​រង​ទុក្ខ។ ប៉ុន្តែ តើ​យើង​អាច​ជៀស​វាង​ពី​ការ​លើក​ខ្លួន​ហួស​ប្រមាណ​និង​ការ​ឈ្នានីស​យ៉ាង​ដូច​ម្ដេច?

៨. តើ​យើង​អាច​ត​យុទ្ធ​នឹង​ការ​លើក​ខ្លួន​ហួស​ប្រមាណ​យ៉ាង​ដូច​ម្ដេច?

យើង​អាច​ត​យុទ្ធ​នឹង​ការ​លើក​ខ្លួន​ហួស​ប្រមាណ ដោយ​ធ្វើ​តាម​យោបល់​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ភីលីព ដែល​ថា​៖ ​«​មិន​ត្រូវ​ធ្វើ​អ្វី​ក្នុង​បំណង​ទាស់​នឹង​អ្នក​ឯ​ទៀត ឬ​លើក​ខ្លួន​ហួស​ប្រមាណ​ឡើយ។ ប៉ុន្តែ ចូរ​មាន​ចិត្ត​រាប​ទាប​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន​»។ (​ភី. ២:៣​) បើ​យើង​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន យើង​នឹង​មិន​ប្រកួត​ប្រជែង​នឹង​ពួក​អ្នក​ដែល​មាន​ទេព​កោសល្យ​និង​សមត្ថភាព​ច្រើន​ជាង​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​សប្បាយ​ចិត្ត​ចំពោះ​ពួក​គេ។ ជា​ពិសេស​បើ​ពួក​គេ​ប្រើ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ដើម្បី​នាំ​ឲ្យ​លោក​ទទួល​ការ​សរសើរ។ ម្យ៉ាង​ទៀត បើ​បង​ប្អូន​ដែល​មាន​សមត្ថភាព​ទាំង​នោះ​ធ្វើ​តាម​យោបល់​របស់​ប៉ូល ពួក​គេ​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​យើង។ ជា​លទ្ធផល យើង​ទាំង​អស់​គ្នា​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ។

៩. តើ​យើង​អាច​គ្រប់​គ្រង​ទំនោរ​ចិត្ត​របស់​យើង​ដែល​ចង់​ឈ្នានីស​តាម​របៀប​ណា?

យើង​អាច​គ្រប់​គ្រង​ទំនោរ​ចិត្ត​របស់​យើង​ដែល​ចង់​ឈ្នានីស ដោយ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​សុភាព​រាប​ទាប ឬ​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន។ បើ​យើង​មាន​ចិត្ត​សុភាព​រាប​ទាប យើង​នឹង​មិន​ព្យាយាម​បង្ហាញ​ថា​យើង​មាន​សមត្ថភាព​ឬ​ទេព​កោសល្យ​ជាង​អ្នក​ឯ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ស្វែង​រក​វិធី​ដែល​យើង​អាច​រៀន​ពី​ពួក​អ្នក​ដែល​មាន​សមត្ថភាព​ច្រើន​ជាង​យើង។ ឧបមា​ថា បង​ប្រុស​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ថ្លែង​សុន្ទរកថា​សាធារណៈ​យ៉ាង​ពូកែ។ យើង​អាច​សួរ​គាត់​អំពី​របៀប​ដែល​គាត់​រៀបចំ​សុន្ទរកថា​របស់​គាត់។ បើ​បង​ស្រី​ម្នាក់​ប៉ិន​ធ្វើ​ម្ហូប យើង​អាច​សុំ​យោបល់​គាត់​ដើម្បី​ជួយ​យើង​ឲ្យ​ចេះ​ធ្វើ​ម្ហូប​ឆ្ងាញ់​ដែរ។ ម្យ៉ាង​ទៀត បើ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ម្នាក់​ពិបាក​រក​មិត្ត​ភក្ដិ គាត់​អាច​សុំ​យោបល់​ពី​បង​ប្អូន​ណា​ម្នាក់​ដែល​មាន​មិត្ត​ភក្ដិ​ច្រើន។ យ៉ាង​នេះ យើង​អាច​ជៀស​វាង​ពី​ការ​ឈ្នានីស ហើយ​បង្កើន​សមត្ថភាព​របស់​ខ្លួន។

ចូរ​រៀន​ពី​គំរូ​ក្នុង​គម្ពីរ

ដោយ​សារ​គេឌាន​មាន​ចិត្ត​រាប​ទាប គាត់​បាន​រក្សា​សន្តិភាព​ជា​មួយ​ពួក​អេប្រាអ៊ីម (​សូម​មើល​វគ្គ​១០​-​១២​)

១០. តើ​គេឌាន​ជួប​ការ​ពិបាក​អ្វី?

១០ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​រវាង​គេឌាន​ដែល​មក​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ និង​ពួក​បុរស​នៃ​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ គេឌាន​និង​ពួក​បុរស​៣០០​នាក់​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​នេះ​ជា​ហេតុ​ឲ្យ​ពួក​គេ​មាន​មោទនភាព​ក្រៃ​លែង។ ពួក​បុរស​នៃ​កុលសម្ព័ន្ធ​អេប្រាអ៊ីម​បាន​ជួប​គេឌាន មិន​មែន​ដើម្បី​សរសើរ​គាត់​ទេ តែ​ដើម្បី​រក​រឿង​គាត់​វិញ។ តាម​មើល​ទៅ ពួក​គេ​ខឹង ដោយ​សារ​គេឌាន​មិន​បាន​ហៅ​ពួក​គេ​តាំង​ពី​ដំបូង​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​នឹង​សត្រូវ​របស់​ព្រះ។ ពួក​គេ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ការ​ពារ​កេរ្តិ៍​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ខ្លួន រហូត​ដល់​ពួក​គេ​ភ្លេច​រឿង​សំខាន់​ជាង គឺ​គេឌាន​បាន​ជួយ​លើក​តម្កើង​នាម​ព្រះ​យេហូវ៉ា​និង​ការ​ពារ​រាស្ត្រ​របស់​លោក។—អសក. ៨:១

១១. តើ​គេឌាន​និយាយ​យ៉ាង​ណា​ទៅ​កាន់​ពួក​បុរស​នៃ​កុលសម្ព័ន្ធ​អេប្រាអ៊ីម?

១១ គេឌាន​បាន​និយាយ​ដោយ​ចិត្ត​រាប​ទាប​ទៅ​កាន់​ពួក​បុរស​នៃ​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ថា​៖ ​«​តើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​អាច​ប្រៀប​ស្មើ​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឬ?​»។ បន្ទាប់​មក គាត់​បាន​រំលឹក​ពួក​គេ​អំពី​របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ពួក​គេ។ ជា​លទ្ធផល ពួក​បុរស​ទាំង​នោះ​«​ក៏​ត្រជាក់​ចិត្ត​វិញ​»។ (​អសក. ៨:២, ៣​) គេឌាន​សុខ​ចិត្ត​បន្ទាប​ខ្លួន​ដើម្បី​រក្សា​សន្តិភាព​ក្នុង​ចំណោម​រាស្ត្រ​ព្រះ។

១២. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ពួក​អេប្រាអ៊ីម​និង​គេឌាន?

១២ តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? យើង​រៀន​ពី​គំរូ​របស់​ពួក​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ថា យើង​មិន​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ការ​ពារ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ច្រើន​ជាង​ការ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា​ទេ។ ម្យ៉ាង​ទៀត ក្នុង​នាម​ជា​ប្រមុខ​គ្រួសារ​និង​អ្នក​ចាស់​ទុំ យើង​អាច​រៀន​មេ​រៀន​ពី​គេឌាន។ បើ​បង​ប្អូន​ណា​ម្នាក់​ទើស​ចិត្ត​នឹង​អ្វី​ដែល​យើង​បាន​ធ្វើ យើង​គួរ​ព្យាយាម​យល់​អំពី​ទស្សនៈ​របស់​គាត់។ យើង​ក៏​អាច​សរសើរ​គាត់​ចំពោះ​អ្វី​ល្អ​ដែល​គាត់​បាន​ធ្វើ។ នេះ​តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​រាប​ទាប ជា​ពិសេស​បើ​បុគ្គល​នោះ​គឺ​ជា​អ្នក​ខុស។ ប៉ុន្តែ សន្តិភាព​គឺ​សំខាន់​ជាង​ការ​បង្ហាញ​ថា​យើង​ត្រឹម​ត្រូវ។

ដោយ​សារ​ហាណា​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់ គាត់​បាន​ទទួល​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ឡើង​វិញ (​សូម​មើល​វគ្គ​១៣​-​១៤​)

១៣. តើ​ហាណា​មាន​ការ​ពិបាក​អ្វី ហើយ​តើ​គាត់​បាន​យក​ឈ្នះ​បញ្ហា​នោះ​យ៉ាង​ដូច​ម្ដេច?

១៣ សូម​គិត​ដែរ​អំពី​គំរូ​របស់​ហាណា។ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​លេវី​ម្នាក់​ឈ្មោះ​អេលកាណា ដែល​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។ ប៉ុន្តែ អេលកាណា​មាន​ប្រពន្ធ​ម្នាក់​ទៀត​ឈ្មោះ​ផេនីណា។ អេលកាណា​ស្រឡាញ់​ហាណា​ជាង​ផេនីណា។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ​«​ផេនីណា​មាន​កូន តែ​ហាណា​គ្មាន​កូន​ទេ​»។ ហេតុ​នេះ​ហើយ ផេនីណា​«​រក​រឿង​ឈ្នានីស​ហាណា​ឥត​ឈប់​ឈរ។ នេះ​បាន​ធ្វើ​ឲ្យ​ហាណា​ឈឺ​ចិត្ត​ខ្លាំង​ណាស់​»។ តើ​ហាណា​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​ឈឺ​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​‹បាន​ជា​គាត់​យំ ហើយ​មិន​ព្រម​បរិភោគ​ទេ›។ (​១សាំ. ១:២, ៦, ៧​) គម្ពីរ​មិន​ចែង​ថា ហាណា​ព្យាយាម​សង​សឹក​ផេនីណា​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ហើយ​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ជួយ​គាត់។ តើ​ផេនីណា​ឈប់​រក​រឿង​ហាណា​ឬ​ទេ? គម្ពីរ​មិន​បាន​ចែង​ទេ។ ប៉ុន្តែ យើង​ដឹង​ថា ហាណា​បាន​ទទួល​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ឡើង​វិញ ហើយ​បាន​រក្សា​សេចក្ដី​សុខ​សាន្ត​នោះ។ គាត់​ក៏​«​លែង​មាន​ទឹក​មុខ​ព្រួយ​ទៀត​»។—១សាំ. ១:១០, ១៨

១៤. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ហាណា?

១៤ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ហាណា? បើ​បុគ្គល​ណា​ម្នាក់​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​គាត់​ប្រសើរ​ជាង​អ្នក អ្នក​មិន​ចាំ​បាច់​ប្រកួត​ប្រជែង​នឹង​គាត់​ដើម្បី​បង្ហាញ​ថា​អ្នក​ប្រសើរ​ជាង​គាត់​នោះ​ទេ។ ជា​ជាង​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ដែល​បាន​ធ្វើ​អាក្រក់ ចូរ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​អ្នក​នោះ។ (​រ៉ូម ១២:១៧​-​២១​) ទោះ​ជា​គាត់​មិន​កែ​ប្រែ​ក៏​ដោយ អ្នក​នឹង​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។

ដោយ​សារ​អាប៉ូឡុស​និង​ប៉ូល​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​កំពុង​ជួយ​កិច្ច​ការ​របស់​ពួក​គាត់ នោះ​ពួក​គាត់​មិន​ចាត់​ទុក​គ្នា​ជា​គូ​ប្រជែង​ទេ (​សូម​មើល​វគ្គ​១៥​-​១៨​)

១៥. តើ​អាប៉ូឡុស​និង​ប៉ូល​មាន​ចំណុច​ស្រដៀង​គ្នា​អ្វី​ខ្លះ?

១៥ ចុង​ក្រោយ សូម​គិត​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​អាប៉ូឡុស​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ និង​គំរូ​របស់​សាវ័ក​ប៉ូល។ បុរស​ទាំង​ពីរ​នាក់​នេះ​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់។ ពួក​គាត់​ពូកែ​បង្រៀន​អ្នក​ឯ​ទៀត ហើយ​បង​ប្អូន​ជា​ច្រើន​ស្គាល់​ពួក​គាត់។ ម្យ៉ាង​ទៀត ពួក​គាត់​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ប៉ុន្តែ​ទាំង​អាប៉ូឡុស​ទាំង​ប៉ូល​មិន​បាន​ចាត់​ទុក​គ្នា​ថា​ជា​គូ​ប្រជែង​ទេ។

១៦. តើ​អាប៉ូឡុស​ជា​មនុស្ស​បែប​ណា?

១៦ អាប៉ូឡុស​ជា​«​អ្នក​ក្រុង​អាឡិចសង់ទ្រា​»​ ដែល​ជា​ក្រុង​ដ៏​ល្បី​ខាង​ការ​អប់រំ​នៅ​សតវត្សរ៍​ទី​១។ តាម​មើល​ទៅ គាត់​ជា​មនុស្ស​ប្រសប់​និយាយ ហើយ​«​ស្គាល់​បទ​គម្ពីរ​ច្បាស់​»។ (​សកម្ម. ១៨:២៤​) ពេល​អាប៉ូឡុស​បាន​បម្រើ​នៅ​ក្រុង​កូរិនថូស បង​ប្អូន​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​បង្ហាញ​ថា​ពួក​គេ​ចូល​ចិត្ត​គាត់​ជាង​បង​ប្រុស​ផ្សេង​ទៀត រួម​ទាំង​ប៉ូល​ដែរ។ (​១កូ. ១:១២, ១៣​) តើ​អាប៉ូឡុស​ជា​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ចិត្ត​គំនិត​បែក​បាក់​គ្នា​ឬ​ទេ? គាត់​ទំនង​ជា​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ តាម​ពិត មួយ​រយៈ​ពេល​ក្រោយ​ពី​អាប៉ូឡុស​បាន​ចាក​ចេញ​ពី​ក្រុង​កូរិនថូស ប៉ូល​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ត្រឡប់​ទៅ​ទី​នោះ​វិញ។ (​១កូ. ១៦:១២​) ប៉ូល​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ បើ​គាត់​មាន​អារម្មណ៍​ថា​អាប៉ូឡុស​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​បែក​បាក់​គ្នា។ អាប៉ូឡុស​បាន​ប្រើ​សមត្ថភាព​របស់​គាត់​តាម​របៀប​ដ៏​ល្អ គឺ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​ពង្រឹង​កម្លាំង​របស់​បង​ប្អូន​រួម​ជំនឿ។ យើង​ក៏​អាច​ជឿ​ជាក់​ថា​អាប៉ូឡុស​ជា​មនុស្ស​មាន​ចិត្ត​រាប​ទាប។ ជា​ឧទាហរណ៍ គម្ពីរ​មិន​ចែង​ថា គាត់​បាន​ទើស​ចិត្ត​ពេល​អាគីឡា​និង​ព្រីស៊ីល​«​ពន្យល់​អំពី​ផ្លូវ​របស់​ព្រះ​ឲ្យ​គាត់​យល់​បាន​ត្រឹម​ត្រូវ​ជាង​»​ឡើយ។—សកម្ម. ១៨:២៤​-​២៨

១៧. តើ​ប៉ូល​ធ្វើ​ឲ្យ​មាន​សន្តិភាព​យ៉ាង​ដូច​ម្ដេច?

១៧ សាវ័ក​ប៉ូល​ដឹង​អំពី​កិច្ច​ការ​ល្អ​ដែល​អាប៉ូឡុស​បាន​ធ្វើ។ ប៉ុន្តែ ប៉ូល​មិន​ខ្លាច​ថា​អ្នក​ឯ​ទៀត​នឹង​គិត​ថា​អាប៉ូឡុស​ប្រសើរ​ជាង​គាត់​ទេ។ ចិត្ត​សុភាព​រាប​ទាប​និង​គំនិត​សម​ហេតុ​សម​ផល​របស់​ប៉ូល ស​ឲ្យ​ឃើញ​ក្នុង​យោបល់​ដែល​គាត់​បាន​ឲ្យ​ដល់​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស។ ជា​ជាង​សប្បាយ​ចិត្ត​ចំពោះ​ពួក​អ្នក​ដែល​និយាយ​ថា​«​ខ្ញុំ​កាន់​តាម​ប៉ូល​»​ គាត់​បាន​ឲ្យ​ការ​សរសើរ​ទាំង​អស់​ទៅ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត។—១កូ. ៣:៣​-​៦

១៨. តើ​យើង​រៀន​អ្វី​ពី​កូរិនថូស​ទី​១ ៤:៦, ៧​អំពី​គំរូ​របស់​អាប៉ូឡុស​និង​ប៉ូល?

១៨ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​អាប៉ូឡុស​និង​ប៉ូល? យើង​ប្រហែល​ជា​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​យើង​ប្រហែល​ជា​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្តែ យើង​យល់​ថា​អ្វី​ទាំង​នេះ​អាច​កើត​ឡើង​បាន ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​ជួយ​យើង។ យើង​រៀន​មេ​រៀន​មួយ​ទៀត​ពី​គំរូ​របស់​អាប៉ូឡុស​និង​ប៉ូល​ថា ពេល​យើង​កាន់​តែ​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ យើង​កាន់​តែ​មាន​ឱកាស​ធ្វើ​ឲ្យ​មាន​សន្តិភាព។ យើង​សប្បាយ​ចិត្ត​ពេល​ពួក​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​ឲ្យ​មាន​សន្តិភាព​និង​សាមគ្គីភាព ដោយ​ឲ្យ​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ និង​ដោយ​មិន​ផ្ដោត​អារម្មណ៍​លើ​ខ្លួន​ឯង តែ​ទៅ​លើ​អ្នក​ដែល​ជា​គំរូ​យើង គឺ​លោក​យេស៊ូ​គ្រិស្ត។—សូម​អាន កូរិនថូស​ទី​១ ៤:៦, ៧

១៩. តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​អ្វី? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ចូរ​ជៀស​វាង​ពី​ការ​ប្រកួត​ប្រជែង​គ្នា​»​)

១៩ យើង​ម្នាក់​ៗ​មាន​សមត្ថភាព​ឬ​ទេព​កោសល្យ​ខ្លះ​ៗ​ពី​ព្រះ។ យើង​អាច​ប្រើ​អំណោយ​នោះ​ដើម្បី​«​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​១ពេ. ៤:១០​) យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្វី​ដែល​យើង​ធ្វើ​មិន​សំខាន់​ទេ។ ប៉ុន្តែ ការ​ប្រព្រឹត្ត​តូច​តាច​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​គឺ​ប្រៀប​ដូច​ជា​ថ្នេរ​តូច​ៗ​ដែល​ភ្ជាប់​គ្នា​ទៅ​ជា​សម្លៀក​បំពាក់។ សូម​យើង​ខំ​ប្រឹង​លះ​ចោល​ចិត្ត​គំនិត​ណា​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​យើង​ចង់​ប្រកួត​ប្រជែង​គ្នា។ សូម​យើង​តាំង​ចិត្ត​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​និង​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ។—អេភ. ៤:៣

ចម្រៀង​លេខ​៨០ ​«​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​លោក​ល្អ​»​

^ វគ្គ 5 ដូច​ស្នាម​ប្រេះ​តូច​ដែល​អាច​ធ្វើ​ឲ្យ​ភាជនៈ​ដី​ងាយ​បែក ការ​ប្រកួត​ប្រជែង​គ្នា​អាច​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​ងាយ​បែក​បាក់។ បើ​ក្រុម​ជំនុំ​មិន​មាំ​មួន​និង​គ្មាន​សាមគ្គីភាព​ទេ នោះ​មិន​អាច​ជា​កន្លែង​សុខ​សាន្ត​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ឡើយ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​គួរ​ជៀស​វាង​ពី​ការ​ប្រកួត​ប្រជែង​គ្នា និង​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​មាន​សន្តិភាព​ក្នុង​ក្រុម​ជំនុំ។

^ វគ្គ 4 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។