លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៧

ចូរស៊ូទ្រាំដូចព្រះយេហូវ៉ា

ចូរស៊ូទ្រាំដូចព្រះយេហូវ៉ា

​«​បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ដល់​ទី​បញ្ចប់ នោះ​អ្នក​រាល់​គ្នា​នឹង​រក្សា​ជីវិត​ខ្លួន​»។—លូក. ២១:១៩

ចម្រៀង​លេខ​១១៤ ‹ចូរ​មាន​ចិត្ត​អត់​ធ្មត់›

សេចក្ដី​សង្ខេប *

១​-​២. តើ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៅ​អេសាយ ៦៥:១៦, ១៧​លើក​ទឹក​ចិត្ត​យើង​មិន​ឲ្យ​ឈប់​ព្យាយាម​យ៉ាង​ដូច​ម្ដេច?

​«​ចូរ​កុំ​ឈប់​ព្យាយាម!​»​ នេះ​ជា​ប្រធាន​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នៃ​កម្ម​វិធី​មហា​សន្និបាត​តាម​ភូមិ​ភាគ​ឆ្នាំ​២០១៧។ កម្ម​វិធី​នោះ​បាន​បង្ហាញ​យើង​អំពី​របៀប​ដែល​យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ បួន​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ​តាំង​ពី​មហា​សន្និបាត​នោះ ហើយ​យើង​នៅ​តែ​ស៊ូ​ទ្រាំ​នៅ​ក្នុង​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ។

តើ​អ្នក​បាន​ជួប​ប្រទះ​នឹង​បញ្ហា​អ្វី​ខ្លះ​នៅ​ថ្មី​ៗ​នេះ? តើ​សមាជិក​គ្រួសារ ឬ​មិត្ត​ភក្ដិ​ជា​ទី​ស្រឡាញ់​បាន​ស្លាប់​ឬ​ទេ? តើ​អ្នក​មាន​ជំងឺ​មួយ​ដែល​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​ឬ? តើ​អ្នក​មាន​បញ្ហា​ផ្សេង​ៗ​ដោយ​សារ​អ្នក​មាន​ភាព​ចាស់​ជរា​ឬ​ទេ? តើ​អ្នក​រង​ទុក្ខ​ដោយ​សារ​មហន្តរាយ​ធម្មជាតិ អំពើ​ឃោរឃៅ ឬ​ការ​បៀត​បៀន​ឬ? តើ​អ្នក​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ផ្សេង​ៗ ដូច​ជា​ជំងឺ​កូវីដ​-​១៩​ឬ​ទេ? ពិត​មែន​ហើយ យើង​ទាំង​អស់​គ្នា​ទន្ទឹង​រង់​ចាំ​ពេល​ដែល​យើង​លែង​មាន​បញ្ហា​បែប​នេះ​ទៀត។ ពេល​នោះ យើង​នឹង​មិន​នឹក​ឃើញ​អំពី​បញ្ហា​ទាំង​នេះ ហើយ​វា​លែង​កើត​ឡើង​ទៀត​ដែរ។—សូម​អាន អេសាយ ៦៥:១៦, ១៧

៣. តើ​យើង​ត្រូវ​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ ហើយ​ហេតុ​អ្វី?

ជីវិត​នៅ​ក្នុង​របៀប​របប​របស់​ពិភព​លោក​នេះ​គឺ​ពិបាក ហើយ​យើង​ប្រហែល​ជា​នឹង​ជួប​ការ​ពិបាក​កាន់​តែ​ខ្លាំង​ឡើង​នៅ​ថ្ងៃ​អនាគត។ (​ម៉ាថ. ២៤:២១​) ដូច្នេះ យើង​ត្រូវ​បន្ត​បង្កើន​សមត្ថភាព​ស៊ូ​ទ្រាំ​របស់​យើង។ ហេតុ​អ្វី? ពីព្រោះ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ដល់​ទី​បញ្ចប់ នោះ​អ្នក​រាល់​គ្នា​នឹង​រក្សា​ជីវិត​ខ្លួន​»។ (​លូក. ២១:១៩​) យើង​នឹង​កាន់​តែ​អាច​ស៊ូ​ទ្រាំ បើ​យើង​គិត​អំពី​របៀប​ដែល​អ្នក​ឯ​ទៀត​កំពុង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​ស្រដៀង​នឹង​បញ្ហា​របស់​យើង។

៤. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​អំពី​ការ​ចេះ​ស៊ូ​ទ្រាំ?

តើ​អ្នក​ណា​ជា​គំរូ​ដ៏​ល្អ​បំផុត​អំពី​ការ​ចេះ​ស៊ូ​ទ្រាំ? គឺ​ព្រះ​យេហូវ៉ា។ អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ចំពោះ​ចម្លើយ​នេះ ប៉ុន្តែ​បើ​អ្នក​គិត​អំពី​រឿង​នេះ អ្នក​នឹង​យល់​អំពី​មូលហេតុ​ដែល​យើង​អាច​និយាយ​ដូច្នេះ។ ពិភព​លោក​នេះ​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច ហើយ​ពោរ​ពេញ​ទៅ​ដោយ​បញ្ហា​ផ្សេង​ៗ។ ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​បញ្ឈប់​បញ្ហា​ទាំង​អស់​នេះ​ក្នុង​មួយ​រំពេច​បាន តែ​លោក​មាន​ថ្ងៃ​កំណត់​រួច​ហើយ​នា​ពេល​អនាគត ហើយ​លោក​កំពុង​រង់​ចាំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់។ (​រ៉ូម ៩:២២​) រហូត​ដល់​ពេល​កំណត់​នោះ ព្រះ​របស់​យើង​បន្ត​ស៊ូ​ទ្រាំ។ សូម​យើង​គិត​អំពី​បញ្ហា​៩​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ស៊ូ​ទ្រាំ។

តើ​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​ស៊ូ​ទ្រាំ​ចំពោះ​រឿង​អ្វី​ខ្លះ?

៥. តើ​នាម​របស់​ព្រះ​បាន​ត្រូវ​គេ​តិះ​ដៀល​យ៉ាង​ដូច​ម្ដេច ហើយ​តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​រឿង​នេះ?

ការ​តិះ​ដៀល​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ស្រឡាញ់​នាម​លោក ហើយ​ចង់​ឲ្យ​បុគ្គល​គ្រប់​រូប​គោរព​នាម​នោះ។ (​អេ. ៤២:៨​) ប៉ុន្តែ អស់​រយៈ​ពេល​៦.០០០​ឆ្នាំ​ហើយ នាម​ដ៏​ល្អ​របស់​លោក​បាន​ត្រូវ​គេ​តិះ​ដៀល។ (​ចសព. ៧៤:១០, ១៨, ២៣​) នេះ​បាន​ចាប់​ផ្ដើម​នៅ​សួន​អេដែន ពេល​មេ​កំណាច​(​ដែល​មាន​ន័យ​ថា​អ្នក​បង្កាច់​បង្ខូច​)​បាន​ចោទ​ប្រកាន់​ព្រះ​ថា លោក​មិន​បាន​ផ្ដល់​ឲ្យ​អ្វី​ដ៏​សំខាន់​ចាំ​បាច់​ដែល​អាដាម​និង​អេវ៉ា​ត្រូវ​ការ​ដើម្បី​មាន​សុភមង្គល​ឡើយ។ (​ដក. ៣:១​-​៥​) តាំង​ពី​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា លោក​មិន​បាន​ផ្ដល់​ឲ្យ​អ្វី​ដែល​មនុស្ស​ពិត​ជា​ត្រូវ​ការ។ លោក​យេស៊ូ​ព្រួយ​បារម្ភ ដោយ​សារ​នាម​របស់​បិតា​លោក​បាន​ត្រូវ​អាប់​ឱន​កិត្តិយស។ ហេតុ​នេះ​ហើយ លោក​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។—ម៉ាថ. ៦:៩

៦. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ទុក​ពេល​យូរ មុន​បង្ហាញ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​ស្ថាន​សួគ៌​និង​ផែនដី?

ការ​ប្រឆាំង​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​ស្ថាន​សួគ៌​និង​ផែនដី ហើយ​របៀប​គ្រប់​គ្រង​របស់​លោក​គឺ​ល្អ​បំផុត។ (​បប. ៤:១១​) ប៉ុន្តែ មេ​កំណាច​បាន​ព្យាយាម​បំភាន់​ទេវតា​និង​មនុស្ស​ឲ្យ​គិត​ថា​ព្រះ​គ្មាន​សិទ្ធិ​គ្រប់​គ្រង​ទេ។ រឿង​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​មិន​អាច​ដោះ​ស្រាយ​ភ្លាម​ៗ​បាន​ទេ។ ព្រះ​បាន​បង្ហាញ​ប្រាជ្ញា​ដោយ​ទុក​ពេល​យូរ​ល្មម​ឲ្យ​ឃើញ​ថា ពេល​មនុស្សជាតិ​ព្យាយាម​គ្រប់​គ្រង​លើ​អ្នក​ឯ​ទៀត​ដោយ​មិន​ស្ដាប់​បង្គាប់​អ្នក​បង្កើត ពួក​គេ​បរាជ័យ។ (​យេ. ១០:២៣​) ដោយ​សារ​ព្រះ​បាន​បង្ហាញ​ចិត្ត​អត់​ធ្មត់ រឿង​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​មួយ​ដង​ជា​ការ​ស្រេច។ បុគ្គល​គ្រប់​រូប​នឹង​ដឹង​ថា របៀប​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​បំផុត ហើយ​ថា​មាន​តែ​រាជាណាចក្រ​របស់​លោក​ប៉ុណ្ណោះ​ដែល​នឹង​នាំ​ឲ្យ​មាន​សន្តិភាព​និង​សន្តិសុខ​ពិត​ប្រាកដ​នៅ​ផែនដី។

៧. តើ​អ្នក​ណា​ខ្លះ​បាន​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា ហើយ​តើ​លោក​នឹង​ធ្វើ​អ្វី​ចំពោះ​ពួក​គេ?

ការ​បះ​បោរ​នៃ​កូន​ខ្លះ​របស់​ព្រះ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​ទាំង​បុគ្គល​វិញ្ញាណ ទាំង​មនុស្ស​ដែល​ជា​កូន​ៗ​របស់​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ​ក្រោយ​មក ទេវតា​មួយ​រូប​បាន​បះ​បោរ ហើយ​វា​បាន​ត្រូវ​ហៅ​ថា​សាថាន​(​ដែល​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​)។ វា​បាន​ធ្វើ​ឲ្យ​អាដាម និង​អេវ៉ា​ដែល​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ ទេវតា​និង​មនុស្ស​ឯ​ទៀត​បាន​រួម​ដៃ​ជា​មួយ​វា​ក្នុង​ការ​បះ​បោរ។ (​យូ. ៦​) ក្រោយ​មក សូម្បី​តែ​មនុស្ស​ក្នុង​ចំណោម​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​ដែល​ព្រះ​បាន​ជ្រើស​រើស ក៏​បាន​បដិសេធ​លោក ហើយ​បែរ​ជា​គោរព​បូជា​ព្រះ​មិន​ពិត។ (​អេ. ៦៣:៨, ១០​) ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត តែ​លោក​បាន​ស៊ូ​ទ្រាំ ហើយ​លោក​នឹង​បន្ត​ស៊ូ​ទ្រាំ​រហូត​ដល់​ពេល​កំណត់​ដើម្បី​បំផ្លាញ​អ្នក​បះ​បោរ​ទាំង​អស់។ ក្រោយ​មក ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​ស្មោះ​ត្រង់​ចំពោះ​លោក នឹង​អរ​សប្បាយ​ដោយ​សារ​ពួក​គេ​លែង​ត្រូវ​ស៊ូ​ទ្រាំ​នឹង​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​ទៀត​ហើយ!

៨​-​៩. តើ​មាន​ការ​ភូត​ភរ​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា ហើយ​តើ​យើង​អាច​ធ្វើ​អ្វី​ចំពោះ​រឿង​នោះ?

ការ​ភូត​ភរ​របស់​មេ​កំណាច។ សាថាន​ចោទ​ប្រកាន់​យ៉ូប​និង​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ថា ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​ដើម្បី​ប្រយោជន៍​ខ្លួន​តែ​ប៉ុណ្ណោះ។ (​យ៉ូប ១:៨​-​១១; ២:៣​-​៥​) មេ​កំណាច​បន្ត​ចោទ​ប្រកាន់​មនុស្ស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ (​បប. ១២:១០​) យើង​អាច​ជួយ​បង្ហាញ​ថា​សាថាន​គឺ​ជា​អ្នក​ភូត​ភរ ដោយ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​យើង​ជួប​ប្រទះ និង​រក្សា​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​ស្រឡាញ់​លោក។ ដូច​យ៉ូប យើង​នឹង​ទទួល​ពរ​ចំពោះ​ការ​ស៊ូ​ទ្រាំ​របស់​យើង។—យ៉ា. ៥:១១

សាថាន​ប្រើ​អ្នក​ដឹក​នាំ​សាសនា​មិន​ពិត​ឲ្យ​និយាយ​ថា​ព្រះ​យេហូវ៉ា​ឃោរ​ឃៅ និង​បណ្ដាល​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា។ អ្នក​ដឹក​នាំ​សាសនា​ខ្លះ​ថែម​ទាំង​និយាយ​ថា​ពេល​កូន​ក្មេង​ស្លាប់ គឺ​ព្រះ​ដែល​បាន​យក​ពួក​គេ​ទៅ​ស្ថាន​សួគ៌ ដោយ​សារ​លោក​ត្រូវ​ការ​ទេវតា​ថែម​ទៀត។ នេះ​ជា​ការ​ប្រមាថ​មើល​ងាយ​ចំពោះ​ព្រះ! ប៉ុន្តែ យើង​ដឹង​ថា​នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ ពេល​យើង​មាន​ជំងឺ​ធ្ងន់​ធ្ងរ ឬ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ស្លាប់ យើង​មិន​បន្ទោស​ព្រះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ជឿ​ថា នៅ​ថ្ងៃ​អនាគត​លោក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ យើង​អាច​ប្រាប់​បុគ្គល​គ្រប់​រូប​ដែល​ចង់​ស្ដាប់​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ យ៉ាង​នេះ​ព្រះ​យេហូវ៉ា​អាច​តប​ឆ្លើយ​ទៅ​អ្នក​ដែល​តិះ​ដៀល​លោក។—សុភ. ២៧:១១

១០. តើ​ចម្រៀង​សរសើរ​ព្រះ ២២:២៣, ២៤​បង្ហាញ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា?

១០ ការ​រង​ទុក្ខ​របស់​អ្នក​បម្រើ​ជា​ទី​ស្រឡាញ់​លោក។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​អាណិត​មេត្តា។ ពេល​លោក​ឃើញ​យើង​រង​ទុក្ខ​ដោយ​សារ​ជំងឺ ការ​បៀត​បៀន ឬ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង លោក​ឈឺ​ចិត្ត​ខ្លាំង។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ២២:២៣, ២៤) ព្រះ​យេហូវ៉ា​យល់​អំពី​ការ​ឈឺ​ចាប់​របស់​យើង។ លោក​ចង់​បំបាត់​វា​ចោល ហើយ​លោក​នឹង​ធ្វើ​ដូច្នេះ។ (​សូម​ពិនិត្យ​បន្ថែម ដំណើរ​ចាក​ចេញ ៣:៧, ៨; អេសាយ ៦៣:៩​) នៅ​ថ្ងៃ​អនាគត លោក​នឹង​«​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​[​យើង​] ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—បប. ២១:៤

១១. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ដែល​បាន​ស្លាប់?

១១ ការ​បែក​ពី​មិត្ត​សម្លាញ់​របស់​លោក​ដែល​បាន​ស្លាប់។ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បុរស​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ស្លាប់? លោក​ពិត​ជា​ចង់​ជួប​ពួក​គេ​ម្ដង​ទៀត​ខ្លាំង​ណាស់! (​យ៉ូប ១៤:១៥​) តើ​អ្នក​អាច​ស្រមៃ​ឃើញ​ឬ​ទេ​ថា ព្រះ​យេហូវ៉ា​នឹក​អាប្រាហាំ​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​ខ្លាំង​យ៉ាង​ណា? (​យ៉ា. ២:២៣​) តើ​អ្នក​អាច​ស្រមៃ​ឃើញ​ថា​ព្រះ​យេហូវ៉ា​ចង់​និយាយ​ម្ដង​ទៀត​ជា​មួយ​ម៉ូសេ ដែល​លោក​ធ្លាប់​«​មាន​ប្រសាសន៍​ទល់​មុខ​»​ឬ? (​ដច. ៣៣:១១​) លោក​ច្បាស់​ជា​ទន្ទឹង​រង់​ចាំ​ស្ដាប់​ម្ដង​ទៀត​នូវ​ការ​ច្រៀង​ចម្រៀង​ដ៏​ពីរោះ​របស់​ដាវីឌ និង​អ្នក​ឯ​ទៀត​ដែល​ច្រៀង​ចម្រៀង​សរសើរ​ព្រះ! (​ចសព. ១០៤:៣៣​) ទោះ​ជា​មិត្ត​សម្លាញ់​ទាំង​នេះ​របស់​ព្រះ​បាន​ស្លាប់​ហើយ​ក្ដី ព្រះ​យេហូវ៉ា​មិន​បាន​បំភ្លេច​ពួក​គេ​ទេ។ (​អេ. ៤៩:១៥​) លោក​នឹក​ចាំ​អំពី​បុគ្គលិក​លក្ខណៈ​ទាំង​អស់​របស់​ពួក​គេ។ ក្នុង​ន័យ​ម្យ៉ាង លោក​ចាត់​ទុក​ថា​«​ពួក​គេ​ទាំង​អស់​គ្នា​កំពុង​រស់​នៅ​»។ (​លូក. ២០:៣៨​) នៅ​ថ្ងៃ​អនាគត លោក​នឹង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ ហើយ​លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​របស់​ពួក​គេ ព្រម​ទាំង​ទទួល​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ម្ដង​ទៀត។ បើ​អ្នក​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​ស្លាប់ ចំណុច​ទាំង​នេះ​អាច​សម្រាល​ទុក្ខ​អ្នក។

១២. តើ​អ្វី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពិបាក​ចិត្ត​ជា​ខ្លាំង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​ដ៏​អាក្រក់​នេះ?

១២ ការ​សង្កត់​សង្កិន​របស់​មនុស្ស​អាក្រក់​ទៅ​លើ​អ្នក​ឯ​ទៀត។ ពេល​ការ​បះ​បោរ​ចាប់​ផ្ដើម​នៅ​សួន​អេដែន ព្រះ​យេហូវ៉ា​ដឹង​ថា​ស្ថានភាព​ពិភព​លោក​នឹង​កាន់​តែ​អាក្រក់​ទៅ​ៗ មុន​ពេល​ដែល​លោក​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង។ ព្រះ​យេហូវ៉ា​ស្អប់​អំពើ​អាក្រក់ អំពើ​អយុត្តិធម៌ និង​អំពើ​ឃោរឃៅ​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។ លោក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​អ្នក​ដែល​ងាយ​ត្រូវ​គេ​ធ្វើ​បាប ពោល​គឺ​អ្នក​ទន់​ខ្សោយ​និង​អ្នក​ដែល​គ្មាន​ការ​ការ​ពារ​ដូច​ជា​ក្មេង​កំព្រា ព្រម​ទាំង​ស្ត្រី​មេម៉ាយ​ជា​ដើម។ (​សាក. ៧:៩, ១០​) ព្រះ​យេហូវ៉ា​ពិបាក​ចិត្ត​ជា​ខ្លាំង​ពេល​លោក​ឃើញ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ត្រូវ​គេ​សង្កត់​សង្កិន និង​ចាប់​ដាក់​គុក។ សូម​ដឹង​ប្រាកដ​ថា លោក​ស្រឡាញ់​អស់​អ្នក​ដែល​កំពុង​ស៊ូ​ទ្រាំ​ជា​មួយ​លោក។

១៣. តើ​ព្រះ​ឃើញ​អំពើ​អាក្រក់​អ្វី ហើយ​តើ​លោក​នឹង​ធ្វើ​អ្វី​ចំពោះ​រឿង​នេះ?

១៣ ការ​ដែល​មនុស្សជាតិ​បាន​ត្រូវ​បន្ទាប​បន្ថោក។ សាថាន​ចូល​ចិត្ត​បន្ទាប​បន្ថោក​មនុស្ស​ដែល​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ភាព​ដូច​ព្រះ។ ពេល​«​ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា​ការ​អាក្រក់​របស់​មនុស្ស​មាន​ច្រើន​ក្រៃ​លែង​»​នៅ​សម័យ​ណូអេ លោក​«​ស្ដាយ​ដែល​បាន​បង្កើត​មនុស្សជាតិ​នៅ​ផែនដី ហើយ​លោក​ឈឺ​ចិត្ត​ជា​ខ្លាំង​»។ (​ដក. ៦:៥, ៦, ១១​) តើ​ស្ថានភាព​ពិភព​លោក​បាន​ល្អ​ប្រសើរ​ជាង​តាំង​ពី​ពេល​នោះ​ឬ​ទេ? មិន​មែន​ទាល់​តែ​សោះ! មេ​កំណាច​ច្បាស់​ជា​សប្បាយ​ចិត្ត ពេល​វា​ឃើញ​ថា​ពិភព​លោក​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​គ្រប់​បែប​យ៉ាង រួម​ទាំង​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​រវាង​បុគ្គល​ដែល​មាន​ភេទ​ផ្ទុយ​គ្នា និង​បុគ្គល​ដែល​មាន​ភេទ​ដូច​គ្នា។ (​អេភ. ៤:១៨, ១៩​) សាថាន​ពិត​ជា​សប្បាយ​ចិត្ត​ពេល​វា​អាច​បណ្ដាល​ឲ្យ​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ពិត​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ ពេល​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា​ដល់​កម្រិត លោក​នឹង​បង្ហាញ​ថា​លោក​ស្អប់​អំពើ​ប្រាស​ចាក​សីលធម៌​ទាំង​អស់។

១៤. តើ​មនុស្ស​កំពុង​ធ្វើ​អ្វី​ចំពោះ​ផែនដី​និង​សត្វ?

១៤ ការ​បង្ខូច​ផែនដី​ដែល​ព្រះ​បាន​បង្កើត។ មនុស្ស​មិន​គ្រាន់​តែ​‹ត្រួត​ត្រា​លើ​មនុស្ស នាំ​ឲ្យ​មាន​ទុក្ខ​វេទនា›​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​មិន​ថែ​រក្សា​ផែនដី​និង​សត្វ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​សុំ​មនុស្ស​ឲ្យ​ធ្វើ​នោះ​ទេ។ (​អទ. ៨:៩; ដក. ១:២៨​) អ្នក​វិទ្យា​សាស្ត្រ​ខ្លះ​និយាយ​ថា ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​មនុស្ស សត្វ​និង​រុក្ខជាតិ​១​លាន​ប្រភេទ​ទៀត អាច​នឹង​ផុត​ពូជ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។ យើង​ពិត​ជា​អាច​យល់​មូលហេតុ​ដែល​មនុស្ស​បារម្ភ​អំពី​បរិស្ថាន! យើង​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា លោក​នឹង​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​»​ ហើយ​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ទៅ​ជា​សួន​ឧទ្យាន។—បប. ១១:១៨; អេ. ៣៥:១

អ្វី​ដែល​យើង​រៀន​ពី​ការ​ស៊ូ​ទ្រាំ​របស់​ព្រះ​យេហូវ៉ា

១៥​-​១៦. តើ​អ្វី​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស៊ូ​ទ្រាំ​ដូច​ព្រះ​យេហូវ៉ា? សូម​លើក​ឧទាហរណ៍។

១៥ សូម​គិត​អំពី​បញ្ហា​ដ៏​ឈឺ​ចាប់​ទាំង​អស់​ដែល​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​បាន​ស៊ូ​ទ្រាំ​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​ស៊ូ​ទ្រាំ​»​) ព្រះ​យេហូវ៉ា​អាច​បំផ្លាញ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ​នៅ​ពេល​ណា​ក៏​បាន។ ប៉ុន្តែ ចិត្ត​អត់​ធ្មត់​របស់​លោក​បាន​ផ្ដល់​ប្រយោជន៍​ឲ្យ​យើង! សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ឧបមា​ថា​គ្រូ​ពេទ្យ​ប្រាប់​ប្ដី​ប្រពន្ធ​មួយ​គូ​ថា កូន​ដែល​នៅ​ក្នុង​ផ្ទៃ​ប្រពន្ធ​នោះ​មាន​បញ្ហា​កាយ​សម្បទា​ធ្ងន់​ធ្ងរ។ កូន​នោះ​នឹង​រស់​នៅ​ប្រចាំ​ថ្ងៃ​ដោយ​ពិបាក ហើយ​ស្លាប់​មុន​អាយុ។ ប៉ុន្តែ ឪពុក​ម្ដាយ​នោះ​នៅ​តែ​សប្បាយ​ចិត្ត​ពេល​កូន​នោះ​កើត​មក។ ទោះ​ជា​ពួក​គេ​នឹង​ពិបាក​មើល​ថែ​ទាំ​ក្មេង​នោះ​យ៉ាង​ណា​ក៏​ដោយ សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​កូន​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេង​ៗ ដើម្បី​ឲ្យ​កូន​នោះ​មាន​ជីវិត​ដ៏​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។

១៦ ស្រដៀង​គ្នា​ដែរ កូន​ចៅ​ទាំង​អស់​របស់​អាដាម​និង​អេវ៉ា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ពេល​ពួក​គេ​កើត​មក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ថែ​ទាំ​ពួក​គេ។ (​១យ៉ូន. ៤:១៩​) ខុស​ពី​ឪពុក​ម្ដាយ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ឧទាហរណ៍​នៅ​ខាង​លើ ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​នេះ។ លោក​បាន​កំណត់​ថ្ងៃ​ដែល​លោក​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​អស់​របស់​មនុស្ស​លែង​មាន​ទៀត។ (​ម៉ាថ. ២៤:៣៦​) សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស៊ូ​ទ្រាំ​ដូច​លោក​រហូត​ដល់​ពេល​កំណត់​នោះ។

១៧. តើ​ការ​រៀប​រាប់​អំពី​លោក​យេស៊ូ​នៅ​ហេប្រឺ ១២:២, ៣​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ណា​ឲ្យ​បន្ត​ស៊ូ​ទ្រាំ?

១៧ ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​អំពី​ការ​ស៊ូ​ទ្រាំ។ លោក​យេស៊ូ​ក៏​បាន​យក​តម្រាប់​បិតា​លោក​ក្នុង​ការ​ស៊ូ​ទ្រាំ​ផង​ដែរ។ ពេល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ស៊ូ​ទ្រាំ​នឹង​សម្ដី​ប្រឆាំង ភាព​អាម៉ាស់​ខ្មាស ហើយ​ក៏​បាន​ស៊ូ​ទ្រាំ​លើ​បង្គោល​ទារុណកម្ម​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ (​សូម​អាន ហេប្រឺ ១២:២, ៣) គំរូ​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ការ​ស៊ូ​ទ្រាំ​ប្រាកដ​ជា​បាន​ឲ្យ​លោក​យេស៊ូ​មាន​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ ហើយ​នេះ​ក៏​អាច​ពង្រឹង​កម្លាំង​យើង​ដែរ។

១៨. តើ​ពេត្រុស​ទី​២ ៣:៩​ជួយ​យើង​ឲ្យ​យល់​យ៉ាង​ណា​អំពី​ប្រយោជន៍​ដែល​មក​ពី​ចិត្ត​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា?

១៨ សូម​អាន ពេត្រុស​ទី​២ ៣:៩ព្រះ​យេហូវ៉ា​ដឹង​អំពី​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ។ ដោយ​សារ​លោក​មាន​ចិត្ត​អត់​ធ្មត់ មនុស្ស​មួយ​ក្រុម​ធំ​ដែល​មាន​គ្នា​រាប់​លាន​នាក់ កំពុង​គោរព​ប្រណិប័តន៍​និង​សរសើរ​លោក។ ពួក​គេ​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​ស៊ូ​ទ្រាំ​យូរ​ល្មម​ឲ្យ​ពួក​គេ​កើត​មក រៀន​ឲ្យ​ចេះ​ស្រឡាញ់​លោក និង​ប្រគល់​ខ្លួន​ជូន​លោក។ ពេល​ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ គឺ​នឹង​ស​ឲ្យ​ឃើញ​ថា​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ស៊ូ​ទ្រាំ​គឺ​ត្រឹម​ត្រូវ។

១៩. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី ហើយ​តើ​យើង​នឹង​ទទួល​រង្វាន់​អ្វី?

១៩ យើង​រៀន​ពី​ព្រះ​យេហូវ៉ា​អំពី​របៀប​ស៊ូ​ទ្រាំ​ដោយ​មាន​អំណរ។ ទោះ​ជា​សាថាន​បាន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​ជា​ច្រើន​ក្ដី ព្រះ​យេហូវ៉ា​នៅ​តែ​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។ (​១ធី. ១:១១​) យើង​ក៏​អាច​រក្សា​អំណរ​កាល​ដែល​យើង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ បង្ហាញ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង ថា​របៀប​គ្រប់​គ្រង​របស់​លោក​គឺ​ល្អ​បំផុត ព្រម​ទាំង​បំផ្លាញ​អំពើ​អាក្រក់​ទាំង​អស់ និង​លុប​បំបាត់​បញ្ហា​ទាំង​អស់​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ។ សូម​យើង​តាំង​ចិត្ត​ស៊ូ​ទ្រាំ និង​ទទួល​ការ​សម្រាល​ទុក្ខ ដោយ​ដឹង​ថា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ក៏​កំពុង​ស៊ូ​ទ្រាំ​ដែរ។ បើ​យើង​ធ្វើ​ដូច្នេះ ពាក្យ​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​ចំពោះ​យើង​ម្នាក់​ៗ ដែល​ថា​៖ ​«​អ្នក​ណា​ដែល​បន្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​មាន​សុភមង្គល ពីព្រោះ​ពេល​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អ្នក​នោះ អ្នក​នោះ​នឹង​ទទួល​មកុដ​ជីវិត ដែល​ព្រះ​បាន​សន្យា​ឲ្យ​ដល់​អស់​អ្នក​ដែល​រក្សា​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​»។—យ៉ា. ១:១២

ចម្រៀង​លេខ​១៣៩ សូម​ស្រមៃ​ឃើញ​ខ្លួន​នៅ​ពិភព​លោក​ថ្មី

^ វគ្គ 5 យើង​ទាំង​អស់​គ្នា​មាន​បញ្ហា​ផ្សេង​ៗ។ បញ្ហា​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ គឺ​គ្មាន​ដំណោះ​ស្រាយ​ទេ យើង​ត្រូវ​តែ​ស៊ូ​ទ្រាំ​នឹង​វា។ ប៉ុន្តែ មិន​មែន​មាន​តែ​យើង​ម្នាក់​ឯង​ប៉ុណ្ណោះ​ដែល​ត្រូវ​ស៊ូ​ទ្រាំ​ទេ។ ព្រះ​យេហូវ៉ា​ផ្ទាល់​ក៏​កំពុង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ជា​ច្រើន​ដែរ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​បញ្ហា​៩​ដែល​លោក​កំពុង​ស៊ូ​ទ្រាំ។ យើង​ក៏​នឹង​រៀន​ថា​ការ​ស៊ូ​ទ្រាំ​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី ហើយ​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​លោក។