លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើ​សាក្សី​ព្រះ​យេហូវ៉ា​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ប្រើ​គេហទំព័រ​ស្វែង​រក​គូ​អាពាហ៍ពិពាហ៍?

ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ឲ្យ​មនុស្ស​ពីរ​នាក់​ដែល​រៀប​ការ​មាន​សុភមង្គល និង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​គ្នា។ (​ម៉ាថ. ១៩:៤​-​៦​) បើ​អ្នក​ចង់​រៀប​ការ តើ​អ្នក​អាច​ស្វែង​រក​គូ​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ម្នាក់​តាម​របៀប​ណា? ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង លោក​ដឹង​អំពី​អ្វី​ដែល​នឹង​នាំ​ឲ្យ​ការ​ស្វែង​យល់​ចិត្ត​គ្នា និង​អាពាហ៍ពិពាហ៍​ទទួល​ជោគ​ជ័យ​ដូច​បំណង។ ហេតុ​នេះ​ហើយ បើ​អ្នក​ធ្វើ​តាម​គោល​ការណ៍​ដែល​លោក​បាន​ផ្ដល់​ឲ្យ នោះ​អ្នក​នឹង​ទទួល​លទ្ធផល​ល្អ​បំផុត។ សូម​គិត​អំពី​គោល​ការណ៍​ខ្លះ​ៗ​ទាំង​នោះ។

មុន​ដំបូង​យើង​ត្រូវ​យល់​ចំណុច​មួយ​អំពី​ខ្លួន​ថា​៖ ​«​ចិត្ត គឺ​ពូកែ​បញ្ឆោត​លើស​អ្វី​ៗ​ទាំង​អស់ ហើយ​ក៏​អាក្រក់​ក្រៃ​លែង​»។ (​យេ. ១៧:៩​) ពេល​បុគ្គល​ពីរ​នាក់​ដែល​ចង់​រៀប​ការ​ជួប​គ្នា និង​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​គ្នា ពួក​គេ​ប្រហែល​ជា​ចាប់​ផ្ដើម​មាន​អារម្មណ៍​ស្នេហា​ខ្លាំង​ចំពោះ​គ្នា​យ៉ាង​លឿន។ ពេល​នេះ​កើត​ឡើង​គឺ​ពិបាក​ឲ្យ​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ។ បើ​មូលហេតុ​ចម្បង​ដែល​បុគ្គល​ពីរ​នាក់​សម្រេច​ចិត្ត​រៀប​ការ គឺ​ដោយ​សារ​អារម្មណ៍​ដែល​ពួក​គេ​មាន​ចំពោះ​គ្នា ពួក​គេ​ច្រើន​តែ​ខក​ចិត្ត​នៅ​ពេល​ក្រោយ​មក។ (​សុភ. ២៨:២៦​) ហេតុ​នេះ គឺ​មិន​មែន​ជា​ការ​ឈ្លាស​វៃ​ឲ្យ​មនុស្ស​ពីរ​នាក់​ដាក់​ចិត្ត​ស្រឡាញ់​គ្នា​ពេល​ដែល​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​គ្នា ឬ​ធ្វើ​សេចក្ដី​សន្យា​ផ្សេង​ៗ​ចំពោះ​គ្នា​មុន​ពួក​គេ​ស្គាល់​គ្នា​ច្បាស់​ឡើយ។

សុភាសិត ២២:៣​ចែង​ថា​៖ ​«​មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ​មក​ក៏​ពួន​ខ្លួន តែ​មនុស្ស​ខ្វះ​បទ​ពិសោធន៍​បន្ត​ដើរ​ទៅ​ទៀត ហើយ​រង​ផល​ពិបាក​»។ តើ​ការ​ប្រើ​គេហទំព័រ​ស្វែង​រក​គូ​អាពាហ៍ពិពាហ៍​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​អ្វី? គួរ​ឲ្យ​ស្ដាយ អ្នក​ខ្លះ​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ជូរ​ចត់ ពេល​ពួក​គេ​ជួប​បុគ្គល​ដែល​មិន​ធ្លាប់​ស្គាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​គ្នា ហើយ​ក្រោយ​មក​ពួក​គេ​ទទួល​ស្គាល់​ថា​អ្នក​នោះ​កំពុង​បញ្ឆោត​ពួក​គេ។ ម្យ៉ាង​ទៀត មនុស្ស​មិន​ទៀង​ត្រង់​បាន​បង្កើត​គណនី​ក្លែង​ក្លាយ​ដើម្បី​បោក​បញ្ឆោត​យក​លុយ​ពី​ជន​ស្លូត​ត្រង់។ មនុស្ស​ដែល​មិន​ទៀង​ត្រង់​ទាំង​នោះ​ខ្លះ​បាន​អះអាង​ថា​ពួក​គេ​ជា​សាក្សី។

សូម​គិត​អំពី​គ្រោះ​ថ្នាក់​មួយ​ទៀត។ គេហទំព័រ​ស្វែង​រក​គូ​ខ្លះ ប្រើ​កម្ម​វិធី​កុំព្យូទ័រ ក្នុង​គោល​បំណង​ផ្សំផ្គុំ​បុគ្គល​ពីរ​នាក់​ដែល​សម​គ្នា។ ប៉ុន្តែ គ្មាន​ទី​សំអាង​ដែល​បង្ហាញ​ថា​វិធី​បែប​នេះ​ពិត​ជា​មាន​ប្រយោជន៍​ទេ។ គឺ​មិន​មែន​ជា​ការ​ឈ្លាស​វៃ​ទេ​ឲ្យ​ទុក​ចិត្ត​ទៅ​លើ​កម្ម​វិធី​កុំព្យូទ័រ​ដែល​មនុស្ស​បង្កើត ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​ដ៏​សំខាន់ ដូច​ជា​ការ​ជ្រើស​រើស​គូ​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ជា​ដើម។ កម្ម​វិធី​កុំព្យូទ័រ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​គោល​ការណ៍​គម្ពីរ​ទេ។—សុភ. ១:៧; ៣:៥​-​៧

គោល​ការណ៍​មួយ​នៅ​សុភាសិត ១៤:១៥​ចែង​ថា​៖ ​«​មនុស្ស​ឆោត​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​ឈ្លាស​វៃ​រមែង​គិត​ពិចារណា​ជា​មុន​សិន​»។ មុន​សម្រេច​ចិត្ត​យក​បុគ្គល​ណា​ម្នាក់​ជា​គូ​អនាគត អ្នក​ត្រូវ​ស្គាល់​បុគ្គល​នោះ​ឲ្យ​បាន​ច្បាស់។ ប៉ុន្តែ​គឺ​ពិបាក​ឲ្យ​ធ្វើ​ដូច្នេះ បើ​ជួប​បុគ្គល​ណា​ម្នាក់​តាម​បណ្ដាញ​សង្គម​សម្រាប់​ទាក់​ទង​គ្នា។ ទោះ​ជា​អ្នក​ចែក​រំលែក​ព័ត៌មាន​អំពី​ខ្លួន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ផ្ញើ​សារ​ឲ្យ​គ្នា​ក្ដី តើ​អ្នក​ពិត​ជា​ស្គាល់​បុគ្គល​នោះ​ច្បាស់​ឬ​ទេ? អ្នក​ខ្លះ​ដែល​គិត​ថា​ពួក​គេ​បាន​រក​ឃើញ​ស្នេហ៍​ពិត ក្រោយ​មក​តក់​ស្លុត​ពេល​ដែល​ពួក​គេ​ជួប​បុគ្គល​នោះ​ដោយ​ផ្ទាល់។

អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​សេព​គប់​មនុស្ស​កុហក​បោក​ប្រាស់​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​នៅ​ជិត​មនុស្ស​លាក់​ពុត​ដែរ​»។ (​ចសព. ២៦:៤​) មនុស្ស​ជា​ច្រើន​គិត​ថា​គឺ​ជា​រឿង​ធម្មតា​ទេ​ឲ្យ​កុហក​អំពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៅ​លើ​គេហទំព័រ​ស្វែង​រក​គូ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ទាក់​ទាញ។ ពួក​គេ​ប្រហែល​ជា​លាក់​ចរិត​ពិត​របស់​ខ្លួន ឬ​មួយ​ទៀត លក្ខណៈ​មិន​ល្អ​របស់​ពួក​គេ​ប្រហែល​ជា​មិន​ងាយ​កត់​សម្គាល់​ក្នុង​អំឡុង​ពេល​ផ្ញើ​សារ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ អ្នក​ខ្លះ​ប្រហែល​ជា​អះអាង​ថា​ពួក​គេ​ជា​សាក្សី​ព្រះ​យេហូវ៉ា ប៉ុន្តែ​តើ​ពួក​គេ​ពិត​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? តើ​ពួក​គេ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​គោរព​ពួក​គេ ឬ​តើ​ពួក​គេ​ជា​គំរូ​មិន​ល្អ ហើយ​ថែម​ទាំង​នៅ​ក្នុង​ចំណោម​«​ការ​សេព​គប់​អាក្រក់​»​? (​១កូ. ១៥:៣៣; ២ធី. ២:២០, ២១​) តើ​ពួក​គេ​មាន​សិទ្ធិ​ស្រប​តាម​គម្ពីរ​ដើម្បី​រៀប​ការ​ឬ​ទេ? អ្នក​ត្រូវ​ស្គាល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ ប៉ុន្តែ​អ្នក​ពិបាក​ដឹង បើ​អ្នក​មិន​បាន​និយាយ​ជា​មួយ​សាក្សី​ឯ​ទៀត​ដែល​ស្គាល់​បុគ្គល​នោះ​យ៉ាង​ច្បាស់។ (​សុភ. ១៥:២២​) អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​ដែល​គិត​សោះ​អំពី​ការ​«​ផ្សំផ្គុំ​ខ្លួន​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ​»។—២កូ. ៦:១៤; ១កូ. ៧:៣៩

ការ​ប្រើ​គេហទំព័រ​ដើម្បី​ស្វែង​រក​គូ​មាន​គ្រោះ​ថ្នាក់ ដូច្នេះ​មាន​វិធី​ល្អ​ប្រសើរ​ជាង​ដើម្បី​ស្វែង​រក​និង​ស្គាល់​បុគ្គល​ណា​ម្នាក់​ដែល​អាច​ទៅ​ជា​គូ​អាពាហ៍ពិពាហ៍​ល្អ។ តើ​មាន​ឱកាស​ណា​ខ្លះ​ដែល​អ្នក​អាច​រក​ឃើញ​គូ​ល្អ? ពេល​យើង​អាច​ជួប​ជុំ​គ្នា យើង​អាច​ជួប​អ្នក​ឯ​ទៀត​ដោយ​ផ្ទាល់​នៅ​កិច្ច​ប្រជុំ សន្និបាត មហា​សន្និបាត និង​ការ​ជួប​ជុំ​ឯ​ទៀត។

កាល​ដែល​អ្នក​ទាំង​ពីរ​នាក់​ចំណាយ​ពេល​ជា​មួយ​គ្នា អ្នក​នឹង​ឃើញ​កាន់​តែ​ច្បាស់​ថា​អ្នក​ទាំង​ពីរ​មាន​គោល​ដៅ និង​គោល​ការណ៍​ក្នុង​ជីវិត​ដូច​គ្នា​ឬ​យ៉ាង​ណា

ពេល​យើង​មិន​អាច​ជួប​ជុំ​គ្នា​ដូច​ជា​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​កូវីដ​-​១៩ យើង​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ហើយ​នេះ​បើក​ឱកាស​ឲ្យ​យើង​ស្គាល់​សាក្សី​នៅ​លីវ​ឯ​ទៀត។ អ្នក​អាច​ស្ដាប់​សុន្ទរកថា​របស់​ពួក​គេ និង​ស្ដាប់​ចម្លើយ​ដែល​បង្ហាញ​អំពី​ជំនឿ​របស់​ពួក​គេ​នៅ​កិច្ច​ប្រជុំ។ (​១ធី. ៦:១១, ១២​) អ្នក​ក៏​ប្រហែល​ជា​អាច​ចូល​ក្រុម​តូច​ៗ​និយាយ​គ្នា​ក្រោយ​ពី​កិច្ច​ប្រជុំ។ តាម​រយៈ​ការ​កម្សាន្ត​សេព​គប់​គ្នា​តាម​គ្រឿង​អេឡិចត្រូនិក​ជា​មួយ​ក្រុម​សាក្សី​ឯ​ទៀត អ្នក​អាច​សង្កេត​មើល​អំពី​របៀប​ដែល​បុគ្គល​ដែល​អ្នក​ចាប់​អារម្មណ៍​សំណេះសំណាល​នឹង​អ្នក​ឯ​ទៀត ហើយ​នេះ​អាច​បង្ហាញ​អំពី​ចរិត​ពិត​របស់​គាត់។ (​១ពេ. ៣:៤​) យូរ​ៗ​ទៅ ពេល​ដែល​អ្នក​ស្គាល់​បុគ្គល​នោះ​ច្បាស់​ជាង អ្នក​អាច​ដឹង​ថា​អ្នក​ទាំង​ពីរ​មាន​គោល​ដៅ​ដូច​គ្នា ហើយ​អាច​សម​គ្នា​ជា​គូ​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ឬ​យ៉ាង​ណា។

ពេល​អ្នក​នៅ​លីវ​ស្វែង​រក​គូ​អាពាហ៍ពិពាហ៍​តាម​របៀប​ដែល​សម​ស្រប​តាម​គោល​ការណ៍​គម្ពីរ ពួក​គេ​កាន់​តែ​មាន​ឱកាស​ឃើញ​ថា​ពាក្យ​នៅ​សុភាសិត​នេះ​ជា​ការ​ពិត ដែល​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ​[​ឬ​ប្ដី​]​ល្អ ប្រៀប​ដូច​ជា​រក​បាន​ទ្រព្យ​មាន​តម្លៃ ហើយ​គាត់​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា​»។—សុភ. ១៨:២២