១ ជួយជៀសចេញពីបញ្ហា
គម្ពីរប្រាប់ថាឱវាទក្នុងគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយ«មានប្រយោជន៍សម្រាប់បង្រៀន កែតម្រង់ ធ្វើឲ្យត្រឹមត្រូវឡើងវិញ»។ (ធីម៉ូថេទី២ ៣:១៦) តើជាការពិតឬទេ? សូមពិចារណាអំពីរបៀបដែលគោលការណ៍ក្នុងគម្ពីរបានជួយមនុស្សឲ្យជៀសវាងពីបញ្ហាពិបាកបំផុតមួយចំនួនក្នុងជីវិត មុនបញ្ហាទាំងនោះទៅជាពិបាកដោះស្រាយ។
ការញៀនស្រា
ដេហ្វីនដែលបានត្រូវរៀបរាប់នៅអត្ថបទមុន បានគិតថាទុក្ខកង្វល់របស់គាត់ធ្វើឲ្យគាត់ចង់ផឹកស្រាហួសប្រមាណ។ គម្ពីរមិនផ្ដន្ទាទោសចំពោះការផឹកស្រាដោយចេះប្រមាណទេ តែគម្ពីរចែងថា៖ «កុំឲ្យនៅកណ្ដាលពួកអ្នកប្រមឹកស្រា»។ (សុភាសិត ២៣:២០) ការញៀនស្រានាំឲ្យមានបញ្ហាធ្ងន់ធ្ងរខាងសុខភាព ទំនាក់ទំនងបែកបាក់ ហើយធ្វើឲ្យមនុស្សរាប់លាននាក់ស្លាប់មុនអាយុជារៀងរាល់ឆ្នាំ។ បញ្ហាទាំងនេះអាចជៀសចេញបាន បើមនុស្សធ្វើតាមគោលការណ៍ក្នុងគម្ពីរ។
ដេហ្វីនបានធ្វើដូច្នេះ។ ឥឡូវនាងនិយាយថា៖ «ខ្ញុំទទួលស្គាល់ថាស្រាមិនអាចដោះស្រាយទុក្ខកង្វល់របស់ខ្ញុំទេ។ ខ្ញុំបានធ្វើតាមគោលការណ៍នៅភីលីព ៤:៦, ៧ ដែលថា៖ ‹កុំខ្វល់ចិត្ដអំពីអ្វីឡើយ តែ . . . ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា›។ រាល់យប់ពេលខ្ញុំមានគំនិតអវិជ្ជមាននិងមានទុក្ខកង្វល់ ខ្ញុំសុំជំនួយពីព្រះយេហូវ៉ា។ ខ្ញុំប្រាប់លោកទាំងអស់អំពីអារម្មណ៍របស់ខ្ញុំ រួមទាំងកំហឹង ការឈឺចិត្ដ និងកង្វល់កង្វាយ ហើយខ្ញុំសុំលោកឲ្យជួយខ្ញុំរកវិធីដើម្បីមានទស្សនៈត្រឹមត្រូវជាង។ ពេលព្រឹកឡើង ខ្ញុំចង់ប្រាកដថាខ្ញុំពិតជាបំបាត់ចោលអារម្មណ៍មិនល្អទាំងនោះ។ ទម្លាប់អធិដ្ឋានទៅព្រះយេហូវ៉ាបានជួយខ្ញុំឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីដែលខ្លួនមាន ជាជាងទៅលើអ្វីដែលខ្លួនមិនមាន។ ខ្ញុំសម្រេចចិត្ដមិនផឹកស្រាម្ដងទៀតទេ។ ខ្ញុំឲ្យតម្លៃយ៉ាងខ្លាំងចំពោះសេចក្ដីសុខសាន្ដក្នុងចិត្ដដែលខ្ញុំមាន ដូច្នេះខ្ញុំមិនចង់បាត់បង់វាទេ»។
អំពើប្រាសចាកសីលធម៌
អំពើប្រាសចាកសីលធម៌គឺជាបញ្ហាមួយដែលធ្វើឲ្យយើងឈឺចិត្ដនិងរងទុក្ខវេទនា។ ប៉ុន្ដែគម្ពីរអាចជួយយើងឲ្យជៀសចេញពីបញ្ហាបែបនោះ ដោយប្រាប់អំពីការប្រព្រឹត្ដមួយចំនួនដែលនាំឲ្យយើងប្រព្រឹត្ដអំពើប្រាសចាកសីលធម៌។ ជាឧទាហរណ៍ ការចែចង់ និងការមើលរូបអាសអាភាស។ បុរសវ័យក្មេងម្នាក់ឈ្មោះសាំយូអែលនិយាយថា៖ «គឺស្រួលឲ្យចែចង់។ ពេលខ្លះខ្ញុំមិនចាប់អារម្មណ៍បុគ្គលនោះទេ តែពេលខ្ញុំដឹងថានាងចូលចិត្ដខ្ញុំ នោះធ្វើឲ្យខ្ញុំចង់ញ៉ែនាង គ្រាន់តែដើម្បីលេងសើច»។ សាំយូអែលបានត្រូវគេចោទថាចេះតែចែចង់អ្នកឯទៀត សូម្បីតែពេលគាត់គ្មានបំណងធ្វើដូច្នេះក្ដី។ ជ្រុលតែគេចោទគាត់ដូច្នេះហើយ គាត់ក៏សម្រេចចិត្ដចែចង់តែម្ដងទៅ។ តែគាត់ឃើញថាការធ្វើដូច្នោះធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួល។ ឥឡូវគាត់និយាយថា៖ «ការចែចង់ដូចនោះគឺមានគ្រោះថ្នាក់ ដោយសារនោះបណ្ដុះឲ្យមានទំនោរចិត្ដដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន»។
សាំយូអែលបានអានអត្ថបទសម្រាប់យុវវ័យនៅក្នុងគេហទំព័រjw.org។ គាត់បានគិតអំពីសុភាសិត ២០:១១ ដែលចែងថា៖ «សូម្បីតែកូនក្មេងក៏សំដែងខ្លួន ដោយសារកិរិយាប្រព្រឹត្ដរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា»។ តើនោះបានជួយគាត់យ៉ាងដូចម្ដេច? សាំយូអែលទទួលស្គាល់ថាការចែចង់ដែលគាត់ធ្វើគឺមិនបរិសុទ្ធឬត្រឹមត្រូវទេ។ ឥឡូវគាត់និយាយថា៖ «ខ្ញុំក៏បានរៀនថាយុវវ័យដែលចេះតែចែចង់អ្នកឯទៀត គឺកំពុងធ្វើឲ្យខ្លួនទៅជាគូអាពាហ៍ពិពាហ៍ដែលមិនល្អនៅថ្ងៃអនាគត។ ខ្ញុំបានចាប់ផ្ដើមគិតអំពីអារម្មណ៍អនាគតប្រពន្ធខ្ញុំ បើនាងឃើញខ្ញុំចែចង់ជាមួយនឹងស្ដ្រីម្នាក់ទៀត។ នោះធ្វើឲ្យខ្ញុំទទួលស្គាល់ថាទម្លាប់នោះគឺនាំឲ្យមានគ្រោះថ្នាក់។ ពិតមែនតែការចែចង់អ្នកឯទៀតគឺស្រួល តែមិនមែនមានន័យថាគឺត្រឹមត្រូវទេ»។ សាំយូអែលបានកែប្រែ។ ការជៀសចេញពីការចែចង់ក៏បានជួយគាត់ឲ្យជៀសផុតពីអំពើប្រាសចាកសីលធម៌។
អាន់តូនយូស្ថិតក្នុងស្ថានភាពកាន់តែពិបាកឲ្យគាត់ជៀសចេញពីការប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ដោយសារគាត់បានញៀនមើលរូបអាសអាភាស។ ទោះជាគាត់បានរៀបការជាមួយនឹងស្ដ្រីដែលគាត់ពិតជាស្រឡាញ់ក្ដី គាត់នៅតែចុះចាញ់នឹងទម្លាប់នោះម្ដងហើយម្ដងទៀត។ គាត់និយាយថាការគិតអំពីពេត្រុសទី១ ៥:៨ ពិតជាបានជួយគាត់។ ខនោះថា៖ «ចូរដឹងខ្លួនជានិច្ច ហើយប្រុងប្រយ័ត្នចុះ។ មេកំណាច ដែលជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់»។ អាន់តូនយូរៀបរាប់ថា៖ «រូបអាសអាភាសមាននៅគ្រប់កន្លែងជុំវិញយើងក្នុងពិភពលោក ហើយរូបភាពទាំងនោះអាចនៅជាប់ក្នុងចិត្ដគំនិត។ ខនេះពិតជាបានជួយខ្ញុំឲ្យគិតអំពីប្រភពនៃសេចក្ដីល្បួងទាំងនោះ។ ខ្ញុំត្រូវរៀនឲ្យរហ័សនឹកឃើញថារូបអាសអាភាសទាំងនោះគឺមកពីមេកំណាច។ ឥឡូវខ្ញុំដឹងថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចជួយខ្ញុំឲ្យ‹ដឹងខ្លួនជានិច្ច ហើយប្រុងប្រយ័ត្ន› ដើម្បីខ្ញុំអាចតយុទ្ធមិនឲ្យអ្វីទាំងនោះមានឥទ្ធិពលមកលើចិត្ដគំនិត អារម្មណ៍ និងអាពាហ៍ពិពាហ៍របស់ខ្ញុំ»។ អាន់តូនយូបានទទួលជំនួយដែលគាត់ត្រូវការ ទីបំផុតគាត់បានលះចោលទម្លាប់អាក្រក់នោះ។ ជាលទ្ធផល ជំនួយនោះបានជួយគាត់ឲ្យជៀសផុតពីបញ្ហាធំជាង។
យើងឃើញច្បាស់ថា គម្ពីរមានគោលការណ៍ល្អៗដែលអាចជួយយើងជៀសចេញពីបញ្ហាធ្ងន់ធ្ងរ។ ប៉ុន្ដែ ចុះយ៉ាងណាពេលបញ្ហារបស់យើងបន្ដមានអស់រយៈពេលយូរហើយ? សូមយើងពិចារណារបៀបដែលបណ្ដាំរបស់ព្រះអាចជួយយើងឲ្យដោះស្រាយបញ្ហាបែបនោះ។
គោលការណ៍ក្នុងគម្ពីរអាចជួយយើងឲ្យជៀសចេញពីបញ្ហាខ្លះៗ