សេចក្ដីបង្រៀនក្នុងគម្ពីរមានប្រយោជន៍ជានិច្ច
សូមស្រមៃគិត: អ្នកកំពុងដើរមើលអគារចាស់ៗ។ អគារភាគច្រើនមានស្នាមប្រហោងតូចៗ ហើរពណ៌ និងខូចបន្ដិចម្ដងៗ។ អគារខ្លះទៀតមានប្រហោងធំៗ។ ប៉ុន្ដែមានអគារមួយដែលមិនខូចសោះ នៅតែមានក្បាច់រចនាយ៉ាងស្រស់ស្អាត។ អ្នកក៏សួរមគ្គុទ្ទេសក៍ទេសចរថា៖ «អគារមួយនេះសាងសង់ក្រោយគេ មែនទេ?»។ មគ្គុទ្ទេសក៍ទេសចរឆ្លើយថា៖ «អត់ទេ តាមពិតអគារនេះមានអាយុកាលយូរជាងគេ ហើយវាមិនដែលបានជួសជុលទេ»។ អ្នកសួរទៀតថា៖ «អ៊ីចឹង វាមានអ្វីគ្របបាំងការពារមែន?»។ គាត់តបថា៖ «អត់ទេ អគារមួយនេះរងព្យុះភ្លៀងខ្លាំងជាងគេ។ ហើយមនុស្សជាច្រើនព្យាយាមបំផ្លាញវា»។ អ្នកប្រហែលជានឹកអស្ចារ្យក្នុងចិត្ដថា ‹តើអគារនោះធ្វើមកពីអ្វី?›។
ស្រដៀងគ្នាដែរ គម្ពីរគឺប្រៀបដូចជាអគារដ៏អស្ចារ្យនោះ។ មានសៀវភៅចាស់បុរាណឯទៀតដែរ តែគម្ពីរជាសៀវភៅបុរាណជាងគេ។ ដូចអគារចាស់ៗដែលខូចបន្ដិចម្ដងៗ សំណេរឯទៀតភាគច្រើនខូចទៅតាមសម័យកាល។ ជាឧទាហរណ៍ គេឈប់ប្រើព័ត៌មានអំពីរឿងវិទ្យាសាស្ដ្រក្នុងសំណេរទាំងនេះ ដោយសារមានព័ត៌មានថ្មី។ ម្យ៉ាងទៀត ការណែនាំខាងវេជ្ជសាស្ដ្រក្នុងសំណេរទាំងនោះច្រើនតែមានគ្រោះថ្នាក់ជាងមានប្រយោជន៍។ ម្យ៉ាងទៀត សំណេរជាច្រើនដែលជាបំណែកចាស់ៗ បានបាត់បង់ឬខូចទៅ។
ប៉ុន្ដែ គម្ពីរមិនដូច្នេះទេ។ គម្ពីរបានចាប់ផ្ដើមសរសេរជាង៣.៥០០ឆ្នាំមុន តែនៅតែគង់វង្ស។ ទោះជាគម្ពីរបានត្រូវគេដុត មិនឲ្យតម្លៃ និងដាក់បម្រាមម្ដងហើយម្ដងទៀតក៏ដោយ អ្វីដែលគម្ពីរចែងនៅតែស្ថិតស្ថេរ។ សេចក្ដីបង្រៀនឯទៀតចេះហួសសម័យ តែគម្ពីរមិនត្រូវការព័ត៌មានថ្មីមកជំនួសទេ ព្រោះគម្ពីរចែងជាច្រើនអំពីរឿងដែលជឿនលឿនជាងសម័យ (សូមមើលប្រអប់ដែលមានចំណងជើងថា«តើអ្វីដែលគម្ពីរចែងគឺហួសសម័យឬក៏ជឿនលឿនជាងសម័យ?»)។
គោលការណ៍ដែលយើងត្រូវធ្វើតាមនៅសព្វថ្ងៃនេះ
អ្នកប្រហែលជាឆ្ងល់ថា ‹តើគោលការណ៍ក្នុងគម្ពីរពិតជាមានប្រយោជន៍នៅសម័យយើងឬទេ?›។ ដើម្បីឆ្លើយ សូមសួរខ្លួនអ្នកថា ‹តើមនុស្សនៅសព្វថ្ងៃនេះកំពុងជួបបញ្ហាពិបាកណាខ្លះ? តើបញ្ហាណាខ្លះពិបាកជាងគេ?›។ អ្នកប្រហែលគិតអំពីសង្គ្រាម ការបំពុលបរិស្ថាន ឧក្រិដ្ឋកម្ម ឬអំពើពុករលួយ។ ឥឡូវ សូមពិចារណាគោលការណ៍សំខាន់ៗមួយចំនួនក្នុងគម្ពីរ។ កាលដែលពិចារណាគោលការណ៍ទាំងនោះ សូមសួរខ្លួនអ្នកថា ‹បើមនុស្សធ្វើតាមគោលការណ៍ទាំងនេះ តើពិភពលោកនឹងប្រសើរជាងឬទេ?›។
ស្រឡាញ់សន្ដិភាព
«អស់អ្នកដែលធ្វើឲ្យមានសន្ដិភាព នោះមានសុភមង្គលហើយ! ពីព្រោះមនុស្សនឹងហៅអ្នកទាំងនោះថា‹កូនព្រះ›»។ (ម៉ាថាយ ៥:៩) «ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់ ប្រសិនបើអាចធ្វើទៅបាន»។—រ៉ូម ១២:១៨
ចិត្ដមេត្ដាករុណា និងការអភ័យទោស
«អស់អ្នកដែលមានចិត្ដមេត្ដាករុណា នោះមានសុភមង្គលហើយ! ពីព្រោះអ្នកទាំងនោះក៏នឹងទទួលសេចក្ដីមេត្ដាករុណាផងដែរ»។ (ម៉ាថាយ ៥:៧) «ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ា *បានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម៉្លោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ»។—កូឡុស ៣:១៣
សន្ដិភាពរវាងមនុស្សដែលមានជាតិសាសន៍ផ្សេងៗ
ព្រះ«បានបង្កើតជនជាតិទាំងឡាយពីបុរសតែមួយ ដើម្បីឲ្យអាស្រ័យនៅពេញផែនដី»។ (សកម្មភាព ១៧:២៦) «ព្រះមិនរើសមុខទេ តែនៅគ្រប់ជាតិសាសន៍ លោកពេញចិត្ដនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្ដអំពើសុចរិត»។—សកម្មភាព ១០:៣៤, ៣៥
ថែរក្សាផែនដី
«ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា»។ (លោកុប្បត្ដិ ២:១៥) ព្រះនឹង«បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»។—ការបើកបង្ហាញ ១១:១៨
ស្អប់ការលោភលន់និងអំពើប្រាសចាកសីលធម៌
«ចូរ . . . ប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ពីព្រោះទោះជាមនុស្សម្នាក់មានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក៏ដោយ ក៏គាត់មិនបានជីវិតពីទ្រព្យទាំងនោះទេ»។ (លូកា ១២:១៥) «ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវទាំងនិយាយអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ឬការលោភលន់ឡើយ ធ្វើដូច្នេះទើបសមគួរចំពោះពួកអ្នកបរិសុទ្ធ»។—អេភេសូរ ៥:៣
ខំប្រឹងធ្វើការ ហើយប្រព្រឹត្ដទៀងត្រង់
«យើងចង់ធ្វើការទាំងអស់ដោយទៀងត្រង់»។ (ហេប្រឺ ១៣:១៨) «អ្នកដែលលួចត្រូវឈប់លួចតទៅទៀត តែត្រូវឲ្យអ្នកនោះធ្វើការទៀងត្រង់យ៉ាងនឿយហត់»។—អេភេសូរ ៤:២៨
សារៈសំខាន់នៃការជួយពួកអ្នកដែលត្រូវការជំនួយ
«មានចិត្ដធ្ងន់ចំពោះមនុស្សទាំងអស់ . . . និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ដ ហើយគាំពារពួកអ្នកដែលខ្សោយ»។ (ថែស្សាឡូនិចទី១ ៥:១៤) «ថែរក្សាកូនកំព្រានិងស្ដ្រីមេម៉ាយដែលកំពុងរងទុក្ខវេទនា ហើយរក្សាខ្លួនមិនឲ្យប្រឡូកប្រឡាក់នឹងពិភពលោកនេះ»។—យ៉ាកុប ១:២៧
គម្ពីរមិនគ្រាន់តែប្រាប់យើងអំពីអ្វីដែលគួរធ្វើប៉ុណ្ណោះទេ តែក៏ប្រាប់អំពីរបៀបអនុវត្ដដែរ។ បើមនុស្សធ្វើតាមគោលការណ៍ដែលយើងបានរៀបរាប់ នោះពិភពលោកសព្វថ្ងៃនេះនឹងមិនសូវមានបញ្ហាទេ មែនទេ? បើដូច្នេះ គោលការណ៍ក្នុងគម្ពីរគឺកាន់តែមានប្រយោជន៍និងចំពេលណាស់! ប៉ុន្ដែ តើសេចក្ដីបង្រៀនក្នុងគម្ពីរអាចជួយអ្នកយ៉ាងណានៅឥឡូវនេះ?
របៀបដែលសេចក្ដីបង្រៀនក្នុងគម្ពីរអាចផ្ដល់ប្រយោជន៍ដល់អ្នកនៅឥឡូវនេះ
បុរសដែលមានប្រាជ្ញាជាងគេបាននិយាយថា៖ «អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។ (ម៉ាថាយ ១១:១៩) តើអ្នកយល់ដូច្នេះទេ? យើងអាចដឹងថាប្រាជ្ញាមានប្រយោជន៍ឬមិនមាន ពេលយើងអនុវត្ដ។ ដូច្នេះ អ្នកប្រហែលគិតថា ‹បើគម្ពីរពិតជាមានប្រយោជន៍ នោះគួរជួយខ្ញុំឲ្យមានជីវិតល្អជាង មែនទេ? តើគម្ពីរអាចជួយខ្ញុំយ៉ាងណាចំពោះបញ្ហាដែលខ្ញុំកំពុងជួបប្រទះនៅឥឡូវនេះ?›។ សូមពិចារណាឧទាហរណ៍មួយ។
ដេហ្វីន * មមាញឹកក្នុងជីវិតណាស់ តែគាត់សប្បាយរីករាយ។ ប៉ុន្ដែ ក្នុងមួយរំពេចគាត់បានបាត់បង់មនុស្សជាទីស្រឡាញ់ជាបន្ដបន្ទាប់។ កូនស្រីជំទង់របស់គាត់បានស្លាប់។ អាពាហ៍ពិពាហ៍របស់គាត់បែកបាក់។ គាត់ក៏ជួបប្រទះការពិបាកខាងលុយកាក់។ គាត់នឹកចាំថា៖ «ខ្ញុំមិនដឹងថាខ្លួនទៅជាអ្វីទេ កូនស្រីក៏ស្លាប់ គ្មានប្ដី ហើយគ្មានផ្ទះទៀត។ ខ្ញុំមានអារម្មណ៍ថាខ្ញុំរស់នៅដើម្បីអ្វី គ្មានកម្លាំងចិត្ដសោះ ហើយក៏លែងចង់គិតអំពីអនាគត»។
ឥឡូវដេហ្វីនបានទទួលស្គាល់ការពិតនៃពាក្យទាំងនេះ ដែលថា៖ «កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ។ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់»។—ទំនុកតម្កើង ៩០:១០
ដេហ្វីនបានរកឃើញជំនួយក្នុងគម្ពីរក្នុងអំឡុងពេលដែលគាត់មានការថែស្សាឡូនិចទី១ ២:១៣
ពិបាក។ គម្ពីរពិតជាបានជួយគាត់តាមរបៀបដ៏អស្ចារ្យ។ អត្ថបទបីបន្ដបន្ទាប់នេះ នឹងបង្ហាញថាមនុស្សជាច្រើននាក់ទៀតក៏បានឃើញថាគម្ពីរបានជួយពួកគេតាមរបៀបដ៏អស្ចារ្យ ពេលពួកគេធ្វើតាមឱវាទពីគម្ពីរដើម្បីយកឈ្នះបញ្ហាក្នុងជីវិត។ ពួកគេបានយល់ថាគម្ពីរគឺប្រៀបដូចជាអគារគង់វង្សដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ។ គម្ពីរមិនដូចសៀវភៅជាច្រើនរាប់មិនអស់ឯទៀតដែលចាស់ទៅៗ និងហួសសម័យនោះទេ។ តើនេះដោយសារគម្ពីរធ្វើមកពីអ្វីផ្សេងឬ? ឬក៏ដោយសារគម្ពីរជាបណ្ដាំរបស់ព្រះ ហើយមិនមែនជាបណ្ដាំរបស់មនុស្ស?—អ្នកក៏ប្រហែលជាទទួលស្គាល់ថាជីវិតគឺខ្លីនិងពេញដោយបញ្ហា។ ពេលបញ្ហារួមរឹតជីវិតអ្នក តើអ្នករកការសម្រាលទុក្ខ ការគាំទ្រ និងឱវាទដែលគួរឲ្យទុកចិត្ដនៅឯណា?
សូមយើងពិចារណាកត្ដាសំខាន់បីយ៉ាងដែលបង្ហាញថាគម្ពីរគឺមានប្រយោជន៍ក្នុងជីវិតរបស់អ្នក។ គម្ពីរអាចបង្រៀនអ្នកអំពីរបៀប
-
ជៀសចេញពីបញ្ហាបើអាចធ្វើបាន។
-
ដោះស្រាយការពិបាកផ្សេងៗ។
-
ស៊ូទ្រាំនឹងកាលៈទេសៈដែលអ្នកមិនអាចផ្លាស់ប្ដូរបាន។
អត្ថបទបន្ដបន្ទាប់នឹងពិចារណាចំណុចទាំងបីនេះ។
^ វគ្គ 10 យេហូវ៉ាគឺជានាមរបស់ព្រះ ដូចដែលបានត្រូវបង្ហាញក្នុងគម្ពីរ។—ទំនុកតម្កើង ៨៣:១៨
^ វគ្គ 24 ក្នុងអត្ថបទនេះនិងអត្ថបទបីបន្ដបន្ទាប់ ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។