លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការជួញដូរទាសកររវាងទ្វីបអាហ្វ្រិកនិងទ្វីបអាម៉េរិកគឺជាជំនួញដ៏កាក់កប

ការគេចផុតពីភាពជាទាសករ ពីមុននិងឥឡូវនេះ

ការគេចផុតពីភាពជាទាសករ ពីមុននិងឥឡូវនេះ

គេបានសន្យានឹងប្លេសស៊ីង *ថា ពេលនាងមកដល់ទ្វីបអឺរ៉ុបនាងនឹងទទួលការងារជាជាងធ្វើសក់។ ផ្ទុយទៅវិញ អស់១០ថ្ងៃនាងបានត្រូវគេវាយ និងត្រូវគេគំរាមកំហែងថាពួកគេនឹងធ្វើបាបក្រុមគ្រួសាររបស់នាងដែលនៅស្រុកកំណើតក្នុងបំណងបង្ខំនាងឲ្យធ្វើជាស្រីពេស្យា។ នៅទីបំផុត នាងបានធ្វើតាមពួកគេ។

រូបភាពអំពីឈ្លើយសឹកដែលជាទាសករនៅស្រុកអេស៊ីបសម័យបុរាណ

ប្លេសស៊ីងបានរំពឹងថានាងនឹងរកបានប្រាក់ចាប់ពី២០០ទៅ៣០០អឺរ៉ូក្នុងមួយយប់ដើម្បីសងបំណុលដល់មេបនដែលថានាងជំពាក់៤០.០០០អឺរ៉ូ។ * ប្លេសស៊ីងពន្យល់ថា«ខ្ញុំតែងតែគិតចង់រត់គេច តែខ្ញុំភ័យខ្លាចពេលគិតអំពីអ្វីដែលពួកគេនឹងធ្វើដល់ក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំធ្វើអ្វីមិនបានទេ»។ រឿងរបស់នាងគឺមិនខុសពីមនុស្សប្រហែលជាលាននាក់ទៀតដែលជាទាសករក្នុងឧស្សាហកម្មខាងផ្លូវភេទនៅប្រទេសផ្សេងឡើយ។

ជិត៤.០០០ឆ្នាំមុន យុវជនម្នាក់ឈ្មោះយ៉ូសែបបានត្រូវបងប្រុសរបស់គាត់លក់។ គាត់បានធ្វើជាទាសករនៅផ្ទះរបស់ជនជាតិអេស៊ីបដ៏ល្បីល្បាញម្នាក់។ ខុសពីប្លេសស៊ីង ដំបូងយ៉ូសែបមិនបានត្រូវម្ចាស់របស់គាត់ធ្វើបាបទេ។ ប៉ុន្ដែ ក្រោយមកដោយសារគាត់មិនព្រមធ្វើតាមសំណើរបស់ប្រពន្ធចៅហ្វាយគាត់ គាត់បានត្រូវគេចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ រួចមកត្រូវគេដាក់គុក ហើយដាក់ច្រវាក់។—លោកុប្បត្ដិ ៣៩:១-២០; ទំនុកតម្កើង ១០៥:១៧, ១៨

យ៉ូសែបបានធ្វើជាទាសករនៅសម័យបុរាណ រីឯប្លេសស៊ីងធ្វើជាទាសករនៅសតវត្សរ៍ទី២១។ ទោះជាយ៉ាងនេះក៏ដោយ ពួកគេទាំងពីរនាក់គឺជាជនរងគ្រោះនៃទង្វើមួយដែលមានតាំងពីយូរហើយ គឺការជួញដូរមនុស្សដូចទំនិញដើម្បីតែលុយប៉ុណ្ណោះ។

សង្គ្រាមធ្វើឲ្យភាពជាទាសករទៅជាជំនួញដ៏កាក់កប

សង្គ្រាមគឺងាយស្រួលបំផុតដើម្បីធ្វើឲ្យប្រជាជនទៅជាទាសករ។ គេបាននិយាយថាស្ដេចជនជាតិអេស៊ីបឈ្មោះថាត់ម៉ូសទី៣បាននាំយកមកនូវអ្នកទោស៩០.០០០នាក់ ក្រោយពីពលទ័ពរបស់អេស៊ីបបានវាយប្រហារស្រុកកាណាន។ ជនជាតិអេស៊ីបបានឲ្យពួកគេធ្វើការដូចជាទាសករដោយជីករ៉ែ សង់វិហារ និងជីកផ្លូវទឹក។

ក្រោមអំណាចចក្រភពរ៉ូម សង្គ្រាមក៏ធ្វើឲ្យមានទាសករយ៉ាងច្រើន ហើយជួនកាលការទាមទារឲ្យមានទាសករថែមទៀតក៏នាំឲ្យមានសង្គ្រាមផងដែរ។ នៅសតវត្សរ៍ទី១ គេប៉ាន់ស្មានថាមានទាសករជិតស្មើនឹងពាក់កណ្ដាលនៃប្រជាជនរ៉ូម។ ជនជាតិអេស៊ីបនិងជនជាតិរ៉ូមជាច្រើននាក់ដែលជាទាសករបានត្រូវគេធ្វើបាបយ៉ាងធ្ងន់ធ្ងរ។ ជាឧទាហរណ៍ ទាសករដែលធ្វើការនៅអណ្ដូងរ៉ែរ៉ូមប្រហែលជាអាចរស់បានត្រឹមតែ៣០ឆ្នាំប៉ុណ្ណោះ។

កាលដែលពេលវេលាកន្លងទៅ ជីវិតជាទាសករកាន់តែវេទនាទៅៗ។ ចាប់ពីសតវត្សរ៍ទី១៦ដល់សតវត្សរ៍ទី១៩ ការជួញដូរមនុស្សរវាងទ្វីបអាហ្វ្រិកនិងទ្វីបអាម៉េរិកគឺជាជំនួញដ៏កាក់កបបំផុតមួយនៅលើពិភពលោក។ អង្គការយូណេស្កូរៀបរាប់ថា៖ ‹គេប៉ាន់ស្មានថាបុរស ស្ដ្រី និងក្មេងចន្លោះពី២៥លាននាក់ទៅ៣០លាននាក់បានត្រូវចាប់យកទៅលក់›។ គេបាននិយាយថាទាសកររាប់ពាន់នាក់បានស្លាប់ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិច។ ទាសករប្រុសពីរនាក់ឈ្មោះអូឡាវដានិងអ៊ីឃ្វីអាណូដែលបានរួចរស់ជីវិត បានរាយការណ៍ថា«សម្រែករបស់ស្ដ្រី និងសម្លេងថ្ងូររបស់មនុស្សដែលជិតស្លាប់ ធ្វើឲ្យមានទិដ្ឋភាពដ៏គួរឲ្យរន្ធត់ភ័យខ្លាច»។

គួរឲ្យស្តាយ ការយកមនុស្សធ្វើជាទាសករមិនគ្រាន់តែជារឿងខ្លោចផ្សាដែលកើតឡើងនៅសម័យមុនប៉ុណ្ណោះទេ។ យោងទៅតាមអង្គការពលកម្មអន្ដរជាតិមួយបានរៀបរាប់ថា នៅសព្វថ្ងៃនេះបុរស ស្ដ្រី និងក្មេងប្រហែលជា២១លាននាក់នៅតែធ្វើការជាទាសករ ដោយទទួលប្រាក់កម្រៃតែបន្ដិចបន្ដួចមិនទទួលសោះ។ ទាសករនៅសព្វថ្ងៃនេះធ្វើការនៅអណ្ដូងរ៉ែ រោងចក្រ ឡឥដ្ឋ ផ្ទះបន និងធ្វើការនៅតាមផ្ទះឯកជន។ ទោះជាមិនស្របច្បាប់ក៏ដោយ ទាសករប្រភេទនេះនៅតែបន្ដកើនឡើង។

មនុស្សរាប់លាននាក់នៅតែធ្វើជាទាសករ

ការរំដោះខ្លួនដើម្បីសេរីភាព

ការប្រព្រឹត្ដយ៉ាងព្រៃផ្សៃបានធ្វើឲ្យទាសករជាច្រើននាក់តវ៉ាប្រឆាំងដើម្បីសេរីភាព។ នៅសតវត្សរ៍ទី១មុន គ.ស. អ្នកនាំមុខទាសករនិងទាសករប្រហែលជាសែននាក់បានបរាជ័យក្នុងការបះបោរប្រឆាំងនឹងរដ្ឋាភិបាលរ៉ូម។ នៅសតវត្សរ៍ទី១៨ ទាសករនៅកោះមួយលើសមុទ្រការីប បានក្រោកឡើងប្រឆាំងនឹងចៅហ្វាយរបស់ពួកគេ។ ការប្រព្រឹត្ដដ៏ព្រៃផ្សៃទៅលើទាសករដែលធ្វើការនៅចំការអំពៅ បានបណ្ដាលឲ្យមានសង្គ្រាមស៊ីវិលអស់រយៈពេល១៣ឆ្នាំ នៅទីបំផុតប្រទេសហៃទីបានទទួលឯករាជ្យជាតិនាឆ្នាំ១៨០៤។

ការរំដោះជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីបឲ្យរួចពីភាពជាទាសករគឺជាជោគជ័យដ៏ធំបំផុតក្នុងប្រវត្ដិសាស្ដ្រ។ ប្រជាជាតិទាំងមូលប្រហែលជាលាននាក់បានត្រូវរំដោះពីភាពជាទាសករនៅស្រុកអេស៊ីប។ ពួកគេពិតជាសមនឹងទទួលសេរីភាព។ គម្ពីររៀបរាប់អំពីជីវិតរបស់ពួកគេនៅស្រុកអេស៊ីបថា«សុទ្ធតែជាការយ៉ាងតឹងរ៉ឹងទាំងអស់»។ (និក្ខមនំ ១:១១-១៤) ស្ដេចនៅស្រុកអេស៊ីបនោះថែមទាំងបានបញ្ជាឲ្យគេសម្លាប់កូនង៉ែតប្រុសរបស់ប្រជាជនអ៊ីស្រាអែលដើម្បីទប់កំណើននៃប្រជាជននោះ។—និក្ខមនំ ១:៨-២២

ការរំដោះជនជាតិអ៊ីស្រាអែលពីការប្រព្រឹត្ដដ៏អយុត្ដិធម៌នៅប្រទេសអេស៊ីប គឺអស្ចារ្យខ្លាំងណាស់ ដោយសារព្រះផ្ទាល់បានចាត់វិធានការ។ ព្រះបានប្រាប់ម៉ូសេថា«អញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ។ ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួច»។ (និក្ខមនំ ៣:៧, ៨) រហូតមកដល់សព្វថ្ងៃនេះ ជនជាតិយូដាគ្រប់ទីកន្លែងធ្វើបុណ្យរំលងរាល់ឆ្នាំដើម្បីរំលឹកព្រឹត្ដិការណ៍នោះ។—និក្ខមនំ ១២:១៤

ការបំបាត់ភាពជាទាសករជាលើកចុងក្រោយ

គម្ពីរចែងថា«គ្មានសេចក្ដីទុច្ចរិតណានៅនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយ»។ គម្ពីរក៏ពង្រឹងទំនុកចិត្ដយើងដែរថាលោកមិនប្រែប្រួលទេ។ (របាក្សត្រទី២ ១៩:៧; ម៉ាឡាគី ៣:៦) ព្រះបានចាត់លោកយេស៊ូឲ្យ«ផ្សព្វផ្សាយប្រាប់អ្នកដែលជាប់ជាឈ្លើយអំពីការដោះលែង . . . ហើយរំដោះអស់អ្នកដែលត្រូវគេជិះជាន់»។ (លូកា ៤:១៨) តើនេះមានន័យថាទាសករបានទទួលសេរីភាពមែនទែនឬ? តាមមើលទៅមិនមែនទេ។ លោកយេស៊ូបានត្រូវចាត់ឲ្យមកដើម្បីរំដោះមនុស្សពីភាពជាទាសករក្នុងន័យផ្សេង ពោលគឺទាសករនៃភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ក្រោយមក លោកបានប្រកាសថា«សេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ (យ៉ូហាន ៨:៣២) សូម្បីតែសព្វថ្ងៃនេះ សេចក្ដីពិតដែលលោកយេស៊ូបង្រៀនបានរំដោះមនុស្សតាមរបៀបជាច្រើន (សូមមើលប្រអប់ដែលមានចំណងជើងថា « ការគេចផុតពីភាពជាទាសករ»)។

តាមពិត ព្រះបានជួយយ៉ូសែបនិងប្លេសស៊ីងឲ្យរួចផុតពីភាពជាទាសករតាមរបៀបផ្សេងគ្នា។ លោកអ្នកអាចអានកំណត់ហេតុដ៏អស្ចារ្យរបស់យ៉ូសែបនៅសៀវភៅលោកុប្បត្ដិជំពូកទី៣៩ដល់៤១ក្នុងគម្ពីរ។ ចំណែកប្លេសស៊ីងវិញ របៀបដែលនាងបានខំស្វែងរកសេរីភាពក៏អស្ចារ្យដែរ។

ក្រោយពីបានត្រូវបណ្ដេញចេញពីប្រទេសមួយដែលនៅទ្វីបអឺរ៉ុប ប្លេសស៊ីងបានទៅប្រទេសអេស្ប៉ាញ។ នៅទីនោះ នាងបានជួបសាក្សីព្រះយេហូវ៉ា ហើយបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងពួកគេ។ ដោយតាំងចិត្ដផ្លាស់ប្ដូរជីវិតរបស់ខ្លួន នាងបានទទួលការងារល្អមួយ ហើយបានទាក់ទងមេបនដែលនាងធ្លាប់ធ្វើការឲ្យដើម្បីសុំគាត់ឲ្យបន្ធូរបន្ថយការបង់បំណុលប្រចាំខែ។ ថ្ងៃមួយ ប្លេសស៊ីងបានទទួលទូរស័ព្ទពីមេបននោះ។ មេបននោះចង់ដោះបំណុលរបស់ប្លេសស៊ីង ហើយបានសុំការអភ័យទោសពីនាង។ ហេតុអ្វីមេបននោះធ្វើដូច្នេះ? មេបននោះក៏បានចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ាដែរ! ប្លេសស៊ីងនិយាយថា«សេចក្ដីពិតបានរំដោះយើងឲ្យមានសេរីភាពតាមរបៀបដ៏អស្ចារ្យ»។

ព្រះយេហូវ៉ាឈឺចិត្ដណាស់ ពេលជនជាតិអេស៊ីបបានប្រព្រឹត្ដដោយឥតមេត្ដាទៅលើទាសករដែលជាជនជាតិអ៊ីស្រាអែល។ លោកក៏ច្បាស់ជាមានអារម្មណ៍ដូច្នេះដែរចំពោះអំពើអយុត្ដិធម៌នៅសព្វថ្ងៃនេះ។ ពិតមែនតែ ការបំបាត់ភាពជាទាសករគ្រប់ប្រភេទនឹងតម្រូវឲ្យមានការផ្លាស់ប្ដូរដ៏ធំក្នុងសង្គមមនុស្ស តែព្រះបានសន្យាថាលោកនឹងធ្វើការផ្លាស់ប្ដូរនោះ។ «យើងកំពុងទន្ទឹងរង់ចាំមេឃថ្មីនិងផែនដីថ្មី ស្របតាមសេចក្ដីសន្យារបស់លោក ហើយទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។—ពេត្រុសទី២ ៣:១៣

^ វគ្គ 2 ឈ្មោះបានត្រូវផ្លាស់ប្ដូរ។

^ វគ្គ 3 នៅពេលនោះ តម្លៃនៃប្រាកអឺរ៉ូជិតស្មើនឹងតម្លៃនៃប្រាក់ដុល្លារអាម៉េរិក។