លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | តើលោកអ្នកនឹងទទួលអំណោយដ៏អស្ចារ្យបំផុតពីព្រះទេ?

អំណោយដ៏អស្ចារ្យបំផុតដែលមកពីព្រះ ហេតុអ្វីអំណោយនោះមានតម្លៃខ្លាំងម៉្លេះ?

អំណោយដ៏អស្ចារ្យបំផុតដែលមកពីព្រះ ហេតុអ្វីអំណោយនោះមានតម្លៃខ្លាំងម៉្លេះ?

តើមូលហេតុអ្វីខ្លះធ្វើឲ្យអំណោយមួយពិតជាមានតម្លៃចំពោះអ្នក? នេះទំនងជាជាប់ទាក់ទងនឹងចំណុចបួនយ៉ាង: () បុគ្គលដែលឲ្យអំណោយដល់អ្នក () មូលហេតុដែលឲ្យអំណោយនោះ () ការលះបង់ដែលអ្នកឲ្យអំណោយបានធ្វើ និង() អំណោយនោះបានបំពេញអ្វីដែលពិតជាត្រូវការ។ ពេលពិចារណាចំណុចទាំងនេះ នោះអាចជួយយើងឲ្យកាន់តែឲ្យតម្លៃចំពោះថ្លៃលោះដែលជាអំណោយដ៏អស្ចារ្យបំផុតពីព្រះ។

តើអំណោយនោះមកពីអ្នកណា?

អំណោយខ្លះមានតម្លៃ ដោយសារអំណោយនោះមកពីបុគ្គលដែលមានអំណាច ឬបុគ្គលដែលពិសេសចំពោះយើង។ អំណោយខ្លះទៀតមិនសូវមានតម្លៃទេ តែយើងនៅតែឲ្យតម្លៃវាដោយសារអំណោយនោះមកពីសាច់ញាតិជាទីស្រឡាញ់របស់យើង ឬមិត្ដភក្ដិជិតស្និទ្ធ។ ដូចក្នុងករណីដែលរ៉ាសិលបានឲ្យអំណោយដល់យ៉ូដាន់ដែលបានរៀបរាប់នៅអត្ថបទមុនដែរ។ តើនេះជាប់ទាក់ទងយ៉ាងណានឹងថ្លៃលោះដែលជាអំណោយពីព្រះ?

ទី១ គម្ពីរចែងថា«ព្រះបានចាត់បុត្រតែមួយរបស់លោកឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ»។ (យ៉ូហានទី១ ៤:៩) ដោយសារអំណោយនេះគឺមកពីព្រះ នោះធ្វើឲ្យអំណោយនេះពិតជាមានតម្លៃខ្លាំងណាស់។ គ្មានអ្នកណាម្នាក់មានអំណាចខ្លាំងជាងព្រះឡើយ។ អ្នកតែងទំនុកតម្កើងដែលជាជនជាតិហេប្រឺបានសរសេរអំពីលោកថា«ទ្រង់តែអង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ (ទំនុកតម្កើង ៨៣:១៨) ដូច្នេះ យើងបានទទួលអំណោយពីបុគ្គលដ៏ខ្ពង់ខ្ពស់បំផុត។

ទី២ ព្រះគឺជា«បិតារបស់យើង»។ (អេសាយ ៦៣:១៦) តើយ៉ាងដូចម្ដេច? លោកជាអ្នកផ្ដល់ជីវិតដល់យើង។ លើសពីនេះទៅទៀត លោកយកចិត្ដទុកដាក់យ៉ាងស្មោះចំពោះយើងដូចជាពុកដែលយកចិត្ដទុកដាក់ចំពោះកូនរបស់គាត់។ ព្រះបានមានប្រសាសន៍អំពីរាស្ដ្ររបស់លោកនៅសម័យបុរាណថា អ៊ីស្រាអែល«ជាកូនសម្លាញ់ ជាកូនសំណព្វចិត្ដរបស់យើង។ . . . យើងខ្លោចចិត្ដអាណិតគេ យើងស្រឡាញ់គេខ្លាំងណាស់»។ (យេរេមី [យេរេមា] ៣១:២០; ខ.ស.) ព្រះក៏មានអារម្មណ៍ដូច្នេះដែរចំពោះអ្នកគោរពប្រណិប័តន៍លោកនៅសព្វថ្ងៃនេះ។ ព្រះយេហូវ៉ាមិនគ្រាន់តែជាអ្នកបង្កើតដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតប៉ុណ្ណោះទេ តែលោកក៏ជាបិតានិងជាមិត្ដភក្ដិដែលមានសេចក្ដីស្រឡាញ់យ៉ាងស្មោះដែរ។ ហេតុនេះ យើងច្បាស់ជាឲ្យតម្លៃយ៉ាងខ្លាំងចំពោះអំណោយណាក៏ដោយដែលមកពីលោក មែនទេ?

មូលហេតុដែលឲ្យអំណោយនោះ

អំណោយខ្លះមានតម្លៃ ពីព្រោះមិនមែនឲ្យដោយសារជាកាតព្វកិច្ចទេ តែឲ្យដោយសារចេញពីសេចក្ដីស្រឡាញ់ដ៏ស្មោះ។ អ្នកដែលឲ្យដោយចិត្ដស្មោះមិនរំពឹងថានឹងទទួលបានអ្វីមកវិញឡើយ។

ព្រះបានឲ្យបុត្ររបស់លោកដើម្បីជាប្រយោជន៍ដល់យើង ដោយសារលោកស្រឡាញ់យើង។ គម្ពីរចែងថា«សេចក្ដីស្រឡាញ់របស់ព្រះបានត្រូវសម្ដែងចំពោះយើង ពីព្រោះព្រះបានចាត់បុត្រតែមួយរបស់លោក»ឲ្យមកផែនដី។ តើលោកធ្វើដូច្នេះក្នុងគោលបំណងអ្វី? «ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ»។ (យ៉ូហានទី១ ៤:៩) តើព្រះមានកាតព្វកិច្ចធ្វើដូច្នេះទេ? គ្មានទាល់តែសោះ! «ការរំដោះដោយថ្លៃលោះដែលគ្រិស្ដយេស៊ូបានបង់»បង្ហាញអំពី«គុណដ៏វិសេសលើសលប់»របស់ព្រះ។—រ៉ូម ៣:២៤

ហេតុអ្វីអំណោយដែលមកពីព្រះគឺជា«គុណដ៏វិសេសលើសលប់»? គម្ពីរពន្យល់ថា«ព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោក តាមរបៀបនេះ៖ គ្រិស្ដស្លាប់ដើម្បីយើង កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ»។ (រ៉ូម ៥:៨) ដោយសារសេចក្ដីស្រឡាញ់ដ៏ស្មោះ ព្រះបានចាត់វិធានការដើម្បីជាប្រយោជន៍ដល់មនុស្សជាតិដែលមានភាពខុសឆ្គង ភាពទន់ខ្សោយ និងគ្មានជំនួយ។ យើងមិនសមនឹងទទួលសេចក្ដីស្រឡាញ់បែបនោះទេ ហើយយើងក៏មិនអាចតបស្នងសងលោកបានដែរ។ អំណោយរបស់លោកគឺបង្ហាញអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងបំផុតក្នុងប្រវត្ដិសាស្ដ្រ។

តើអ្នកដែលឲ្យអំណោយនោះបានធ្វើការលះបង់អ្វី?

អំណោយខ្លះមានតម្លៃដោយសារអ្នកដែលឲ្យបានធ្វើការលះបង់ធំក្រៃលែង។ ពេលបុគ្គលម្នាក់សុខចិត្ដលះបង់អ្វីដែលមានតម្លៃយ៉ាងខ្លាំងចំពោះគាត់ដើម្បីឲ្យដល់យើង នោះយើងពិតជាឲ្យតម្លៃរបស់នោះខ្លាំងណាស់។

ព្រះ«បានឲ្យបុត្រតែមួយរបស់លោក»។ (យ៉ូហាន ៣:១៦) លោកបានឲ្យបុគ្គលជាទីស្រឡាញ់បំផុតរបស់លោកដើម្បីយើង។ ក្នុងអំឡុងពេលដ៏យូរលង់ដែលព្រះបង្កើតសកលលោក លោកយេស៊ូបានរួមការងារជាមួយនឹងព្រះ ហើយលោក«ជាទីគាប់ព្រះហឫទ័យ»របស់ព្រះណាស់។ (សុភាសិត ៨:៣០) លោកយេស៊ូគឺជា«បុត្រជាទីស្រឡាញ់»របស់ព្រះ ហើយលោកទាំងពីរ«មានលក្ខណៈដូចគ្នាទាំងស្រុង»។ (កូឡុស ១:១៣-១៥) ចំណងមិត្ដភាពរបស់លោកទាំងពីរជិតស្និទ្ធខ្លាំងដល់ម៉្លេះបានជាយើងមិនអាចពណ៌នាបានទេ។

ទោះជាយ៉ាងនោះក៏ដោយ ព្រះ«មិនទាំងបានរារាំងកុំឲ្យបុត្ររបស់លោករងទុក្ខ»ឡើយ។ (រ៉ូម ៨:៣២) ព្រះយេហូវ៉ាបានឲ្យអ្វីដែលល្អបំផុតដល់យើង។ ការឲ្យអំណោយនេះតម្រូវឲ្យព្រះយេហូវ៉ាលះបង់ច្រើនបំផុត។

បំពេញសេចក្ដីត្រូវការដ៏បន្ទាន់មួយ

អំណោយខ្លះមានតម្លៃដោយសារវាជួយបំពេញនូវសេចក្ដីត្រូវការដ៏បន្ទាន់មួយ។ ជាឧទាហរណ៍ ពេលអ្នកណាម្នាក់ស្ម័គ្រចិត្ដបង់ថ្លៃព្យាបាលដែលអ្នកគ្មានលទ្ធភាពបង់ អ្នកច្បាស់ជាដឹងគុណបុគ្គលនោះយ៉ាងខ្លាំង! ដូច្នេះអំណោយនោះមានតម្លៃដ៏លើសលប់ មែនទេ?

«ដូចទាំងអស់គ្នាកំពុងស្លាប់ក្នុងអាដាម នោះទាំងអស់គ្នានឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញក្នុងគ្រិស្ដ»។ (កូរិនថូសទី១ ១៥:២២) ដោយសារយើងជាកូនចៅរបស់អាដាម ដូច្នេះយើងទាំងអស់គ្នា«កំពុងស្លាប់» ពោលគឺយើងមិនអាចគេចផុតពីជំងឺនិងសេចក្ដីស្លាប់ ឬមិនអាចផ្សះផ្សាជាមួយនឹងព្រះ ហើយមិនអាចរួចពីទោសចំពោះលោកឡើយ។ ម្យ៉ាងទៀត ដោយសារយើងជាមនុស្សជាតិ ដូច្នេះហើយយើងមិនអាចធ្វើឲ្យខ្លួនយើងអ្នកទៀត«មានជីវិតឡើងវិញ»ទេ។ គម្ពីរបញ្ជាក់ចំណុចនេះថា«គ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ។ . . . នោះថ្លៃពេកណាស់ ឥតដែលអាចនឹងលោះបានឡើយ»។ (ទំនុកតម្កើង ៤៩:៧, ៨) យើងគ្មានលទ្ធភាពបង់ថ្លៃលោះទេ ដូច្នេះយើងពិតជាត្រូវការជំនួយ។ បើគ្មានជំនួយទេ យើងគ្មានសង្ឃឹមឡើយ។

ដោយសារព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំង នោះលោកបានស្ម័គ្រចិត្ដបង់ថ្លៃលោះដែលយើងត្រូវការ ដើម្បី«ទាំងអស់គ្នានឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញ»តាមរយៈលោកយេស៊ូ។ តើថ្លៃលោះអាចប្រព្រឹត្ដទៅយ៉ាងដូចម្ដេច? «ឈាមរបស់លោកយេស៊ូជាបុត្ររបស់ព្រះក៏សម្អាតយើងពីភាពខុសឆ្គងទាំងអស់»។ ការមានជំនឿលើឈាមរបស់លោកយេស៊ូបើកឱកាសឲ្យមនុស្សជាតិទទួលការអភ័យទោសចំពោះភាពខុសឆ្គងនិងទទួលជីវិតដែលគ្មានទីបញ្ចប់។ (យ៉ូហានទី១ ១:៧; ៥:១៣) ម្យ៉ាងទៀត តើថ្លៃលោះនឹងមានប្រយោជន៍យ៉ាងណាចំពោះបុគ្គលជាទីស្រឡាញ់របស់យើងដែលបានស្លាប់ទៅ? «សេចក្ដីស្លាប់គឺតាមរយៈបុរសម្នាក់ ដូច្នេះ ការប្រោសឲ្យរស់ពីស្លាប់ឡើងវិញក៏តាមរយៈបុរសម្នាក់[លោកយេស៊ូ]ដែរ»។  *កូរិនថូសទី១ ១៥:២១

គ្មានអំណោយណាដែលមកពីបុគ្គលខ្ពង់ខ្ពស់ជាងនេះទេ ឬដែលផុសចេញពីសេចក្ដីស្រឡាញ់ដ៏ធំធេងជាងការបូជាជីវិតលោកយេស៊ូឡើយ។ គ្មានអ្នកណាដែលលះបង់ធំជាងព្រះយេហូវ៉ាទេ។ ម្យ៉ាងទៀត គ្មានអំណោយណាអាចបំពេញសេចក្ដីត្រូវការដ៏ចាំបាច់ជាងអំណោយជាថ្លៃលោះ ដែលអាចរំដោះយើងឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់ឡើយ។ មែនហើយ គ្មានអំណោយណាអាចប្រៀបផ្ទឹមនឹងតម្លៃនៃថ្លៃលោះទេ។

 

^ វគ្គ 19 ដើម្បីដឹងថែមទៀតអំពីគោលបំណងរបស់ព្រះក្នុងការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ សូមមើលជំពូកទីនៃសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី?ដែលបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា ហើយអាចថតចម្លងក្នុងគេហទំព័រwww.pr418.com/km។