លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើការយកចិត្តទុកដាក់របស់ព្រះអាចជួយអ្នកយ៉ាងដូចម្ដេច?

តើការយកចិត្តទុកដាក់របស់ព្រះអាចជួយអ្នកយ៉ាងដូចម្ដេច?

ព្រះ​បាន​បង្កើត​រូប​កាយ​ឲ្យ​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ដើម្បី​ព្យាបាល​ខ្លួន​ឯង។ ពេល​មាន​របួស ដូច​ជា​មុត ឬ​រលាត់​ជា​ដើម ភ្លាម​ៗ​រូប​កាយ​ធ្វើ​អ្វី​មួយ​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម ជួស​ជុល​ដំបៅ និង​ភ្ជិត​សាច់​បន្តិច​ម្ដង​ៗ។

សូម​ពិចារណា: បើ​ព្រះ​បាន​បង្កើត​រូប​កាយ​របស់​យើង​ឲ្យ​ចេះ​ព្យាបាល​របួស ដូច្នេះ​យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក​ដើម្បី​ព្យាបាល​យើង​ឲ្យ​ជា​សះ​ស្បើយ​ពី​របួស​ផ្លូវ​ចិត្ត​ដែរ មែន​ទេ? អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ម្នាក់​បាន​សរសេរ​ថា​៖ ​«​លោក​មើល​ថែ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ លោក​រុំ​របួស​ឲ្យ​ពួក​គេ​»។ (​ចម្រៀង​សរសើរ​ព្រះ ១៤៧:៣​) ប៉ុន្តែ បើ​អ្នក​មាន​របួស​ផ្លូវ​ចិត្ត​យូរ​ហើយ ឬ​នៅ​ឥឡូវ​នេះ​ក្ដី តើ​តាម​របៀប​ណា​អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​រុំ​របួស​របស់​អ្នក​នៅ​ឥឡូវ​នេះ​និង​ថ្ងៃ​អនាគត?

តើ​គម្ពីរ​បង្រៀន​យើង​អ្វី​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ?

ព្រះ​សន្យា​ថា​៖ ​«​កុំ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក។ កុំ​បារម្ភ​ឡើយ ព្រោះ​ខ្ញុំ​ជា​ព្រះ​របស់​អ្នក។ ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​អ្នក ខ្ញុំ​នឹង​ជួយ​អ្នក​»។ (​អេសាយ ៤១:១០​) បុគ្គល​ដែល​ដឹង​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត និង​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ។ សាវ័ក​ប៉ូល​បាន​ហៅ​ភាព​ស្ងប់​សុខ​ក្នុង​ចិត្ត​នេះ​ថា​៖ ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»។ ប៉ូល​បាន​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។—ភីលីព ៤:៤​-​៧, ៩, ១៣

បទ​គម្ពីរ​ជួយ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អនាគត​របស់​មនុស្សជាតិ។ ជា​ឧទាហរណ៍ ការ​បើក​បង្ហាញ ២១:៤, ៥​ប្រាប់​យើង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ និង​មូលហេតុ​ដែល​យើង​អាច​ទុក​ចិត្ត​ថា​លោក​ធ្វើ​ដូច្នេះ:

  • ​«​លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​»​ពី​ភ្នែក​របស់​មនុស្ស។ ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​រាល់​ទុក្ខ​លំបាក​និង​ទុក្ខ​កង្វល់​ទាំង​អស់​របស់​យើង សូម្បី​តែ​ការ​ព្រួយ​បារម្ភ​ដែល​មើល​ទៅ​មិន​សំខាន់​ចំពោះ​អ្នក​ឯ​ទៀត​ក្ដី។

  • ដោយ​«​អង្គុយ​លើ​បល្ល័ង្ក​»​ក្នុង​សិរី​រុង​រឿង​នៅ​ឯ​ស្ថាន​សួគ៌ នោះ​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់​និង​ជា​ស្ដេច​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត នឹង​បង្ហាញ​ឫទ្ធានុភាព​និង​អំណាច​របស់​លោក​ក្នុង​ការ​ទប់​ស្កាត់​ទុក្ខ​វេទនា ហើយ​ផ្ដល់​ឲ្យ​យើង​នូវ​ជំនួយ​ដែល​យើង​ត្រូវ​ការ។

  • ព្រះ​យេហូវ៉ា​ធានា​ថា​សេចក្ដី​សន្យា​របស់​លោក​គឺ​«​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​ពិត​ត្រង់​»។ ដូច្នេះ លោក​យក​នាម​និង​កេរ្ដិ៍​ឈ្មោះ​របស់​លោក​ដើម្បី​ធានា​សេចក្ដី​សន្យា​របស់​លោក។

​«​‹លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ›។ លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​កំពុង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ថ្មី›។ ម្យ៉ាង​ទៀត លោក​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​សរសេរ ពីព្រោះ​ពាក្យ​ទាំង​នេះ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​ពិត​ត្រង់›​»។—ការ​បើក​បង្ហាញ ២១:៤, ៥

សកល​លោក​និង​គម្ពីរ​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​និង​គុណ​សម្បត្តិ​របស់​បិតា​យើង​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។ ការ​បង្កើត​គឺ​ប្រៀប​ដូច​ជា​ការ​អញ្ជើញ​មួយ​ដើម្បី​ឲ្យ​ស្គាល់​ព្រះ​ដូច​ជា​មិត្ត​ភក្ដិ​ដ៏​ជិត​ស្និទ្ធ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គម្ពីរ​ក៏​បាន​អញ្ជើញ​យើង​ដោយ​ចែង​ថា​៖ ​«​ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​»។ (​យ៉ាកុប ៤:៨​) សកម្មភាព ១៧:២៧ ចែង​ថា​៖ ​«​លោក​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​»។

កាល​ដែល​អ្នក​លៃ​ពេល​ដើម្បី​ស្គាល់​ព្រះ អ្នក​នឹង​កាន់​តែ​ជឿ​ជាក់​ថា ​«​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។ (​ពេត្រុស​ទី​១ ៥:៧​) តើ​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ខ្លះ?

សូម​គិត​អំពី​បទ​ពិសោធន៍​របស់​តូរូ​ពី​ប្រទេស​ជប៉ុន។ គាត់​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក ប៉ុន្តែ​គាត់​បាន​ចូល​ប្រឡូក​ក្នុង​ក្រុម​ហិង្សា​ពិភព​លោក​យ៉ាគូហ្សា ដែល​ជា​ក្រុម​អ្នក​លេង​របស់​ជន​ជាតិ​ជប៉ុន។ គាត់​ប្រាប់​ថា​៖ ​«​ខ្ញុំ​ជឿ​ថា​ព្រះ​ស្អប់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​មនុស្ស​នៅ​ជុំ​វិញ​ខ្ញុំ​ដែល​ស្លាប់ ជា​ពិសេស​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ គឺ​ជា​ការ​ដាក់​ទោស​ពី​ព្រះ​ចំពោះ​ខ្ញុំ​»។ តូរូ​សារភាព​ថា​ស្ថានភាព​អាក្រក់​នេះ​និង​ចិត្ត​គំនិត​របស់​គាត់ បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​«​មនុស្ស​ដែល​គ្មាន​មេត្តា​និង​មិន​ចេះ​អាណិត​»។ ស្ដី​អំពី​មហិច្ឆតា​របស់​គាត់ គាត់​បាន​នឹក​ចាំ​ថា ​«​ខ្ញុំ​ចង់​ស្លាប់​ពេល​នៅ​វ័យ​ក្មេង​ក្រោយ​សម្លាប់​អ្នក​ណា​ម្នាក់​ដែល​ល្បី​ជាង​ខ្ញុំ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​ល្បី​»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ពេល​តូរូ​និង​ហាណា​ដែល​ជា​ប្រពន្ធ​របស់​គាត់​បាន​សិក្សា​គម្ពីរ តូរូ​បាន​ធ្វើ​ការ​កែ​ប្រែ​ធំ​ៗ​និង​គោល​បំណង​ក្នុង​ជីវិត​របស់​គាត់។ ហាណា​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​ប្ដី​របស់​ខ្ញុំ​កែ​ប្រែ​ដោយ​ផ្ទាល់​ភ្នែក​»។ ឥឡូវ​នេះ តូរូ​និយាយ​ដោយ​ជឿ​ជាក់​ថា​៖ ​«​មាន​ព្រះ​ដែល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ម្នាក់​ៗ។ លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ស្លាប់​នោះ​ទេ ហើយ​លោក​ប្រុង​ប្រៀប​ជា​និច្ច​នឹង​អភ័យ​ទោស​ដល់​អ្នក​ណា​ដែល​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ចំពោះ​កំហុស​របស់​ខ្លួន។ លោក​ស្ដាប់​យើង ទោះ​ជា​រឿង​ដែល​យើង​មិន​អាច​ប្រាប់​អ្នក​ណា​បាន និង​ដែល​គ្មាន​អ្នក​ណា​យល់​បាន​ក៏​ដោយ។ នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​រាល់​បញ្ហា ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់។ សូម្បី​តែ​ឥឡូវ​នេះ លោក​ជួយ​យើង​តាម​របៀប​ដែល​មិន​នឹក​ស្មាន​ទាល់​តែ​សោះ។ លោក​ស្រឡាញ់​និង​ជួយ​យើង​ពេល​ដែល​យើង​ទន់​ទាប​»។—ចម្រៀង​សរសើរ​ព្រះ ១៣៦:២៣

ដូច​ដែល​បទ​ពិសោធន៍​របស់​តូរូ​បង្ហាញ ការ​ដឹង​ថា​ព្រះ​មាន​សមត្ថភាព ហើយ​ថា​មិន​យូរ​ទៀត​លោក​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់ និង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ មិន​គ្រាន់​តែ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​មុត​មាំ​សម្រាប់​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​យើង​ឲ្យ​មាន​ជីវិត​ប្រសើរ​ជាង​នៅ​ឥឡូវ​នេះ​ផង​ដែរ។ មែន​ហើយ សូម្បី​តែ​នៅ​ក្នុង​ពិភព​លោក​ដែល​ពេញ​ដោយ​ទុក្ខ​វេទនា​ក្ដី អ្នក​អាច​ទទួល​ប្រយោជន៍​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។