លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«តើព្រះនៅឯណា?»

«តើព្រះនៅឯណា?»

«​ខ្ញុំ​តែង​សួរ​ថា តើ​ព្រះ​នៅ​ឯ​ណា?​»​—នេះ​ជា​សម្ដី​របស់​សម្ដេច​ប៉ាប​បេណេឌិច​ទី​១៦ កាល​ដែល​គាត់​បាន​ទៅ​ទស្សនកិច្ច​នៅ​អតីត​ជំរំ​ឃុំ​ឃាំង​អូឈ្វិត ប្រទេស​ប៉ូឡូញ។

ពេល​មាន​សោកនាដកម្ម តើ​អ្នក​ធ្លាប់​ឆ្ងល់​ឬ​ទេ​ថា ‹តើ​ព្រះ​នៅ​ឯ​ណា?› ឬ​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ តើ​រឿង​ខ្លោច​ផ្សា​ដែល​កើត​ឡើង​ធ្វើ​ឲ្យ​អ្នក​ឆ្ងល់​ថា ព្រះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ផ្ទាល់​ឬ​ទេ?

ប្រហែល​អ្នក​មាន​អារម្មណ៍​ដូច​ហ្សិលា ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក។ នាង​ធំ​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​ជំនឿ​សាសនា​ខ្លាំង នាង​និយាយ​ថា​៖ ​«​តាំង​ពី​តូច​មក ខ្ញុំ​ចង់​ដឹង​អំពី​ព្រះ ពីព្រោះ​លោក​ជា​អ្នក​បង្កើត​យើង។ ក៏​ប៉ុន្តែ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​លោក​ទេ។ ខ្ញុំ​គិត​ថា​លោក​មើល​ខ្ញុំ តែ​មើល​ពី​ចម្ងាយ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ព្រះ​ស្អប់​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ជឿ​ថា​លោក​ស្រឡាញ់​ខ្ញុំ​ដែរ​»។ ហេតុ​អ្វី​ហ្សិលា​សង្ស័យ​ដូច្នេះ? នាង​ពន្យល់​ថា​៖ ​«​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ជួប​រឿង​ខ្លោច​ផ្សា​មួយ​ហើយ​មួយ​ទៀត តែ​មើល​ទៅ​ព្រះ​មិន​ជួយ​យើង​ទាល់​តែ​សោះ​»។

ដូច​ហ្សិលា អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពិត​ជា​មាន​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មែន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ឬ​យ៉ាង​ណា។ បុរស​សុចរិត​ម្នាក់​ឈ្មោះ​យ៉ូប ដែល​ជឿ​ថា​អ្នក​បង្កើត​មាន​ឫទ្ធានុភាព​និង​ប្រាជ្ញា ក៏​ធ្លាប់​សង្ស័យ​ដូច្នេះ​ដែរ។ (​យ៉ូប ២:៣; ៩:៤​) ក្រោយ​ពី​យ៉ូប​ជួប​ទុក្ខ​ញាំញី​ម្ដង​ហើយ​ម្ដង​ទៀត គ្មាន​លោះ​សោះ គាត់​បាន​សួរ​ព្រះ​ថា​៖ ​«​ហេតុ​អ្វី​លោក​បែរ​មុខ​ចេញ​ពី​ខ្ញុំ ហើយ​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ​របស់​លោក​ដូច្នេះ?​»។—យ៉ូប ១៣:២៤

តើ​គម្ពីរ​ចែង​យ៉ាង​ណា? តើ​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ឬ? តើ​មាន​ភស្តុ​តាង​ដែល​បង្ហាញ​ថា​ព្រះ​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ទូទៅ និង​យើង​ម្នាក់​ៗ​ឬ​ទេ? តើ​មាន​អ្នក​ណា​ម្នាក់​ពិត​ជា​អាច​ដឹង​ថា​លោក​ចាប់​អារម្មណ៍​នឹង​យើង យល់​អំពី​យើង អាណិត​អាសូរ​យើង ឬ​ជួយ​យើង​ដោះ​ស្រាយ​នូវ​គ្រប់​បញ្ហា​របស់​យើង​ឬ​ទេ?

នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ថា​អ្វី​ដែល​ព្រះ​បង្កើត បង្រៀន​យើង​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ចំពោះ​យើង។ (​រ៉ូម ១:២០​) បន្ទាប់​មក យើង​នឹង​វិភាគ​មើល​អ្វី​ដែល​គម្ពីរ​បង្ហាញ​ប្រាប់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ។ កាល​ដែល​អ្នក​កាន់​តែ​«​ស្គាល់​លោក​»​តាម​រយៈ​អ្វី​ដែល​លោក​បង្កើត​និង​បណ្ដាំ​របស់​លោក អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​ថា ​«​លោក​រមែង​គិត​អំពី​អ្នក​»។—យ៉ូហាន​ទី​១ ២:៣; ពេត្រុស​ទី​១ ៥:៧