លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមានការណែនាំដែលគួរឲ្យទុកចិត្តដើម្បីមានអនាគតដ៏ល្អឬទេ?

តើមានការណែនាំដែលគួរឲ្យទុកចិត្តដើម្បីមានអនាគតដ៏ល្អឬទេ?

ដូច​ដែល​បាន​ពិគ្រោះ​នៅ​អត្ថបទ​មុន​ៗ មនុស្ស​ជា​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​ព្រេង​វាសនា ការ​អប់រំ ទ្រព្យ​សម្បត្តិ និង​ការ​ធ្វើ​ជា​មនុស្ស​ល្អ​ដើម្បី​មាន​អនាគត​ល្អ។ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​គឺ​ប្រៀប​ដូច​ជា​ការ​ប្រើ​ផែន​ទី​ខុស​ដើម្បី​ទៅ​ដល់​កន្លែង​ណា​មួយ។ តើ​នេះ​មាន​ន័យ​ថា​យើង​គ្មាន​ការ​ណែនាំ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​សម្រាប់​អនាគត​ទេ​ឬ? អត់​ទេ!

ការ​ណែនាំ​ដ៏​ល្អ​បំផុត

ពេល​ធ្វើ​ការ​សម្រេច​ចិត្ត ធម្មតា​យើង​ពិភាក្សា​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​វ័យ​ចាស់​ជាង ហើយ​មាន​ប្រាជ្ញា​ជាង​យើង។ ស្រដៀង​គ្នា​ដែរ យើង​អាច​រក​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​អំពី​អនាគត​របស់​យើង ពី​បុគ្គល​ដែល​ចាស់​ជាង ហើយ​មាន​ប្រាជ្ញា​ច្រើន​ជាង​យើង​ឆ្ងាយ​ណាស់។ យើង​អាច​អាន​ការ​ណែនាំ​របស់​លោក​ក្នុង​សៀវ​ភៅ​មួយ​ដែល​បាន​ត្រូវ​សរសេរ​ជាង​៣.៥០០​ឆ្នាំ​មុន។ សៀវ​ភៅ​នោះ​គឺ​ហៅ​ថា​គម្ពីរ​បរិសុទ្ធ។

ហេតុ​អ្វី​អ្នក​អាច​ទុក​ចិត្ត​គម្ពីរ? ពីព្រោះ​អ្នក​ដែល​និពន្ធ​គម្ពីរ​គឺ​ជាបុគ្គល​ម្នាក់​ដែល​ចាស់​ជាង​គេ ហើយ​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​បំផុត​ក្នុង​សកល​លោក។ គម្ពីរ​រៀប​រាប់​ថា​លោក​ជា​«​ព្រះ​ដែល​មាន​ជីវិត​តាំង​ពី​បុរាណ​»​ដែល​«​គ្មាន​ទី​ចាប់​ផ្ដើម និង​គ្មាន​ទី​បញ្ចប់​»។ (​ដានីយ៉ែល ៧:៩; ចម្រៀង​សរសើរ​ព្រះ ៩០:២​) លោក​«​ជា​ព្រះ​ដ៏​ពិត និង​ជា​អ្នក​បង្កើត​មេឃ លោក​បាន​សូន​ផែនដី​»។ (​អេសាយ ៤៥:១៨​) លោក​ប្រាប់​យើង​ថា​ឈ្មោះ​លោក​គឺ​យេហូវ៉ា។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨

ដោយ​សារ​គម្ពីរ​គឺ​មក​ពី​អ្នក​បង្កើត​មនុស្សជាតិ​ទាំង​អស់ ដូច្នេះ​គម្ពីរ​មិន​បាន​លើក​តម្កើង​ថា​សាសន៍​ណា​ល្អ​ជាង​សាសន៍​ណា​នោះ​ឡើយ។ ការ​ណែនាំ​ពី​គម្ពីរ​គឺ​តែង​តែ​មាន​ប្រយោជន៍ ហើយ​បាន​ជួយ​មនុស្ស​គ្រប់​ជាតិ​សាសន៍។ គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជា​ច្រើន​ភាសា ហើយ​បាន​ត្រូវ​ចែក​ចាយ​ច្រើន​ជាង​សៀវ​ភៅ​ផ្សេង​ៗ​ទៀត​ទាំង​អស់។ * នេះ​មាន​ន័យ​ថា​មនុស្ស​ដែល​មក​ពី​គ្រប់​ទី​កន្លែង​អាច​អាន និង​ទទួល​ការ​ណែនាំ​ពី​គម្ពីរ។ នេះ​គាំទ្រ​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​គម្ពីរ​ដែល​ថា​៖

«​ព្រះ​មិន​រើស​មុខ​ទេ។ ប៉ុន្តែ នៅ​គ្រប់​ប្រជា​ជាតិ អ្នក​ណា​ដែល​កោត​ខ្លាច​លោក ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ពេញ​ចិត្ត​អ្នក​នោះ​»។—សកម្មភាព ១០:៣៤, ៣៥

ដូច​ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​និង​ជួយ​កូន​ៗ​របស់​ពួក​គេ ព្រះ​យេហូវ៉ា​គឺ​ជា​បិតា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ជួយ​យើង​តាម​រយៈ​បណ្ដាំ​របស់​លោក​គឺ​គម្ពីរ។ (​ធីម៉ូថេ​ទី​២ ៣:​១៦​) អ្នក​អាច​ទុក​ចិត្ត​បណ្ដាំ​របស់​លោក ដោយ​សារ​លោក​បាន​បង្កើត​យើង ហើយ​លោក​ដឹង​ថា​អ្វី​ដែល​អាច​នាំ​ឲ្យ​យើង​មាន​សុភមង្គល​បំផុត​ក្នុង​ជីវិត។

តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​អ្នក​នឹង​ទទួល​បាន​អនាគត​ដ៏​ល្អ​ប្រសើរ​បែប​នេះ? សូម​ពិចារណា​អត្ថបទ​បន្ទាប់។

^ វគ្គ 6 ដើម្បី​បាន​ព័ត៌មាន​បន្ថែម​អំពី​ការ​បក​ប្រែ​និង​ការ​ចែក​ចាយ​នៃ​គម្ពីរ​បរិសុទ្ធ សូម​ចូល​គេហទំព័រ www.pr418.com/km ហើយ​ចុច​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​»​ > ​«​ប្រវត្តិសាស្ត្រ​និង​គម្ពីរ​បរិសុទ្ធ​»។