អត្ថបទអំពីក្របទស្សនាវដ្ដី | ទេវតា តើពិតជាមានឬទេ? ហេតុអ្វីសំណួរនេះសំខាន់?
តើគម្ពីរចែងយ៉ាងណាអំពីទេវតា?
តើអ្នកចង់ដឹងសេចក្ដីពិតអំពីទេវតាឬទេ? ដូចជាតើពួកគាត់ជាអ្នកណា តើពួកគាត់មកពីណា ហើយតើពួកគាត់ធ្វើអ្វី? គ្មានចម្លើយនៅកន្លែងណាដែលគួរឲ្យទុកចិត្ដជាងចម្លើយពីគម្ពីរដែលជាបណ្ដាំរបស់ព្រះទេ។ (ធីម៉ូថេទី២ ៣:១៦) តើគម្ពីរប្រាប់យ៉ាងណា?
-
ព្រះគឺជាវិញ្ញាណ ដូច្នេះទេវតាក៏ជាវិញ្ញាណដែលមនុស្សមើលមិនឃើញដែរ។ ពួកគាត់«មិនមានសាច់និងឆ្អឹង»ទេ។ ទេវតាស្មោះត្រង់រស់នៅស្ថានសួគ៌ ហើយនៅជិតព្រះ។—លូកា ២៤:៣៩; ម៉ាថាយ ១៨:១០; យ៉ូហាន ៤:២៤
-
ពេលខ្លះ ទេវតាកាឡាខ្លួនជាមនុស្សដើម្បីបំពេញភារកិច្ចនៅផែនដីដែលព្រះប្រគល់ឲ្យ ហើយក្រោយបំពេញភារកិច្ចរួចរាល់ ពួកគាត់ត្រឡប់ទៅស្ថានសួគ៌វិញ។—ពួកចៅហ្វាយ ៦:១១-២៣; ១៣:១៥-២០
-
នៅក្នុងគម្ពីរ ទេវតាតែងតែកាឡាខ្លួនជាមនុស្សប្រុស ទោះជាយ៉ាងនោះក្ដី នៅស្ថានសួគ៌ ទេវតាគ្មានភេទទេ។ ពួកគាត់មិនរៀបការ ហើយមិនអាចបន្ដពូជឡើយ។ លើសពីនេះទៅទៀត ទេវតាមិនមែនជាទារក កូនក្មេង មនុស្សពេញវ័យ ដែលបានស្លាប់ហើយទៅជាទេវតានៅស្ថានសួគ៌ទេ។ ព្រះយេហូវ៉ាជាអ្នកបង្កើតទេវតាទាំងឡាយ ដោយសារគម្ពីរហៅពួកគាត់ថា«ពួកកូនព្រះ»។—យ៉ូប ១:៦; ទំនុកតម្កើង ១៤៨:២, ៥
-
គម្ពីររៀបរាប់អំពី«ភាសាមនុស្សនិងភាសាទេវតា» នេះបញ្ជាក់ថាបុគ្គលវិញ្ញាណនៅស្ថានសួគ៌មានភាសានិងរបៀបនិយាយផ្ទាល់របស់ពួកគាត់។ ទោះជាព្រះបានប្រើទេវតាដើម្បីទាក់ទងជាមួយនឹងមនុស្សក្ដី តែលោកមិនអនុញ្ញាតឲ្យយើងគោរពបូជាទេវតាឬអធិដ្ឋានទៅពួកគាត់ឡើយ។—កូរិនថូសទី១ ១៣:១; ការបើកបង្ហាញ ២២:៨, ៩
-
មានទេវតារាប់ម៉ឺនគុណនឹងរាប់ម៉ឺន នេះប្រហែលជាចំនួនរាប់លានកោដិ។—ដានីយ៉ែល ៧:១០; ការបើកបង្ហាញ ៥:១១
-
ទេវតា«មានឥទ្ធិឫទ្ធិខ្លាំង»។ ពួកគាត់មានកម្លាំងនិងប្រាជ្ញាលើសពីមនុស្សឆ្ងាយណាស់។ ពួកគាត់អាចធ្វើដំណើរលឿនដល់ម៉្លេះបានជាមនុស្សនឹកស្មានមិនដល់។—ទំនុកតម្កើង ១០៣:២០; ដានីយ៉ែល ៩:២០-២៣
-
ទោះជាទេវតាមានប្រាជ្ញានិងកម្លាំងខ្លាំងក្លាយ៉ាងណាក្ដី ប៉ុន្ដែពួកគាត់នៅតែមានកម្រិត ហើយមានអ្វីខ្លះដែលពួកគាត់មិនដឹងឡើយ។—ម៉ាថាយ ២៤:៣៦; ពេត្រុសទី១ ១:១២
-
ទេវតាបានត្រូវបង្កើតមកឲ្យមានបុគ្គលិកលក្ខណៈ និងគុណសម្បត្ដិផ្សេងៗ ហើយមានចិត្ដសេរីដែរ។ ដូចមនុស្សជាតិ ពួកគាត់អាចសម្រេចចិត្ដធ្វើអ្វីត្រឹមត្រូវ ឬធ្វើអ្វីមិនត្រឹមត្រូវ។ តែគួរឲ្យស្តាយ ទេវតាខ្លះបានសម្រេចចិត្ដបះបោរប្រឆាំងព្រះ។—យូដាស ៦