អត្ថបទអំពីក្របទស្សនាវដ្ដី | ទេវតា តើពិតជាមានឬទេ? ហេតុអ្វីសំណួរនេះសំខាន់?
តើមានទេវតាអាក្រក់ឬទេ?
គឺមានទេវតាអាក្រក់មែន! តើពួកគេមកពីណា? សូមចាំថាព្រះបានបង្កើតទេវតាឲ្យមានចិត្ដសេរី។ មិនយូរក្រោយពីព្រះបានបង្កើតអាដាមនិងអេវ៉ាដែលជាបុរសស្ដ្រីដំបូង មានទេវតាល្អឥតខ្ចោះមួយរូបបានប្រើសេរីភាពរបស់ខ្លួនក្នុងផ្លូវខុស ហើយបានធ្វើឲ្យមានការបះបោរប្រឆាំងនៅផែនដី។ វាបានជោគជ័យក្នុងការធ្វើឲ្យអាដាមនិងអេវ៉ាបះបោរប្រឆាំងព្រះ។ (លោកុប្បត្ដិ ៣:១-៧; ការបើកបង្ហាញ ១២:៩) គម្ពីរមិនបានប្រាប់ឈ្មោះឬក៏ប្រាប់អំពីឋានៈរបស់ទេវតានោះ មុនវាបះបោរប្រឆាំងព្រះឡើយ។ ប៉ុន្ដែ ក្រោយវាបានបះបោរ គម្ពីរបានហៅវាថាសាថាន ដែលមានន័យថា«អ្នកប្រឆាំង» ហើយម្យ៉ាងទៀតវាក៏បានត្រូវហៅថាមេកំណាច ដែលមានន័យថា«អ្នកបង្កាច់បង្ខូច»។—ម៉ាថាយ ៤:៨-១១
គួរឲ្យស្តាយមែន ការបះបោរប្រឆាំងព្រះមិនបានចប់នៅត្រឹមនេះទេ។ នៅសម័យណូអេ ទេវតាខ្លះបានបោះបង់«ស្ថានដែលខ្លួនត្រូវនៅ»ក្នុងក្រុមគ្រួសាររបស់ព្រះនៅស្ថានសួគ៌។ ពួកគេបានចុះមកផែនដី ហើយបានកាឡាខ្លួនជាមនុស្សដើម្បីបំពេញបំណងប្រាថ្នាខុសឆ្គងដោយប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ នេះខុសពីគោលបំណងរបស់ព្រះសម្រាប់ពួកទេវតា។—យូដាស ៦; លោកុប្បត្ដិ ៦:១-៤; ពេត្រុសទី១ ៣:១៩, ២០
តើអ្វីបានកើតឡើងចំពោះទេវតាអាក្រក់ទាំងនោះ? ពេលព្រះបានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងជន់លិចផែនដីទាំងមូលដើម្បីបំផ្លាញមនុស្សអាក្រក់ចោល ទេវតាអាក្រក់ទាំងនោះបានកាឡាខ្លួនត្រឡប់ទៅស្ថានសួគ៌វិញ។ ប៉ុន្ដែ ព្រះមិនបានអនុញ្ញាតឲ្យទេវតាដែលមិនស្តាប់បង្គាប់ទាំងនេះត្រឡប់មក«សភាពដើម»របស់ពួកគេវិញឡើយ។ ផ្ទុយទៅវិញ ព្រះបានឲ្យពួកគេនៅសភាពអាប់ឱនទាបថោក ហើយមិនអាចទទួលការបំភ្លឺពីលោក ប្រៀបដូចជាឃុំពួកគេក្នុង«ភាពងងឹតសូន្យសុង»។ ស្ថានភាពនេះបានត្រូវហៅថាឋាឋារ៉ុស។ (យូដាស ៦; ពេត្រុសទី២ ២:៤) វិញ្ញាណកំណាចទាំងនេះស្តាប់បង្គាប់សាថានដែលជាមេកំណាច ហើយសាថានជា«អ្នកគ្រប់គ្រងវិញ្ញាណកំណាច» និង«ចេះតែក្លែងខ្លួនជាទេវតានៃពន្លឺ»។—ម៉ាថាយ ១២:២៤; កូរិនថូសទី២ ១១:១៤
គម្ពីរបង្រៀនថារាជាណាចក្រព្រះដែលគ្រប់គ្រងដោយមេស្ស៊ី ពោលគឺរដ្ឋាភិបាលនៅស្ថានសួគ៌ បានត្រូវស្ថាបនានៅឆ្នាំ១៩១៤។ * ដោយសារហេតុការណ៍ដ៏សំខាន់នោះ សាថាននិងវិញ្ញាណកំណាចរបស់វាបានត្រូវបណ្ដេញចេញពីស្ថានសួគ៌ ហើយបានត្រូវបោះទម្លាក់មកផែនដី។ ពួកវាខឹងយ៉ាងខ្លាំង ហើយចង់បំផ្លាញមនុស្សជាតិនិងផែនដី។ ដូច្នេះ អំពើទុច្ចរិតនិងអំពើប្រាសចាកសីលធម៌ដ៏គួរឲ្យស្អប់ខ្ពើមដែលមានពេញផែនដី គឺជាភ័ស្ដុតាងដែលបង្ហាញអំពីឥទ្ធិពលរបស់ពួកវា។—ការបើកបង្ហាញ ១២:៩-១២
ទោះជាយ៉ាងនេះក្ដី ការកើនឡើងនៃអំពើអាក្រក់និងអំពើឃោរឃៅយង់ឃ្នង បញ្ជាក់ថាការគ្រប់គ្រងដ៏អាក្រក់របស់ពួកវិញ្ញាណកំណាចគឺជិតចប់ហើយ។ មិនយូរទៀត នឹងលែងមានពួកវិញ្ញាណអាក្រក់គ្រប់គ្រងលើមនុស្សទៀត។ ក្រោយរាជាណាចក្រព្រះគ្រប់គ្រងមកលើផែនដីដែលជាសួនឧទ្យានអស់រយៈពេល១ពាន់ឆ្នាំ ពួកវិញ្ញាណអាក្រក់ទាំងនោះនឹងត្រូវដោះលែងមួយរយៈពេលខ្លីជាឱកាសចុងក្រោយដើម្បីល្បងលមនុស្សជាតិ។ រួចពួកវានឹងត្រូវបំផ្លាញចោលជារៀងរហូត។—ម៉ាថាយ ២៥:៤១; ការបើកបង្ហាញ ២០:១-៣, ៧-១០
^ វគ្គ 6 ដើម្បីដឹងថែមទៀតអំពីរាជាណាចក្រព្រះ សូមមើលជំពូកទី៨នៃសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី?ដែលបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។ លោកអ្នកក៏អាចថតចម្លងក្នុងគេហទំព័រwww.pr418.com/km។