លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣០

ចូរកាន់ខ្ជាប់តាមសេចក្ដីពិត

ចូរកាន់ខ្ជាប់តាមសេចក្ដីពិត

​«​គ្មាន​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជាង​ការ​ទទួល​ដំណឹង​ថា កូន​ៗ​របស់​ខ្ញុំ​កំពុង​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​នោះ​ឡើយ​»។—៣យ៉ូន. ៤

ចម្រៀង​លេខ​៥៤ ‹គឺ​ផ្លូវ​នេះ​ហើយ›

សេចក្ដី​សង្ខេប *

១. ដូច​បាន​ឃើញ​នៅ​យ៉ូហាន​ទី៣ ៣, ៤ តើ​អ្វី​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត?

តើ​អ្នក​អាច​ស្រមៃ​ឃើញ​ឬ​ទេ​ថា សាវ័ក​យ៉ូហាន​មាន​អារម្មណ៍​សប្បាយ​យ៉ាង​ណា​ទៅ​ពេល​ដែល​គាត់​ឮ​ថា ពួក​អ្នក​ដែល​គាត់​បាន​ជួយ​ឲ្យ​រៀន​សេចក្ដី​ពិត​នៅ​តែ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់? ពួក​គេ​ជួប​បញ្ហា​ជា​ច្រើន ហើយ​យ៉ូហាន​បាន​ខំ​ប្រឹង​ពង្រឹង​ជំនឿ​របស់​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ ដែល​គាត់​ចាត់​ទុក​ដូច​កូន។ ស្រដៀង​គ្នា​ដែរ យើង​សប្បាយ​ចិត្ត ពេល​ដែល​កូន​បង្កើត​របស់​យើង​ឬ​ពួក​អ្នក​ដែល​យើង​បាន​ជួយ​ឲ្យ​រៀន​សេចក្ដី​ពិត ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​បន្ត​បម្រើ​លោក។—សូម​អាន យ៉ូហាន​ទី៣ ៣, ៤

២. តើ​អ្វី​ជា​គោល​បំណង​នៃ​សំបុត្រ​ដែល​យ៉ូហាន​បាន​សរសេរ?

នា​ឆ្នាំ​៩៨ គ.ស. យ៉ូហាន​ទំនង​ជា​បាន​រស់​នៅ​ក្រុង​អេភេសូរ​ឬ​ជិត​ក្រុង​នោះ។ គាត់​ប្រហែល​ជា​បាន​រើ​ទៅ​ទី​នោះ​ក្រោយ​ពី​គាត់​បាន​ត្រូវ​ដោះ​លែង​ពី​គុក​នៅ​កោះ​ប៉ាត់ម៉ុស។ ប្រហែល​ជា​នៅ​ពេល​នោះ សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​គាត់​សរសេរ​សំបុត្រ​បី។ គោល​បំណង​នៃ​សំបុត្រ​ទាំង​នោះ​គឺ​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ឲ្យ​រក្សា​ជំនឿ​ទៅ​លើ​លោក​យេស៊ូ ហើយ​បន្ត​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត។

៣. តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

យ៉ូហាន​គឺ​ជា​សាវ័ក​ដែល​រស់​នៅ​ចុង​ក្រោយ​គេ ហើយ​គាត់​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​ដែល​គ្រូ​ក្លែង​ក្លាយ​មាន​ទៅ​លើ​ក្រុម​ជំនុំ។ * (​១យ៉ូន. ២:១៨, ១៩, ២៦​) ពួក​អ្នក​ក្បត់​ជំនឿ​ទាំង​នោះ​បាន​អះអាង​ថា​ពួក​គេ​ស្គាល់​ព្រះ ប៉ុន្តែ​ពួក​គេ​មិន​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ទេ។ សូម​យើង​ពិចារណា​អំពី​យោបល់​ដែល​យ៉ូហាន​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​បី​គឺ​៖ តើ​ការ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​មាន​ន័យ​យ៉ាង​ណា? តើ​អ្វី​ខ្លះ​អាច​បញ្ឈប់​យើង​ពី​ការ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត? តើ​តាម​របៀប​ណា​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​នៅ​ជាប់​នឹង​សេចក្ដី​ពិត?

តើ​ការ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​មាន​ន័យ​យ៉ាង​ណា?

៤. យោង​ទៅ​តាម​យ៉ូហាន​ទី​១ ២:៣​-​៦ និង​យ៉ូហាន​ទី​២ ៤, តើ​ការ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​រួម​បញ្ចូល​អ្វី​ខ្លះ?

ដើម្បី​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត យើង​ត្រូវ​ស្គាល់​សេចក្ដី​ពិត​នៅ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។ យើង​ក៏​ត្រូវ​«​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​[​ព្រះ​យេហូវ៉ា​]​»​ដែរ។ (​សូម​អាន យ៉ូហាន​ទី១ ២:៣​-​៦; យ៉ូហាន​ទី​២ ៤, ) លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ស្ដី​អំពី​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ដូច្នេះ​របៀប​ដ៏​សំខាន់​មួយ​ដែល​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា គឺ​ដោយ​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់​តាម​ដែល​អាច​ធ្វើ​បាន។—យ៉ូន. ៨:២៩; ១ពេ. ២:២១

៥. តើ​យើង​ត្រូវ​ជឿ​ជាក់​អំពី​អ្វី?

ដើម្បី​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​នៃ​សេចក្ដី​ពិត ក្នុង​ន័យ​ថា​អ្វី​ទាំង​អស់​ដែល​លោក​ប្រាប់​យើង​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​គឺ​ជា​ការ​ពិត។ យើង​ក៏​ត្រូវ​ជឿ​ជាក់​ដែរ​ថា​លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា។ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​សង្ស័យ​ថា​លោក​យេស៊ូ​មិន​បាន​ត្រូវ​រើស​តាំង​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ​ទេ។ យ៉ូហាន​បាន​ព្រមាន​ថា​មាន​«​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​»​ដែល​អាច​បំភាន់​ពួក​អ្នក​ដែល​មិន​បាន​ជឿ​យ៉ាង​មុត​មាំ​លើ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ (​២យ៉ូន. ៧​-​១១​) យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ​ថា​ជា​គ្រិស្ត?​»។ (​១យ៉ូន. ២:២២​) របៀប​តែ​មួយ​គត់​ដែល​យើង​អាច​ជៀស​វាង​មិន​ឲ្យ​គេ​បោក​បញ្ឆោត​យើង​គឺ​ដោយ​សិក្សា​បណ្ដាំ​របស់​ព្រះ។ យ៉ាង​នេះ យើង​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ (​យ៉ូន. ១៧:៣​) លុះ​ត្រា​តែ​យើង​ធ្វើ​ដូច្នេះ ទើប​យើង​នឹង​ជឿ​ជាក់​ថា​យើង​មាន​សេចក្ដី​ពិត។

តើ​អ្វី​ខ្លះ​អាច​បញ្ឈប់​យើង​ពី​ការ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត?

៦. តើ​ប្អូន​ៗ​គ្រិស្ត​សាសនិក​ជួប​ការ​ពិបាក​អ្វី?

គ្រិស្ត​សាសនិក​ទាំង​អស់​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ចាញ់​បោក​ទស្សនវិជ្ជា​របស់​មនុស្សឡើយ។ (​១យ៉ូន. ២:២៦​) ជា​ពិសេស​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អន្ទាក់​នេះ។ បង​ស្រី​ជន​ជាតិ​បារាំង​ម្នាក់​ឈ្មោះ​អាឡិច​សៀ * ដែល​មាន​អាយុ​២៥​ឆ្នាំ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​រៀន គេ​បង្រៀន​អំពី​ការ​វិវត្តន៍​និង​ទ្រឹស្ដី​ផ្សេង​ទៀត ហើយ​ទ្រឹស្ដី​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ផ្ដើម​សង្ស័យ។ ជួន​កាល ទ្រឹស្ដី​ទាំង​នោះ​ទាក់​ទាញ​ចិត្ត​ខ្ញុំ។ ខ្ញុំ​គិត​ថា​គឺ​ខុស​បើ​ខ្ញុំ​ព្រងើយ​កន្តើយ​ចំពោះ​អ្វី​ដែល​គម្ពីរ​បង្រៀន ហើយ​ជឿ​លើ​អ្វី​ទាំង​អស់​ដែល​គ្រូ​បាន​បង្រៀន​នៅ​សាលា​ទៅ​វិញ​»។ បង​អាឡិច​សៀ​បាន​សិក្សា​សៀវភៅ ជីវិត​បាន​កើត​មាន​ឡើង​តាម​របៀប​ណា? តាម​របៀប​វិវត្តន៍​ឬ​តាម​ការ​បង្កើត? (​Life—How Did It Get Here? By Evolution or by Creation?​) ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ គាត់​លែង​មាន​ការ​សង្ស័យ​ទៀត។ បង​អាឡិច​សៀ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ជឿ​ជាក់​ថា​អ្វី​ដែល​គម្ពីរ​បង្រៀន​គឺ​ជា​សេចក្ដី​ពិត។ ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា​ការ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ពី​គម្ពីរ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​និង​សេចក្ដី​សុខ​សាន្ត​»។

៧. តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

គ្រិស្ត​សាសនិក​ទាំង​អស់ មិន​ថា​ចាស់​ឬ​ក្មេង​ក្ដី មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​មាន​មុខ​ពីរ​ឡើយ។ យ៉ូហាន​បាន​លើក​ឡើង​ថា​យើង​មិន​អាច​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត ហើយ​នៅ​ដំណាល​គ្នា​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌​នោះ​ទេ។ (​១យ៉ូន. ១:៦​) បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​យើង យើង​ត្រូវ​ចាំ​ជា​និច្ច​ថា​លោក​ឃើញ​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ។ មនុស្ស​ប្រហែល​ជា​មិន​អាច​ឃើញ​អ្វី​ដែល​យើង​ធ្វើ​ក្នុង​ទី​កំបាំង​ទេ តែ​នោះ​មិន​អាច​លាក់​បាំង​ពី​ភ្នែក​របស់​ព្រះ​យេហូវ៉ា​ឡើយ។—ហេ. ៤:១៣

៨. តើ​យើង​ត្រូវ​ជៀស​វាង​អ្វី?

យើង​ត្រូវ​ជៀស​វាង​មិន​មាន​ទស្សនៈ​ដូច​មនុស្ស​ក្នុង​ពិភព​លោក​អំពី​អំពើ​ខុស​ឆ្គងឡើយ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ប្រសិន​បើ​យើង​និយាយ​ថា​‹យើង​គ្មាន​ភាព​ខុស​ឆ្គង​ទេ› នោះ​យើង​កំពុង​បញ្ឆោត​ខ្លួន​ហើយ​»។ (​១យ៉ូន. ១:៨​) នៅ​សម័យ​យ៉ូហាន អ្នក​ក្បត់​ជំនឿ​អះអាង​ថា​បុគ្គល​ម្នាក់​អាច​ធ្វើ​ខុស ហើយ​នៅ​តែ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ សព្វ​ថ្ងៃ​នេះ យើង​កំពុង​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ទស្សនៈ​ស្រដៀង​នឹង​នេះ។ មនុស្ស​ជា​ច្រើន​អះអាង​ថា​ពួក​គេ​ជឿ​លើ​ព្រះ ប៉ុន្តែ​ពួក​គេ​មិន​យល់​ស្រប​នឹង​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​អំពី​អំពើ​ខុស​ឆ្គង​ទេ ជា​ពិសេស​ការ​ប្រព្រឹត្ត​ដែល​ជាប់​ទាក់​ទង​នឹង​រឿង​ផ្លូវ​ភេទ។ មាន​ការ​ប្រព្រឹត្ត​មួយ​ចំនួន​ខាង​ផ្លូវ​ភេទ ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ខុស ប៉ុន្តែ​មនុស្ស​ទាំង​នេះ​បែរ​ជា​និយាយ​ថា​បុគ្គល​ណា​ម្នាក់​អាច​ធ្វើ​អ្វី​ទាំង​នេះ​បាន បើ​គាត់​ចង់​ធ្វើ។

ប្អូន​ៗ​វ័យ​ក្មេង ចូរ​ស្វែង​យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​អ្វី​មួយ​គឺ​ខុស​ឬ​ត្រូវ។ យ៉ាង​នេះ ប្អូន​នឹង​អាច​ពន្យល់​អំពី​មូលហេតុ​ដែល​ប្អូន​សម្រេច​ចិត្ត​មិន​ធ្វើ​អ្វី​ដែល​ខុស (​សូម​មើល​វគ្គ​៩​) *

៩. តើ​ប្អូន​ៗ​វ័យ​ក្មេង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​កាន់​ខ្ជាប់​តាម​គោល​ការណ៍​គម្ពីរ?

នៅ​ពេល​ដែល​អ្នក​រួម​ការងារ​ឬ​សិស្ស​រួម​ថ្នាក់​មិន​យល់​ស្រប​នឹង​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​ផ្លូវ​ភេទ គ្រិស្ត​សាសនិក​វ័យ​ក្មេង​ប្រហែល​ជា​ពិបាក​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​រឿង​នោះ។ នេះ​បាន​កើត​ឡើង​ចំពោះ​បង​ប្រុស​អាឡិកសាន់ដា។ គាត់​នឹក​ចាំ​ថា​៖ ​«​សិស្ស​ស្រី​ខ្លះ​បាន​ព្យាយាម​បង្ខំ​ខ្ញុំ​ឲ្យ​រួម​ភេទ​ជា​មួយ​នឹង​ពួក​គេ។ ពេល​ខ្ញុំ​ប្រកែក ពួក​គេ​និយាយ​ថា​ខ្ញុំ​ច្បាស់​ជា​ប្រុស​ស្រឡាញ់​ប្រុស​ដូច​គ្នា​»។ បើ​អ្នក​ជួប​ស្ថានភាព​ស្រដៀង​នឹង​នេះ សូម​ចាំ​ថា​ពេល​អ្នក​កាន់​ខ្ជាប់​តាម​គោល​ការណ៍​គម្ពីរ អ្នក​រក្សា​តម្លៃ​ចំពោះ​ខ្លួន​ឯង ការ​ពារ​សុខភាព​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​របស់​អ្នក ព្រម​ទាំង​រក្សា​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា។ រាល់​ដង​ដែល​អ្នក​ទប់​ទល់​នឹង​ការ​ល្បួង នោះ​អ្នក​កាន់​តែ​ស្រួល​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ សូម​ចាំ​ដែរ​ថា​ទស្សនៈ​មិន​ត្រឹម​ត្រូវ​របស់​ពិភព​លោក​នេះ​អំពី​រឿង​ផ្លូវ​ភេទ​គឺ​មក​ពី​សាថាន។ ដូច្នេះ ពេល​អ្នក​មិន​ព្រម​មាន​ទស្សនៈ​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ អ្នក​«​ឈ្នះ​មេកំណាច​»។—១យ៉ូន. ២:១៤

១០. តើ​យ៉ូហាន​ទី​១ ១:៩​ជួយ​យើង​យ៉ាង​ណា​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស?

១០ យើង​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ប្រាប់​យើង​ថា​ការ​ប្រព្រឹត្ត​ណា​គឺ​ខុស​ឆ្គង។ យើង​ក៏​ខំ​អស់​ពី​សមត្ថភាព​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ។ ប៉ុន្តែ​ពេល​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង យើង​អធិដ្ឋាន​សារភាព​ទៅ​ព្រះ​យេហូវ៉ា​អំពី​កំហុស​ឆ្គង​របស់​យើង។ (​សូម​អាន យ៉ូហាន​ទី​១ ១:៩) ម្យ៉ាង​ទៀត បើ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ យើង​ស្វែង​រក​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​ថែ​រក្សា​យើង។ (​យ៉ា. ៥:១៤​-​១៦​) ប៉ុន្តែ យើង​មិន​គួរ​បន្ទោស​ខ្លួន​រហូត ចំពោះ​កំហុស​ដែល​យើង​បាន​ធ្វើ​នៅ​អតីតកាល​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​បិតា​ដែល​ស្រឡាញ់​យើង​បាន​ផ្ដល់​គ្រឿង​បូជា​លោះ​របស់​បុត្រ​លោក ដើម្បី​ឲ្យ​ការ​ខុស​ឆ្គង​របស់​យើង​អាច​ទទួល​ការ​អភ័យ​ទោស។ ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​លោក​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត នោះ​លោក​ពិត​ជា​អភ័យ​ទោស​ឲ្យ​មែន។ ដូច្នេះ ព្រះ​យេហូវ៉ា​បើក​ឱកាស​ឲ្យ​យើង​អាច​បម្រើ​លោក​ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។—១យ៉ូន. ២:១, ២, ១២; ៣:១៩, ២០

១១. តើ​យើង​អាច​ការ​ពារ​គំនិត​របស់​យើង​ពី​សេចក្ដី​បង្រៀន​ដែល​អាច​បង្ខូច​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១១ យើង​មិន​ព្រម​ទទួល​យក​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ក្បត់​ជំនឿឡើយ។ តាំង​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ចាប់​ផ្ដើម​បង្កើត​ឡើង មេកំណាច​ប្រើ​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​នាក់​ដើម្បី​ធ្វើ​ឲ្យ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​មាន​ចិត្ត​សង្ស័យ។ ដូច្នេះ យើង​ត្រូវ​ចេះ​សម្គាល់​អ្វី​ដែល​ជា​ការ​ពិត និង​អ្វី​ដែល​ជា​ការ​ភូត​ភរ។ * សត្រូវ​របស់​យើង​ប្រហែល​ជា​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ ហើយ​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​រសាយ​ទៅ។ សូម​កុំ​ជឿ​ពាក្យ​ភូត​ភរ​ទាំង​នេះ ព្រោះ​នេះ​មក​ពី​សាថាន។—១យ៉ូន. ៤:១, ៦; បប. ១២:៩

១២. ហេតុ​អ្វី​យើង​គួរ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​ពិត​ដែល​យើង​បាន​រៀន?

១២ ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​សាថាន យើង​ត្រូវ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​លោក​យេស៊ូ និង​តួ​នាទី​របស់​លោក​ក្នុង​គោល​បំណង​របស់​ព្រះ។ យើង​ក៏​ត្រូវ​ទុក​ចិត្ត​ទៅ​លើ​ខ្សែ​រយៈ​តែ​មួយ​គត់​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ (​ម៉ាថ. ២៤:៤៥​-​៤៧​) យើង​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ដោយ​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់។ យ៉ាង​នេះ ជំនឿ​របស់​យើង​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ជ្រៅ​ក្នុង​ដី។ ប៉ូល​បាន​និយាយ​អ្វី​ស្រដៀង​នឹង​នេះ ពេល​គាត់​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​នៅ​ក្រុង​កូឡុស។ គាត់​បាន​និយាយ​ថា​៖ ​«​តាម​របៀប​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​លោក​ម្ចាស់​គ្រិស្ត​យេស៊ូ​ហើយ ចូរ​បន្ត​ដើរ​ដោយ​រួប​រួម​ជា​មួយ​នឹង​លោក។ ចូរ​ចាក់​ឫស និង​ទទួល​ការ​ពង្រឹង​ក្នុង​លោក ថែម​ទាំង​តាំង​ខ្លួន​ឲ្យ​មាំ​មួន​ឡើង​ក្នុង​ជំនឿ​»។ (​កូឡ. ២:៦, ៧​) បើ​យើង​ខំ​ព្យាយាម​ពង្រឹង​ជំនឿ​របស់​យើង នោះ​សាថាន​ឬ​អ្នក​គាំ​ទ្រ​របស់​វា​នឹង​មិន​អាច​បញ្ឈប់​យើង​ពី​ការ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​ឡើយ។—២យ៉ូន. ៨, ៩

១៣. តើ​យើង​គួរ​រំពឹង​អ្វី ហើយ​ហេតុ​អ្វី?

១៣ យើង​ត្រូវ​រំពឹង​ថា​ពិភព​លោក​នឹង​ស្អប់​យើង។ (​១យ៉ូន. ៣:១៣​) យ៉ូហាន​រំលឹក​យើង​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច​»។ (​១យ៉ូន. ៥:១៩​) កាល​ដែល​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់ សាថាន​កាន់​តែ​មាន​កំហឹង។ (​បប. ១២:១២​) វា​មិន​គ្រាន់​តែ​ប្រើ​ការ​វាយ​ប្រហារ​មិន​ចំ​ៗ​ដូច​ជា​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ឬ​ពាក្យ​ភូត​ភរ​របស់​អ្នក​ក្បត់​ជំនឿ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ប្រើ​ការ​វាយ​ប្រហារ​ចំ​ៗ​ដែរ ដូច​ជា​ការ​បៀត​បៀន​យ៉ាង​សាហាវ។ សាថាន​ដឹង​ថា​វា​មាន​ពេល​តែ​បន្តិច​បន្តួច​ដើម្បី​ព្យាយាម​បញ្ឈប់​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​យើង ឬ​បំផ្លាញ​ជំនឿ​របស់​យើង។ ហេតុ​នេះ យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​កិច្ចការ​របស់​យើង​បាន​ត្រូវ​ដាក់​កម្រិត ឬ​ដាក់​បម្រាម​នៅ​ប្រទេស​មួយ​ចំនួន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បង​ប្អូន​នៅ​ប្រទេស​ទាំង​នោះ​កំពុង​តស៊ូ​ព្យាយាម។ ពួក​គេ​បង្ហាញ​ថា​ទោះ​ជា​មេកំណាច​ធ្វើ​អ្វី​ក៏​ដោយ យើង​អាច​ទទួល​ជ័យ​ជម្នះ!

ចូរ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​នៅ​ជាប់​នឹង​សេចក្ដី​ពិត

១៤. តើ​យើង​អាច​ជួយ​បង​ប្អូន​របស់​យើង​ឲ្យ​នៅ​ជាប់​នឹង​សេចក្ដី​ពិត​តាម​របៀប​ណា?

១៤ ដើម្បី​ជួយ​បង​ប្អូន​របស់​យើង​ឲ្យ​នៅ​ជាប់​នឹង​សេចក្ដី​ពិត យើង​ត្រូវ​ចេះ​យល់​អារម្មណ៍ ឬ​បង្ហាញ​សេចក្ដី​អាណិតមេត្តាចំពោះ​ពួក​គេ។ (​១យ៉ូន. ៣:១០, ១១, ១៦​-​១៨​) យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មកមិន​គ្រាន់​តែ​នៅ​គ្រា​សប្បាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅ​គ្រា​មាន​ទុក្ខ​ដែរ។ ជា​ឧទាហរណ៍ តើ​អ្នក​ដឹង​ថា​មាន​អ្នក​ណា​ម្នាក់​ដែល​មាន​បុគ្គល​ជា​ទី​ស្រឡាញ់​ស្លាប់ ហើយ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ ឬ​ត្រូវ​ការ​ជំនួយ​តាម​របៀប​ផ្សេង​ៗ​ឬ​ទេ? ឬ​តើ​អ្នក​បាន​ឮ​ថា​បង​ប្អូន​រួម​ជំនឿ​បាន​រង​ទុក្ខ​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ ហើយ​ត្រូវ​ការ​ជំនួយ​ដើម្បី​សង់​សាល​ប្រជុំ​ឬ​ផ្ទះ​របស់​ពួក​គេ​ឡើង​វិញ​ឬ​ទេ? យើង​បង្ហាញ​ថា​យើង​មាន​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​អាណិត​មេត្តា​ខ្លាំង​យ៉ាង​ណា​ចំពោះ​បង​ប្អូន​របស់​យើង មិន​គ្រាន់​តែ​តាម​រយៈ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង​ផង​ដែរ។

១៥. តាម​យ៉ូហាន​ទី​១ ៤:៧, ៨ តើ​យើង​ត្រូវ​ធ្វើ​អ្វី?

១៥ ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក យើង​យក​តម្រាប់​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ (​សូម​អាន យ៉ូហាន​ទី​១ ៤:៧, ៨) របៀប​ដ៏​សំខាន់​មួយ​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​គឺ​ដោយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត ប៉ុន្តែ​ក្រោយ​មក​សុំ​ទោស​យើង។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​អភ័យ​ទោស​ឲ្យ​គាត់ ហើយ​បំភ្លេច​អ្វី​ដែល​គាត់​បាន​ធ្វើ​មក​លើ​យើង។ (​កូឡ. ៣:១៣​) បង​ប្រុស​ម្នាក់​ឈ្មោះ​អាល់ដូ​បាន​ជួប​បញ្ហា​នេះ ពេល​គាត់​ឮ​បង​ប្រុស​ម្នាក់​ដែល​គាត់​គោរព​និយាយ​មិន​ល្អ​អំពី​វប្បធម៌​របស់​ជាតិ​សាសន៍​គាត់។ បង​អាល់ដូ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​ឥត​ឈប់​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​ខ្ញុំ​កុំ​ឲ្យ​មាន​ទស្សនៈ​មិន​ល្អ​ចំពោះ​បង​ប្រុស​នោះ​»។ បង​អាល់ដូ​មិន​គ្រាន់​តែ​ធ្វើ​ដូច្នេះ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​សុំ​បង​ប្រុស​នោះ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់។ ពេល​ផ្សព្វ​ផ្សាយ បង​អាល់ដូ​បាន​ប្រាប់​ថា​គាត់​ឈឺ​ចិត្ត​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​បង​ប្រុស​នោះ​បាន​និយាយ។ បង​អាល់ដូ​និយាយ​ថា​៖ ​«​ពេល​បង​ប្រុស​នោះ​ឮ​ថា​ខ្ញុំ​ឈឺ​ចិត្ត​ដោយ​សារ​ពាក្យ​សម្ដី​មិន​ល្អ​របស់​គាត់ គាត់​បាន​សុំ​ទោស​ខ្ញុំ។ តាម​រយៈ​តុង​សំឡេង​របស់​គាត់ ខ្ញុំ​អាច​ដឹង​ថា​គាត់​ពិត​ជា​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​គាត់​បាន​និយាយ​មែន។ ក្រោយ​មក យើង​បាន​ទៅ​ជា​មិត្ត​ល្អ​នឹង​គ្នា​ម្ដង​ទៀត​»។

១៦​-​១៧. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៦ សាវ័ក​យ៉ូហាន​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​របស់​គាត់​ខ្លាំងណាស់ ហើយ​ចង់​ឲ្យ​ពួក​គេ​មាន​ជំនឿ​រឹង​មាំ។ សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គាត់​អាច​ស​ឲ្យ​ឃើញ​ច្បាស់​តាម​យោបល់​ដែល​គាត់​បាន​ផ្ដល់​ឲ្យ​ពួក​គេ​ក្នុង​សំបុត្រ​ទាំង​បី​របស់​គាត់។ យើង​សប្បាយ​ចិត្ត​ណាស់​ដោយ​ដឹង​ថា បុរស​ស្ត្រី​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ ក៏​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​យ៉ូហាន។—១យ៉ូន. ២:២៧

១៧ សូម​យើង​ធ្វើ​តាម​យោបល់​ដែល​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​នេះ។ ចូរ​យើង​តាំង​ចិត្ត​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​ការទាំង​អស់។ ចូរ​សិក្សា​បណ្ដាំ​របស់​ព្រះ និង​ទុក​ចិត្ត​បណ្ដាំ​នោះ។ ចូរ​មាន​ជំនឿ​រឹង​មាំ​លើ​លោក​យេស៊ូ។ ចូរ​ជៀស​វាង​ពី​ទស្សនវិជ្ជា​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ក្បត់​ជំនឿ។ ចូរ​កុំ​ធ្វើ​ពុត​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ហើយ​នៅ​ដំណាល​គ្នា​ធ្វើ​អ្វី​ដែល​ខុស ព្រម​ទាំង​កុំ​ស្ដាប់​ពួក​អ្នក​ដែល​ព្យាយាម​អូស​ទាញ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស។ ចូរ​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា។ ចូរ​ជួយ​បង​ប្អូន​ឲ្យ​នៅ​មាំ​មួន ដោយ​អភ័យ​ទោស​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត ហើយ​ជួយ​ពួក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ យ៉ាង​នេះ ទោះ​ជា​យើង​មាន​ការ​ពិបាក​អ្វី​ក៏​ដោយ យើង​នឹង​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត។

ចម្រៀង​លេខ​៤៩ ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីក​រាយ

^ វគ្គ 5 យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​សាថាន​ជា​ឪពុក​នៃ​ការ​ភូត​ភរ។ ដូច្នេះ យើង​ពិបាក​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​ណាស់។ គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ចុង​សតវត្សរ៍​ទី​១ គ.ស. ក៏​មាន​ការ​ពិបាក​ដូច​នេះ​ដែរ។ ដើម្បី​ជួយ​ពួក​គេ​និង​យើង ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​សាវ័ក​យ៉ូហាន​ឲ្យ​សរសេរ​សំបុត្រ​បី។ ពី​សំបុត្រ​ទាំង​នោះ យើង​នឹង​រៀន​អំពី​អ្វី​ដែល​អាច​នាំ​ឲ្យ​យើង​ឈប់​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត និង​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​យក​ឈ្នះ​បញ្ហា​ទាំង​នោះ។

^ វគ្គ 3 សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ មូលហេតុ​មួយ​ដែល​យ៉ូហាន​សរសេរ​សំបុត្រ​»។

^ វគ្គ 6 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 11 សូម​មើល​អត្ថបទ​សិក្សា​ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្នក​មាន​ព័ត៌មាន​ពិត​ឬ​ទេ?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​សីហា ឆ្នាំ​២០១៨។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: នៅ​សាលា ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​តែង​តែ​ឃើញ​និង​ឮ​គេ​ឃោសនា​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។ (​នៅ​ប្រទេស​ខ្លះ ពណ៌​ឥន្ទធនូ​បាន​ត្រូវ​ប្រើ​ដើម្បី​បង្ហាញ​អំពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​) ក្រោយ​មក គាត់​លៃ​ទុក​ពេល​ស្រាវ​ជ្រាវ​ដើម្បី​ពង្រឹង​ជំនឿ​របស់​គាត់​ទៅ​លើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ត្រឹម​ត្រូវ។ នេះ​ជួយ​គាត់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។