លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៨

ចូរជឿជាក់ថាអ្នកមានសេចក្ដីពិត

ចូរជឿជាក់ថាអ្នកមានសេចក្ដីពិត

​«​ចូរ​បន្ត​ប្រព្រឹត្ត​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន និង​ដែល​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​»។—២ធី. ៣:១៤

ចម្រៀង​លេខ​៥៦ ចូរ​សម្រេច​ចិត្ត​កាន់​តាម​សេចក្ដី​ពិត

សេចក្ដី​សង្ខេប *

១. តើ​ពាក្យ​«​សេចក្ដី​ពិត​»​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង?

«តើ​អ្នក​បាន​ទទួល​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?​»​ ​«​តើ​អ្នក​បាន​ធំ​ឡើង​ក្នុង​សេចក្ដី​ពិត​ឬ​ទេ?​»​ ​«​តើ​អ្នក​បាន​នៅ​ក្នុង​សេចក្ដី​ពិត​អស់​រយៈ​ពេល​យូរ​ប៉ុណ្ណា?​»​ បង​ប្អូន​ទំនង​ជា​បាន​សួរ​អ្នក​នូវ​សំណួរ​ទាំង​នេះ ឬ​អ្នក​ប្រហែល​ជា​សួរ​សំណួរ​ទាំង​នេះ​ដល់​បង​ប្អូន​ដែរ។ តើ​ពាក្យ​«​សេចក្ដី​ពិត​»​មាន​ន័យ​អ្វី? តាម​ធម្មតា យើង​ប្រើ​ពាក្យ​នោះ​ដើម្បី​សំដៅ​ទៅ​លើ​ជំនឿ​របស់​យើង របៀប​ដែល​យើង​គោរព​ប្រណិប័តន៍ និង​របៀប​រស់​នៅ​របស់​យើង។ អ្នក​ដែល​នៅ​«​ក្នុង​សេចក្ដី​ពិត​»​ស្គាល់​អ្វី​ដែល​គម្ពីរ​បង្រៀន ហើយ​ពួក​គេ​រស់​នៅ​ស្រប​តាម​គោល​ការណ៍​ក្នុង​គម្ពីរ។ ជា​លទ្ធផល ពួក​គេ​លែង​ជឿ​សេចក្ដី​បង្រៀន​មិន​ពិត​របស់​សាសនា​ផ្សេង​ៗ ហើយ​ពួក​គេ​មាន​ជីវិត​ដ៏​សប្បាយ​បំផុត​ដែល​មនុស្ស​អាច​មាន​នៅ​សព្វ​ថ្ងៃ​នេះ។—យ៉ូន. ៨:៣២

២. ដូច​យើង​ឃើញ​នៅ​យ៉ូហាន ១៣:៣៤, ៣៥ នៅ​ដើម​ដំបូង តើ​អ្វី​ប្រហែល​ជា​នាំ​ឲ្យ​បុគ្គល​ម្នាក់​ចង់​ចូល​សេចក្ដី​ពិត?

ហេតុ​អ្វី​នៅ​ដើម​ដំបូង​អ្នក​ចាប់​អារម្មណ៍​សេចក្ដី​ពិត? នោះ​ប្រហែល​ជា​ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ (​១ពេ. ២:១២​) ឬ​ដោយ​សារ​អ្នក​ឃើញ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​បង្ហាញ។ បុគ្គល​ជា​ច្រើន​ដែល​មក​កិច្ច​ប្រជុំ​ជា​លើក​ដំបូង កត់​សម្គាល់​និង​នឹក​ចាំ​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​យើង​ច្រើន​ជាង​អ្វី​ដែល​បាន​ត្រូវ​ថ្លែង​នៅ​កិច្ច​ប្រជុំ។ នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​អ្នក​កាន់​តាម​លោក​នឹង​ត្រូវ​គេ​ស្គាល់ ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​បង្ហាញ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​សូម​អាន យ៉ូហាន ១៣:៣៤, ៣៥) ប៉ុន្តែ យើង​ត្រូវ​ការ​អ្វី​លើស​ពី​នេះ​ដើម្បី​មាន​ជំនឿ​រឹង​មាំ។

៣. តើ​អ្វី​អាច​កើត​ឡើង បើ​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​មាន​មូលដ្ឋាន​តែ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​បង្ហាញ​ចំពោះ​គ្នា?

ជំនឿ​របស់​យើង​មិន​គ្រាន់​តែ​ត្រូវ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​ដូច​គ្រិស្ត ដែល​រាស្ត្រ​របស់​ព្រះ​បង្ហាញ​ចំពោះ​គ្នា​ប៉ុណ្ណោះ​ទេ។ ហេតុ​អ្វី? ឧបមា​ថា​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់ ដូច​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ត្រួស​ត្រាយ ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ ចុះ​យ៉ាង​ណា​បើ​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត? ឬ​ប្រហែល​ជា​បុគ្គល​ណា​ម្នាក់​ទៅ​ជា​អ្នក​ក្បត់​ជំនឿ ហើយ​អះអាង​ថា​យើង​មិន​មាន​សេចក្ដី​ពិត។ បើ​រឿង​ណា​មួយ​នេះ​កើត​ឡើង តើ​អ្នក​នឹង​ជំពប់​ដួល ហើយ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? យើង​អាច​រៀន​ថា​បើ​យើង​មាន​ជំនឿ​ទៅ​លើ​ព្រះ ដោយ​សារ​តែ​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ មិន​មែន​ដោយ​សារ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក នោះ​ជំនឿ​របស់​យើង​នឹង​មិន​រឹង​មាំ​ទេ។ ពិត​មែន​ថា​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​លោក​អាច​ជួយ​អ្នក​ឲ្យ​មាន​ជំនឿ​មួយ​កម្រិត តែ​ក៏​សំខាន់​ណាស់​ដែល​អ្នក​សិក្សា​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ យល់​អ្វី​ដែល​អ្នក​កំពុង​រៀន ហើយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដើម្បី​អ្នក​អាច​ជឿ​ជាក់​ថា​អ្វី​ដែល​អ្នក​កំពុង​រៀន​គឺ​ជា​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា។ អ្នក​ត្រូវ​ពិសោធន៍​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​ប្រាកដ​ថា​គម្ពីរ​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា។—រ៉ូម ១២:២

៤. យោង​ទៅ​តាម​ម៉ាថាយ ១៣:៣​-​៦, ២០, ២១ តើ​បញ្ហា​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ខ្លះ?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា អ្នក​ខ្លះ​នឹង​ទទួល​យក​សេចក្ដី​ពិត​«​ដោយ​អំណរ​»​ ប៉ុន្តែ​ពេល​ដែល​ពួក​គេ​មាន​បញ្ហា ជំនឿ​របស់​ពួក​គេ​នឹង​ចុះ​ខ្សោយ។ (​សូម​អាន ម៉ាថាយ ១៣:៣​-​៦, ២០, ២១) ប្រហែល​ជា​ពួក​គេ​មិន​បាន​យល់​ថា ការ​កាន់​តាម​លោក​យេស៊ូ​នឹង​នាំ​ឲ្យ​ពួក​គេ​មាន​ការ​ពិបាក។ (​ម៉ាថ. ១៦:២៤​) ឬ​ប្រហែល​ជា​ពួក​គេ​បាន​គិត​ថា​ការ​ធ្វើ​ជា​គ្រិស្ត​សាសនិក​មាន​ន័យ​ថា​ពួក​គេ​ទទួល​តែ​ពរ​ប៉ុណ្ណោះ មិន​ជួប​ការ​ពិបាក​ក្នុង​ជីវិត​ទេ។ កាលៈទេសៈ​របស់​យើង​អាច​ផ្លាស់​ប្ដូរ ហើយ​នេះ​អាច​នាំ​ឲ្យ​យើង​បាត់​បង់​អំណរ​អស់​មួយ​រយៈ​ពេល។—ទំនុក. ៦:៦; សាស្ដ. ៩:១១

៥. តើ​បង​ប្អូន​ភាគ​ច្រើន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​ជឿ​ជាក់​ថា​ពួក​គេ​មាន​សេចក្ដី​ពិត?

បង​ប្អូន​រួម​ជំនឿ​ជឿ​ជាក់​ថា​ពួក​គេ​មាន​សេចក្ដី​ពិត។ តើ​ពួក​គេ​ភាគ​ច្រើន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​មាន​ការ​ជឿ​ជាក់​បែប​នេះ? ការ​ជឿ​ជាក់​របស់​ពួក​គេ​មិន​រសាយ​ទៅ​ទេ ទោះ​ជា​បង​ប្អូន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត ឬ​ប្រព្រឹត្ត​អ្វី​ដែល​មិន​សម​ជា​គ្រិស្ត​សាសនិក​ក្ដី។ (​ទំនុក. ១១៩:១៦៥​) រាល់​ដង​ពេល​មាន​បញ្ហា ជំនឿ​របស់​ពួក​គេ​កាន់​តែ​មាំ​មួន​ឡើង មិន​មែន​ខ្សោយ​ទៅ​ទេ។ (​យ៉ា. ១:២​-​៤​) តើ​អ្នក​អាច​មាន​ជំនឿ​ដ៏​រឹង​មាំ​បែប​នោះ​យ៉ាង​ដូច​ម្ដេច?

ចូរ​ទទួល​«​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​»​

៦. តើ​ជំនឿ​របស់​ពួក​អ្នក​កាន់​តាម​គ្រិស្ត​នៅ​សតវត្សរ៍​ទី​១​មាន​មូលដ្ឋាន​លើ​អ្វី?

ជំនឿ​របស់​ពួក​អ្នក​កាន់​តាម​នៅ​សតវត្សរ៍​ទី​១​មាន​មូលដ្ឋាន​លើ​ចំណេះ​ពី​បទ​គម្ពីរ​និង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គ្រិស្ត ពោល​គឺ​«​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​»។ (​កាឡ. ២:៥​) សេចក្ដី​ពិត​នោះ​រួម​បញ្ចូល​សេចក្ដី​បង្រៀន​ទាំង​អស់​របស់​យើង​ជា​គ្រិស្ត​សាសនិក រួម​ទាំង​សេចក្ដី​បង្រៀន​ដែល​ទាក់​ទង​នឹង​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ និង​ការ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ។ សាវ័ក​ប៉ូល​បាន​ជឿ​ជាក់​ថា​សេចក្ដី​បង្រៀន​ទាំង​នេះ​គឺ​ជា​ការ​ពិត។ ហេតុ​អ្វី? ពី​ព្រោះ​គាត់​ប្រើ​បទ​គម្ពីរ​ដើម្បី​«​បញ្ជាក់​ភ័ស្តុតាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​បាន​ត្រូវ​សរសេរ ដើម្បី​ឲ្យ​យល់​ថា​គ្រិស្ត​ត្រូវ​រង​ទុក្ខ ហើយ​រស់​ពី​ស្លាប់​ឡើង​វិញ​»។ (​សកម្ម. ១៧:២, ៣​) អ្នក​កាន់​តាម​គ្រិស្ត​នៅ​សតវត្សរ៍​ទី​១ ជឿ​សេចក្ដី​បង្រៀន​ទាំង​នោះ ហើយ​ពឹង​ផ្អែក​ទៅ​លើ​សកម្មពល​បរិសុទ្ធ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​បណ្ដាំ​របស់​ព្រះ។ ពួក​គេ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដើម្បី​ប្រាកដ​ថា​សេចក្ដី​បង្រៀន​ទាំង​នោះ​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ។ (​សកម្ម. ១៧:១១, ១២; ហេ. ៥:១៤​) ជំនឿ​របស់​ពួក​គេ​មិន​អាស្រ័យ​ទៅ​លើ​អារម្មណ៍​តែ​ប៉ុណ្ណោះ​ទេ ហើយ​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា​មិន​មែន​ដោយ​សារ​តែ​ពួក​គេ​សប្បាយ​ចិត្ត ពេល​ពួក​គេ​សេព​គប់​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ឡើយ។ តែ​ជំនឿ​របស់​ពួក​គេ​មាន​មូលដ្ឋាន​លើ​«​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​»។—កូឡ. ១:៩, ១០

៧. តើ​ជំនឿ​របស់​យើង​លើ​សេចក្ដី​ពិត​ពី​គម្ពីរ​ជួយ​យើង​យ៉ាង​ណា?

សេចក្ដី​ពិត​ក្នុង​បណ្ដាំ​របស់​ព្រះ​មិន​ផ្លាស់​ប្ដូរ​ទេ។ (​ទំនុក. ១១៩:១៦០​) ជា​ឧទាហរណ៍ សេចក្ដី​ពិត​នោះ​មិន​ផ្លាស់​ប្ដូរ ទោះ​ជា​បង​ប្អូន​រួម​ជំនឿ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត ឬ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ក្ដី ហើយ​សេចក្ដី​ពិត​នោះ​មិន​ផ្លាស់​ប្ដូរ​ទេ ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក។ ដូច្នេះ យើង​ត្រូវ​ស្គាល់​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​យ៉ាង​ច្បាស់ ហើយ​ជឿ​ជាក់​ថា​សេចក្ដី​បង្រៀន​ទាំង​នោះ​គឺ​ជា​ការ​ពិត។ ជំនឿ​ដ៏​រឹង​មាំ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​សេចក្ដី​ពិត​ក្នុង​គម្ពីរ នឹង​ជួយ​យើង​មិន​ឲ្យ​រង្គោះ​រង្គើ​ពេល​មាន​បញ្ហា ដូច​យុថ្កា​អាច​ធ្វើ​ឲ្យ​ទូក​នៅ​នឹង​មួយ​កន្លែង​ពេល​មាន​ខ្យល់​ព្យុះ។ តើ​តាម​របៀប​ណា​អ្នក​អាច​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក​ថា​អ្នក​មាន​សេចក្ដី​ពិត?

ចូរ​«​ជឿ​ជាក់​»​

៨. យោង​ទៅ​តាម​ធីម៉ូថេ​ទី​២ ៣:១៤, ១៥ តើ​តាម​របៀប​ណា​ធីម៉ូថេ​បាន​ជឿ​ជាក់​ថា​គាត់​មាន​សេចក្ដី​ពិត?

ធីម៉ូថេ​បាន​ជឿ​ជាក់​ថា​គាត់​មាន​សេចក្ដី​ពិត។ ហេតុ​អ្វី​គាត់​មាន​ការ​ជឿ​ជាក់​បែប​នេះ? (​សូម​អាន ធីម៉ូថេ​ទី​២ ៣:១៤, ១៥) ម្ដាយ​និង​យាយ​របស់​គាត់​បាន​ណែនាំ​គាត់​ឲ្យ​ស្គាល់​សេចក្ដី​បង្រៀន​ពី​«​ឯកសារ​បរិសុទ្ធ​នា​នា​»។ ប៉ុន្តែ គាត់​ក៏​ច្បាស់​ជា​ចំណាយ​ពេល​និង​ប្រើ​កម្លាំង​ដើម្បី​សិក្សា​ឯកសារ​បរិសុទ្ធ​ទាំង​នោះ​ដែរ។ យ៉ាង​នេះ គាត់​បាន​ត្រូវ​«​នាំ​ឲ្យ​ជឿ​ជាក់​»​ថា ឯកសារ​ទាំង​នោះ​ជា​សេចក្ដី​ពិត។ ក្រោយ​មក ធីម៉ូថេ ម្ដាយ និង​យាយ​របស់​គាត់​បាន​រៀន​អំពី​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​សាសនិក។ ពិត​មែន​ថា​ធីម៉ូថេ​ទំនង​ជា​កោត​ស្ងើច​ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​បង្ហាញ​ចំពោះ​គ្នា ហើយ​គាត់​ចង់​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​និង​ជួយ​ពួក​គេ។ (​ភី. ២:១៩, ២០​) ប៉ុន្តែ​ជំនឿ​របស់​គាត់​មិន​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ទេ តែ​មាន​មូលដ្ឋាន​លើ​សេចក្ដី​បង្រៀន​ពី​គម្ពីរ​ដែល​គាត់​ជឿ​ជាក់​ថា​ជា​សេចក្ដី​ពិត និង​ដែល​នាំ​ឲ្យ​គាត់​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។ អ្នក​ក៏​ត្រូវ​សិក្សា​គម្ពីរ​និង​យល់​ច្បាស់​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​ព្រះ​យេហូវ៉ា។

៩. តើ​អ្នក​ត្រូវ​ជឿ​ជាក់​អំពី​សេចក្ដី​បង្រៀន​បី​យ៉ាង​អ្វី?

មាន​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ យ៉ាង​ហោច​ណាស់​បី​ដែល​អ្នក​ត្រូវ​ជឿ​ជាក់។ ទី​១ អ្នក​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់។ (​និក្ខ. ៣:១៤, ១៥; ហេ. ៣:៤; បប. ៤:១១​) ទី​២ អ្នក​ត្រូវ​ដឹង​អំពី​មូលហេតុ​ដែល​អ្នក​អាច​ជឿ​ជាក់​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ​សម្រាប់​មនុស្សជាតិ។ (​២ធី. ៣:១៦, ១៧​) ទី៣ អ្នក​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​មាន​អង្គការ​មួយ​ដែល​គោរព​ប្រណិប័តន៍​លោក​ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត ហើយ​ថា​សាក្សី​ព្រះ​យេហូវ៉ា​គឺ​ជា​អង្គការ​នោះ។ (​អេ. ៤៣:១០​-​១២; យ៉ូន. ១៤:៦; សកម្ម. ១៥:១៤​) ការ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ជឿ​ជាក់​លើ​សេចក្ដី​បង្រៀន​ទាំង​នោះ មិន​តម្រូវ​ឲ្យ​អ្នក​ស្គាល់​ព័ត៌មាន​ទាំង​អស់​ក្នុង​គម្ពីរ​ទេ។ ប៉ុន្តែ គោល​ដៅ​របស់​អ្នក​គឺ​ប្រើ​«​សមត្ថភាព​រិះ​គិត​»​ដើម្បី​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក​ថា​អ្នក​មាន​សេចក្ដី​ពិត។—រ៉ូម ១២:១

ចូរ​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ឲ្យ​ជឿ​ជាក់

១០. ក្រៅ​ពី​ការ​ស្គាល់​សេចក្ដី​ពិត តើ​យើង​ត្រូវ​ចេះ​ធ្វើ​អ្វី?

១០ ក្រោយ​ពី​អ្នក​ប្រាកដ​ថា​សេចក្ដី​បង្រៀន​អំពី​គម្ពីរ ព្រះ និង​រាស្ត្រ​របស់​លោក​ជា​ការ​ពិត អ្នក​ត្រូវ​ចេះ​ប្រើ​បទ​គម្ពីរ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​ជាក់​សេចក្ដី​បង្រៀន​ទាំង​នេះ​ដែរ។ ហេតុ​អ្វី? ដោយ​សារ​យើង​ជា​គ្រិស្ត​សាសនិក យើង​មាន​ភារកិច្ច​បង្រៀន​អ្នក​ឯ​ទៀត​ដែល​ចង់​ស្ដាប់​អំពី​សេចក្ដី​ពិត​ដែល​យើង​បាន​រៀន។ * (​១ធី. ៤:១៦​) កាល​ដែល​យើង​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ជឿ​ជាក់​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ យើង​ក៏​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ទៅ​លើ​សេចក្ដី​បង្រៀន​ទាំង​នោះ​ដែរ។

១១. តើ​សាវ័ក​ប៉ូល​បាន​ទុក​គំរូ​អ្វី​ពេល​គាត់​បង្រៀន​អ្នក​ឯ​ទៀត?

១១ ពេល​សាវ័ក​ប៉ូល​បង្រៀន​បណ្ដា​ជន គាត់​«​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​ពួក​គេ​ជឿ​អំពី​លោក​យេស៊ូ ដោយ​ផ្អែក​លើ​ច្បាប់​របស់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»។ (​សកម្ម. ២៨:២៣​) តើ​យើង​អាច​យក​តម្រាប់​ប៉ូល​យ៉ាង​ដូច​ម្ដេច​ពេល​បង្រៀន​សេចក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត? យើង​មិន​គ្រាន់​តែ​ត្រូវ​ប្រាប់​អំពី​អ្វី​ដែល​គម្ពីរ​ចែង​ប៉ុណ្ណោះ​ទេ យើង​ក៏​ត្រូវ​ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​ចេះ​វែក​ញែក​អំពី​បទ​គម្ពីរ ដើម្បី​ឲ្យ​ពួក​គេ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ យើង​ចង់​ឲ្យ​ពួក​គេ​ទទួល​យក​សេចក្ដី​ពិត មិន​មែន​ដោយ​សារ​ពួក​គេ​ចូល​ចិត្ត​យើង​ទេ តែ​ដោយ​សារ​ពួក​គេ​បាន​ត្រូវ​នាំ​ឲ្យ​ខ្លួន​ជឿ​ជាក់​ថា​អ្វី​ដែល​ពួក​គេ​រៀន​គឺ​ជា​សេចក្ដី​ពិត​អំពី​ព្រះ​ដែល​ស្រឡាញ់​យើង។

ឪពុក​ម្ដាយ​ទាំង​ឡាយ ចូរ​ជួយ​កូន​ឲ្យ​មាន​ជំនឿ ដោយ​បង្រៀន​«​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​»​ដល់​ពួក​គេ (​សូម​មើល​វគ្គ​១២​-​១៣​) *

១២​-​១៣. តើ​ឪពុក​ម្ដាយ​អាច​ជួយ​កូន​ឲ្យ​នៅ​ជាប់​នឹង​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

១២ ឪពុក​ម្ដាយ​ទាំង​ឡាយ អ្នក​ច្បាស់​ជា​ចង់​ឲ្យ​កូន​របស់​អ្នក​នៅ​ជាប់​នឹង​សេចក្ដី​ពិត។ អ្នក​ប្រហែល​ជា​គិត​ថា បើ​ពួក​គេ​មាន​ការ​សេព​គប់​ល្អ​ក្នុង​ក្រុម​ជំនុំ ពួក​គេ​នឹង​រីក​ចម្រើន។ ប៉ុន្តែ បើ​អ្នក​ចង់​ឲ្យ​កូន​របស់​អ្នក​ជឿ​ជាក់​ថា​ពួក​គេ​មាន​សេចក្ដី​ពិត ពួក​គេ​មិន​គ្រាន់​តែ​ត្រូវ​ការ​មិត្ត​ល្អ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​ត្រូវ​មាន​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​នឹង​ព្រះ ហើយ​ជឿ​ជាក់​ថា​អ្វី​ដែល​គម្ពីរ​បង្រៀន​គឺ​ជា​សេចក្ដី​ពិត។

១៣ ដើម្បី​បង្រៀន​កូន​នូវ​សេចក្ដី​ពិត​អំពី​ព្រះ ឪពុក​ម្ដាយ​ត្រូវ​ទុក​គំរូ​ដោយ​សិក្សា​គម្ពីរ​យ៉ាង​ហ្មត់​ចត់។ ពួក​គេ​ត្រូវ​លៃ​ទុក​ពេល​ដើម្បី​រំពឹង​គិត​អំពី​អ្វី​ដែល​ពួក​គេ​រៀន។ យ៉ាង​នេះ ពួក​គេ​អាច​បង្រៀន​កូន​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ ដូច​ដែល​ពួក​គេ​បង្រៀន​សិស្ស​គម្ពីរ ពួក​គេ​ក៏​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​របស់​យើង​សម្រាប់​ជា​ជំនួយ​សិក្សា​គម្ពីរ។ ដោយ​ធ្វើ​អ្វី​ទាំង​នេះ ពួក​គេ​នឹង​ជួយ​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ទុក​ចិត្ត​ថា​លោក​ប្រើ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ដើម្បី​ជួយ​យើង​ឲ្យ​យល់​គម្ពីរ។ (​ម៉ាថ. ២៤:៤៥​-​៤៧​) ឪពុក​ម្ដាយ​ទាំង​ឡាយ អ្នក​មិន​គ្រាន់​តែ​ត្រូវ​បង្រៀន​កូន​អំពី​សេចក្ដី​បង្រៀន​បឋម​ៗ​ពី​គម្ពីរ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ដោយ​បង្រៀន​ពួក​គេ​អំពី​«​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​»​ តាម​សមត្ថភាព​និង​អាយុ​របស់​ពួក​គេ។—១កូ. ២:១០

ចូរ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ

១៤. ហេតុ​អ្វី​យើង​គួរ​សិក្សា​ទំនាយ​ក្នុង​គម្ពីរ? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​អ្នក​អាច​ពន្យល់​ទំនាយ​ទាំង​នេះ​បាន​ឬ​ទេ?​»​)

១៤ ទំនាយ​ក្នុង​គម្ពីរ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ដែល​ជួយ​យើង​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​លោក។ តើ​ទំនាយ​ណា​ខ្លះ​បាន​ពង្រឹង​ជំនឿ​របស់​អ្នក? អ្នក​ប្រហែល​ជា​លើក​ឡើង​អំពី​ទំនាយ​នៃ​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​២ធី. ៣:១​-​៥; ម៉ាថ. ២៤:៣,​) ប៉ុន្តែ តើ​ទំនាយ​ណា​ខ្លះ​ទៀត​អាច​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក? ជា​ឧទាហរណ៍ តើ​អ្នក​អាច​ពន្យល់​ឬ​ទេ អំពី​របៀប​ដែល​ទំនាយ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ដានីយ៉ែល​ជំពូក​ទី​២ ឬ​ដានីយ៉ែល​ជំពូក​ទី​១១​បាន​ក្លាយ​ទៅ​ជា​ការ​ពិត និង​កំពុង​ក្លាយ​ជា​ការ​ពិត​នៅ​សម័យ​នេះ? * ពេល​ជំនឿ​របស់​អ្នក​មាន​មូលដ្ឋាន​រឹង​មាំ​លើ​គម្ពីរ ជំនឿ​នោះ​នឹង​មិន​ខូច​ទៅ​ឡើយ។ សូម​គិត​អំពី​គំរូ​របស់​បង​ប្អូន​យើង​ដែល​បាន​រង​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​អាល្លឺម៉ង់ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ ទោះ​ជា​ពួក​គេ​មិន​យល់​ទាំង​ស្រុង​អំពី​ទំនាយ​ក្នុង​គម្ពីរ​ដែល​ជាប់​ទាក់​ទង​នឹង​គ្រា​ចុង​ក្រោយ​បង្អស់​ក្ដី ពួក​គេ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​បណ្ដាំ​របស់​ព្រះ។

ការ​សិក្សា​គម្ពីរ​រួម​ទាំង​ទំនាយ​ក្នុង​គម្ពីរ អាច​ជួយ​យើង​កាន់​ជំហរ​មាំ​មួន​ពេល​យើង​រង​ការ​បៀត​បៀន (​សូម​មើល​វគ្គ​១៥​-​១៧​) *

១៥​-​១៧. តើ​ការ​សិក្សា​គម្ពីរ​បាន​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​របស់​យើង​ដែល​រង​ការ​បៀត​បៀន​ពី​ពួក​ណាត្ស៊ី​យ៉ាង​ដូច​ម្ដេច?

១៥ នៅ​អាល្លឺម៉ង់​ក្រោម​របប​ណាត្ស៊ី បង​ប្អូន​របស់​យើង​រាប់​ពាន់​នាក់​បាន​ត្រូវ​បញ្ជូន​ទៅ​ជំរំ​ឃុំ​ឃាំង។ ហ៊ីត្លែរ​និង​មេ​បញ្ជា​ការ​ហែនរិច ហ៊ីមឡឺ ស្អប់​សាក្សី​ព្រះ​យេហូវ៉ា។ បង​ស្រី​ម្នាក់​និយាយ​ថា​ហ៊ីមឡឺ​បាន​ប្រាប់​បង​ស្រី​មួយ​ក្រុម​នៅ​ជំរំ​ឃុំ​ឃាំង​មួយ​ថា​៖ ​«​យេហូវ៉ា​ព្រះ​របស់​អ្នក​ប្រហែល​ជា​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌ តែ​នៅ​ផែនដី​នេះ​គឺ​យើង​ជា​អ្នក​គ្រប់​គ្រង! យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ឃើញ​ថា​អ្នក​ណា​នឹង​នៅ​យូរ​ជាង អ្នក​ឯង​ឬ​ក៏​យើង!​»។ តើ​អ្វី​បាន​ជួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ត្រង់?

១៦ និស្សិត​គម្ពីរ​ទាំង​នោះ​ដឹង​ថា​រាជា​ណា​ចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤។ ពួក​គេ​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​ជួប​ការ​បៀត​បៀន​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជឿ​ជាក់​ថា​គ្មាន​រដ្ឋាភិបាល​ណា​អាច​បញ្ឈប់​គោល​បំណង​របស់​ព្រះ​មិន​ឲ្យ​សម្រេច​ឡើយ។ ហ៊ីត្លែរ​មិន​អាច​បំផ្លាញ​ការ​គោរព​ប្រណិប័តន៍​ពិត ឬ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​ខ្លាំង​ជាង​រាជាណាចក្រ​របស់​ព្រះ​ទេ។ បង​ប្អូន​យើង​បាន​ជឿ​ជាក់​ថា នៅ​ទី​បំផុត​ការ​គ្រប់​គ្រង​របស់​ហ៊ីត្លែរ​នឹង​មក​ដល់​ទី​បញ្ចប់។

១៧ ការ​ជឿ​ជាក់​របស់​បង​ប្អូន​ទាំង​នោះ គឺ​មិន​នាំ​ឲ្យ​ពួក​គេ​ខក​បំណង​ទេ។ មិន​យូរ​ក្រោយ​មក របប​ណាត្ស៊ី​បាន​ដួល​រលំ ហើយ​ហែនរិច ហ៊ីមឡឺ​បាន​រត់​ភៀស​ខ្លួន។ គាត់​គឺ​ជា​បុរស​ដែល​ធ្លាប់​និយាយ​ថា​៖ ​«​នៅ​ផែនដី​នេះ​គឺ​យើង​ជា​អ្នក​គ្រប់​គ្រង​»។ កាល​ដែល​គាត់​កំពុង​រត់​គេច គាត់​បាន​ជួប​បង​ប្រុស​លូបកេ​ដែល​ជា​សាក្សី​ម្នាក់​ធ្លាប់​ជាប់​ឃុំ​ឃាំង ហើយ​ហ៊ីមឡឺ​ចំណាំ​មុខ​បង​ប្រុស​នោះ។ ហ៊ីមឡឺ​បាន​សួរ​បង​ប្រុស​លូបកេ​ទាំង​ធ្លាក់​ទឹក​ចិត្ត​ថា​៖ ​«​និស្សិត​គម្ពីរ! តើ​អ្វី​ទៀត​នឹង​កើត​ឡើង?​»។ បង​លូបកេ​ពន្យល់​ដល់​ហ៊ីមឡឺ​ថា សាក្សី​ព្រះ​យេហូវ៉ា​ដឹង​មុន​ហើយ​ថា​របប​ណាត្ស៊ី​នឹង​បរាជ័យ ហើយ​ថា​និស្សិត​គម្ពីរ​នឹង​ត្រូវ​សង្គ្រោះ។ ហ៊ីមឡឺ​ដែល​ធ្លាប់​និយាយ​អាក្រក់​យ៉ាង​ច្រើន​អំពី​សាក្សី​ព្រះ​យេហូវ៉ា នៅ​ពេល​នោះ​អស់​ពាក្យ​អ្វី​និយាយ​ទៀត។ មិន​យូរ​ក្រោយ​មក គាត់​បាន​ធ្វើ​អត្តឃាត។ តើ​មាន​មេ​រៀន​អ្វី? ការ​សិក្សា​គម្ពីរ រួម​ទាំង​ទំនាយ​ក្នុង​គម្ពីរ អាច​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​មាំ​មួន​លើ​ព្រះ ហើយ​កាន់​ជំហរ​មាំ​មួន​ពេល​យើង​រង​ការ​បៀត​បៀន។—២ពេ. ១:១៩​-​២១

១៨. ដូច​បាន​បង្ហាញ​នៅ​យ៉ូហាន ៦:៦៧, ៦៨ ហេតុ​អ្វី​យើង​ត្រូវ​មាន​«​ចំណេះ​ត្រឹម​ត្រូវ​និង​សមត្ថភាព​វែក​ញែក​ដ៏​ពេញ​លេញ​»​?

១៨ យើង​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា យ៉ាង​នេះ​គេ​នឹង​ដឹង​ថា​យើង​ជា​គ្រិស្ត​សាសនិក​ពិត។ តែ​យើង​ក៏​ត្រូវ​មាន​«​ចំណេះ​ត្រឹម​ត្រូវ​និង​សមត្ថភាព​វែក​ញែក​ដ៏​ពេញ​លេញ​»។ (​ភី. ១:៩​) ពុំ​ដូច្នោះ​ទេ យើង​អាច​ត្រូវ​«​បក់​ផាត់​ទៅ​នេះ​ទៅ​នោះ​ដោយ​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង ដោយ​ស្ដាប់​មនុស្ស​ដែល​ជា​អ្នក​បោក​បញ្ឆោត​»​ រួម​ទាំង​ពួក​អ្នក​ក្បត់​ជំនឿ។ (​អេភ. ៤:១៤​) ពេល​អ្នក​កាន់​តាម​ជា​ច្រើន​នាក់​នៅ​សតវត្សរ៍​ទី​១ គ.ស. ឈប់​កាន់​តាម​លោក​យេស៊ូ សាវ័ក​ពេត្រុស​បាន​និយាយ​អំពី​ការ​ជឿ​ជាក់​ដ៏​មុត​មាំ​របស់​គាត់​ថា​៖ ​«​ប្រសាសន៍​របស់​លោក​[​យេស៊ូ​]​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​សូម​អាន យ៉ូហាន ៦:៦៧, ៦៨) ទោះ​ជា​នៅ​ពេល​នោះ​ពេត្រុស​មិន​យល់​ទាំង​ស្រុង​អំពី​ប្រសាសន៍​ទាំង​នោះ​ក្ដី គាត់​បាន​រក្សា​ភាព​ស្មោះ​ត្រង់ ដោយ​សារ​គាត់​បាន​យល់​សេចក្ដី​ពិត​អំពី​គ្រិស្ត។ អ្នក​ក៏​អាច​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាន់​តែ​ជឿ​ជាក់​ទៅ​លើ​អ្វី​ដែល​គម្ពីរ​បង្រៀន។ បើ​អ្នក​ធ្វើ​ដូច្នេះ ជំនឿ​របស់​អ្នក​នឹង​នៅ​តែ​មាំ​មួន មិន​ថា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ហើយ​អ្នក​នឹង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ជំនឿ​មាំ​មួន​ដែរ។—២យ៉ូន. ១, ២

ចម្រៀង​លេខ​៧២ ចូរ​ផ្សាយ​ក្ដី​ពិត​អំពី​រាជ្យ​ព្រះ

^ វគ្គ 5 អ្វី​ដែល​យើង​រៀន​ក្នុង​អត្ថបទ​នេះ នឹង​ជួយ​យើង​ឲ្យ​យល់​ថា​សេចក្ដី​ពិត​ពី​គម្ពីរ​គឺ​សំ​ខាន់​ណាស់។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​កាន់​តែ​អាច​មាន​ទំនុក​ចិត្ត​ថា​អ្វី​ដែល​យើង​ជឿ​គឺ​ជា​សេចក្ដី​ពិត។

^ វគ្គ 10 ដើម្បី​ជួយ​អ្នក​ឲ្យ​ចេះ​វែក​ញែក​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​បង្រៀន​បឋម​ៗ​ក្នុង​គម្ពីរ សូម​មើល​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា ​«​ការ​សន្ទនា​អំពី​ប្រធានបទ​មួយ​ក្នុង​គម្ពីរ​»​ ដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាមពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៥។ ប្រធានបទ​រួម​មាន​«​ហេតុ​អ្វី​លោក​អ្នក​គួរ​ពិនិត្យ​មើល​អ្វី​ដែល​បាន​ចែង​ក្នុង​គម្ពីរ?​»​ ​«​តើ​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា?​»​ និង​«​ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា?​»។

^ វគ្គ 14 ដើម្បី​អាន​ការ​ពន្យល់​អំពី​ទំនាយ​ទាំង​នេះ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១២ និង​ខែ​ឧសភា ឆ្នាំ​២០២០

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​អំឡុង​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ឪពុក​ម្ដាយ​និង​កូន​សិក្សា​ទំនាយ​គម្ពីរ​អំពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ក្រុម​គ្រួសារ​នោះ​នឹង​មិន​ភ្ញាក់​ផ្អើល​ចំពោះ​អ្វី​ដែល​កើត​ឡើង​ទេ។